អង្គការតម្លាភាពអន្តរជាតិ (Transparency International, TI) ប្រចាំប្រទេសកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា ប្រទេសកម្ពុជា បន្តជាប់ចំណាត់ថ្នាក់ជាប្រទេសមួយក្នុងចំណោមប្រទេសពុករលួយបំផុតនៅក្នុងពិភពលោកហើយចាំបាច់ត្រូវខំប្រឹងឲ្យខ្លាំងថែមទៀត ដើម្បីអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ និងដើម្បីស៊ើបអង្កេតករណីសង្ស័យថា មានអំពើពុករលួយ។
យោងតាមសន្ទស្សន៍ស្តីពីអំពើពុករលួយ (Corruption Perceptions Index , CPI) ប្រចាំឆ្នាំ២០១២ របស់អង្គការតម្លាភាពអន្តរជាតិ ប្រទេសកម្ពុជាត្រូវជាប់ចំណាត់ថ្នាក់លេខ១៥៧ក្នុងចំណោមប្រទេសចំនួន១៧៦ ដែលត្រូវមានឈ្មោះ ដោយទទួលបានពិន្ទុត្រឹមតែ២២ប៉ុណ្ណោះ ក្នុងចំណោមពិន្ទុសរុប១០០ ពោលគឺគ្រាន់បើតែកើនឡើងបន្តិចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងចំណាត់ថ្នាក់លេខ១៦៤កាលពីឆ្នាំមុន។
អង្គការតម្លាភាពអន្តរជាតិបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា “ ពិន្ទុ សន្ទស្សន៍ ស្តីពីអំពើពុករលួយនៅឆ្នាំ២០១២នេះបង្ហាញថា ប្រទេសកម្ពុជានៅតែត្រូវគេចាត់ទុកថា ជាប្រទេសមួយដែលមានអំពើពុករលួយខ្លាំងនៅឡើយ។ដើម្បីកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ចាំបាច់ត្រូវខិតខំថែមទៀតក្នុងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយនិងការបង្កើនសមត្ថភាព និងការជួយជ្រោមជ្រែងដល់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីស៊ើបអង្កេតពីករណីពុករលួយប្រកបដោយប្រសិទ្ធភាព ដើម្បីនាំខ្លួនជនល្មើសទៅផ្តន្ទាទោស”។
អង្គការតម្លាភាពអន្តរជាតិក៏បានលើកឡើងដែរថា រដ្ឋាភិបាលចាំបាច់ត្រូវអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីធ្វើឲ្យសេចក្តីសម្រេចពាក់ព័ន្ធនឹងថវិកាជាតិនិងការបែងចែកហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត ឲ្យកាន់តែមានប្រសិទ្ធភាព និង“ ពង្រឹងការអនុវត្តច្បាប់ប្រឆាំងប្រអំពើពុករលួយ”។
ក្នុងសន្ទស្សន៍នេះ សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងប្រទេសស៊ីរី ដែលត្រូវហែកហួរដោយសារតែសង្គ្រាម នៅល្អជាងប្រទេសកម្ពុជាឆ្ងាយណាស់ ដោយជាប់ចំណាត់ថ្នាក់លេខ១៤៤ដូចគ្នា។ ប្រទេសម៉ិកស៊ិក ដែលកំពុងប្រកាសសង្គ្រាមបង្ក្រាបថ្នាំញៀនខ្លាំងក្លាដ៏អូសបន្លាយ ទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងដែរ ដោយប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ១០៥។ នៅក្នុងតំបន់ ប្រទេសឡាវ
ទទួលបាន២១ពិន្ទុ ត្រូវជាប់ចំណាត់ថ្នាក់លេខ១៦០ និងប្រទេសភូមា ទទួលបាន១៥ពិន្ទុ ត្រូវជាប់ចំណាត់ថ្នាក់លេខ១៧២ គឺអាក្រក់ជាងប្រទេសកម្ពុជា។
ប្រទេសថៃ ដែលជាប្រទេសជិតខាង ជាប់ចំណាត់ថ្នាក់លេខ៨៨ដោយទទួលបានពិន្ទុ៣៧ រីឯប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ១២៣ ដោយទទួលបានពិន្ទុ៣១។ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន ប្រទេសព្រុយណេ ត្រូវបានសម្រេចថាជា “ ប្រទេសស្អាតស្អំបំផុត” ដោយជាប់ចំណាត់ថ្នាក់លេខ៤៦ ដោយទទួលបានពិន្ទុ៥៥។
ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយដើម្បីចាប់ផ្តើមចេញរបាយការណ៍នេះ លោក ព្រាប កុល នាយកប្រតិបត្តិការិយាល័យរបស់អង្គការតម្លាភាពអន្តរជាតិ ប្រចាំប្រទេសកម្ពុជា បានប្រដូចអំពើពុករលួូយទៅនឹងមេរោគអេដស៍ ដោយលោកលើកឡើងថា វាឆ្លងចូលទៅស្រទាប់មនុស្សជាច្រើនណាស់ ចាប់ពីការអប់រំនិងសេវាសុខាភិបាល រហូតដល់សិទ្ធិមនុស្ស និងប្រព័ន្ធតុលាការ។ លោកបានលើកឡើងទៀតថា ប្រជាពលរដ្ឋកម្ពុជា “ គួរតែទទួលបានការថែទាំសុខភាពនិងការអប់រំត្រឹមត្រូវគ្មានការសូកប៉ាន់ ឬបង់ថ្លៃសេវា”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក រ័ត្ន សុផល ប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការតម្លាភាពអន្តរជាតិ មានប្រសាសន៍ថា ការអនុវត្តច្បាប់មានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយអំពើពុករលួយ។ លោកមានប្រសាសន៍ថា “ ការប្រយុទ្ធប្រឆាំងអំពើពុករលួូយត្រូវការឆន្ទៈនយោបាយឥតងាករេ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលត្រូវមានគោលការណ៍ច្បាប់និងយន្តការអភិបាលកិច្ចគ្រប់គ្រាន់ ដែលអាចជួយកាត់បន្ថយឱកាសអាចប្រព្រឹត្តអំពើពុករលួយ តាមរយៈការអនុវត្តជាប្រចាំ”។
ចាប់តាំងពីចាប់ផ្តើមក្នុងឆ្នាំ២០១០មក អង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យបណ្តឹងរាប់រយ ដែលរៀបរាប់លម្អិតពីករណីសង្ស័យថាមានអំពើពុករលួយ ប៉ុន្តែមានការចាប់ខ្លួនមនុស្សតែបួននាក់ប៉ុណ្ណោះរហូតមកទល់ពេលនេះ។ករណីលេចធ្លោ
ជាងគេបំផុត្នុងចំណោមករណីទាំងនេះ គឺករណីលោក ម៉ឹក ដារ៉ា អតីតប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលកំពុងមានទោសជាប់ពន្ធនាគារអស់មួយជីវិត ពីបទចោទប្រកាន់ជាច្រើនករណីពាក់ព័ន្ធនឹងអំពើពុករលួយ និងជួញដូគ្រឿងញៀន។
ពេលសួរថាតើធ្វើយ៉ាងណាទើបអង្គភាពប្រឆាំងអំពើពុករលួយអាចធ្វើការកាន់តែច្រើនឡើងនោះ លោក ព្រាប កុល បានមានប្រសាសន៍ថា អង្គភាពនេះកំពុងជួបការលំបាកដោយសារខ្វះសមត្ថភាព។ លោកបានមានប្រសាសន៍ថា “ ពួកគេមិនទាន់មានសមត្ថភាពពេញលេញទេក្នុងការស៊ើបអង្កេតករណីទាំងនោះ”។លោកក៏លើកឡើងដែរថា លោកបានចោទសួរពីឯករាជភាពរបស់អង្គភាពនេះ ដែលពីមុនធ្លាប់សង់រូបសំណាកលោក ហ៊ុន សែន ដាក់នៅក្នុងទីធ្លានៃអង្គភាពនេះ ប៉ុន្តែក្រោយមកបានយកចេញវិញ ដែលទំនងជាដោយសារតែធ្វើឲ្យលោកនាយករដ្ឋមន្ត្រីមិនពេញចិត្តហើយមើលទៅ។
លោក ព្រាប កុល បានមានប្រសាសន៍ថា អំពើពុករលួយក៏ធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចនិងការវិនិយោគផងដែរ។លោកបន្តថា “ ប្រសិនបើក្រុមហ៊ុនមួួយសូកប៉ាន់ ពួកគេអាចក្លាយជាមុខសញ្ញាត្រូវទទួលទោសទណ្ឌនៅក្នុងប្រទេសរបស់ពួកគេ”។
លោក ផៃ សុីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា លទ្ធផលដែលកំណត់ដោយអង្គការតម្លាភាពអន្តរជាតិ គឺជាការលើកទឹកចិត្ត ប៉ុន្តែមិនឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងទេ។ លោកមានប្រសាសន៍ថា “ ខ្ញុំសង្ឃឹមថា គ្រប់ៗគ្នានៅលើភពផែនដីនេះ យល់ថា កម្ពុជា ស្ថិតក្នុងរដ្ឋមានការផ្លាស់ប្តូរមុខមាត់មួយ។យើងកំពុងតែកែទម្រង់ប្រព័ន្ធការងារក្នុងស្ថាប័នរដ្ឋទាំងមូល។យើងគួរតែកែទម្រង់ ពីព្រោះរដ្ឋាភិបាលនឹងជាអ្នកផ្តល់សេវាកម្មឲ្យល្អជាងមុន។ នោះជាគោលបំណងរបស់យើង”។
លោក ស៊ីផាន បានមានប្រសាសន៍សំដៅដល់អង្គភាពប្រឆំាងអំពើពុករលួយ និងច្បាប់ប្រឆំាងអំពើពុករលួយ ថាជាគំរូនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីបោសសម្អាតអំពើពុករលួយ ប៉ុន្តែលោកបានបន្ថែមថា ស្ថាប័នគ្រប់កម្រិតទាំងអស់ នៅក្នុងសង្គមចាប់តាំងពីរដ្ឋាភិបាលដល់អង្គការក្រៅរដ្ឋាភិបាល ចាំបាច់ត្រូវសហការគ្នាដើម្បីដោះស្រាយបញ្ហានេះ។
លោកបានមានប្រសាសន៍ថា “ នេះជាបំណងរបស់រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆំាងអំពើពុករលួយ និងផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជន”។ លោក ស៊ីផាន ក៏បានកត់សម្គាល់ដែរថាអំពើពុករលួយនៅក្នុងសហរដ្ឋអាមេរិកដែលស្ថិតក្នុងលំដាប់ទី១៩ក្នុងបញ្ជីឆ្នាំនេះគឺជាមូលហេតុចម្បងនាំឲ្យមានវិបត្តិហិរញ្ញវុត្ថុសកលលោក ប៉ុន្តែថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មាន “ ប្រព័ន្ធសម្បូរបែប” ដើម្បីជួយដោះស្រាយបញ្ហានេះ។
លោក ធន សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា អំពើពុករលួយ បានជ្រាបចូលគ្រប់ស្រទាប់សង្គម ប៉ុន្តែថា “ អ្នកក្រ និងអ្នកងាយរងគ្រោះ” បានទទួងប៉ះពាល់ច្រើនបំផុត។
លោកបានមានប្រសាសន៍ថា “ វាធ្វើឲ្យប្រជាជនកាន់តែមិនសប្បាយចិត្ត ហើយអាចនឹងធ្វើឲ្យសង្គមគ្មានស្ថិរភាព ប្រសិនបើយើងបណ្តោយឲ្យមានជំងឺបែបនេះ។ ខ្ញុំគិតថា យើងត្រូវទទួលស្គាល់ការពិត ហើយនាំគ្នាលុបបំបាត់បញ្ហាសង្គមបែបនេះ”។
លោក ដេវីត កាធ័រ (DavidCarter) នាយកប្រតិបត្របស់ក្រុមហ៊ុនធានារ៉ាប់រង Infinitive និងជាប្រធានសមាគមពាណិជ្ជករអូស្ត្រាលី បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ដើរលើផ្លូវដ៏វែងក្នុងការអភីវឌ្ឍ ហើយថា ប្រទេសកំពុងរីកចម្រើនជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
លោក កាធ័រ បានបន្តថា “ ប្រសិនបើអ្នកសំឡឹងមើលថាតើវាមានប្រភពមកពីទីណានោះ វាមិនភ្ញាក់ផ្អើលទេថា អំពើពុករលួយនៅតែជាបញ្ហាមួយ។ ប៉ុន្តែវានឹងល្អកាន់តែខ្លាំងឡើង នៅពេលនោះប្រហែលលែងមានឈ្មោះនៅក្នុងរបាយការណ៍នេះទៀតហើយ៕
ប្រែសម្រួលដោយ តែម សុខុម និង ចេវ ប៊ុននី