ក្រុមអ្នកតវ៉ាប្រឆាំងនឹងការបណ្ដេញចេញពីលំនៅដ្ឋាន បានធ្វើបាតុកម្មនៅខាងក្រៅអគារការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីម្សិលមិញ ដែលជាការធ្វើបាតុកម្មលើកទី២នៅសប្ដាហ៍នេះ និងបានប្រគល់ញត្តិជាច្រើនទៅទីស្ដីការគណៈរដ្ឋមន្ត្រីដោយបានអំពាវនាវសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាច្រើនកន្លែង។
ក្រុមអ្នកតវ៉ាចំនួនប្រហែល១០០នាក់ ចេញមកពីសហគមន៍ប្រាំបួនដាច់ដោយឡែកពីគ្នានៅទូទាំងរាជធានីភ្នំពេញ ដែលសហគមន៍នីមួយៗ ត្រូវបានបណ្ដេញចេញឬ ក៏កំពុងប្រឈមមុខនឹងការបណ្ដេញចេញ។
ក្រុមអ្នកតវ៉ាទាំងនេះ ត្រូវបានក្រុមនគរបាលរារាំងមិនឲ្យចូលក្នុងបរិវេណអគារនេះប៉ុន្តែ ក្រោយមកត្រូវបានអនុញ្ញាតឲ្យបញ្ជូនតំណាងមួយចំនួនចូលទៅទីស្ដីការគណៈរដ្ឋមន្ត្រីតាមទ្វារមួយទៀត ដើម្បីប្រគល់ញតិ្តរបស់ពួកគេ។
នៅក្នុងចំណោមអ្នកតវ៉ាទាំងនេះមានអ្នកស្រី ច្រៃ នីម ជាគ្រួសារមួយក្នុងចំណោម១៨២គ្រួសារ ដែលប្រឈមនឹងការបណ្ដេញចេញពីផ្ទះសំបែង ស្ថិតនៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
រដ្ឋាភិបាល បានបដិសេធ មិនផ្ដល់សំណងដល់គ្រួសារទាំងនេះទេ ទោះបីជាគ្រួសារទាំងនេះ មានប័ណ្ណស្នាក់នៅ ដែលអាជ្ញាធរ ចេញឲ្យក៏ដោយ។ អ្នកស្រីនិយាយថា “ ខ្ញុំមិនចេញពីផ្ទះទេប្រសិនបើមិនមានសំណងសមរម្យនោះ”។
លោក ប៊ុន អុ៊យ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា លោកបានទទួលញត្តិ កាលពីម្សិលមិញ ហើយមានប្រសាសន៍ថា លោកនឹងបញ្ជូនញតិ្តទាំងនោះទៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ