29 C
Phnom Penh

លោក ហ៊ុន សែន ​​ប្រាប់​សហ​គមន៍​ ជន​ជាតិ​ភាគតិច​​ថា អនាគត​​ ដ៏ល្អរបស់​ពួកគេ​ គឺ​ដំណាំ​​កៅស៊ូ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃទី២​នៃ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​​ពីរថ្ងៃ​ទៅ​កាន់​ខេត្ត​រតនគិរី​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ​បាន​បញ្ចុះ​បញ្ចូលសមាជិក​សហគមន៍​ជន​ជាតិ​ភាគតិច​ ឲ្យត្រៀម​ខ្លួន​ទទួល​យក​បច្ចេក​វិទ្យាថ្មី​ ហើយ​ផ្លាស់​ចេញ​នូវ​ទំនៀម​ទម្លាប់ចាស់ ដើម្បី​ទទួល​​យក​ផល​ប្រយោជន៍​ពី​ចម្ការ​កៅស៊ូ​ជាជាង​ធ្វើ​ចម្ការ​ពនេចរ​របស់​ពួកគេ។

លោក ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​ប្រជា​​ពលរដ្ឋ​ជាង​៥០០នាក់ ភាគ​ច្រើន​ជា​ជន​ជាតិ​ភាគ​តិច​ទំពួនក្នុង​ស្រុក​អណ្តូង​មាស​ ហើយ​លោកក៏បាន​លើក​ឡើង​ពី​ជន​បរទេសម្នាក់ ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ថាបាន​ធ្វើ​ឲ្យ​លោក​មាន​កំហឹងដោយសារការស្តីបន្ទោស​ អំពីការ​អភិវឌ្ឍដំណំាចម្ការ​កៅ​ស៊ូ​របស់​រដ្ឋា​ភិបាល​ថា បាន​បំផ្លិច​បំផ្លាញ​វប្បធម៌​របស់​ជន​ជាតិ​ភាគតិច​ទៅ​វិញ​។

លោក ហ៊ុន សែន បាន​សួរ​ទៅ​ប្រជា​ពល​រដ្ឋ​ដែល​ជួប​ជុំ​គ្នា​​មុន​ពេល​ស្នើ​ឲ្យ​ពួកគេ​លើក​ដៃ​ប្រសិន​បើ​ពួកគេ​មាន​រថយន្ត​ ម៉ូតូ ឬ​មាន​​គ្រឿង​ចក្រថា “ តើអ្នកទំាង​អស់គ្នា​​ចង់​បន្ត​បោចវល្លិ៍ និង​ដង​ជ័រ​ទៀតឬទេ?”។

ដោយ​សំដៅ​ដល់​ កាផា (កន្ត្រក)​ ដែល​​ជនជាតិ​ភាគតិច​តែង​តែ​ស្ពាយនៅ​ពីក្រោយ​ខ្នង​នៅក្នុង​ខេត្ត​រតនគិរី លោក ហ៊ុន សែនបាន​មាន​ប្រសាសន៍ថា ទំនៀមទម្លាប់​ប្រពៃណី​ស្ពាយ​កាផា និង​ជីវិត​រស់​នៅ​បែប​សម័យ​ទំនើបនៅ​តែមានដដែល  ហើយគោល​នយោ​​បាយ​របស់​រដ្ឋាភិបាល​អំពី​កសិ​ឧស្សាហកម្ម​ជាពិសេស​ដំណាំ​កៅស៊ូ​អាច​ជួយឲ្យ​ជន​ជាតិ​ភាគតិច​អភិវឌ្ឍ​សហគមន៍​​ និង​សេដ្ឋកិច្ច​បាន។

លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន​៥២១ ជូន​ប្រជា​ពល​រដ្ឋ​នៅ​ទីនោះ​ ដែលភាគច្រើន​ជា​គ្រួសារ​​ជនជាតិ​ភាគតិច​ទំពួនថា “ ទោះ​បី​ជា​ស្ពាយ​កាផា​​ក៏​ដោយ​ តែពួក​គេ​ [ជន​ជាតិ​ភាគតិច] ស្ពាយ​​កាផាចេញ​ពី​ផ្ទះ​​ប្រក់ក្បឿងដែរ​​។​ពួកគេ​​ស្ពាយ​កាផា ហើយ​​ជិះ​ម៉ូតូ​ និង​មាន​ទូរ​ស័ព្ទដៃប្រើ​”។

លោក ហ៊ុន សែន ថ្លែង​បន្ថែម​ថា “ នោះ​ទើប​​ខ្ញុំ​បន្ទោស​ជន​បរទេស​ទាំង​នោះ​ដែល​និយាយ​​ថា ការ​អភិវឌ្ឍចម្ការ​កៅស៊ូ​នៅ​តំបន់​ទំរីង ក្នុង​ខេត្ត​កំពង់​ធំ អាច​បណ្តាល​ឲ្យ​បាត់​បង់​វប្បធម៌​ជនជាតិ​ភាគ​តិច​​។ ខ្ញុំ​មាន​កំហឹង​ខ្លាំងណាស់​”។ លោកបាន​​បន្ថែម​ថា លោកបាន​វាយ​បក​ចំពោះ​ជន​បរទេស​ដែលលោក​មិន​បញ្ចេញ​ឈ្មោះ​នោះ​ដោយ​សួរថា ប្រហែលលោក​មាន​បំណង​​ចង់​ឃើញ​សហគមន៍ជន​ជាតិ​ភាគតិច​រស់​នៅ​ដោយ​ការ​បោចផ្តៅ​ បោច​វល្លិ និង​ដង​ជ័រ​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​មាន​​ប្រសាសន៍​បន្ថែម​ថា “ ពួកគេ​ចង់​ឲ្យ​ខ្ញុំ​អភិវឌ្ឍ។ប៉ុន្តែ ម្យ៉ាង​វិញ​ទៀត​ពួក​គេ​បង្រៀន​ឲ្យ​ខ្ញុំ​ដាំ​ដំណាំ​កៅស៊ូ​ និង​អំពី​របៀបនាំឲ្យ​បាត់​បង់​វប្ប​ធម៌​​​ជនជាតិ​ភាគ​តិច។ បញ្ហា​នេះ​គឺអាក្រក់​ខ្លាំង​ណាស់។ សូម​កុំ​យល់​ច្រឡំ។ពាក់​ស្បែក​ជើង​ ហើយ​ជិះម៉ូតូ មិន​មែន​ជាការ​ប្រឆាំង​ចំពោះ​ការ​រស់​នៅ​របស់​ជន​ជាតិ​ភាគតិច​ទេ​។ ដូន​តា​នឹង​មិន​សម្លាប់​អ្នកទាំងអស់គ្នា ដោយ​សារ​ជិះម៉ូតូនោះ​ទេ​…​ដូន​តា​របស់​យើង​មិន​ដែល​ហាម​យើង​មិន​ឲ្យ​ជិះ​ម៉ូតូ​ទេ”។

ចម្ការ​កៅស៊ូ​ឯកជន​ទាំង​តូច​ទាំង​ធំ​បច្ចុ​ប្បន្ន​នេះ​ មាន​ទំហំ​២៩,២៣៥ហិកតា​ នៅក្នុង​ខេត្ត​​​​រតនគិរី។លោក ហ៊ុន សែន បាន​បន្តដោយ​គូស​​បញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការ​ផលិតជ័រ​កៅស៊ូ​​នៅក្នុង​ខេត្ត​នេះ​ និង​ភាព​ចំបាច់​ក្នុងការ​កសាង​​ផ្លូវ​ថែម​ទៀត​ ដើម្បី​សម្រួលដល់ការរីក​ចម្រើន​ផ្នែក​ឧស្សាហកម្មកៅស៊ូ​នៅ​ក្នុងខេត្ត​ភាគឦសាន​។

លោក ហ៊ុន សែន បាន​ប្រកាស ​កាល​ពី​ថ្ងៃព្រហស្បតិ៍​អំពីការក​សាង​​​​ផ្លូវ​បីខ្សែ​ទៀត ដែល​អាច​ត​ភ្ជាប់​តំបន់​ដាច់​ស្រយាលនៅ​ក្នុង​ខេត្ត​រតនគិរី​ទៅកាន់​តំបន់​កសិឧ​ស្សា​ហ​កម្ម​ក្នុង​តំបន់​នោះដោយ​ពិពណ៌នាថា ខេត្ត​រតនគិរី“ ជា​មជ្ឈមណ្ឌលសេដ្ឋកិច្ច” ទីបួនបន្ទាប់​ពី​​រាជធានី​ភ្នំពេញក្រុង​ព្រះ​សីហនុ​ និង​​ខេត្ត​​​សៀមរាប។

លោក រចំ ពឿន អ្នកភូមិ​ជនជាតិ​ភាគតិច​ទំពួនដែល​រស់​នៅ​ក្នុង​ស្រុក​អណ្តូង​មាស​ ដែល​បាន​ស្តាប់​សុន្ទរកថារបស់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​និយាយថា សមាជិក​ជនជាតិ​ភាគ​តិច​ចង់​បាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​របស់​ខ្លួន​ ប៉ុន្តែ ការ​អភិវឌ្ឍមិន​គួរ​បំផ្លាញ​វប្បធម៌​ និង​ទំនៀ​មទន្លាប់របស់​ជន​ជាតិ​ភាគតិច​នោះ​ទេ​។

លោក រចំ ពឿន​ បាន​និយាយថា លោក​មាន​​ការ​ព្រួយ​បារម្ភ​យា៉ងខ្លាំង ចំពោះ​ការ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិដីធ្លីឯកជន​ ដែល​កំពុង​ស្ថិត​ក្រោម​កម្មវិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លីរបស់​ លោក ហ៊ុន សែន កំពុង​បង្ក​ឲ្យ​សហ​គមន៍​​បាត់បង់កម្មសិទ្ធិ​សហគមន៍​។ ហើយ​បើមិន​មាន​កម្ម​សិទ្ធិសហគមន៍ទេ​ និង​មិនមាន​ដី​សម្រាប់​លៃ​ទុក​ជា​ដី​ព្រៃ​ដូន​តា​ទេ ​ដែល​ជា​ដី​ព្រៃ​សម្រាប់​​គោរព​បូជានិង​ដី​ព្រៃ​សម្រាប់​កប់​ខ្មោច​។

លោកនិយាយបន្តថា “ យើង​រីករាយ​ដោយ​ឃើញការ​អភិវឌ្ឍ ប៉ុន្តែ វា​មិន​មាន​ន័យ​ថាយើង​គួរ​អភិវឌ្ឍ​ដើម្បី​សម្លាប់​វប្បធម៌និង​ប្រពៃណី​របស់​យើង​នោះទេ… បើ​គ្មាន​វប្បធម៌ និង​ប្រពៃណី​របស់​យើង​ទេ​វាមាន​ន័យ​ថាយើង​មិន​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថាជា​​​ ជនជាតិ​ភាគតិច​ឡើយ។ ដូច្នោះ​យើង​ចង់​បានប័ណ្ណ​កម្មសិទ្ធិ​ដី​បែបសហគមន៍​ដើម្បី​ការពារ​អត្តសញ្ញាណ​របស់​យើង​”។

លោក ឆាយ ធី មន្ត្រី​សម្រប​សម្រួល​អង្គការ​អាដហុក ប្រចាំ​ខេត្ត​រតនគិរី ដែល​តំណាង​ឲ្យ​ប្រ​ជា​ពល​រដ្ឋក្នុង​សហគមន៍​ជាច្រើន​ ដើម្បីតស៊ូ​ទាមទារ​ដី​របស់​ពួកគេ​ពី​អ្នក​រកស៊ី​ទិញដី អ្នកកាប់​ឈើ​ខុស​ច្បាប់​និងដី​សម្បទាន​សេដ្ឋកិច្ច​ បានមាន​ប្រសាសន៍​ថា លោក ហ៊ុន សែន បាន​ធ្វើឲ្យ​ជន​ជាតិ​ភាគតិច​ក្នុង​សហគមន៍ ខកចិត្ត ដោយ​សារ​លោក​មិន​បាន​លើក​ឡើង​ពី​បញ្ហាវិវាទ​ដី​ធ្លី​នៅក្នុង​សហគមន៍។

លោកបាន​មាន​ប្រសាសន៍បន្តថា “ យើង​បាន​ទទួល​ពាក្យ​បណ្តឹង​ជា​ច្រើន​ពី​ប្រជាពល​រដ្ឋ​​ជនជាតិ​ភាគតិច​នៅ​ពេល​សម្តេច​ ហ៊ុនសែនបាន​លើក​ឡើង​អំពី​បញ្ហាការ​អភិវឌ្ឍ​​​ប៉ុន្តែ មិន​បាន​លើកឡើង​អំពី​បញ្ហា​ការ​កាប់​រាន​ព្រៃ​ និង​ការ​ចាប់​យក​ដី​ពីសំណាក់អ្នក​មាន​អំណាច​នោះ​”៕

ប្រែសម្រួលដោយឃិនណៃ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស