27 C
Phnom Penh

ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​​អំ​ពាវ​នាវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់ប្រព័ន្ធ​តុលា​ការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​លោក សុរិយា ស៊ូបេឌី (SuryaSubedi)​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​​ថាប្រព័ន្ធ​តុលា​ការគឺ​នៅ​តែកង្វះ​មូលនិធិ​ដ៏​រ៉ាំរ៉ៃ​​​ហើយ​ច្បាប់​ស្តីពីការ​គ្រប់​គ្រងប្រព័ន្ធ​តុលាការ​ដែលមាន​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​ហើយ​​នោះ ​គឺ​ហួស​ពេល​​ហើយ​។

​នៅ​ក្នុង​​បទ​​សម្ភាស​មួយ​កាល​​ពី​ម្សិល​មិញ​​លោក​បាន​ថ្លែង​ថា​មួយ​ឆ្នាំកន្លង​មក​ហើយ​​ក្នុង​អំឡុង​បេសកកម្ម​លើក​ទី៦​របស់​លោក​មក​​​កាន់ប្រទេស​កម្ពុជា​ដែល​លោក​ស៊ូបេឌី​បាន​​ពិពណ៌នា​អំពី​កំណែ​ទម្រង់​ប្រព័ន្ធ​តុលា​ការ​ថាជា​ដំណើរ​ការ​មួយ​យ៉ាង​យឺត​បំផុតដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោកបន្ថែម​ថាច្បាប់​ស្តី​ពី​ការ​​ជ្រើស​តាំង​ចៅ​ក្រម​​​និងស្តីពីការ​​រៀប​ចំ​ប្រព័ន្ធតុលា​ការ​និង​​ការ​ធ្វើ​កំណែ​ទម្រង់​ឧត្តមក្រុម​ប្រឹក្សា​នៃអង្គ​ចៅ​ក្រម​មិនទាន់បានកែប្រែនៅ​ឡើយហើយ​​​លោក​​បាន​អំពាវនាវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​។

លោក​ ស៊ូបេឌី ​ថ្លែង​បន្ត​​ថាច្បាប់​ទាំង​នេះ​គួរ​តែ​បាន​អនុម័ត​រួច​ហើយ​រហូត​ដល់​ពេលបច្ចុប្បន្ននេះ។​រដ្ឋ​ធម្មនុញ្ញ​ត្រូវ​បាន​អនុ​ម័ត​ កាល​ពី​ឆ្នាំ​១៩៩៣ ហើយ​​រហូត​ដល់​បច្ចុប្បន្ននេះ​​យើង​ជិត​ឈាន​ចូល​ឆ្នាំ​២០១៣​ហើយ​ ។ រយៈពេល​២០ឆ្នាំ​ បាន​កន្លង​ផុត​ទៅ​ហើយ​ដូច្នេះ​ច្បាប់​ទាំង​នេះ​គួរតែ​ត្រូវបាន​អនុម័ត ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ ប្រព័ន្ធ​តុលា​ការ​​អាចបង្កើនការ​ជឿទុក​ចិត្ត​​និង​គោរព​ពី​សំណាក់​ពល​រដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​​។

 

លោក ស៊ូបេឌី បាន​បន្ថែម​ថា​ ច្បាប់​ផ្សេងៗ​​​​ច្រើន​ថែម​ទៀត​គួរ​ត្រូវ​បាន​អនុម័ត​ឲ្យ​បាន​សម​ស្រប​ដើម្បី​​លើក​តម្កើង​ឯករាជ​ភាព​ក្នុង​​ប្រព័ន្ធ​តុលាការ​​ដែល​​​​ក្រុម​អង្គការសិទ្ធិ​មនុស្ស​នានា​​តែង​តែ​​​ចោទ​​ប្រ​កាន់​នោះ​។

លោក ស៊ូបេឌី បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថាការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលា​ការ​គឺ​ជា​អាទិភាព​ចម្បង​។លោក​បន្ថែមថា​ការ​ផ្លាស់​ប្តូរ​​បែប​នោះ​អាច​ពង្រឹង​កំណើន​សេដ្ឋកិច្ច​និង​ទាក់​ទាញ​វិនិយោគិន​ឲ្យ​បាន​កាន់តែច្រើន​ថែម​ទៀត​ចូលមក​បណ្តាក់​ទុនក្នុង​ប្រទេស​កម្ពុជា​។

ក្នុង​នាម​ជា​អ្នក​រាយ​ការណ៍​ពិសេស​របស់​​អង្គការ​សហ​ប្រជា​ជាតិ លោក ស៊ូបេឌី ​​​បាន​មក​កាន់ប្រទេស​កម្ពុជា​តាម​ការ​អញ្ជើញ​របស់​​រដ្ឋាភិបាល។ការ​មក​បំពេញបេសកម្ម​លើក​ទី​៨​របស់​លោកត្រូវ​ទទួលរង​ការឆ្លើយ​តប​​មិន​ល្អខ្លះ​។កាលពី​ថ្ងៃអាទិត្យ​លោកប៉ែន ងឿន ទីប្រឹក្សាទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​​ចំហ​មួយច្បាប់​បញ្ជាក់​ថាលោក ស៊ូបេឌី បាន​ដើរ​តួ​ជាអ្នក​នាំពាក្យឲ្យ​គណ​បក្សប្រឆាំង​។

កាល​ពី​ម្សិលមិញ លោក ស៊ូបេឌី ​បាន​ជំទាស់​ថាអនុសាសន៍​ដែល​លោក​បាន​លើក​ឡើង​​ក្នុង​របាយ​ការណ៍​របស់​លោក​គឺ​យោង​តាម​មនសិការ​។តាម​ការ​ពិត​ការ​ងារ​របស់​លោក​ជុំវិញ​ប្រព័ន្ធ​បោះ​ឆ្នោត​និង​បញ្ហាដី​សម្បទាន​សេដ្ឋកិច្ច​ ​នៅឆ្នាំនេះ ត្រូវបាន​សភា​សហ​ភាព​អឺរ៉ុប​ និង​ព្រឹទ្ធសភា​អូស្ត្រាលីព្រមទាំង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នានា​លើកយក​មកធ្វើជាសំអាង។ តែទោះ​ជា​យ៉ាង​ណា​ របាយការណ៍ទាំង​​នោះ​បាន​ទទួល​រង​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពី​រដ្ឋា​ភិបាល​។ លោក ស៊ូបេឌី នៅ​មិន​ទាន់​ទទួល​បាននូវ​ការ​ឆ្លើយ​តប​ពី​នាយករដ្ឋមន្ត្រី​ហ៊ុន សែននៅ​ឡើយ​ទេថា​​តើ​នៅ​ពេល​ណា ទើប​​អ្នក​ទាំង​ពីរ​អាច​ជួប​ប្រជុំ​គ្នាបានបើ​​ទោះ​បី​ជា​លោក​បាន​ដាក់សំណើ​សុំ​ជួប​កាលពីបី​សបា្តហ៍​កន្លងទៅហើយ​​ក៏ដោយ។

លោក ស៊ូបេឌី ​ដែល​នៅ​តែ​មាន​ចិត្តរីក​រាយនៅពេល​មានគេ​ជជែកគ្នាពី​ទស្សនកិច្ច​របស់​លោក​​ កាល​ពី​ម្សិលមិញក៏ដោយ​។ នៅ​ពេល​សួរ​ថាតើ​រដ្ឋា​ភិបាល​ទទួល​ស្គាល់​​នូវ​វត្តមាន​​និង​អនុសាសន៍​របស់​លោក​ឬអត់​នោះ​ លោក ស៊ូបេឌី ​បាន​ថ្លែង​ថា លោក​មាន​ជំនឿ​ថាកំណែ​ទម្រង់​អាចធ្វើ​ឲ្យ​​បញ្ហា​សិទ្ធិ​មនុសុ្សបានល្អប្រសើរ​ឡើងវិញក្នុង​​ពេលឆាប់ៗនេះ​ ។ ​លោកក៏​បាន​គូស​បញ្ជាក់​អំពីការ​រីកចម្រើន​មួយ​ចំនួន​រួម​ទាំង​គម្រោង​​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​របស់​លោក ហ៊ុន សែន ដែល​​លោក​បាន​បញ្ជាក់​ថានេះ​ជា​សញ្ញា​បញ្ជាក់​ច្បាស់​អំពី​ការ​រីក​ចម្រើន​។

លោក​ថ្លែង​បន្តថា អនុសាសន៍​របស់​ខ្ញុំ​មាន​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ចំពោះ​ការ​ងារ​របស់​រដ្ឋាភិបាល​។ ចាប់​តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្តើម​ធ្វើការ​នៅ​ទី​នេះ​ ច្បាប់​ដក​ហូត​តាម​ផ្លូវ​ច្បាប់​ត្រូវ​បាន​អនុម័ត​ ដោយមានសង​សំណងដល់​ប្រជា​ពល​រដ្ឋ​។ ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​ពិចារ​ណា​ឡើង​វិញ។

លោកថ្លែង​បន្តថា​​​លោក​នាយ​ករដ្ឋ​មន្ត្រី​​​ផ្ទាល់មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​សម្រប​សម្រួល​ជា​មួយ​អ្នក​ភូមិ​ក្នុង​សហ​គមន៍​បឹង​កក់​…រដ្ឋា​ភិ​បាល​បាន​តែង​តាំង​ចៅក្រម​ចូល​និវត្ត​ជាន់​ខ្ពស់​ពីរ​រូប​ឲ្យ​ចូលធ្វើការ​ក្នុង​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែលនោះ​ជា​អនុ​សាសន៍​មួយក្នុង​ចំណោម​អនុសាសន៍​​របស់​ខ្ញុំ​ដូច្នេះ​ខ្ញុំ​មិន​អាច​និយាយ​ថាគេ​ធ្វើ​ព្រងើយ​កន្តើយ​នោះ​ឡើយ​។ចំណុច​ខ្លះ​ ​គេ​កំពុង​តែ​រក​វិធី​ដើម្បី​​​សម្រេច​ចិត្តចាប់ផ្តើមធ្វើ​កំណែទម្រង់​៕

ប្រែសម្រួលដោយ ឃិន ណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស