25 C
Phnom Penh

ដោះលែង​​​ជន​​​សង្ស័យ​​​ចំនួន​​​ប្រាំពីរ​​​នាក់ បន្ទាប់​​​ពី​​​ការ​​​ឆ្មក់​​​ចាប់​​​គ្រឿង​​​ញៀន​​​នៅ​​​ក្នុង​​​ភូមិ​​​គ្រឹះ​​​រ​​​បស់​​​អ្នក​​​ជំនួញ​​​ម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាលបាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា​អាជ្ញាធរ បាន​​​ដោះលែង​​​មនុស្ស​​​ប្រាំពីរ​​​នាក់​​​នៅ​​​ក្នុង​​​ការ​​​ឆ្មក់​​​ចាប់​​​គ្រឿង​​​ញៀន​​​​​​នៅ​​​ក្នុង​​​ភូមិ​​​គ្រឹះ​​​មួយ​​​នារាជធានី​​​ភ្នំពេញ ដែល​ជា​​​កម្មសិទិ្ធ​​​របស់​​​អ្នក​​​ជំនួញ​​​ម្នាក់ ដែល​​​មាន​​​​ខ្នង​ក្រាស់​ម្នាក់​កាល​​​ពី​​​ថ្ងៃ​​​អង្គារ។

លោកវរសេនីយ៍ទោ សឿង ណុល ប្រធាន​​​​អង្គ​ភា​ព​នៅ​​​​នាយក​​​ដ្ឋាន​​​នគរបាល​​​ប្រ​​​ឆាំង​​​គ្រឿង​​​ញៀន​​​ក្រសួង​​​មហាផ្ទៃ​​​​​​មាន​​​ប្រសាសន៍​ថា មនុស្ស​​​​​​ប្រាំ​​​នាក់​​​ក្នុង​​​ចំណោម​​​​​​មនុស្ស​​​១២​​​នាក់ ​ដែល​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ភូមិគ្រឹះ​​​នេះ ​​​រួម​​​​ទាំង​ម្ចាស់​​​ភូមិ​​​គ្រឹះ គឺ​​​​ឧកញ៉ា ​តាន់ ​សេងហាក់ នោះបាន​​​សារ​​​ភាព​​​ថា ខ្លួន​បាន​ជាប់​​​ពាក់​​​ព័ន្ធ​​​​នឹង​ថ្នាំញៀនកូកាអុីន និង​មេតំ​ហ្វេ​តាមីន​​​ទឹក​​​កក ដែល​បាន​​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​ភូមិ​​​គ្រឹះ​​​នេះ​មែន។

នគរ​​​បាលបាន​​​ឃ្លាំ​​​មើល​​​ភូមិគ្រឹះ​​​ដ៏​​​ទំនើប​​​នេះ​​​នៅ​​​សង្កាត់​​​ភ្នំពេញ​​​ថ្មី ខណ្ឌ​​​សែនសុខ ​ដែល​​​​ជា​​​កម្មសិទិ្ធ​​​របស់​​​លោក ​សេងហាក់ ​អាយុ៥១​​​ឆ្នាំ អតីត​​​ទី​​​ប្រឹក្សា​​​​​​របស់​​​លោក ​ជា សុីម ប្រធាន​​​ព្រឹទ្ធសភា អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​សប្ដាហ៍​​​មក​​​ហើយ ​​​មុន​​​ពេល​​​នគរបាល ​​​ឆ្មក់​ចូល​​​ក្នុង​​​ភូមិគ្រឹះ​​​នេះ ដោយបាន​​​បាញ់​​​ព្រមាន និងបាន​​​នាំ​​​ខ្លួន​​​​​​ម្ចាស់​​​ផ្ទះ និង​​​មនុស្ស​​​១១​​​នាក់​​​ផ្សេង​​​ទៀត។

លោកវរសេនីយ៍ទោ សឿង ណុល បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​បាន​​​ដោះ​​​លែង​​​លោក​​​ស្រី ឡុង សុធារី អាយុ​​​៥២​​​ឆ្នាំ ​ជាភរិយា​​​របស់​​​លោក​​​ឧកញ៉ា​ តាន់ សេងហាក់ កាល​​​ពី​​​ថ្ងៃ​​​ពុធ ហើយ​​​កាល​​​ពី​​​ម្សិល​​​មិញ ​​​យើង​​​បាន​​​ដោះលែង មនុស្ស​​​ប្រាំមួយ​​​នាក់​​​ផ្សេង​​​ទៀត ​បន្ទាប់​​​ពី​​​យើង​​​ បាន​​​រក​​​ឃើញ​​​ថា ពួក​​​គេ​​​មិន​​​មាន​​​ជាប់​​​ពាក់ព័ន្ធ​​​ជា​​​មួយ​​​នឹង​​​ការ​​​ចាប់​គ្រឿង​​​ញៀន​​​នេះ​​​ទេ”។

លោកវរសេនីយ៍ទោ សឿង ណុល បាន​​​មាន​​​ប្រសាសន៍បន្ថែម​ថា ជន​ជាតិ​​​​ចិន​​​បី​​​នាក់ ដែល​​​បាន​​​អះអាង​​​ថា ពួក​​​គេស្ថិត​​​នៅ​​​​ភូមិគ្រឹះ​​​របស់​​​លោក​ សេង​ហាក់ ​គ្រាន់​​​តែ​​​ណែ​​​នាំ​​​បង្ហាញ​​​ពី​​​ការ​​​ងារ​​​បច្ចេកទេស​​​ប៉ុណ្ណោះ​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​​មនុស្ស ដែល​​​ត្រូវ​​​​​​បាន​​​ដោះ​​​លែង​​​កាល​​​ពី​​​ម្សិល​​​មិញ។នគរ​​​បាលបាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា មន្ត្រី​​​ពី​​​ស្ថានទូត​​​ចិន​​​នៅ​​​រាជធានី​​​ភ្នំពេញ បាន​​​ទៅ​​​​ជួប​​ជន​​​ជាតិ​​​ចិន​​​ទាំង​​​បី​​​នាក់​​​​​​នេះ​​​នៅ​​​ក្នុង​​​មន្ទីរ​​​​​​ឃុំឃាំង។

នគបាលបាន​​​និយាយ​​​បន្ថែម​​​​​​ទៀតថា ជន​​​សង្ស័យ​ប្រាំនាក់ ដែល​​​នៅ​​​សល់ រួមមាន​​​ស្ត្រី​​​ពីរ​​​នាក់ ​លោក សេង​​​ហាក់ និង​​​កូន​​​ប្រុស​​​អាយុ​២២​ឆ្នាំ​របស់គាត់​​​​ឈ្មោះ​​ តាន់ ភារម្យ ​បាន​​​សារភាព​​​ថា​ បាន​​​ជាប់​​​ពាក់ព័ន្ធ​​​ ហើយ​​​ត្រូវ​​​​បាន​​​បញ្ជូន​​​ទៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី​​​ប្រឈម​​​មុខ​​​​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន ការ​​​ចែក​ចាយ​ និង​​​ការ​​ជួញ​ដូរ​គ្រឿង​ញៀន។ លោកវរសេនីយ៍ទោ សឿង ណុល បាន​​​មាន​​​ប្រសាសន៍​​​ថា “ ពួក​​​គេ​​​ទាំង​​​អស់គ្នាបាន​​​សារភាព​រួច​ហើយ​”។

​​ក្នុង​កញ្ចប់​គ្រឿង​​​ញៀន ដែល​​​រឹប​​​អូស​​​បាន​​​​​​នៅ​​​ក្នុង​​​ការ​​​ឆ្មក់​​​ចាប់​​​នេះ នគរបាល​​​ប្រ​​​ឆាំង​​​គ្រឿង​​​ញៀន បាន​​​​​​បញ្ជាក់​​​ថា ​មាន​ថ្នាំ​​​ញៀន ​កូកាអុីន​​​ទម្ងន់​​​ប្រ​​​ហែល​​​១១៦​​​ក្រាម​​​និង​​​មេតំហ្វេ​តាមីន ទឹក​​​កក​​​ទម្ងន់​​​១៨៩ក្រាម។​ផ្សៅ​​​​​ពណ៌ស ដែល​​​គេ​​​មិន​​​ស្គាល់​​​ឈ្មោះ ទម្ងន់​​​ជាង​​​៩០០​​​ក្រាម​​​ក៏​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ផង​​​ដែរ នៅ​​​ក្នុង​​​ការ​​​ឆ្មក់​​​ចាប់​​​​​​គ្រឿង​​​ញៀន​​​នេះ ​ព្រម​​​ទាំង​សម្ភារ​សម្រាប់​ប្រើ​ប្រាស់​​​​ថ្នាំ​​​ញៀន​​​​​​និង​​​អាវុធ​​​​ផង​ដែរ៕

     ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស