28 C
Phnom Penh

​ក្រុម​ហ៊ុន​ថាម​ពល​ជប៉ុន​ចុះ​កិច្ច​ព្រម​​ព្រៀង​ជា​មួយ​រដ្ឋាភិ​បាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​ថាម​ពល​ជប៉ុន​ អុីដេមីស៊ុ​ កាសាន​ (Idemitsu Kasan)​ បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ ខ្លួន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​រដ្ឋា​ភិ​បាល​កម្ពុជា​ ដើម្បី​ផលិត​ជីវ​អេតា​ណុល​នៅ​លើ​ផ្ទៃ​ដី​ទំហំ​១០.០០០​ ហិក​តា​​នៅ​ក្នុង​ខេត្ត​បាត់​ដំបង។​ ក្រុម​ហ៊ុន​បាន​​លើក​​ឡើង​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ថា​ ខ្លួន​មាន​ផែន​ការ​ផលិត​ជីវ​អេតា​ណុល ​ឲ្យ​បាន​ប្រមាណ​ជា​២០០​លាន​លីត្រ​ក្នុង​មួយ​ឆ្នាំៗ​​នៅ​ដើម​ឆ្នាំ​២០២០។

លោក​ គេ​ អ៊ូឈីកាវ៉ាម​ (Kei Uchikawam)​ អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន​ Idemitsu Kasan​ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​តូក្យូ​ថា​ ក្រុម​ហ៊ុន​ក៏​បាន​បើក​ទីស្នាក់​ការ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ហើយ​ទីស្នាក់​ការ​នេះ​​នឹង​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​​ប្រតិបត្តិ​ការ​របស់​ក្រុម​ហ៊ុន​នៅ​ទូទាំង​តំបន់។​ លោក​បាន​បន្ថែម​ទៀត​ថា​ អេតាណុល​នឹង​ត្រូវ​​ចម្រាញ់​យក​ពី​ដំឡូង​មី​ ហើយ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​​កាល​ពី​ថ្ងៃ​ទី៧​ ខែ​ធ្នូ​នេះ។

លោក​ ច័ន្ទ​ ហេង​ ប្រធាន​នាយ​កដ្ឋាន​កិច្ច​ការ​រដ្ឋ​បាល​នៃ​ក្រសួង​កសិ​កម្ម​បាន​មាន​ប្រសា​សន៍​ថា​ ក្រុម​ហ៊ុន​នេះ​ធ្វើ​ប្រតិបត្តិ​ការ​នៅ​លើ​ផ្ទៃដី​ ដែល​ទើប​តែ​ត្រូវ​បាន​ដោះ​មីន​រួច។​ លោក​បាន​ឲ្យ​ដឹង​ថា​ “ នេះ​គឺ​ជា​កិច្ច​សន្យា​មួយ​​សម្រាប់​ភាគី​ទាំង​ពីរ​ ហើយ​គម្រោង​នេះ​នឹង​ធ្វើ​​ការ​ងារ​នៅ​លើ​ដី​ ដែល​អង្គការ​ស៊ីម៉ា​ក​(CMAC)​​ ​ទើប​តែ​បាន​ដោះ​មីន​រួច​”។

លោក​ ហេង​ រតនា​ ប្រធាន​អង្គការ​ស៊ីម៉ាក​​បាន​មាន​ប្រសាសន៍​ថា​ អង្គការ​របស់​លោក​បាន​ធ្វើ​ការ​ងារ​ជា​មួយ​​តំណាង​ក្រុម​ហ៊ុន​ Idemitsu Kasan​ កាល​ពី​ឆ្នាំ​មុន​ ហើយ​បាន​ដោះ​​មីន​លើ​ផ្ទៃ​ដី​ចម្ការ​មីន​រាប់​ពាន់​ហិក​តា ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ឲ្យ​ក្រុម​ហ៊ុន​នេះ៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស