38 C
Phnom Penh

អ្នក​ជំនាញ​​ចិន​​៖ វាឆាប់​ពេក​ហើយ​ដែល​ត្រូវ​​ស្តី​បន្ទោស​​ចិន​ចំពោះ​ឧបទ្ទវ​ហេតុ​បាក់​ទំនប់​អាតៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ស្រាវ​ជ្រាវ​នៅ​មជ្ឈមណ្ឌល​សិក្សា​ទំនាក់​ទំនង​អន្តរជាតិ​ដ៏​ល្បី​ឈ្មោះ​នៅក្នុង​ទីក្រុង​បេ៉កាំង​ ត្រូវ​បាន​ប្រព័ន្ធផ្សព្វ​ផ្សាយ​រដ្ឋ​ចិន​ដក​ស្រង់​សម្តី​ កាល​ពី​ម្សិលមិញ​ថា វាជា​ការ​ឆាប់​ពេក​ហើយ​ ដែល​ថាក្រុម​ហ៊ុន​ចិន​គួរ​តែ​ទទួល​រងការស្តីបន្ទោស​ចំពោះ​ការ​បាក់​ទំនប់​វារីអគ្គិសនី​ស្ទឹង​​អាតៃ​ក្នុង​ខេត្ត​ពោធិ៍សាត់​ កាលពី​ថ្ងៃសៅរ៍​ ដែល​ក្រុម​ហ៊ុន​ចិន​ជា​អ្នក​សាងសង់។

ទ្វារ​ទឹក​ធ្វើពី​បេតុង​របស់ទំនប់​វារី​អគ្គិ​សនី​​ស្ទឹង​អាតៃ​ក្នុង​ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​ដែល​​ចំណាយទុន​ចំនួន​២៥៥​លាន​ដុល្លារ​នោះ​បាន​បាក់​ខណៈ​ដែល​គេកំពុង​សាកល្បង​តួប៊ីន​កាលពីថ្ងៃសៅរ៍។ ចរន្ត​ទឹកហូរដ៏ខ្លាំង​បាន​កួច​យក​កម្មករ​ខ្មែរ​បី​នាក់ទៅ​បាត់​រហូត​ដល់​ថ្ងៃនេះ និង​បាន​ធ្វើ​ឲ្យ​កម្មករ​បួននាក់​​ផ្សេង​ទៀត​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។

ទំនប់​ដែល​កំពុង​សាងសង់​ដោយ​ក្រុម​ហ៊ុន​​សាជីវកម្ម​រដ្ឋ​ដ៏​ធំមួយ​ឈ្មោះ​តាថាង​ចិន​ របស់​គណ​បក្ស​កុម្មុយនីស្ត​ចិននេះ​ គ្រោង​សាង​សង់ឲ្យ​រួច​រាល់​ក្នុង​ខែឧសភាឆ្នាំ​២០១៣។

យោងតាម​សេចក្ដី​រាយ​ការណ៍​​ ដែល​កាសែត​រដ្ឋ​ចិន​ឈ្មោះ​ ឆាយណាដេលី (China Daily)​បានចុះ​ផ្សាយ​កាល​ពីម្សិលមិញ​បាន​ឲ្យ​ដឹង​ថា លោកស្រី សុង យុីងហួយ (Song Yinghui)​​​​​អ្នក​ស្រាវ​ជ្រាវ​ប្រចាំ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​អចិន្ត្រៃយ៍​ចិន​ដ៏ល្បី​ឈ្មោះ​បាន​លើក​ឡើង​​ថា សាជីវកម្មតាថាង​​ចិននេះ​គួរ​តែ​ចេញ​ផ្សាយរបាយ​ការណ៍​ និយាយអំពី​ឧបទ្ទវហេតុ​បាក់​ទំនប់​អាតៃនេះ​ជា​សាធារណៈ​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ នេះ​ជាការ​ឆាប់​ពេក​ហើយដែល​​ត្រូវ​ស្តី​បន្ទោស​ក្រុម​ហ៊ុន​ចិន ​ចំពោះ​ឧបទ្ទវហេតុ​នេះ​មុន​ពេល​​​ចេញ​ផ្សាយ​របាយ​ការណ៍​អំពី​លទ្ធផល​ស៊ើប​អង្កេត”។កាសែត​ឆាយ​ណា​ដេលីបាន​ដក​ស្រង់​សម្តីរបស់​លោក​ស្រី​ យីងហួយ ថា “ វា​ជាការ​មិន​ទទួល​ខុស​ត្រូវ​ទាល់​តែសោះ​ ​ដែល​ត្រូវ​ថ្កោល​ទោស​ចំពោះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាង​សង់​ដោយ​ក្រុម​ហ៊ុន​ចិន​ទាំង​អស់​ព្រោះ​​តែ​ឧបទ្ទវហេតុ​នេះនោះ​”។

វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​អចិន្ត្រៃយ៍​ចិន​ដ៏ល្បីនេះ​ គឺ​ជា​ក្រុមផ្តល់​យោបល់​​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ ហើយ​តែង​តែត្រូវ​​ប្រព័ន្ធ​ផ្សព្ធ​ផ្សាយ​រដ្ឋចិនដកស្រង់​សម្តី ហើយក៏ជា​ស្ថាប័នមួយ​ មានទំនាក់ទំនង​ជាមួយ​ក្រសួង​សន្តិសុខជាតិរបស់​សាធា​រណ​រដ្ឋប្រជា​មានិតចិននិង​គណបក្ស​កុម្មុយនីស្ដ​។

សេចក្តី​រាយការណ៍​របស់កាសែត​ ឆាយ​ណា​ដេលី ក៏បាន​ដក​ស្រង់​សម្តី​របស់មន្ត្រី​នគរ​បាល​កម្ពុជា​ម្នាក់​ ដែល​បក​ស្រាយ​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រដ្ឋ​ចិន​ពី​មូលហេតុ​នៃ​ការ​បាក​់​ទំនប់​នេះ​ផង​ដែរ​។

មន្ត្រី​នគរបាល​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​​ត្រូវបាន​ដក​ស្រង់​សម្តី​ថា “ យើងសនិ​្ន​ដ្ឋាន​ថា ឧបទ្ទវហេតុ​នេះ​កើត​ឡើងដោយ​​​សារ​តែ​ច្រក​ទ្វារ​ទឹក ​ដែល​មាន​ទទឹង​១០​ម៉ែត្រ​បាន​ប្រេះ​ ហើយ​នៅ​ពេល​ដែល​រង​សម្ពាធទឹក​ខ្លាំងពេក ​វា​ក៏ផ្ទុះ​បែក​តែ​ម្តង”។

លោកថេងឡេងអធិការ​នគរបាល​ស្រុក​វាលវែង មានប្រសាសន៍ថាកាល​ពី​ម្សិល​មិញការ​ខិត​ខំ​ស្វែង​រក​ជន​ជាតិខ្មែរ ដែល​បាត់​ខ្លួន​នៅ​តែ​បន្ត​អស់​រយៈ​ពេល​ជាង​បួន​ថ្ងៃហើយ​បន្ទាប់​ពីទទួលដំណឹង​ថា ពួកគេ​ត្រូវ​បាន​ទឹក​កួច​យក​ទៅ​បាត់​នោះ។លោក​បន្ដ​ថាគ្រួសារ​​កម្មករ​បាត់​ខ្លួន​ដែល​រស់​នៅ​ក្នុង​​ខេត្ត​កំពត​បានធ្វើ​ដំណើេ​រ​ទៅកាន់កន្លែង​កើេត​ហេតុ​ដើម្ប​ី​រង់ចាំដំណឹង​អំពី​សាច់​់ញាតិ​របស់ខ្លួន។​​

លោកថេងឡេងបាន​មាន​ប្រសា​សន៍​ថា”ពួកគេ​សង្ឃឹម​ថាក្រុម​ហ៊ុន​នេះ​នឹង​ផ្តល់​ប្រាក់​សំណង​ឲ្យ​ពួកគេ”។ លោក សុន ឆ័យ តំណាង​រាស្ត្រ​មកពីគណ​​​បក្ស​ សមរង្ស៊ីបាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ អំពី​ឧបទ្ទវ​ហេតុ​នេះ ហើយ​លោក​​មានប្រសាសន៍ថាឧបទ្ទវហេតុ​​នេះ​ បង្កឡើងដោយការធ្វេស​ប្រហែស​របស់​​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​របស់​ចិន​ទាំង​អស់​នៅក្នុង​ប្រទេសកម្ពុជា​។

យោង​តាម​របាយការណ៍​របស់​កាសែត​ឆាយណាដេលីនេះ​ដែរ​បានឲ្យ​ដឹង​ថាឧបទ្ទវហេតុ​នេះ​បាន​ញ៉ាំង​ឲ្យ​លោកហុងឡី (Hong Lei)​​​​​​​ អ្នក​នាំពាក្យក្រសួង​​ការ​បរទេសច​ិន​ធ្វើ​អត្ថា​ធិប្បាយ​ ដោយជំរុញឲ្យក្រុម​ហ៊ុន​ដែល​​ពាក់​ព័ន្ធក្នុង​គម្រោង​សាងសង់​ទំនប់​នេះ “ ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក ​និង​សង្គ្រោះ​អ្នក​បាត់​ខ្លួន​”៕

ប្រែសម្រួលដោយហមសុផាណ្ណា​​

                 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស