27.5 C
Phnom Penh

​លោក​​ ហ៊ុន សែន ថ្លែង​ថា​​ខេត្ត​រតនគិរី ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ទី​៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ការ​ធ្វើ​ទស្សនកិច្ច​ដោយ​កម្រ​ទៅ​កាន់​ខេត្ត​រតនគិរី​ លោក​នាយរដ្ឋមន្ត្រី​ ហ៊ុនសែន កាលពីម្សិលមិញ​បាន​លើក​ឡើង​​អំ​ពី​សារៈ​សំខាន់​នៃ​ការអភិវឌ្ឍសេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន​ ដោយធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុងការធ្វើដំណើរទៅកាន់​ទី​នោះ​តាម​​ផ្លូវគោកថែម​ទៀត​​​​ ហើយ​លោក​បាន​គូស​បញ្ជាក់​ពី​គម្រោង​​របស់​រដ្ឋា​ភិបាល ​ដើម្បី​កសាង​ផ្លូវ​ថ្មី​ចំនួន​បី​ខ្សែ​ទៀតទៅ​កាន់​តំបន់​នោះ​ដែល​រហូត​មក​ដល់​ពេល​ថ្មី​ៗ​នេះ​ការ​ធ្វើ​ដំណើ​រ​ទៅកាន់​ទី​នោះ​ចាំ​បាច់​ត្រូវ​ធ្វើ​ដំណើ​​រ​តាម​យន្ត​ហោះ​​។

លោកហ៊ុនសែនមាន​ប្រសាសន៍​នៅ​ក្នុង​​ពិធី​មួយ​នៅ​ក្រុង​បានលុង​ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​​លេខ​៧៨​​ ប្រ​វែង​១២១​​គីឡូ​ម៉ែត្រ​​ដែល​​តភ្ជាប់​ពីក្រុង​នេះ​ទៅ​កាន់​​ក្រុង​ស្ទឹង​ត្រែងថា​ “ ​ខេត្ត​រតនគិរី​ គឺជា​មជ្ឈ​មណ្ឌល​សេដ្ឋកិច្ច​ទី​៤​ក្នុង​ប្រ​ទេស​កម្ពុជា​”។

លោកបាន​មាន​ប្រសាសន៍​បន្តថា​“ ​មជ្ឈ​មណ្ឌល​សេដ្ឋកិច្ច​ទី​១​​គឺ​រាជ​ធានី​ភ្នំ​ពេញមជ្ឈ​មណ្ឌលសេដ្ឋកិច្ច​ទី​២ គឺ​ក្រុង​ព្រះសីហនុមជ្ឈមណ្ឌល​សេដ្ឋកិច្ច​ទី៣ គឺ​ខេត្ត​សៀមរាបនិង​មជ្ឈ​មណ្ឌល​សេដ្ឋកិច្ច​ទី​៤​គឺ​ខេត្ត​រតនគិរី​”។ លោកបាន​​បន្ថែម​ថា​​ ផ្លូវ​ជាតិ​លេខ​៧៨ថ្មី​​ ទទួល​បាន​​ហិរញ្ញវត្ថុមួយ​ផ្នែក តាមរយៈ​ប្រាក់​កម្ចី​​របស់​ចិន​​ចំនួន៧៣,៣​លាន​ដុល្លារ​។

លោកហ៊ុនសែនបាន​ថ្លែង​បន្ដ​ថា “ ​សូម​ជម្រាប​ជូន​អស់​លោក​ទាំង​អស់​ថា ផ្លូវ​ថ្មី​ទៅ​កាន់​ខេត្ត​រតនគិរី​របស់​យើង​ គឺ​នៅ​មិន​ទាន់​បាន​កសាង​រួច​រាល់​នៅ​ឡើយ​ទេ​”។លោក​បន្ថែម​ថា រដ្ឋាភិបាល​មាន​គម្រោង​កសាង​ផ្លូវ​​ថ្មី​​បី​ខ្សែ​​បន្ថែម​​ទៀត​ ដើម្បី​​ “ ​ជួយបង្កើន​សេដ្ឋ​កិច្ច​​” ​​​នៅ​ក្នុង​ខេត្ត​រតនគិរី ដោយត​​ភ្ជាប់​គ្នា​ទៅ​កាន់​តំបន់​នានា​ ក្នុង​ប្រទេស​ដូច​ជា ​ទៅកាន់​ប្រ​ទេស​​វៀតណាម និង​ប្រទេស​ឡាវ​ផងដែរ។

លោកហ៊ុនសែនថ្លែង​ថាផ្លូវ​ទី​១គឺ​កំពុង​តែ​សាងសង់​​ ហើយ​​នឹង​​ត​​ភ្ជាប់​​ក្រុង​សែន​មនោរម្យ​ ខេត្តមណ្ឌលគិរី ទៅកាន់​ក្រុង​បាន​លុង​ ខេត្ត​រតន​គិរី​។ ផ្លូវ​ទី​២ ដែល​នឹង​ដាក់​ឈ្មោះ​ថា ផ្លូវ​ជាតិ​លេខ៣៧៨ នឹង​តភ្ជាប់​ពី​ស្រុក​សៀមប៉ាងក្នុង​ខេត្ត​ស្ទឹង​ត្រែងទៅ​កាន់​ស្រុកវើនសៃ និងស្រុកអូរជុំ​​ និង​ក្រុង​បាន​លុង​ខេត្ត​រតនគិរី។ ផ្លូវ​ទី៣ ដែល​មាន​ប្រវែង​១៨៩​គីឡូម៉ែត្រ​នឹង​តភ្ជាប់​ពី​​តំបន់​ដាច់​ស្រយាល​​នៃ​ឧទ្យាន​ជាតិ​វីរជ័យ​ ដែល​គេ​ស្គាល់​ផង​ដែរ​ថា “ តំបន់​កន្ទុយ​នាគ” ទៅ​កាន់​​​ប្រទេស​វៀតណាមនិង​ប្រទេស​ឡាវ។

ទោះ​បី​ជា​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​អស់​រយៈ​ពេល​៤៥​នាទីដែល​​លោក​បាន​លើក​ឡើង​ថា លោក​បាន​ធ្វើ​ទស្សនកិច្ច​មក​​កាន់​ខេត្ត​នេះ​ជា​លើក​ទី​៣​នោះក៏​ដោយ​ តែ​លោក​មិន​បាន​លើក​ឡើង​អំពី​បញ្ហា​វិវាទដី​​ធ្លី​​ឬ​​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់ ដែល​កំពុង​រីក​រាល​ដាល​យ៉ាង​ខ្លាំង​ក្នុង​ខេត្ត​រតនគិរី​ឡើយ​។

លោកឆាយធីមន្ត្រី​សម្រប​សម្រួល​របស់​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី​ បាន​មាន​ប្រសាសន៍​ថា “ យើង​សង្ឃឹម​ថា លោក​អាច​នឹង​លើក​ឡើង​អំពី​បញ្ហា​វិវាទ​ដី​ធ្លី​ដែល​កំពុង​តែ​បន្ដ​កើត​មាន​…។ តាម​ខ្ញុំ​ដឹងច្បាស់​ថា​​ លោក​​បាន​មក​កាន់​ខេត្ត​នេះ​ពីរបីដង​ហើយ​ ប៉ុន្ដែលោក​ហាក់បី​ដូច​ជា​មិន​ចាប់​អារម្មណ៍​នឹង​បញ្ហា​​វិវាទ​ដីធ្លី​ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​រាន​ដី​ព្រៃ​ដោយខុស​ច្បាប់​នោះ​ទេ​”។

លោកសុីវថ្វេលតំណាង​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​ចារាយ​ម្នាក់ ​ដែល​រស់​នៅ​ក្នុង​ឃុំ​ប៉ាត ​​ស្រុក​អូយ៉ាដាវ ដែល​មាន​វិវាទ​ដី​ធ្លី​លើដីទំហំ​៤៥០​ហិកតា​ជាមួយ​នឹង​​​លោកស្រី គាត កុលណី ជាប្អូន​ស្រី​​របស់​លោក គាតឈន់ រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​ថា​ “ បើ​ខ្ញុំ​បាន​ដឹង​ថា​សម្តេច​នាយក​រដ្ឋ​មន្ត្រី​​មក​ទី​នេះ ​​ខ្ញុំ​នឹង​ធ្វើញត្តិ​​មួយជម្រាបលោកថា​យើង​កំពុង​តែ​ទទួល​រង​គ្រោះ​ដោយសារ​ការ​​បាត់​បង់​ដីធ្លី​​ ដោយសារ​​អ្នក​មានលុយ​​ និង​អ្នក​មាន​អំណាច”។

យោង​តាម​ក្រសួង​រៀបចំ​ដែន​ដី នគ​រូប​នីយកម្ម​ និងសំណង់បានឲ្យ​ដឹង​ថានៅថ្ងៃ​នេះលោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក៏​មាន​គម្រោង​ចែក​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី​ចំនួន​៥៤១ជូន​ប្រជាពលរដ្ឋ​ចំនួន​៣០១​គ្រួសារ​ ដែល​រស់​នៅ​ក្នុង​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី​​ផង​ដែរ៕

ប្រែសម្រួលដោយ​ ឃិនណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស