កាលពីម្សិលមិញ សាលារាជធានីភ្នំពេញ បានចោទប្រកាន់មនុស្សចំនួនប្រាំពីរនាក់ រាប់ទាំងអ្នកជំនួញមានខ្នងក្រាស់ម្នាក់ពីបទជួញដូរគ្រឿងញៀន បន្ទាប់ពីពួកគេត្រូវនគរបាលចាប់ខ្លួនកាលពីសប្តាហ៍មុន អំឡុងការឆ្មក់ចូលចាប់ក្នុងខណ្ឌ សែនសុខរាជធានីភ្នំពេញ។
លោកឧកញា៉ តាន់ សេងហាក់ អតីតទីប្រឹក្សារបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជនសង្ស័យ១១នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារនៅឯវីឡាដ៏ប្រណីតរបស់លោក សេងហាក់ នៅក្នុងសង្កាត់ភ្នំពេញថ្មី។ អំឡុងការឆ្មក់ចូលចាប់នេះ នគរបាលបានរកឃើញគ្រឿងញៀនប្រភេទកូកាអុីនចំនួន១១៦ក្រាម និងមេតំហ្វេតាមីនទឹកកក១៨៩ក្រាម។ជនសង្ស័យចំនួនប្រាំពីរនាក់ត្រូវបានតុលាការដោះលែងជាបន្តបន្ទាប់។
លោកជាម៉េត ព្រះរាជអាជ្ញារង បានមានប្រសាសន៍ថាជនសង្ស័យប្រាំនាក់ទៀត រាប់ទាំងលោក សេងហាក់ ត្រូវបានតុលាការសាកសួរកាលពីចុងសប្តាហ៍នេះ ហើយបានសារភាពថា ខ្លួនពិតជាបានជួញដូរគ្រឿងញៀន និងជួញដូរថ្នាំញៀនកូកាអុីន និងមេតំហ្វេតាមីនទឹកកកពិតប្រាកដមែន។
លោកជាម៉េត មានប្រសាសន៍ថា “ លោកឧកញា៉ តាន់ សេងហាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទជួញដូរ និងរត់ពន្ធគ្រឿងញៀនខុសច្បាប់។ អ្នកសមគំនិតជាមួយលោកមានបុរសពីរនាក់ និងស្រី្តពីរនាក់ផងដែរ ហើយត្រូវបានចោទពីបទជួញដូរគ្រឿងញៀន។លោកបានបដិសេធមិនបញ្ចេញអត្តសញ្ញាណរបស់ជនសង្ស័យផ្សេងទៀតទេ។
លោក ជា ម៉េត បានមានប្រសាសន៍ថាស្រ្តីជាប់សង្ស័យម្នាក់ក្នុងចំណោមស្រី្តីជាប់សង្ស័យទាំងនោះ ធ្វើការជាអ្នកចម្អិនម្ហូបនៅផ្ទះលោក សេងហាក់ ហើយថា ស្រ្តីសង្ស័យផ្សេងទៀតធ្វើការជាអ្នកបោសសម្អាត។ លោកបានមានប្រសាសន៍ថា ជនសង្ស័យជាបុរសម្នាក់ក្នុងចំណោមជនសង្ស័យជាបុរសពីរនាក់ ជាទាហាន។
យោងតាមលោកជាម៉េត បានឲ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានតុលាការដោះលែងចាប់តាំងពីមានការឆ្មក់ចូលចាប់គឺអ្នកស្រី ឡុង សុទ្ធា ជាភរិយារបស់លោកសេងហាក់និងកូនប្រុសរបស់លោកឈ្មោះតាន់ភារម្យ អាយុ២២ឆ្នាំ។លោកបានមានប្រសាសន៍ថា អំឡុងការឆ្មក់ចូល នគរបាលមិនបានរកឃើញភ័ស្តុតាងគ្រឿងញៀននៅក្នុងបន្ទប់គេងរបស់ឈ្មោះ ភារម្យ ទេ។
លោកមានប្រសាសន៍ថា “ យើងមិនបានចោទប្រកាន់កូនប្រុសរបស់លោកឧកញ៉ា តាន់សេងហាក់ ទេ ហើយគាត់ត្រូវបានដោះលែងបន្ទាប់ពីនគរបាលបានសាកសួរគាត់រួច”។ លោកបានមានប្រសាសន៍ថា បន្ទាប់ពីមានសេចក្តីសម្រេច ដើម្បីចោទប្រកាន់ជន សង្ស័យប្រាំនាក់ លោកចៅក្រម លីលឹមម៉េង បានបង្គាប់ឲ្យបញ្ជូនខ្លួនពួកគេទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។លោកបដិសេធមិនបរិយាយបន្ថែមទៀតឡើយ។
ការឃុំខ្លួនលោកសេងហាក់គឺជាលើកចុងក្រោយបំផុតក្នុងបញ្ជីអ្នកស្និទ្ធនឹងលោកជា ស៊ីម ដែលជនទាំងនោះនេះត្រូវបានចាប់ខ្លួន។កាលពីឆ្នាំមុន សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោកស្រី ផេង គន្ធាបូរីប្រធានពិធីការរបស់លោកជា ស៊ីមនិងជំនួយការបីនាក់ក្នុងចំណោមជំនួយការផ្សេងទៀត ពីបទឆបោកលោកប្រធានព្រឹទ្ធសភាដើម្បីឲ្យលោកចុះហត្ថលេខាលើកិច្ចសន្យាក្លែងក្លាយដែលមានទឹកប្រាក់រាប់រយលានដុល្លារ៕
ប្រែសម្រួលដោយ ចេវប៊ុននី