26 C
Phnom Penh

ក្រុម​ពន្លត់​អគ្គិភ័យ​​ក្រុង​សៀម​រាប​ មិនបាន​ពន្លត់អគ្គិភ័យ​ទាន់​ពេល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ និង​សាក្សី​បាន​ឲ្យ​ដឹងថា មនុស្ស​ប្រាំបី​នាក់​ ដែលក្នុង​នោះ​​បួន​នាក់​ជា​កូន​ក្មេង​បាន​ស្លាប់​នៅ​ពេល​អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្សារ​រាត្រី​ដ៏​​ពេញ​និយម​ នៅ​ក្នុង​ក្រុង​សៀម​រាប​ នៅ​ពេល​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃសៅរ៍​។

អគ្គិភ័យ​ដែល​បាន​ចាប់​ផ្ដើម​ឆាប​ឆេះនៅប្រហែល​ម៉ៅង​២រំលង​អធ្រាត្រ​នេះ​បាន​​ធ្វើ​ឲ្យ​ផ្សារ​រាត្រី​ត្រូវ​​ឆេះ​ទាំង​ស្រុង ហើយ​​បាន​​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ ដែល​គិត​ជាទឹក​ប្រាក់​ប្រមាណ​១​លាន​ដុល្លារ​។

លោក ទេព ប៊ុនឆាយ អភិបាល​ក្រុង​សៀមរាប​បាន​មាន​ប្រសាន៍​ថា ប្រជាពលរដ្ឋ​ដែល​​រស់​នៅក្នុង​​ផ្ទះ​ល្វែង​ដែល​នៅ​ពី​លើ​ផ្សារ​រាត្រី​នេះ​ មិន​អាច​គេច​ចេញ​ពី​អគ្គិភ័យ​ដែល​ចាប់​ផ្ដើម​ឡើង​ដោយ​ឆ្លងចរន្ដ​អគ្គិសនី​បាន​ឡើយ​។

លោក​បាន​លើក​ឡើង​ថា “ មនុស្ស​មួយ​ចំនួន​កំពុង​តែ​ដេក​ជាមួយ​ក្រុម​គ្រួសារ​ ហើយ​​អ្នក​ខ្លះ​បាន​ស្លាប់​ដោយសារ​ថប់​ដង្ហើម រីឯ​អ្នកខ្លះ​ទៀត​មិន​អាច​រក​ច្រក​ចេញ​បាន​អំឡុង​អគ្គិ​ភ័យ​​បាន​ឆាប​ឆេះ​នៅ​ជាន់​ខាង​លើ​នៃ​អគារ​”។

លោក​បាន​បន្ដ​ថា មនុស្ស​ពេញ​វ័យ​ចំនួន​បួន​នាក់​ និង​ក្មេង​ៗ​ចំនួន​បួន​នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី៨ដល់​១៣​ឆ្នាំ​ ដែល​ជា​សមា​ជិកនៃ​គ្រួសារ​ចំនួន​ពីរ បាន​ស្លាប់​ដោយ​សារ​ថប់​ដង្ហើម​ ឬក៏​ត្រូវ​ភ្លើង​ឆេះ។

លោក​ ទេពប៊ុនឆាយបាន​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា“ គេ​បាន​ចំណាយ​ពេល​វេលា​យ៉ាង​យូរ​ ដើម្បី​ពន្លត់​អគ្គិភ័យ​នេះពីព្រោះ​អគារ​បាន​សាង​សង់​ឡើង​ដោយ​បេតុង​។នគរបាល​បាន​ព្យាយាម​យ៉ាងខ្លាំង​ ដើម្បី​ពន្លត់​អគ្គិភ័យ​នេះ ហើយ​ពួក​គេ​បាន​ព្យាយាម​សង្គ្រោះ​​មនុស្ស​ដែល​នៅ​ក្នុង​ផ្ទះ​ ប៉ុន្ដែ អគ្គិ​ភ័យ​ និង​ផ្សែង​បាន​ឆាប​ឆេះ​ខ្លាំងពេក​។

លោក​បាន​ថ្លែង​ថា បង​ប្អូន​ប្រុស​ចំនួន​ពីរ​នាក់​ ម្នាក់​ឈ្មោះ​ ហួរសុខវុឌ្ឍីអាយុ១៧​ឆ្នាំនិង​​ម្នាក់​ទៀត​ឈ្មោះហួរសុខវត្ថាអាយុ១៤​ឆ្នាំត្រូវ​បាន​អ្នក​ពន្លត់​អគ្គិភ័យ​ជួយ​សង្គ្រោះ។គេ​បាន​បញ្ជូន​បង​ប្រុស​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​វៀតណាមកាល​ពី​យប់​ថ្ងៃ​សៅរ៍ហើយ​ប្អូន​ប្រុស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធបុប្ផា។

លោកធឿង​ ចិន្ដារិទ្ធស្នង​ការ​នគរបាល​ក្រុង​សៀមរាប​ បាន​មាន​ប្រសាសន៍​ថាជន​រង​គ្រោះ​ដែល​ជា​ប្អូន​ប្រុស​ឈ្មោះ សុខវត្ថាត្រូវ

​បាន​ជួយ​សង្គ្រោះ​ដោយ​ក្រុម​ពន្លត់​អគ្គិភ័យ​ ដែល​បាន​ប្រើ​ជណ្ដើរ​ឡើង​ទៅលើ​ផ្ទះ​ ដើម្បី​ជួយ​សង្គ្រោះ​។

លោក​​បន្ដ​ថា“ បន្ទាប់​ពី​យើង​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ជា​ប្អូន​ប្រុស​ ជន​រង​គ្រោះ​រូប​នេះ​បាន​ប្រាប់​យើង​ថា ម្ដាយ​ ឪពុក និង​ប្អូន​ស្រី​របស់​គេ​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​ដែរ​។ យើង​បាន​វិល​ត្រឡប់​ទៅ​ជួយ​សង្គ្រោះ​ម្ដង​ទៀត​ ប៉ុន្ដែ​ ពួក​គេ​បាន​ស្លាប់​បាត់​ទៅហើយ​។ ពួក​គេ​មិន​អាច​រក​ច្រក​ចេញ​បាន​ហើយ​ពួក​គេ​បាន​ជាប់​នៅ​ក្នុង​បន្ទប់​នោះ​”។

លោកចិន្ដារិទ្ធបាន​ថ្លែង​ថារថយន្ដ​ពន្លត់​អគ្គិភ័យ​នគរបាល​ចំនួន​បួន​គ្រឿង​បាន​ទៅ​ដល់​កន្លែង​កើត​​ហេតុ​ នៅ​ម៉ោង​ប្រហែល​២​និង​៣០នាទី​​រំលង​អធ្រាត្រ​ ហើយ​បន្ទាប់​មក​បាន​ចូល​រួម​ជាមួយ​រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​ក្រសួង​បរិស្ថាន​ អាជ្ញាធរ​អប្សរា និង​អាកាស​យានដ្ឋាន​អន្ដរជាតិ​សៀមរាប។

លោក​បាន​លើក​ឡើងថា មក​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ គេ​បាន​គ្រប់​គ្រង​អគ្គិភ័យ​នេះ​បាន​ ហើយ​បាន​ពន្លត់​ទាំង​ស្រុង​នៅ​ម៉ោង៤ និង​៣០​នាទី​ទៀប​ភ្លឺ​។ សាក្សី​មួយ​ចំនួន​បាន​ចោទ​សួរ​អំពី​ការ​ចាត់​វិធាន​ការ​របស់​អាជ្ញាធរ​ចំពោះ​អគ្គិភ័យ​េនះ​ ហើយ​ពួក​គេ​បាន​អះអាង​ថាក្រុម​ពន្លត់​អគ្គិភ័យ​ដែល​ដឹក​នាំដោយ​ក្រសួង​មហាផ្ទៃ​ បាន​ទាម​ទារ​ប្រាក់​ ដើម្បី​ទាញ​ទុយោ​បាញ់​ទឹក​បាញ់​ពន្លត់​ផ្ទះ​ និង​តូប​នីមួយ​ៗ​របស់​ប្រជា​ពលរដ្ឋ​។

លោកពួងចាមរ៉ាអ្នក​រត់​រ៉ឺម៉ក​កង់​បីអាយុ​២៣​ឆ្នាំ បាន​និយាយ​ថា គាត់​​ជាមួយ​និង​អ្នក​​ជិត​​ខាង​​ជាច្រើន​ទៀត​ រួម​ទាំង​ជន​បរទេស​ផង​បាន​ជួយ​ពន្លត់​អគ្គិភ័យ​នេះ​ជំនួស​ឲ្យ​សកម្ម​ភាព​​របស់​ក្រុមនគរបាល​​ពន្លត់​អគ្គិភ័យ​​។

អ្នក​រត់​រ៉ឺម៉ក​កង់​បីរូប​នេះ ​លើក​ឡើង​ថា

ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ជួយ​ទាញ​ទុយោ​បាញ់​ទឹក​ ដើម្បី​បាញ់​ពន្លត់​អគ្គិភ័យ​នេះ​ រីឯអ្នក​ផ្សេង​ៗ​ទៀត​បាន​យក​ធុង​ទៅ​ដួស​ទឹក​ ដើម្បី​ពន្លត់​អគ្គិភ័យ​នេះ​ដែរ​។

អ្នករត់​រ៉ឺម៉ក​កង់​បីរូប​នេះ បាន​បន្ថែម​​ថា [នគរបាល​] ចង់​បាន​ប្រាក់។​​ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្បែរ​​នោះ​ម្នាក់​ហុច​លុយ​ទៅ​ឲ្យ​នគរបាល​ពន្លត់​អគ្គិភ័យ​។ប្រសិន​បើ​ ពួក​គេ​ពន្លត់​អគ្គិ​ភ័យ​បាន​ទាន់​ពេល​វេលា ម៉្លេះ​ជន​រងគ្រោះ​ប្រហែល​ជា​អាច​មាន​ពេល​រត់​គេ​ច​ចេញ​ពី​អគ្គិភ័យ​នេះ ហើយ​ពួក​គេ​ក៏​ប្រហែល​ជា​អាច​នៅ​រស់​”។

លោក​ ឡោសុវុនម្ចាស់​សណ្ឋាគារ​ផ្សារចាស់​ ដែល​បាន​ឃើញ​ផ្សារ​រាត្រី​នេះ​ ​លើក​ឡើង​ថា គេបាន​​បង្ខំ​ឲ្យលោក​​បិទ​សណ្ឋា​គារ​​របស់​​ខ្លួន​​កាល​ពី​ម្សិលមិញ​ ពីព្រោះ​កម្ដៅ​​ដែល​ភាយ​ចេញ​ពី​អគ្គិភ័យ​ក្បែរ​នោះ បាន​ធ្វើ​ឲ្យ​បង្អួច​មួយ​ចំនួន​បាក់​បែក​ ​ក្នុង​សណ្ឋា​គារ​​នោះ​។

លោក​បាន​លើក​ឡើង​បន្ដ​ថា “ នៅ​ម៉ោង​ប្រហែល​២​រំលង​អធ្រាត្រ ​ដំបូង​ឡើយ​​ខ្ញុំ​បាន​ឃើញ​ភ្លើង​ឆេះ​តិច​តួច​នៅ​ខាង​ក្រោម​នៃ​ផ្សារ​រាត្រី​នេះ។ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ ហេតុ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ឲ្យ​ភ្ញៀវ​​ក្នុង​សណ្ឋា​គារ​ចាក​ចេញ​។ ហើយ​នៅ​ម៉ោង​ប្រហែល​២និង​៣០​នាទី​អគ្គិភ័យ​បាន​ឆាប​ឆេះ​យ៉ាង​ខ្លាំង​ ​វា​ក្ដៅ​ខ្លាំ​ង​ណាស់”។

លោក សុវុន បាន​លើក​ឡើង​ទៀត​ថាមាន​តែ​រថយន្ដ​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​ប៉ុណ្ណោះ​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ នៅ​ម៉ោង​ប្រហែល​២និង​៤០​នាទី​។ លោក​បាន​បន្ដ​ថា ពួក​គេ​មិន​បាន​ធ្វើ​ការ​ឡើយ។ពួក​គេ​បាន​ចត​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចោល​នៅ​មុខ​ផ្ទះ​សំណាក់។​​ខ្ញុំ​បាន​សួរ​ថាហេតុ​​

អ្វី​បាន​ជា​ពួក​គេ​ឈប់ ពួក​គេ​បាន​និយាយ​ថារថយន្ដ​ពន្លត់​អគ្គិភ័យ​គ្មាន​ទឹក​នោះ​ទេ។ខ្ញុំគិត​ថាពួក​គេ​មិន​ពន្លត់​អគ្គិភ័យ​នេះ​ ពីព្រោះ​ពួក​គេ​ត្រូវ​ការ​លុយ​”។

លោក​ សុវុនបាន​និយាយថារថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​មួយ​គ្រឿង​ ឬក៏​ពីរ​គ្រឿង​ទៀត​បាន​មក​ដល់​ ប៉ុន្ដែការ​ពន្លត់​អគ្គិ​ភ័យ​ពិត​ប្រាកដ​ទំនង​ជា​ត្រូវ​បាន​ពន្លត់​ដោយ​រថយន្ដ​ពន្លត់​អគ្គិភ័យ​​របស់​អាកាសយាន​ដ្ឋាន​អន្ដរជាតិ​សៀមរាប​ ដែល​បាន​មក​ដល់​នៅ​ប្រហែលម៉ោង​៣ទៀប​ភ្លឺ​។

លោក​បាន​លើក​ឡើង​ថា “ រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​អាកាសយានដ្ឋាន​បាន​មក​ដល់​ ហើយ​ពន្លត់​អគ្គិភ័យ​នេះ ​និង​មិន​បាន​​ទាម​ទារ​ប្រាក់​ឡើយ​។ ហើយ​ប្រសិន​បើខ្ញុំ​បាន​ជួប​ពួកគេ [ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​អាកាស​យាន​ដ្ឋាន​] នៅ​ពេល​ក្រោយ​ ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ខ្លះ​ទៅ​ដល់​ពួក​គេ​”។

លោកចិន្ដារិទ្ធបាន​បដិសេធ​ថាមន្ត្រី​របស់​​លោក​មិន​បាន​ទាម​ទារ​ ឬក៏យក​ប្រាក់​នៅ​កន្លែងកើត​ហេតុ​នោះ​ឡើយ​។ មន្ត្រី​មួយ​រូប​ធ្វើ​ការ​ផ្នែក​រដ្ឋបាល​នៅ​ក្នុង​ផ្សារ​រាត្រី​នេះ​ ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ការ​ខូច​ខាត​​គិត​ជា​ទឹកប្រាក់​​យ៉ាង​តិច​ណាស់១​លាន​ដុល្លាររួមមាន​​ទាំង​​ការ​ឆាប​ឆេះ​តូបអស់​​ប្រហែល​១០០​នៅ​ក្នុង​ផ្សារ​នេះនិង​ការ​បាត់​បង់​ទំនិញ​ដូច​ជាគ្រឿង​អលង្ការ​ រូប​ចម្លាក់ផលិត​ផល​សូត្រនិង​វាយ​នភណ្ឌ​ប្រពៃណី​ផង​ដែរ​។

លោក​​ថ្លែង​ដោយ​បង្ហាញ​អំពី​ក្ដី​អាណិត​អាសូ​រចំពោះ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ថា“ វា​គឺ​ជា​រឿង​ដែល​កើត​ឡើង​ដោយ​ចៃ​ដន្យ។គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​រឿង​នេះ​កើត​ឡើង​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថាវា​អាស្រ័យ​លើ​ម្ចាស់​ផ្សារ​រាត្រី​នេះ​ថាតើ​គួរ​តែ​សាង​សង់​​ឡើង​វិញ​ ឬក៏​អត់​នោះ​។លោក​បាន​បន្ដ​ថា“ ​យើង​មិន​អាចចេញ​​សង​​ថ្លៃ​ទំនិញ​ដែល​បាត់​បង់​បាន​ឡើយ​ ប៉ុន្ដែយើង​អាច​អនុញ្ញាត​ឲ្យ​អាជីវករ​ទាំង​អស់​លក់​ដូរ​ឡើង​វិញ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ដោយ​មិន​យក​ថ្លៃ​ឈ្នួល​”។

ឧបទ្ទវហេតុ​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ស្រដៀង​ទៅ​នឹង​អគ្គិភ័យ​មួយ​ដែល​បាន​ឆាប​ឆេះ​ផ្សារ​ទួល​សង្កែ​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ខែ​កក្កដាដែល​នៅ​នោះ​ផ្ទះ​ចំនួន​៥៧​ខ្នង​ និង​ផ្សារ​នេះ​ទាំង​មូល​ត្រូវ​បាន​ឆាប​ឆេះ​។នៅ​ពេលនោះ​អាជីវករ​ទាំង​អស់​ក៏​បាន​រាយការណ៍​ដែរ​ថារថយន្ដ​ពន្លត់​អគ្គិ​ភ័យ​​​មិន​ព្រម​បាញ់​ទឹក​ពន្លត់​ផ្ទះ​សម្បែង​របស់​ប្រជា​ពលរដ្ឋ​ដោយ​គ្មាន​ប្រាក់​នោះ​ឡើយ​ ហើយ​បាន​ចោទ​ប្រកាន់​ថាភាព​អសកម្ម​របស់​ពួក​គេ​បាន​បណ្ដោយ​ឲ្យ​អគ្គិភ័យ​នេះ​ឆេះ​រាល​ដាល​កាន់​តែ​ខ្លាំង​។ សាលា​រាជ​ធាន​ី​ភ្នំពេញ​ នៅ​ពេលនោះក៏​បាន​ចេញ​​លិខិត​​ឆ្លើយ​តប​មួយ​ចំពោះ​ការ​អះ​អាង​ទាំង​នេះ​ផង​ដែរ​។

លិខិត​​ឆ្លើយ​តប​នោះ​បាន​លើក​ឡើ​ងថា “ ការ​ចោទ​ប្រកាន់​ [អាជ្ញាធរ] ដោយ​គ្មាន​មូល​ដ្ឋាន​បែប​នេះ​ គឺ​មិន​មែន​ជា​បំណង​ល្អ​នោះ​ឡើយ​។ វា​បានបង្អាក់​ទឹក​ចិត្ត​ដល់​អាជ្ញា​ធរ​ពី​ការ​ងារ​របស់​ពួកគេ​ ពី​ព្រោះ​ពួក​គេ​ត្រូវ​សិក្សា​ថា​ តើ​គួរតែ​បាញ់​ទឹក​ទៅ​ចំ​ចំណុច​ណា​ទើបចំគោលដៅ​​នៃ​អគ្គិភ័យ​៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស