35 C
Phnom Penh

កិច្ច​ប្រជុំ​អភិរក្សអង្គរនៅ​ខេត្ត​សៀម​រាប ផ្ដោត​ទៅលើ​វិស័យ​ទេសចរណ៍​ និង​បញ្ហាបំផ្លាញ​ព្រៃ​ឈើ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ហា​ធំៗពីរ ដែល​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​គណ​ៈ​កម្មាធិការ​សម្រប​សម្រួល​អន្ដរជាតិ​អង្គរ​ (International Coordinating Committee) បាន​លើក​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គឺជា​ការ​​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវបញ្ហា​ប្រែ​ប្រួល​គួរ​ឲ្យ​កត់​សម្គាល់​ ដែល​បានកើត​ឡើង​នៅ​ក្នុង​ទីក្រុង​​សៀម​រាប តាំងពី​ប្រាសាទ​អង្គរ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិភពលោកក្នុង​ខែ​នេះ​ កាលពី​២០​ឆ្នាំ​មុន។

នៅ​ក្នុង​សំណើបង្កើតផែនការ​គ្រប់​គ្រង​វិស័យ​ទេសចរណ៍​របស់​អាជ្ញា​ធរ​អប្សរា ដែល​​ជា​ទី​ភ្នាក់​ងា​ររបស់​រដ្ឋាភិបាល​មាន​តួនា​ទី​គ្រប់​គ្រង​តំបន់​អង្គរ​​ត្រូវ​បាន​អនុម័ត​ ដើម្បី​រៀប​ចំ​ឲ្យ​មាន​នីតិវិធីគ្រប់​គ្រង​រំហូ​រ​ភ្ញៀវ​ទេសចរ​ ដែល​មាន​អត្រា​កំណើន​២៧​ភាគ​រយ​ ក្នុង​ឆ្នាំនេះ​​ ពោល​គឺ​បានកើនឡើង​ដល់​ប្រហែល​២លាន​នាក់។ លោក​ស្រី អានី ឡេម៉េស (Anne ​Lemaistre) តំណាង​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា ​បានមាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា  គណៈ​កម្មាធិការ​ទំនាក់​ទំនង​​បច្ចុប្បន្ន​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ពិភាក្សា​បញ្ហា​នានាជា​មួយ​តំណាង​មកពី​ឧស្សា​ហកម្ម​បដិសណ្ឋារ​កិច្ច។

លោកស្រី​​មាន​ប្រសាសន៍​ថា ប្រព័ន្ធ​ការ​ងារ​មួយ​ត្រូវ​តែ​បង្កើត​ឡើង​ ដើម្បី​គ្រប់​គ្រង​ភ្ញៀវ​ទេសចរ​នៅ​តំបន់​ពេញ​និយម​បំផុតទាំង​បី​ រួម​មាន​ប្រាសាទ​អង្គរ​វត្ត ​បាយ័ន និង​ប្រាសាទ​​​តាព្រហ្ម​ “ តាម​វិធី​សាស្ត្រ​សម​ស្រប​បំផុត​ទើប​​ភ្ញៀវ​ទេស​ចរ​មិនទទួ​ល​រង​នូវ​ផល​ប៉ះពាល់​​”។

លោក ដូមីនិក ម៉ាស (Dominique Mas) មន្ត្រីភារធារី​​ស្ថានទូត​បារាំង ដែល​បាន​ចូល​រួម​​ធ្វើជា​អធិបតី​ជាមួយ​លោក ម៉ាសា​ហ្វុមិ គុរុគិ ​(Masafumi Kuroki) អគ្គ​រាជទូត​ជប៉ុន​​ នៅក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​ពីរថ្ងៃ​ ដែល​បានបញ្ចប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាខេត្ត​សៀម​រាប បាន​មាន​ប្រសាសន៍​ថា ផែន​ការ​សកម្មភាព​មួយ​ត្រូវ​តែ​បង្កើត​ឡើង​ ដោយ​មាន​ប្រព័ន្ធ​គ្រប់​គ្រង​រំហូ​រភ្ញៀវ​ទេសចរ​ ជាពិសេស​​ចំពោះ​​ភ្ញៀវ​​ទេសចរ​ ដែលកាលពីឆ្នាំ​១៩៩២ មាន​ប្រហែលជា​ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ ប៉ុន្ដែ​បច្ចុប្បន្ន​កើន​ឡើង​យ៉ាង​ច្រើន​ និង​ជិត​ឈាន​ដល់​៣លាន​នាក់​ ក្នុង​អនាគត​ឆាប់​ៗខាង​មុខ​នេះ។ លោក​ ដូមីនិក ម៉ាស បាន​មាន​ប្រសា​សន៍​បន្ថែម​ទៀត​ថា បញ្ហា​បន្ទាន់​មួយ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​លើក​ឡើង​នៅក្នុង​កិច្ច​ប្រជុំនេះ គឺ​សញ្ញា​នៃ​កំណើន​យ៉ាង​លឿន​ថ្មី​មួយ​ ពោល​គឺ​បញ្ហា​បំផ្លាញព្រៃ​ឈើ​នៅភ្នំ​គូលែន ដែល​បាន​រីក​រាល​ដាល​រហូត​ក្លាយជា​ទ្រង់ទ្រាយ​ធំ​ និង​បង្ក​ឲ្យ​មាន​បញ្ហា​បាក់​ដី​ និង​ផល​​ប៉ះពាល់​ដល់​ស្ទឹង និង​រំហូ​រទឹក​នៅក្នុង​តំបន់អង្គរ​។

នៅក្នុង​កិច្ច​ប្រជុំនេះ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ សុខ អាន ដែល​ជា​ប្រធាន​អាជ្ញាធរ​អប្សរា​ បាន​ណែនាំ​លោក ស៊ូ ភិរិន អភិបាល​ខេត្ត​សៀម​​រាប​ឲ្យ​បង្កើត​គណៈ​កម្មការ​មួយ​ ដើម្បី​សិក្សា​​អំពី​ស្ថានភាព​កាប់​បំផ្លាញព្រៃ​ឈើ​នេះ។

លោកស្រី ឡេម៉េស ​មាន​ប្រសាសន៍​ បន្ថែម​ទៀត​ថា ភ្នំគូលែន មិនមែន​ជា​ផ្នែក​ មួយ​នៃ​តំបន់​ឧទ្យាន​អង្គរ​ទេ​ ក៏ប៉ុន្ដែអង្គការ​យូណេស្កូ​ រីក​រាយ​នឹង​ជួយ​ព្រះរាជាណា​ចក្រ​កម្ពុជា​​ ក្នុង​ការ​ដាក់​បញ្ចូល​ភ្នំនេះក្នុង​បញ្ជី។  លោកស្រី​មាន​ប្រសាសន៍​ថា  “ សម្រាប់​យើង​​ ភ្នំនេះគឺជា​ប្រភពដើមរបស់​អង្គរ​”។

ក្រុម​ការងារជាតិ និង​អន្ដរជាតិ​ទាំង​អស់​​ ដែលធ្វើ​ការ​លើ​គម្រោង​ស្ដារ​ឡើង​វិញ និង​មាន​ភារកិច្ច​ពាក់​ព័ន្ធ​នឹង​តំបន់​អង្គរ​ ក៏បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​របស់គណ​ៈ​កម្មាធិការ​សម្រប​សម្រួល​អន្ដរជាតិ​អង្គរផង​ដែរ។ បន្ទាប់ពី​ចុះ​បញ្ជី​ប្រាសាទ​អង្គរ​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិភព​លោក កាលពីខែ​ធ្នូ​ ឆ្នាំ​១៩៩២ គណ​ៈ​កម្មាធិការ​សម្រប​សម្រួល​អន្ដរ​ជាតិ​អង្គរត្រូវ​បាន​បង្កើត​ ឡើង​ក្នុង​ខែ​តុលា ឆ្នាំ​១៩៩៣​។ រាជ​រដ្ឋាភិបាលនៃ​ព្រះរា​ជាណាចក្រ​កម្ពុជា​  មាន​ផែន​ការ​រៀបចំ​កិច្ច​ប្រជុំ​អន្តរ​រដ្ឋាភិបាល​នាឆ្នាំ​ក្រោយ​។ កិច្ច​ប្រជុំនេះ មាន​គោល​បំណង​រំឭកខួប​លើក​ទី​២០​ របស់​គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ ដែល​ទើប​តែ​បាន​បញ្ចប់​កិច្ច​ប្រជុំពេញ​អង្គ​របស់​ខ្លួន​នាខេត្ត​សៀម​រាប កាលពីថ្ងៃ​ព្រហស្បតិ៍​៕

ប្រែសម្រួល​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស