កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានគំរាមប្ដឹងបកវិញប្រឆាំងនឹងប្រធានចលនាយុវជនគណបក្ស សម រង្ស៊ីប្រសិនបើតុលាការរកឃើញថា លោកមិនមែនជាអ្នកទទួលខុសត្រូវចំពោះការផ្អើលរត់ជាន់គ្នាកាលពី២០១០ នៅរាជធានីភ្នំពេញដែលបណ្ដាលឲ្យប្រជាពលរដ្ឋចំនួន៣៥៣នាក់បានស្លាប់ អំឡុងពិធីបុណ្យអុំទូក។
លោក សួងសុភណ្ឌប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថា ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាពលរដ្ឋទាំងនោះនៅក្នុងពាក្យបណ្ដឹងមួយ ដែលបានដាក់ប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ។លោកក៍មានគម្រោងដាក់ពាក្យបណ្ដឹងស្រដៀងគ្នានេះដែរប្រឆាំងនឹងលោកទូច ណារ៉ុថ អតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកគង់សំអុល រដ្ឋមន្ត្រីព្រះបរមរាជវាំង។
កាលពីព្រឹកម្សិលមិញខណៈពេលចែកប័ណ្ណកម្មសិទ្ធិដីធ្លីនៅខេត្តព្រះសីហនុ លោកហ៊ុនសែន បានសន្យាថាលោកមិនជ្រៀតជ្រែកក្នុងករណីនេះទេ។ លោកថ្លែងបន្ដថា “ ឥឡូវនេះយើងមិននិយាយអ្វីឲ្យប៉ះពាល់ដល់ឯករាជភាពរបស់តុលាការទេ ហើយទុកករណីនេះឲ្យតុលាការជាអ្នកសម្រេច ប៉ុន្ដែប្រសិនបើខ្ញុំមិនមានទោសទេ ខ្ញុំសូមព្រមានថា ខ្ញុំអាចនឹងដាក់ពាក្យបណ្ដឹងរបស់ខ្ញុំវិញ”។
លោកថ្លែងបន្ដថា “ នៅក្នុងករណីនេះ បើសិនជាខ្ញុំត្រូវតុលាការរកឃើញថា គ្មានកំហុស ខ្ញុំមានសិទ្ធិប្តឹងបកវិញ។នេះគឺជាការចាំបាច់ ដើម្បីការពារកិត្តិយស ភាពថ្លៃថ្នូរនិងប្រជាប្រិយភាពរបស់ខ្ញុំ និងកិត្តិយសរបស់រដ្ឋាភិបាល”។
លោកហ៊ុនសែនបានព្រមានថាប្រសិនបើលោកត្រូវបានតុលាការរកឃើញថា មានពិរុទ្ធភាពនោះ មន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតត្រូវតែចូលពន្ធនាគារជាមួយគាត់។
លោកថ្លែងបន្ដទៀតថា “ ភ្លាមនោះអ្នកទាំងអស់គ្នាត្រូវតែនៅពីក្រោយខ្ញុំនៅក្នុងពន្ធនាគារ។ បើសិន ហ៊ុន សែន នៅក្នុងពន្ធនាគារ នោះមិនមាននរណាម្នាក់អាចរួចខ្លួនបានឡើយ ហើយអ្នកចូលពន្ធនាគារមុនគេ គឺលោកសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទោះបីជាពួកគេបានប្ដឹងតែខ្ញុំ និងសម្ដេច គង់សំអុល លោក ទូច ណារ៉ុថ និងលោក កែបជុតិមា ក៏ដោយ”។
ទោះបីជារបាយការណ៍របស់ក្រុមអង្គការសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិបានរិះគន់ប្រព័ន្ធតុលាការនៅប្រទេសកម្ពុជាថា ពុករលួយ និងមិនមានឯករាជ្យក៏ដោយ ក៏លោក ហ៊ុន សែន កាលពីម្សិលមិញបានថ្លែងថា ករណីចោទប្រកាន់លោកចុងក្រោយបំផុតនេះ គឺបញ្ជាក់ថាតុលាការឯករាជ្យ។
លោកថ្លែងបន្ដថា ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិប្ដឹងនាយករដ្ឋមន្ត្រី ដូច្នេះប្រជាពលរដ្ឋទាំងនៅក្នុងស្រុក និងអន្ដរជាតិសូមមេត្តាពិនិត្យមើល តើនៅទីណាមានសិទ្ធិជាង?។ ប្រសិនបើ រដ្ឋាភិបាលរបស់លោកជារដ្ឋាភិបាលផ្ដាច់ការ គឺមិនចាំបាច់ប្ដឹងតាមរយៈតុលាការឡើយ។ លោកសុភ័ណ្ឌមានប្រសាសន៍ថាលោកមិនភ្ញាក់ផ្អើលចំពោះការព្រមានរបស់លោកនាយករដ្ឋមន្ត្រីទេ។
លោកមានប្រសាសន៍បន្ដថា “ ខ្ញុំមិនមានការព្រួយបារម្ភអំពីការព្រមានរបស់លោក ហ៊ុនសែនចំពោះលោកប្ដឹងខ្ញុំនោះទេ ហើយ
ខ្ញុំនឹងមិនមានការសោកស្ដាយឡើយប្រសិនបើតុលាការរកឃើញថា ខ្ញុំមានកំហុសដោយសារខ្ញុំការពារសិទ្ធិប្រជាពលរដ្ឋដែលបានស្លាប់ទាំងនោះ ហើយខ្ញុំសូមជំរុញឲ្យមានការគោរពរដ្ឋធម្មនុញ្ញ”។
ទោះបីជាមន្ត្រីរដ្ឋាភិបាលភាគច្រើនបានទទួលស្គាល់ថា មានការខ្វះចន្លោះក្នុងការគ្រប់គ្រងនៅថ្ងៃបុណ្យអុំទូកក្ដី ដែលបណ្ដាលឲ្យមានការផ្អើលរត់ជាន់គ្នាស្លាប់នៅកោះពេជ្រនៅថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូក ហើយរដ្ឋាភិបាលបានធ្វើការស៊ើបអង្កេតរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះអំពីករណីនោះ ហើយបានប្រកាសថា មិនមានមន្ត្រីណាម្នាក់ត្រូវបានដាក់ទោសចំពោះអ្វីដែលគេហៅថា ការផ្អើលរត់ជាន់គ្នាដោយមិននឹកស្មានដល់ឡើយ។
ក្រុមអង្គការសិទ្ធិមនុស្ស និងសមាជិកសភាគណបក្សប្រឆាំងបានបន្ទោសការផ្អើលរត់ជាន់គ្នានេះថា ដោយសារខ្វះការគ្រប់គ្រង និងគ្មានកម្លាំងការពារគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាក្នុងពិធីបុណ្យអុំទូកនៅថ្ងៃចុងក្រោយនៅរាជធានីភ្នំពេញ៕
ប្រែសម្រួលដោយឃិនណៃ