កាលពីម្សិលមិញមន្ត្រីសាលាខេត្តបានមានប្រសាសន៍ថា បុគ្គលិកមន្ទីរពេទ្យនៅក្នុងខេត្តបន្ទាយមានជ័យដែលមិនព្រមព្យាបាលក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ដែលត្រូវពស់វែកចឹកកាលពីសប្តាហ៍មុននោះ គឺជាអាកប្បកិរិយាអសីលធម៌ ហើយត្រូវបានគេស្តីបន្ទោសថាបណ្តាលឲ្យក្មេងប្រុសនេះស្លាប់។
លោក កែវ រតនៈ អ្នកនំាពាក្យសាលាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា “ ពួកគេមិនបានអនុវត្តតាមក្រមសីលធម៌របស់គ្រូពេទ្យ ដើម្បីព្យាបាលអ្នកជំងឺនោះទេ។វាជាកំហុសរបស់គ្រូពេទ្យទាំងនោះ ដែលបណ្តាលឲ្យក្មេងប្រុសនេះស្លាប់”។
លោក រតនៈ បានមានប្រសាសន៍បន្តថាអាជ្ញាធរបានសម្រេចដកប្រធានមន្ទីរពេទ្យលោកគឹមសំអុលនិងវេជ្ជបណ្ឌិត អុិនសុធារិទ្ធិពីតួនាទីរបស់ពួកគេ ហើយបានបញ្ជូនពួកគេឲ្យទៅធ្វើការនៅក្នុងមន្ទីរសុខាភិបាលខេត្តវិញ។ទាំងលោកសំអុលនិងលោកសុធារិទិ្ធមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
កុមារាឈ្មោះ មឿន ម៉េត ត្រូវបានគេបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យស្រុកថ្មពួកកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវពស់វែកក្របីចឹកចំម្រាមដៃនៅក្នុងឃុំបន្ទាយឆ្មារ។ទោះបីជាមន្ទីរពេទ្យមានឧបករណ៍ និងថ្នាំបន្សាបពិស ដែលត្រូវការជាចាំបាច់ដើម្បីសង្គ្រោះជីវិតក៏ដោយ ក៏ពួកគេមិនបានប្រើដើម្បីសង្គ្រោះជីវិតក្មេងប្រុសនេះឡើយ។
ឪពុកម្តាយរបស់ក្មេងប្រុស បានចោទប្រកាន់ក្រុមគ្រូពេទ្យថា មិនព្រមប្រើថ្នាំ ដើម្បីព្យាបាលកូនប្រុសរបស់ពួកគាត់ទេ ពីព្រោះពួកគេទុកថ្នាំសម្រាប់តែក្រុមនិស្សិតស្ម័គ្រចិត្តដែលចូលរួមក្នុងកម្មវិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។ក្រុមមន្ត្រីមន្ទីរពេទ្យបានបដិសេធចំពោះការចោទប្រកាន់ពីឪពុកម្តាយក្មេងប្រុសរូបនេះ។
លោកកែវសុភក្ត្រាប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍ថា ក្រុមគ្រូពេទ្យមានការព្រួយបារម្ភអំពីភាពគ្រោះថ្នាក់ក្នុងការព្យាបាលកុមារាអាយុ៧ឆ្នាំនៅក្នុងមន្ទីរពេទ្យស្រុក ដោយសារមន្ទីរពេទ្យមិនមានសម្ភារគ្រប់គ្រាន់។
លោកបានមានប្រសាសន៍បន្តថាដោយសារក្តីបារម្ភនេះក្រុមគ្រូពេទ្យបានណែនាំឲ្យឪពុកម្តាយរបស់ក្មេងប្រុសនេះយកកូនរបស់ខ្លួនទៅព្យបាលនៅមន្ទីរខេត្តបន្ទាយមានជ័យវិញ ដែលមានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីទីនោះ។ កុមារា មឿនម៉េតបានស្លាប់បន្ទាប់ពីត្រូវបានគេបញ្ជូនដល់មន្ទីរពេទ្យខេត្ត។
លោក សុភក្ត្រា បានមានប្រសាសន៍បន្តទៀតថា “ ពួកគេ [បុគ្គលិកមន្ទីរពេទ្យស្រុក] គួរតែប្រើថ្នាំបន្សាបពិស ដើម្បីជួយរក្សាជីវិតរបស់កុមារានោះ”។ លោកធុយសាមឿនជាឪពុករបស់ក្មេងប្រុស មឿនម៉េតបាននិយាយថាលោកបានដាក់ពាក្យបណ្តឹងទៅសាលាស្រុករួចហើយ កាលពីម្សិលមិញ ដោយស្នើសុំឲ្យពួកគេចោទប្រកាន់ក្រុមគ្រូពេទ្យថា ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់កូនប្រុសរបស់គាត់ ហើយបានទាមទារឲ្យមានសំណងសមរម្យដល់គ្រួសាររបស់គាត់៕
ប្រែសម្រួលដោយឃិនណៃ