សាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក សួងសោភ័ណ មេដឹកនាំចលនាយុវជនគណបក្ស សម រង្ស៊ី មកសាកសួរកាលពីថ្ងៃសុក្រ ជុំវិញបណ្តឹងរបស់លោក ប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនពីបទមនុស្សឃាតគិតទុកជាមុន ដែលបានសម្លាប់មនុស្សចំនួន៣៥៣នាក់ ក្នុងការផ្អើលរត់ជាន់គ្នាលើស្ពានក្នុងឆ្នាំ២០១០។
លោក សោភ័ណ ដែលបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃសុក្រមុន មានប្រសាសន៍កាលពីម្សិលមិញថា លោកបានទទួលដីកាកោះនេះកាលពីថ្ងៃច័ន្ទ។ លោកបានបន្តថា “ ខ្ញុំមានភ័ស្តុតាងគ្រប់គ្រាន់បង្ហាញថា លោកនាយករដ្ឋមន្ត្រីមានជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងករណីផ្អើលរត់ជាន់គ្នា ដែលធ្វើឲ្យមនុស្សស្លាប់ចំនួន៣៥៣នាក់ និង៤០០នាក់ទៀតរងរបួស។
លោក សោភ័ណ ដែលមានសញ្ញាបត្រផ្នែកច្បាប់ បានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែប្រើឧទ្ធម្ភាគចក្រ ឬវិស្វករកាត់របាំងការពារស្ពាន ដើម្បីជួយសង្គ្រោះមនុស្សដែលជាប់នៅទីនោះ។
លោកមានប្រសាសន៍ថា ប៉ុន្តែ “ ពួកគេបែរជាបាញ់ទឹកលើជនរងគ្រោះ ខណៈដែលពួកគេកំពុងពិបាកដកដង្ហើមស្រាប់ ដែលសកម្មភាពនេះបង្ហាញឲ្យឃើញពីបំណងចង់ឲ្យជនរងគ្រោះស្លាប់នៅលើស្ពាន”។ គណបក្សសមរង្ស៊ី មិនមានជាប់ទាក់ទងនឹងរឿងក្តីនេះទេ។កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ព្រមានថាលោកប្រហែលជាប្តឹងបកទៅលោក សោភ័ណ វិញប្រសិនបើតុលាការរកឃើញថា លោកគ្មានកំហុសទេ។
លោក សុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានទទួលស្គាល់ថា មានដីកាកោះហៅលោកសោភ័ណមែនប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើលោកនាយករដ្ឋមន្ត្រី ក៏នឹងត្រូវកោះហៅដែរឬក៏អត់ទេ៕
ប្រែសម្រួលដោយចេវប៊ុននី