28 C
Phnom Penh

ប្រេសិត​អង្គការ​សហ​ប្រជា​ជាតិ​ជួប​អ្នក ភូមិ​ដែល​មាន​វិវាទ​ដី​ធ្លី​នៅ​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រេសិត​​​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​លោកសុរិយាស៊ូបេឌី (Surya Subedi)​​ បាន​មក​ដល់​ប្រ​ទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ​​ ក្នុង​​បេ​សកកម្ម​រយៈ​ពេល​ប្រាំ​ថ្ងៃ​​ និង​បាន​​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិជា​មួយ​ប្រ​ជា​ពលរដ្ឋប្រ​ហែល​៣០០​នាក់​​​​មក​ពី​សហគមន៍​​មួយ​ដែល​មាន​វិវាទ​ដីធ្លី​ជា​យូរ​មក​ហើយ​ជា​មួយ​នឹង​ភរិយា​​មន្ត្រី​រដ្ឋាភិបាល​​មួយ​រូប​​​នៅ​ក្នុង​ខេត្ត​ កំពង់​ឆ្នាំង​កាលពី​ម្សិល​មិញ។

លោក​ ជេមហ៊ីណាន (James Heenan)​ តំណាង​ស្ដី​ទី​ប្រចាំ​​ប្រ​ទេស​នៃ​ការិយាល័យ​​ឧត្តម​ស្នង​ការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​មាន​ប្រសា​សន៍​ថាលោកស៊ូបេឌីបាន​ទៅ​ទស្សន​កិច្ច​នៅ​សហគមន៍​​​​​ ដែល​លោក​​ធ្លាប់​បាន​ធ្វើ​ទស្សនកិច្ច​​អំឡុង​ពេល​បំពេញ​​បេសកកម្ម​លើក​​មុន​។

លោកហ៊ីណានបាន​ថ្លែង​បន្ដ​ថា “ ​អ្នក​​ធ្វើ​របាយ​ការណ៍​ពិសេស​រូប​នេះ​​បាន​មក​ដល់​ប្រទេស​កម្ពុជា​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ហើយ​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្ដរជាតិ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ឡពាង នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​​​ជា​សហគមន៍​មួយ​ដែល​អ្នក​ធ្វើ​របាយ​ការណ៍​ពិសេស​រូប​នេះ​​​ធ្លាប់​បាន​ទៅ​ទស្សនកិច្ច​កាល​ពី​លើកមុន​​​ពាក់​ព័ន្ធ​​នឹង​​វិវាទ​ដី​ធ្លីកំពុង​បន្ត​កើត​មាន​​ជាមួយ​ក្រុម​ហ៊ុន​ខេឌីស៊ី (KDC)” ជា​​ក្រុមហ៊ុន​មួយ​ដែល​គ្រប់​គ្រង​ដោយ​លោក​ស្រី ជា ខេងជា​​ភរិយា​​របស់​លោក ស៊ុយសែមរដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​។

ក្រុម​អ្នក​ភូមិ​ឡពាង​ បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ខេឌីស៊ី​ថា​ បាន​ចាប់​យក​ដី​របស់​ពួក​គាត់​​ ដែល​មាន​ទំហំ​១៤៥​ហិកតា កាល​ពី​ឆ្នាំ​២០០៧​។ លោក​ ហ៊ីណានបាន​បន្ថែម​ថា “ លោកស៊ូបេឌីក៏​បានយក​ឱកាស​​នោះ​​ទៅ​ទស្សនកិច្ច​នៅ​សហគមន៍​មួយ​ទៀត​នៅ​ជិត​អាកាស​យានដ្ឋាន​​​ខេត្ត​កំពង់​ឆ្នាំ​ងដើម្បី​ជួប​ជា​មួយ​អ្នក​ភូមិ​ដែល​ទើប​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ក្រោមសារាចរ​​លេខ​០០១ស្តី​ពី​គម្រោង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនក្នុង​ពេល​ថ្មី​ៗ​នេះ​។

លោក​ រាជសីមាតំណាងអ្នក​​​​​​ភូមិ​ឡពាង​ នៅក្នុង​​ឃុំ​តា​ជេស​ ក្នុង​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង​ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ជាង​៣០០​នាក់​ បាន​ជួប​​ជាមួយ​លោក​ ស៊ូបេឌី ​បាន​និយាយ​ថាអ្នក​​ធ្វើ​របាយ​ការណ៍​ពិសេស​រូប​នេះ​បាន​សន្យា​លើក​ឡើង​ពី​ករណី​របស់​ពួក​គាត់​ជាមួយ​រដ្ឋាភិបាល​។

លោកសីមាបាន​និយាយ​​​បន្ដ​ថា “ អំឡុង​​ជំនួប​នោះ​អ្នក​ភូមិ​បាន​អំពាវ​នាវ​ឲ្យ​លោក​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ អំពើ​ហិង្សានិង​ការ​ចាប់​យក​ដី​នៅ​ក្នុង​ភូមិ​ឡពាង​លោក​​​ស៊ូបេឌីបាន​សន្យា​បញ្ជូន​សារ​នេះ​ទៅកាន់​​​​រដ្ឋាភិបាល​ ហើយ​ថា ​លោក​នៅ​តែ​គាំ​ទ្រ​អ្នក​ភូមិ​ ដើម្បី​ជួយ​ពួក​គាត់​​​ក្នុង​ការ​ទាម​ទារ​សិទ្ធិ​សេរី​ភាព​”។

របាយការណ៍​​ពីររបស់​លោក​ ស៊ូបេឌីដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​នេះ​ បាន​ផ្ដោត​ទៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​ប្រព័ន្ធ​បោះ​ឆ្នោត​ ព្រម​ទាំង​បាន​ផ្ដោត​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ផង​ដែរ​ ​ដែល​​​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខឹង​យ៉ាង​ខ្លាំង​ និង​បណ្ដាល​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​រូប​ចោទ​ប្រកាន់​អ្នក​ធ្វើ​របា​យ​ការណ៍​ពិសេស​រូប​នេះ​ថា ជា​អ្នក​នាំ​ពាក្យ​ឲ្យ​គណបក្ស​ប្រឆាំង​។

កាល​ពីថ្ងៃ​អាទិត្យ​ លោកប៉ែនងឿនទី​ប្រឹក្សា​​ម្នាក់​នៅ​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​សរសេរ​លិខិត​រិះគន់​ធ្ងន់​ៗ​ចំពោះ​លោកស៊ូបេឌីហើយ​បាន​លើក​ឡើង​ថាទោះ​ជា​មាន​ ឬ​មិន​មាន​ការវាយ​តម្លៃ​​ពី​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​​របស់​លោក​ក៏ដោយ​ ក៏​ប្រទេស​កម្ពុជា​នៅ​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខដែរ​៕

ប្រែសម្រួលដោយឃិនណៃ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស