តំណាងក្រុមហ៊ុនអគ្គិសនីវៀតណាមអន្តរជាតិ (Electricity Vietnam International) ជាក្រុមហ៊ុនរបស់រដ្ឋវៀតណាម បានបញ្ជាក់កាលពីម្សិលមិញថា ក្រុមហ៊ុនសមភាគីកម្ពុជានិងប្រទេសចិនបានទិញភាគហ៊ុនរបស់ខ្លួនក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនី ក្នុងខេត្តស្ទឹងត្រែងហើយ។
លោក កៅយ៉ាងយូ (Cao Dang Du) តំណាងក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាមប្រចាំកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនចិន ហាយដ្រូឡានកាង បានទិញភាគហ៊ុនពីក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម ប៉ុន្ដែលោក គិតម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានអះអាងថា ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាមនៅមានភាគហ៊ុន១០ភាគរយក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនីទន្លេសេសានដដែល ហើយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដែលជាដៃគូរបស់ក្រុមហ៊ុនចិនហាយដ្រូឡានកាង (Hydrolancang) កាន់កាប់ភាគហ៊ុន៩០ភាគរយ។លោក យ៉ាង យូ មានប្រសាសន៍ថា“យើងបានផ្ទេរ [គម្រោងនេះ] ទៅឲ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនចិន ហាយដ្រូឡានកាងរួចហើយ។ ក្រុមហ៊ុនចិននេះ ក៏បានបង់ប្រាក់ទៅឲ្យក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាមជិតអស់ផងដែរ”។
លោក យ៉ាង យូ បានមានប្រសាសន៍ថាលោកមិនបានដឹងអំពីចំនួនទឹកប្រាក់វិនិយោគទុនសរុបរបស់ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាមទេ ហើយលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើក្រុមហ៊ុនរបស់លោក នឹងទទួលបានចំណែកហ៊ុនពីប្រាក់ចំណេញដែលបានមកពីទំនប់វារីអគ្គិសនីនេះឬអត់នោះទេ។
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកម្ពុជានិងក្រុមហ៊ុនចិនហាយដ្រូឡានកាង បានចុះកិច្ចព្រមព្រៀងកាលពីខែមុន នៅក្នុងរាជធានីភ្នំពេញ ដើម្បីសាងសង់ទំនប់វារីអគ្គិសនីទន្លេសេសានកម្លាំង៤០០មេហ្គាវ៉ាត់ ដែលត្រូវចំណាយពេលប្រាំឆ្នាំទើបសង់រួច និងត្រូវប្រតិបត្តិជាសហគ្រាសឯកជនរយៈពេល៤០ឆ្នាំ មុនពេលប្រគល់ទៅឲ្យរដ្ឋាភិបាល។
មន្ត្រីនៅស្ថានទូតវៀតណាម បានលើកឡើងនៅចុងខែវិច្ឆិកានេះថា ក្រុមហ៊ុនរោងចក្រអគ្គិសនីរដ្ឋវៀតណាម បាន “ បោះបង់”គម្រោងនេះ ប្រហែលពីរខែមកហើយ។មន្ត្រីទាំងនោះក៏បានឲ្យដឹងផងដែរថា ភាគហ៊ុន១០ភាគរយរបស់ខ្លួននោះគឺសម្រាប់ការងារស្រាវជ្រាវ និងការសិក្សាអំពីអ្វីដែលបានធ្វើឡើងនៅពេលចាប់ផ្ដើមគម្រោងនេះកាលពីឆ្នាំ២០០៩។
លោក សាននូ ក្រុមប្រឹក្សាស្រុកសេសានបានមានប្រសាសន៍កាលពីម្សិលមិញថាដើម្បីត្រៀមលក្ខណៈសម្រាប់ការតាំងលំនៅដ្ឋានថ្មីរបស់ប្រជាពលរដ្ឋជាង៥.០០០គ្រួសារដែលនឹងត្រូវផ្លាស់លំនៅដោយសារតំបន់អាងស្ដុកទឹករបស់ទំនប់នេះ អាជ្ញាធរខេត្តបានបង្កើតគណៈកម្មាធិការមួយទទួលបន្ទុកវាស់វែងដីនៅទីតាំងសាងសង់លំនៅដ្ឋានថ្មី។
លោក សំ អឿន តំណាងអង្គការស៊ីប៉ា (CEPA) ខេត្តស្ទឹងត្រែងដែលគាំទ្រអ្នកភូមិនេះបានមានប្រសាសន៍ថា ទោះបីជាមានការរៀបចំសម្រាប់ប្រជាពលរដ្ឋដែលត្រូវផ្លាស់លំនៅដ្ឋាននេះក៏ដោយ ក៏អ្នកភូមិនៅតែមិនដឹងថា ពួកគេនឹងទទួលបានប្រាក់សំណងប៉ុន្មានសម្រាប់ការតាំងលំនៅថ្មីរបស់ខ្លួន និងមិនដឹងថា ការសាងសង់ទំនប់នេះ នឹងចាប់ផ្ដើមនៅពេលណានោះទេ៕
(រាយការណ៍បន្ថែមដោយភោគដន)
ប្រែសម្រួលដោយហមសុផាណ្ណា