26 C
Phnom Penh

​រដ្ឋាភិបាល​រក្សា​ភាព​ស្ងៀមស្ងាត់​អំពី​ការ​បាក់​ទំនប់​វារីអគ្គិសនី​អាតៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​បី​នាក់​ នៅ​តែ​បាត់​ខ្លួន​នៅ​ឡើយ​បន្ទាប់​ពី​ទំនប់​វារីអគ្គិសនី​ ដែល​កំពុង​សាង​សង់​ដោយ​ក្រុម​ហ៊ុន​សាជីវកម្ម​របស់​ចិន​ នៅ​ក្នុងខេត្ត​ពោធិ៍សាត់​ បាន​បាក់​ កាល​ពី​ថ្ងៃសៅរ៍ហើយ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋា​ភិបាល ​ដើម្បី​រក​ពីមូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ទំនប់​នេះ​បាក់​កំពុង​តែ​ដំណើរ​ការ​សន្សឹមៗ។

ច្រកទ្វារទឹកធ្វើពីបេតុងមួយ​ផ្នែក​​ធំ​របស់​ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ នៅ​ឃុំ​អូរសោម ​ក្នុង​ស្រុក​វាលវែងបាន​បាក់​ កាល​ពី​ថ្ងៃសៅរ៍អំឡុង​ពេល​សាក​ល្បង​តួប៊ីន​​ហើយបណ្តាល​ឲ្យ​កម្មករខ្មែរ​បួន​នាក់​រង​របួស​យ៉ាង​​ធ្ងន់ធ្ងរ​​និង​កម្មករ​បីនាក់ទៀត​​ត្រូវ​ទឹកកួច​ទៅ​បាត់​ដែល​រហូត​មក​ដល់​ពេលនេះ​នៅ​មិន​ទាន់​រក​ឃើញ​​នៅ​ឡើយ។

ក្រុម​ហ៊ុនសាជីវកម្ម​រដ្ឋ​តាថាងចិន ​ដែល​កំពុង​សាងសង់​ទំនប់​វារីអគ្គិសនី​កាត់​ស្ទឹង​អាតៃ​​មាន​ទឹកប្រាក់​២៥៥លាន​ដុល្លារ​ ហើយ​​គម្រោង​​​សាង​សង់​នេះ​ នឹង​ត្រូវ​បញ្ចប់​រួច​រាល់​នៅ​ខែឧសភាឆ្នាំ​២០១៣។

លោកយ៉ាងធានយូ (Yang Tian Yue) អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​ចិន​ប្រ​ចាំ​រាជ​ធានី​ភ្នំពេញមាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​កំពុង​បន្ត​ស៊ើប​អង្កេត​អំពី​ឧបទ្ទវ​ហេតុ​នេះហើយ​ថាជា​ការ​លឿនពេកដើម្បីបក​ស្រាយ​ថាការ​សាង​សង់​​នេះធ្វើឡើង​ដោយ​​​ខុស​បច្ចេកទេស​នោះ​។

លោកយ៉ាងបាន​មាន​ប្រសាសន៍​បន្ត​ថា “ ​ឥឡូវ​នេះ​ ក្រុម​ហ៊ុន​កំពុង​ប្រឹង​ប្រែង​ធ្វើ​ការ​ងារពីរ​យ៉ាង​ ការ​ងារ​ទី១ដ៏សំខាន់​បំផុត ​គឺត្រូវ​

​ស្វែង​រក​កម្មករ​បាត់​ខ្លួន​ ហើយ​​ការ​ងារ​ទី​ពីរ​គឺព្យាយាម​ស្វែងរក​ពី​មូលហេតុ​បណ្តាល​ឲ្យបាក់។ លោកបន្ថែម​ថា យើង​គួរ​តែរង់​​ចាំ​ឲ្យ​អ្នក​ជំនាញ​​និយាយបកស្រាយ​អំពី​បញ្ហា​នេះ​។ លោកថេងឡេងអធិការ​នគរបាល​ស្រុក​វាលវែងមាន​ប្រសាសន៍ថានៅមិន​ទាន់​មាន​ព័ត៌មាន​អំពី​កម្មករ​បី​នាក់​ដែល​បាត់​ខ្លួន​នោះ​នៅ​ឡើយ​ទេ។

លោកថេងឡេង​ មាន​ប្រសាសន៍​បន្ត​ថា“ នគរបាល​ស្រុក​ដែល​​ស៊ើបអង្កេត​តាម​ស្ទឹង​អាតៃ​កំពុង​សហ​ការ​ជាមួយ​ក្រុម​ហ៊ុន​ចិន​ដើម្បី​​ស្វែង​រក​កម្មករ​​បាត់​ខ្លួន”។ លោកថេងឡេងមាន​ប្រសាសន៍​បន្ត​ថាក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ក៏​មាន​វត្តមាន​នៅ​ឯទំនប់​នោះ​ដែរ​ ដើម្បី​រង់​ចាំ​ព័ត៌មាន​ពី​សាច់​ញាតិ​បាត់​ខ្លួន​ ដោយ​សារ​​ត្រូវ​ទឹក​កួច​យក​ទៅ​ ហើយ​ថា នៅក្នុង​ស្ទឹង​នោះក៏មាន​សត្វ​ក្រពើផង​ដែរ។

មន្ត្រីមកពី​​នាយកដ្ឋាន​ឧស្សាហកម្ម​​ រ៉ែ​ និង​ថាមពល​​នៃ​ក្រសួងឧស្សាហកម្ម​​ រ៉ែ​ និង​ថាម​ពល​បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​នោះភ្លាមៗ​​ កាល​ពី​ថ្ងៃ​សៅរ៍ប៉ុន្តែបាន​និយាយតិច​តួច​អំពី​​ការបាក់ច្រកទ្វារទឹក ដែលមាន​ទទឹង​ប្រាំពីរ​ម៉ែត្រ​ របស់​ទំនប់​វារីអគ្គិសនី​អាតៃ​នេះ​​។

លោកហេងចាន់​ធួនអនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាមពល​បាន​ប្រាប់​​អ្នក​យក​ព័ត៌មាន​រ៉យទ័រ​ថា បញ្ហានេះ​គឺ​ជា​បញ្ហា​តូច​តាច​ប៉ុណ្ណោះ​។ លោកហេង ចាន់ធួនបាន​​មានប្រសាសន៍​បន្តថា​“ ការសាងសង់​គឺកំពុង​តែបន្ត​ជា​ធម្មតា ​ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ ដែល​នៅ​ជុំវិញ​តំបន់​នោះកុំ​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហានេះ”។​

លោកមៃឃើលស (Michael Shaw) អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើការតាមមូល​ដ្ឋាន​​របស់អង្គការ​វិស្វករ​គ្មាន​ព្រំ​ដែន​អូស្ត្រាលី​ (Engineers Without Borders Australia) ដែល​ជា​អ្នក​ផ្ដល់​ប្រឹក្សា​នៅ​ដេប៉ាតឺម៉ង់​រូប​វិទ្យា នៅ​ឯ​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ ស្ដី​អំពី​​​ថាមពលកកើត​ឡើង​វិញ បាន​ថ្លែងថា វា​លំបាក​ណាស់​ ដើម្បី​និយាយ​​អំពី​អ្វី ​ដែល​បាន​កើត​ឡើង​នៅឯ​ទំនប់​វារីអគ្គិសនី​តាម​រូប​ភាព​នោះ​។ ទោះ​ជាយ៉ាង​ណា​ លោក ម៉ៃឃើល ស បាន​លើក​ឡើង​ថា កង្វះ​ដែក​នៅ​ក្នុង​ការ​សាង​សង់​ ដែល​ធ្វើ​ឲ្យ​ស៊ីម៉ង់ត៍ផ្សារភ្ជាប់​គ្នា​មិន​សូវ​បាន​ល្អ​នោះ​ គឺ​ជា​មួល​ហេតុ​ធ្វើ​ឲ្យ​បាក់​ទំនប់​នេះ​។

លោកម៉ៃឃើលសបាន​លើក​ឡើង​តាម​រយៈ​អុីម៉េល​ថា “ វា​ហាក់​បី​ដូច​ជា​ការ​សាង​សង់​ជញ្ជាំង​បី​ផ្នែកផ្សេងៗ​គ្នា​ ហើយ​ពួកគេ​មិន​បាន​តភ្ជាប់​គ្នា​ឲ្យ​បាន​ត្រឹម​ត្រូវ។ជញ្ជាំង​មួយ​នៅ​ផ្នែក​កណ្ដាល​​បាន​បាក់​ធ្លាក់​ ហើយ​គ្រឹះ​ប្រហែលបាក់ដួល ដោយសារ​បេតុង​បាក់​របើក​ឡើង​ ហើយ​ជញ្ជាំង​នោះ​ក៏​បាន​បាក់​តែ​ម្ដង​”។

លោក​ ម៉ៃឃើលសបាន​ថ្លែងថាច្រកទ្វារ​ទឹក​​នេះ ​ប្រហែល​ជា​មិន​បាន​សាង​សង់​ឡើង​ ដើម្បី​ទ្រទ្រង់​​សម្ពាធ​ទឹក​ដ៏ខ្លាំង​នោះ​ឡើយ​។លោក​បាន​ពន្យល់​ថា ច្រកទ្វារទឹកនេះ​ត្រូវ​បាន​​គេ​ដំឡើង​ បន្ទាប់​ពីគេ​បាន​សាង​សង់​ទ្វារ​ទឹក​​របស់ទំនប់​នេះ​រួច​រាល់​ ប៉ុន្ដែ​ ច្រកទ្វារទឹក​នេះ​​ប្រហែល​ជា​មិន​ទាន់​ផ្សារភ្ជាប់​គ្នា​បាន​ល្អ​នៅ​ពេល​មាន​ឧបទ្ទវហេតុ​បាន​កើត​ឡើង​។

កាល​ពី​ឆ្នាំ​២០០៦​ កាសែត​ឆាយណា​ដេលី(China Daily) ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​​ បាន​រាយការណ៍​ថា ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​សាជីវកម្ម​​តាថាង​ចិន​ ត្រូវ​បានក្រុម​អ្នកច្បាប់​ចិន​​រិះ​គន់​។ នៅ​ពេល​នោះ​ក្រុមហ៊ុន​នេះ​ត្រូវ​​បាន​ស្ថាប័ន​គ្រប់​គ្រង​អចលនទ្រព្យ​ និង​គណៈ​កម្មាធិការ​ចិន​ទម្លាក់​តម្លៃ​របស់​ខ្លួន​ ដោយសារ​តែ​មិន​បាន​ប្រើប្រាស់ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ឬ​ក៏​ធ្វេស​ប្រហែស​ក្នុង​ការ​គ្រប់​គ្រង​។

លោកសុនឆ័យសមាជិក​សភា​មក​ពី​គណ​បក្ស​ប្រឆាំង​ គឺ​គណបក្ស​ សមរង្ស៊ីបាន​មាន​ប្រសាសន៍​ថា ​នៅ​​ប្រជុំរបស់សភា​ជាតិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ លោក​នឹងលើក​ឡើង​អំពី​ឧបទ្ទវហេតុ​នេះ​ និងអំពីបញ្ហាសុវត្ថិភាព​មួយ​ចំនួន​របស់​គម្រោង​សាង​សង់​ទំនប់វារី​អគ្គិសនីរបស់ចិន​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក សុន ឆ័យ​ បាន​ថ្លែងថា លោក​ព្រួយ​​បារម្ភ​ថា គម្រោងនេះ​ទំនង​ជា​ចំណាយ​ថវិកា​ខ្ពស់ ប៉ុន្ដែ គុណភាព​បច្ចេក​ទេស​​អន់។

លោក សុន ឆ័យ ​មាន​បាន​ប្រសាសន៍​ដោយ​លើក​ឡើង​ពី​ទំនប់​វារីអគ្គិសនី​ស្ទឹង​អាតៃ​ថា “វា​មិន​មែន​ជា​កំហុស​ធម្មតា​នោះ​ទេ​ ការ​សាង​​សង់​ទាំង​មូល​ត្រូវ​បាន​ចោទ​ជា​បញ្ហា”។ រូប​ភាព​នៃ​ទំនប់នោះ​ ដែល​ថត​មុន​និង​ក្រោយ​ឧបទ្ទវហេតុ​កាល​ពី​ថ្ងៃ​សៅរ៍ បាន​បង្ហាញ​​ថាផ្នែក​មួយ​ដ៏ធំ​នៃ​ច្រកទ្វារទឹក​ ឥឡូវ​នេះ​បាន​បាត់​ពី​ទំនប់​នេះ​ហើយ​ ផ្្លូវ​មួយ​ត្រូវ​បាន​កាត់​ផ្ដាច់​ ហើយ​ទឹក​នៅ​ក្នុង​អាង​ក៏​រីង​អស់​ដែរ៕

ប្រែសម្រួលដោយឃិនណៃ និងស៊ាស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស