29 C
Phnom Penh

កម្ម​វិធី​សមធម៌ត្រូវ​ផ្អាក​បន្ទាប់​ពី​មាន​ការ​រអ៊ូ​រទាំ​អំពី​ដី​សម្បទាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​របស់​អង្គការ​សហ​ប្រជា​ជាតិ ​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា កម្ម​វិធី​ផ្សាយ​តាមទូរ​ទស្សន៍​ ដែល​ឧបត្ថម្ភដោយ​អង្គការ​សហប្រជាជាតិ ​​គឺ​កម្ម​វិធី​សមធម៌​ជា​កម្ម​វិធី​ប្រចាំ​សប្តាហ៍​ ដែល​មាន​គោល​បំណង​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ​តាម​រយៈ​ អត្ថបទបែប​ស៊ើប​អង្កេត​ខ្លីៗ​ ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​​ទូរ​ទស្សន៍​ជាតិកម្ពុជា ​​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ត្រូវ​បាន​ផ្អាក​ កាល​ពី​សប្តាហ៍​មុន​បន្ទាប់​ពី​រដ្ឋាភិ​បាល​បាន​រិះ​គន់​ប្រធាន​បទ​មួយនិយាយអំពី​ដី​សម្បទាន​សេដ្ឋកិច្ច។

អ្នក​នាំពាក្យ​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា “វា​ជា​ការ​សម្រេច​រួម​គ្នាមួយ​រវាង​ក្រសួង​ព័ត៌មាន​ និងអង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ ដើម្បី​ផ្អាក​កម្មវិធី​សមធម៌​ជា​បណ្តោះអាសន្ន។ រឿង​មួយ​ចំនួន​បាន​ទទួល​រង​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល និង​សាធារណជន”។

អង្គការ​កម្មវិធី​អភិវឌ្ឍន៍សហ​ប្រជា​ជាតិ​មិន​បាន​លើក​ឡើង​ថា តើរឿង​សំខាន់​មួយ​ណា​ បាន​​​​ទទួល​រង​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​រដ្ឋា​ភិបាល​នោះ​ទេ។​​ អ្នក​នាំ​ពាក្យ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍សហ​ប្រជាជាតិ បាន​មាន​ប្រសាសន៍ថាមន្ត្រី​អង្គការ​សហប្រជាជាតិ​នឹ​ងជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំរបស់ទូរទស្សន៍ជាតិកម្ពុជា​ក្នុង​ពេល​ឆាប់​ៗនេះ ដើម្បី​ពិភាក្សា​អំពី​​កម្ម​វិធីនេះនៅ​ពេលអនាគត​ ដែល​អាចទទួលបាន​ការ​​​ឧបត្ថម្ភ​សម្រាប់​បន្ត​កម្មវិធី​នេះ។

ការ​ចាក់​ផ្សាយ​ដែល​មាន​រយៈពេល​៤០​នាទី​រៀងរាល់​ល្ងាចថ្ងៃអាទិត្យ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៧មក​ ដោយមានមាតិការបស់​កម្មវិធី​សមធម៌មិនត្រូវបានចាប់ពិរុទ្ធ ដូចអត្ថបទ​ព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា ដែល​តែង​តែមានការ​ពិនិត្យ​ពិច័យយ៉ាង​ខ្លាំង​។

នៅក្នុង​ការចាក់​ផ្សាយ​របស់​ខ្លួន​លោកខឹម វុទ្ធី អ្នក​គ្រប់គ្រងកម្មវិធី​សមធម៌​បាន​ចំណាយ​ពេល​រយៈពេល​២៥នាទី​​ដើម្បីសូម​អភ័យ​ទោសចំពោះ​សេចក្តី​រាយការណ៍​មួយ​កាលពីថ្ងៃទី​៣០ ​ខែកញ្ញាដែល​ពិភាក្សា​អំពី​ផល​ប៉ះ​ពាល់​វិជ្ជ​មាននិង​អវិជ្ជមាន​ពី​ដី​សម្បទាន​សេដ្ឋកិច្ចមានទំហំជាង​៥០.០០០​ហិកតាក្នុង​ឧទ្យាន​ជាតិ​វីរជ័យ​ ​ខេត្ត​រតនគិរីដែលត្រូវបាន​បែងចែក​ទៅឲ្យក្រុម​ហ៊ុន​ឯក​ជន​យ៉ាង​តិច​ចំនួន​ប្រាំមួយ​​។

លោក ខឹម វុទ្ធី បាន​មាន​ប្រសាសន៍​ថា “យើង​ចង់​ចាប់ផ្តើម​កម្មវិធី​នេះ ដោយ​មាន​ការ​កែតម្រូវ។ កម្មវិធី​ដែល​ចាក់​ផ្សាយ​ កាល​ពីថ្ងៃទី៣០​ ខែកញ្ញាអំឡុង​ការ​ផ្សាយ​អត្ថបទ​របស់​យើង​និយាយ​អំពី​ដីសម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ឧទ្យានជាតិ​វីរជ័យ យើង​​បាន​ផ្សាយ​ខុស​តាម​កញ្ចក់​ទូរទស្សន៍​ដោយ​បាន​បង្ហាញ​​រូបភាព​វីដេអូ ជាឯកសារ បានមកពីកន្លែង​ផ្សេងៗពីគ្នា”។

លោក​បាន​បន្តថា “ នេះ​គឺជា​កំហុស​ដោយ​អចេតនា ​ហើយ​យើង​បាន​សុំ​អភ័យ​ទោស​ដល់​​ទស្ស​​និក​ជន​ទាំង​អស់​ ​ដោយ​សារ​តែ​បាន​យល់​​ច្រឡំ​អំពី​អ្វី​ដែល​កើត​ឡើង​ទាំង​នេះ”។ ក្រុមអភិរក្ស និង​អង្គការ​សិទ្ធិមនុស្សបាន​រិះ​គន់​យ៉ាង​ខ្លាំង ចំពោះ​បញ្ហាកើត​ឡើង​នា​ពេល​​ថ្មី​ៗនេះ ពាក់​ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋ​កិច្ច​​នៅក្នុង​ខេត្ត​រតនគិរី​ និង​តាមបណ្តាកន្លែង​ផ្សេងៗទៀត​ ដោយបាន​លើក​ឡើង​ថាដី​សម្ប​ទានមួយ​ចំនួន​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ព្រៃ​ដែល​នៅ​សេសសល់ក្នុងប្រទេស​កម្ពុជា​​ ហើយ​វា​ក៏បង្កផល​ប៉ះពាល់​ដល់​ដី​ស្រែ​របស់​​អ្នក​ភូមិ និងដី​ព្រៃ​ដែល​ជា​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ផង​ដែរ។

អំឡុង​ការ​ចាក់​ផ្សាយ​កម្មវិធីនេះ​ជាលើក​ចុង​ក្រោយ​ កាលពីថ្ងៃទី១១ ខែ​វិច្ឆិកា​ អ្នក​គ្រប់​គ្រងកម្មវិធី​នេះ​ក៏បាន​ប្រកាស​ដែរ​ថាក្រសួង​ព័ត៌មាន​បាន​បញ្ជូន​លិខិត​មួយច្បាប់​មាន​ប្រាំ​ទំព័រ​ ​ដែល​ជា​ពាក្យបណ្តឹង​​របស់​ក្រសួង​បរិស្ថាន ​ប្រតិកម្មនឹងកម្មវិធី​និយាយអំពីដី​សម្ប​ទាន​សេដ្ឋកិច្ច​នៅ​ឧទ្យាន​ជាតិ​វីរជ័យ​។

អ្នក​នាំពាក្យរបស់អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ បាន​បន្ថែម​ថា “ វាគឺជា​ពេល​វេលា​ដ៏សក្ដិ​​សម​មួយ ​ដែលយើង​ត្រូវ​ត្រួត​ពិនិត្យ​កម្មវិធី​សមធម៌​ឡើង​វិញ និងដើម្បី​បង្កើតប្រធានបទ​ថ្មី​ៗ ឲ្យបាន​សមស្រ​ប​ទៅ​តាម​ការផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​នៃប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងប្រទេស​កម្ពុជា។អង្គការកម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​​ត្រួត​ពិនិត្យ​ឡើង​វិញ​រួម​គ្នារវាង​អង្គការ​កម្ម​វិធី​​អភិវឌ្ឍ​ន៍សហ​ប្រជាជាតិ និង​ក្រុម​ការងារ​របស់​​​ទូរទស្ស​ន៍ជាតិកម្ពុជា ដើម្បី​ត្រួត​ពិនិត្យ​ដំណើរ​​ការ​នៃ​ការ​ផលិតកម្មវិធី និង​ស្វែង​រក​មធ្យោ​បាយ​​ដ៏ល្អបំផុត​ ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​នេះ​អាច​ដំណើរការឡើងវិញបាន​”។

ប្រភព​មួយ​ដែល​បម្រើការ​ក្នុង​កម្មវិធី​ទូរទស្សន៍​នេះ​ ដែល​បាន​លើក​ឡើង​ក្នុង​លក្ខ​ខណ្ឌ​អនាមិក​ដោយ​សារ​តែ​រឿង​រសើប​ជុំ​វិញ​​ការ​ផ្អាក​នៃកម្ម​វិធីនេះ បាន​លើក​ឡើង​ថាកិច្ចព្រមព្រៀង​រវាង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ និង​ទូរទស្សន៍​ជាតិកម្ពុជាស្តីពីការផលិត​កម្មវិធី​សមធម៌​ ត្រូវដំណើរការ​រហូត​ដល់​ខែមេសា ឆ្នាំ​២០១៣ ហើយ​បុគ្គលិក​​នឹង​បន្ត​ទទួល​បាន​ប្រាក់​ខែ​រហូត​ដល់​ពេល​នោះ​ដែរ។

លោក កឹម គុណវឌ្ឍន៍ អគ្គនាយក​ទូរ​ទស្សន៍​ជាតិកម្ពុជា​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញថាលោកមិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ​។ លោកបានមានប្រសាសន៍ថា “ខ្ញុំ​មិន​ទាន់​ទទួល​បានដំណឹង​អំពី​បញ្ហានេះ​នៅ​ឡើយ​ទេពីព្រោះ​ខ្ញុំ​មិន​បាន​ទទួល​ព័ត៌មាន​ពី​ក្រសួង​ព័ត៌មាន​ឡើយ​”។

លោក ខៀវ កាញារីទ្្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន​​មិន​អាច​សំុអត្ថាធិប្បាយ​បាន​ឡើយ។

លោកអ៊ុយប៊ុនមីុអ្នកផលិតកម្មវិធីឲ្យ​កម្ម​វិធីសមធម៌នេះ ​បាន​មាន​ប្រសាសន៍​ថាការ​សម្រេច​ផ្អាក​កម្មវិធី​នេះត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សារ​តែមាន​កិច្ច​ប្រជុំ​អាស៊ាន​មួយ​ កាល​​ពីខែមុនក៏​ដូច​ជា​មាន​បញ្ហាហិរញ្ញវត្ថុផង​ដែរ​។លោក​ក៏បាន​លើក​ឡើង​ដែរថាការ​ផ្អាក​នេះ​គឺគ្រាន់​តែ​បណ្តោះ​អាសន្នប៉ុណ្ណោះ​។

លោកបាន​មាន​ប្រសាសន៍​បន្តថា “ ការ​ផ្អាក​​គឺ​ប្រហែល​មក​ពីកង្វះ​ការ​ឧបត្ថម្ភ​ តែគ្រោង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ​ នៅ​ពីរ​សប្តាហ៍​ក្រោយ”។ លោក​ ប្រាយអែន​​​​ ឡុនដ៍ (Brian Lund) ប្រធានការិយាល័យ​ប្រចាំ​តំបន់​អាស៊ីបូពា៌​របស់​អង្គការ​អុក​ស្វាម អាមេរិ​កាំង(Oxfam America) ដែល​សាខារបស់អង្គការ​អុកស្វាមអន្តរជាតិ​(Oxfam International)​ ដែល​ជា​អ្នក​ឧបត្ថម្ភ​ដល់កម្មវិធី​សមធម៌​ជា​មួយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍សហប្រជាជាតិ បាន​មាន​ប្រសាសន៍​ថា លោកមិន​ចង់និយាយអ្វីអំពី​បញ្ហា​ដ៏​ចម្រូង​​ចម្រាសនៅក្នុងកម្មវិធី​សម​ធម៌​​នេះ​ឡើយ​។

លោកបាន​មាន​ប្រសាសន៍ថា“ យើង​នៅ​តែ​ឧបត្ថម្ភ​កម្មវិធី​សមធម៌​រហូត​ដល់​ខែមេសា ឆ្នាំ​ក្រោយ​ និង​ប្រហែល​លើស​ពី​នេះ​ទៀង​ផង ពីព្រោះ​នេះ​ជា​វេទិកា​មួយ​ដែល​មាន​តម្លៃ”៕

ប្រែសម្រួលដោយស៊ាស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស