28.4 C
Phnom Penh

បាក់​ទំនប់​វារី​អគ្គិសនី​នៅ​ភ្នំក្រវ៉ាញ​ ទឹកកួចបាត់​ខ្លួន​កម្មករ​បួន​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ខេត្ត​ពោធិ៍សាត់​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា កម្មករខ្មែរចំនួន​បួន​នាក់​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ បន្ទាប់​​ទំនប់​វារី​អគ្គិសនី​​កម្លាំង​១២០​មេហ្គាវ៉ាត់ ដែល​កំពុង​តែ​សាង​សង់​ដោយ​ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​បាន​បាក់​កាល​ពី​ថ្ងៃ​សៅរ៍​។

លោកថេងឡេងអធិការ​នគរបាល​ស្រុក​វាលវែង​ បាន​មាន​ប្រសាសន៍​ថាកម្មករ​ចំនួន​ប្រាំ​មួយ​នាក់​ផ្សេង​ទៀត​ រួម​ទាំង​អ្នក​គ្រប់​គ្រង​ជន​ជាតិចិន​ម្នាក់​ផង​​ បាន​រង​របួស​នៅ​ពេល​​ធ្វើ​ការនៅ​វេលាម៉ោង​ប្រហែល​១ និង​៣០នាទី​រសៀល ​នៅ​ឯ​ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ដែល​នឹង​ជិត​សាង​សង់​រួច​រាល់​នៅ​ក្នុង​ឃុំ​អូសោម​ ស្រុក​វាល​វែង​ខត្តពោធិ៍សាត់។

​លោកថេងឡេង ​លើក​ឡើង​ថា“ ​នគរបាល​ស្រុក​ និងមន្ត្រី​នគរបាល​មូល​ដ្ឋាន​ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន ​កំពុង​តែស្វែង​រក​កម្មករ​ដែល​បាត់​ខ្លួន​ទាំង​នោះ​ នៅ​ក្នុង​អាង​ទឹក​ដ៏​ធំ​មួយ​”។លោក​បាន​បន្ដ​ថារថយន្ដ​មួយ​គ្រឿង​ចត​នៅកន្លែង​សាង​សង់​ក៏​ត្រូវ​បាន​ទឹកហូរកួច​នាំ​យក​ទៅ​ដែរ​ នៅ​ពេលទំនប់​វារី​អគ្គិសនី​​បាក់​ទៅភ្លាម​​។

មូល​ហេតុ​ពិត​ប្រាកដ​គេមិន​ទាន់​ដឹងច្បាស់​នៅ​ឡើយ​ទេ ប៉ុន្ដែ លោក ថេង ឡេងបានមាន​ប្រសាសន៍​ថា កម្មករ​បាន​បើក​ទឹក​ឲ្យ​ចូល​ទៅ​ក្នុង​ប្រឡាយ​បេតុង​មួយ​នៅ​ជាន់​ខាង​ក្រោម​​បំផុត​នៃ​បរិវេណ​ទំនប់​វារី​អគ្គិសនីដើម្បី​សាក​ល្បង​ឲ្យកង្ហារវិល​ នៅ​ពេល​កម្លាំង​ទឹក​​បុក​ទៅ​លើ កន្លែង​ទើប​តែ​សាង​សង់​រួច​ថ្មី​ៗរបស់​ទំនប់វារី​អគ្គិសនី​នេះ។

លោក​បន្ត​ថា “ កម្មករ​ទាំង​នោះ​ត្រូវកម្លាំង​ទឹក​ដ៏​ខ្លាំង​​កួច​យក​ទៅ​ នៅពេលកំពុង​តែ​សាក​ល្បង​បង្ហូរ​ទឹក​នៅ​ទំនប់​វារីអគ្គិសនី​នេះ”។ លោកអិតប្រាំង​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ រ៉ែនិង​ថាមពល​ មាន​ប្រសាសន៍​​កាល​ពី​ម្សិលមិញ​ថា មន្ត្រី​របស់នាយក​ដ្ឋាន​ថាមពល​ត្រូវ​បាន​​បញ្ជូន​ទៅពិនិត្យ​កន្លែង​នោះដើម្បី​ស៊ើប​អង្កេត​ឧបទ្ទវហេតុ​នេះ។

លោក​បាន​បន្ថែម​ដោយ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ថា “ ​យើង​គ្រាន់​តែ​ទទួល​បាន​ដំណឹង​ថាឧបទ្ទវហេតុ​បាន​កើត​ឡើង​តែ​ប៉ុណ្ណោះ​”។

ទំនប់​វារី​អគ្គិសនី​នេះ មាន​កម្លាំង​​១២០​​មេហ្គា​វ៉ាត់​ ហើយ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ចំនួន​២៥៥​លាន​ដុល្លារ ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ឆ្នាំក្រោយ​ ក្រោម​ការ​សាង​សង់​របស់​ក្រុមហ៊ុន​សាជីវ​កម្ម​តា​ថាង​របស់ចិន (China Datang Corporation) ស្ថិត​នៅ​ក្នុងតំបន់​ព្រៃ​ការ​ពារ​​នាភាគ​កណ្ដាល​ជួរ​ភ្នំ​ក្រវាញ ដោយ​គ្រោង​ផ្គត់ផ្គង់​ថាមពល​អគ្គិ​សនី​​ទៅ​កាន់​រាជ​ធានី​ភ្នំពេញនិង​ខេត្ត​បាត់​ដំបង​។

ទំនប់​វារីអគ្គិសនី​ស្ទឹង​អាតៃ គឺ​ជា​ទំនប់​មួយ​ក្នុង​ចំណោម​ទំនប់​វារីអគ្គិសនីយ៉ាង​តិច​ចំនួន​ប្រាំ​មួយ​នៅ​ទូទាំង​ប្រទេស​ ដែល​រដ្ឋាភិបាល​បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ជា​អ្នក​សាង​សង់​។

ទំនប់​វារី​អគ្គិសនី​កំចាយ​ ដែល​មាន​កម្លាំង​១៩៣​មេហ្គាវ៉ាត់ បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​​ក្នុង​ខេត្ត​កំពត​កាល​ពី​ខែ​មុន​ ចំណែក​វារី​អគ្គិ​សនី​​សេសាន​ក្រោម២ ក្នុង​ខេត្ត​ស្ទឹង​ត្រែង ​ដែល​កំពុង​តែ​សាង​សង់​ដោយ​ក្រុមហ៊ុន​​ចិន គឺ​ក្រុមហ៊ុន Hydrolancang International Energy ​​Co. Ltd ត្រូវ​បាន​អនុម័ត​ដោយ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​។

គម្រោង​ទាំង​នេះ​ ទទួល​បាន​ការ​ឧបត្ថម្ភ​យ៉ាង​ច្រើន​ តាមរយៈ​​ប្រាក់​កម្ចី​របស់​​ប្រទេស​ចិន ហើយ​គេ​សង្ឃឹម​ថា គម្រោង​ទាំង​នេះ​នឹងជួយ​កាត់​បន្ថយ​​បញ្ហាខ្វះថាមពល​អគ្គិសនី​​របស់​ប្រទេស​កម្ពុជា​​ ដែល​ពឹង​ផ្អែក​ប្រភព​ថាម​ពល​ពីប្រទេស​ដទៃ​ និង​ការ​បង្កើត​អគ្គិស​នី​ដោយ​ការ​ប្រើ​ប្រេង​ឥន្ធនៈ ដែល​មាន​តម្លៃខ្ពស់។

ប៉ុន្ដែសកម្មជន​ការ​ពារ​បរិស្ថាន​ និង​អង្គការ​​​សិទ្ធិ​មនុស្ស​​បាន​រិះ​គន់​ចំពោះគម្រោង​សាង​សង់ទំនប់​វារី​អគ្គិសនី​បែប​នេះ​ ដោយ​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​អំពី​ការបាត់​បង់​ជម្រកត្រី ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ និងកង្វះ​តម្លា​ភាព​ផ្នែក​ហិរញ្ញ​វត្ថុ​។

លោកសុន ឆ័យ​ សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ គឺ​គណបក្ស​ សម រង្ស៊ី កាល​ពី​ម្សិលមិញ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ឧបទ្ទវហេតុ​នេះ​ឲ្យ​បាន​ត្រឹម​​ត្រូវហើយ​​អំពាវ​នាវ​ឲ្យ​រឹត​បន្ដឹង​តាមផ្លូវ​ច្បាប់​ចំពោះក្រុម​ហ៊ុន​ចិន​ទាំង​អស់​ដែល​កំពុង​តែ​សាង​សង់​ទំនប់​វារី​អគ្គិសនី​។

លោកសុនឆ័យបាន​មាន​ប្រសាសន៍​ថា “ ​ខ្ញុំគិត​ថា ពួក​គេ​គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​​ឯករាជ្យ​ ប្រព័ន្ធ​ស៊ើបអង្កេតនៅ​ក្នុង​ប្រទេស​នេះពុក​រលួយ​ណាស់​ ហេតុ​ដូច្នេះ​ហើយគេ​អាច​លាក់​បាំង​បទ​ល្មើស​ទាំង​អស់់ ​ដែល​ក្រុម​ហ៊ុន​ទាំង​នោះ​បាន​ប្រព្រឹត្ត។ នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ​ទៀត​ដែ​ល​មាន​ច្បាប់ត្រឹម​ត្រូវ​ គេ​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បន្ដ​ប្រតិបត្តិ​ការ​តទៅ​ទៀត​ទេ បន្ទាប់​ពី​ឧបទ្ទវហេតុ​បែប​នេះ​បាន​កើត​ឡើង​”។

លោកសុនឆ័យ​ មាន​ប្រសាសន៍​បន្ថែម​ថានៅថ្ងៃ​អនាគត​ស្ថាប័ន​ឯករាជ្យ​មួយ​ត្រូវ​តែ​ទទួល​ខុស​ត្រូវចំពោះ​សុវត្ថិភាព​របស់​គម្រោង​​ធំៗ​បែប​នេះ​។ លោក​ក៏​បានលើក​ឡើង​ដែរ​ថានៅ​ពេល​​គម្រោង ​ឧបត្ថម្ភ​ដោយ​​ចិន​មើល​ទៅ​ហាក់​បី​ដូច​ជា​មាន​ទឹក​ប្រាក់​ច្រើន​​ក្ដី​ តែ​ការ​ព្រួយ​បារម្ភ​អំពី​សុវតិ្ថភាព​ទំនង​ជា​មិន​ត្រូវ​បាន​គិតគូរឡើយ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ហើយ​លើក​ឡើង​ថា ប្រាក់​ឧបត្ថម្ភ​ប្រហែល​ជា​ត្រូវ​បាន​ហូរ​ចេញ​ពី​គម្រោង​នេះ​​។

លោក​បាន​យក​ស្ពាន​ព្រែក​ក្ដាម​ នៅ​ក្នុង​ខេត្ត​កណ្ដាល​ និង​ផ្លូវ​ជាតិ​លេខ​៥ដែល​ត​ភ្ជាប់​​នឹង​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ មក​ធ្វើជាឧ​ទាហរណ៍​សម្រាប់បង្អាប់​គម្រោង​របស់​ចិន ​ដែល​នឹង​ទ្រុឌទ្រោម​ក្នុង​ពេល​ឆាប់​ៗ​បន្ទាប់​ពី​ការ​សាងសង់​រួច​រាល់​នោះ​។

លោកស្រី​ អាមេ៉ត្រានដេម (Ame Trandem) ប្រធាន​កម្មវិធី​អាស៊ី​អាគ្នេយ៍​របស់អង្គការទន្លេអន្តរជាតិ (International Rivers) ដែល​ជា​អង្គការ​ឃ្លាំ​មើល​ផ្នែក​បរិស្ថាន ​បាន​លើក​ឡើង​​តាម​រយៈ​អុីម៉េល​មួយ​កាល​ពី​ម្សិលមិញ​ថា “ អ្វី​ដែល​បាន​កើត​ឡើង​នៅ​តំបន់​ទំនប់​វារី​អគ្គិសនី​ [អាតៃ] គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​ ហើយ​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ”។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ គ្រាន់​តែ​ពីរ​ឆ្នាំ​ក​ន្លង​ទៅ​ប៉ុណ្ណោះ ​មាន​គ្រោះ​ថ្នាក់​ និង​ការ​ស្លាប់​ជា​ច្រើន​​នៅឯ​ទំនប់​វារី​អគ្គិសនី​កំចាយ និង​​ទំនប់​ឫស្សីក្រោម​ នៅ​ក្នុងខេត្ត​កោះ​កុង​”។

លោក​ស្រី​​មាន​ប្រសាសន៍​បន្ដ​ថា “ ​គ្រាន់​តែ​ពីរ​សប្ដាហ៍​កន្លង​ទៅ​ប៉ុណ្ណោះ​ ជញ្ជាំង​ទំនប់​វារី​អគ្គិសនី​ដាក់​មេឃ៣ (Dak Mek 3) របស់​វៀត​ណាម​បាន​បាក់​ដោយ​បណ្ដាយ​ឲ្យ​កម្មករ​ម្នាក់​ស្លាប់​។ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​​របស់ទំនប់​វារី​អគ្គិសនី​ ក៏​បាន​ធ្វើ​ឲ្យ​គម្រោង​ទំនប់​វារី​អគ្គិសនី​ចំនួន​២៣ ត្រូវ​បាន​លុប​ចោល​ផង​ដែរ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​កាល​ពី​បីបួនខែ​កន្លង​ទៅ”។

លោក ហេង សុគាណា មន្ត្រី​រដ្ឋ​បាល​របស់ខុទ្ទកាល័យអភិបាល​ខេត្ត​ពោធិ៍សាត់​ បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុនសាជីវកម្ម​តាថាង​របស់ចិន កំពុង​តែអនុវត្តគម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី តាមរយៈ​ក្រុម​ហ៊ុន​មាន​សាខា​នៅក្នុង​ប្រទេសកម្ពុជា​​ គឺ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ទំនប់វារីអគ្គិសនីកម្ពុជា។

យោង​តាម​គេហទំព័រ​របស់​​ ក្រុម​ហ៊ុន​សាជីវ​កម្ម​តាថាងរបស់ចិន ក្រុមហ៊ុន​នេះ​ “ ​គឺ​ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​ដោយ​រដ្ឋ​តែ​មួយ​គត់​ ដែល​គ្រប់​គ្រង​ផ្ទាល់​ដោយ​គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនីស្ដ​ចិន​”។ យោង​តាម​អង្គការទន្លេអន្តរជាតិបាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​សាជីវកម្ម​តាថាងរបស់ចិនគ្រោង​លក់​ថាម​ពល​អគ្គិសនី បានមកពី​ទំនប់​វារី​អគ្គិសនី​ទាំងនេះ​ឲ្យ​ទៅអគ្គិសនី​កម្ពុជា​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ បន្ទាប់​ពី​ទំនប់​នេះបាន​សាង​​សង់​រួច​រាល់​។

កាល​ពី​ឆ្នាំ​២០០៧ គម្រោង​មួយ​ដែល​ម្លើង​​ប្រព័ន្ធ​ខ្សែ​កាប​ ដើម្បី​ផ្ទេរ​ថាម​ពល​អគ្គិសនី​ពី​ទំនប់​វារី​អគ្គិសនី មក​កាន់​រាជ​ធានី​ភ្នំពេញ​ ដោយ​ឆ្លង​កាត់ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​បាត់​ដំបង​ ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ Yunnan Southeast-Asia Economy និង​ក្រុមហ៊ុន Technology Investment Industrial Co. Ltd។

កាល​ពី​ឆ្នាំ២០០៨ របាយ​ការណ៍​របស់​អង្គការទន្លេអន្តរជាតិ បាន​លើក​ឡើង​ថាឈ្មោះ​ក្រុមហ៊ុន​ផ្សេងៗ​គ្នា​ត្រូវ​បាន​ប្រើ​​ឲ្យ​អនុវត្ត​គម្រោង​ទាំង​នេះ​ ដើម្បីលាក់​បាំង​ការ​ពិត​ ដោយ​ការ​ពិត​នោះ​ គឺ​ក្រុម​ហ៊ុនសាជីវកម្ម​តាថាង​របស់ចិន គឺ​ជា​អ្នក​អនុវត្ត​ពិត​ប្រាកដ​ ក្នុងការសាងសង់ទំនប់​វារី​អគ្គិសនី​ទាំង​ពីរ ​នេះ​និង​អនុវត្តគម្រោង​​បញ្ជូន​ថាមពល​​អគ្គិសនី​ ដោយ​វា​ផ្ទុយ​ទៅ​នឹង​ច្បាប់ស្តីពីការ​ប្រកួត​ប្រជែង​៕

ប្រែសម្រួលដោយស៊ាស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស