32 C
Phnom Penh

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រាប់​ម្ចាស់​ដី​នៅកែប​ឲ្យ​សង់​របង ដើម្បី​កុំឲ្យវល្លិវារចូលដល់ទ្រូង​ផ្លូវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​កាល​ពី​ម្សិលមិញ​ ឲ្យ​អ្នក​អភិវឌ្ឍ​ និង​​ម្ចាស់​ដី​​​ក្នុង​ក្រុង​កែប​សាង​សង់​របង​ព័ទ្ធជុំ​វិញ​​អចលនទ្រព្យ​របស់​ខ្លួន​ ដើម្បី​ការ​ពារ​កុំឲ្យ​វល្លិ​វារ​ចេញ​​ទៅ​ដល់ទ្រូវ​ផ្លូវ​​ ក្នុងរមណីយ​ដ្ឋាន​តំបន់​សមុទ្រ​។

លោក​ ហ៊ុន សែន ​មាន​ប្រសាសន៍​អំឡុង​ថ្លែង​សុន្ទរកថានៅ​ក្នុង​ខេត្តកែប​ថាចាប់​តាំង​ពី​​ដី​ធ្លី​ជា​ច្រើន​​ក្នុង​ក្រុង​កែប​ត្រូវ​បាន​គ្រប់​គ្រង​​ដោយ​វិនិយោគិន​មួយ​ចំនួន​ដែល​រស់​នៅ​ទី​កន្លែង​​ផ្សេង​ៗ​គ្នា​ តំបន់​នោះ​មាន​ដី​ទំនេរ​ជា​ច្រើន​​កន្លែង​ ដែល​កំពុង​បំផ្លាញ​សម្រស់​តំបន់​ទេសចរណ៍ ​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា “ ​ហេតុ​ដូច្នេះ​ហើយ​ទើប​យើង​អំពាវ​នាវ​ឲ្យ​ម្ចាស់​ដី​​ទាំង​អស់​មក​សង់​របង​ និង​សង់​ផ្ទះ។ ប្រសិន​បើ​ពួក​គេ​មិន​បាន​សាង​សង់​ផ្ទះ​នោះ​ទេ​ ក៏​យ៉ាង​​ហោច​ណាស់​គួរ​ធ្វើរបងដែរ​”។ លោក​បាន​បន្ដ​ថា “ បើ​ពុំ​ដូច្នោះ​ទេ ​ដី​ទំនេរ​​នឹង​ធ្វើ​ឲ្យ​ខូច​សម្រស់​ទី​ក្រុង​កែប​ ដែល​ជា​រម​ណី​យ​ដ្ឋាន​ទេសចរណ៍​មួយ​នៅ​​​ក្នុង​ចំណោម​រមណីយ​ដ្ឋាន​ជា​ច្រើន​”។

ទីក្រុង​កែប​ គឺ​ជា​រមណីយដ្ឋាន​ឆ្នេរ​ដែល​មាន​ប្រជាប្រិយភាពបំផុត​អំឡុង​ទសវត្សរ៍​១៩៦០ ប៉ុន្ដែ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​អំឡុង​សង្គ្រាម​ស៊ីវិល​ និង​អំឡុង​របប​ខ្មែរ​ក្រហម​។ទោះ​ជា​យ៉ាងណា​ ភ្ញៀវ​ទេសចរនិង​អ្នក​អភិ​វឌ្ឍ​បាន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​សា​ជា​ថ្មី​មក​​លើ​តំបន់​នេះ​ ហើយសាងសង់​ភូមិគ្រឹះ​សម្រាប់​​លម្ហែកាយ​នៅ​ពេល​ចូលនិវត្ត​ ហើយ​ដីឡូត៍​ទាំង​នោះ​ គឺ​សុទ្ធ​តែ​កាន់​កាប់​ដោយ​ឯកជន​ ​ប៉ុន្ដែ ​មិន​មាន​ការ​ជួស​ជុល​ឡើយ​ ហើយ​តំបន់​នៅ​ទី​​នោះ​ ក៏​នៅ​មិន​ទាន់​អភិវឌ្ឍ​នៅ​ឡើយ​ដែរ​។

ថ្វី​បើ​ក្រុងទេសចរណ៍នេះត្រូវបាន​បោះ​បង់​ចោលជាយូរ​មក​ក្តី តែ​តម្លៃ​ដី​នៅ​ក្នុង​ក្រុង​កែប​ គឺ​ស្ថិត​ក្នុង​ចំណោមដី​ដែល​មាន​តម្លៃខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក ហ៊ុន សែន បានធ្វើដំណើរ​ទៅ​កាន់​​ឃុំ​ពង​ទឹក​ ស្រុក​ដំណាក់​ចង្អើ​រដើម្បី​ចែក​ប័ណ្ណ​កម្មសិទ្ធិដី​ធ្លី​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៦៨១​គ្រួសារ​ ដោយនេះ​គឺ​ជា​​​យុទ្ធនាការ​ផ្ដល់​ប័ណ្ណ​​កម្មសិទ្ធិ​ដី​ធ្លី​ទូទាំង​ប្រទេស​​​​​ ដែល​លោក​បាន​ចាប់​ផ្ដើម​កាល​ពី​ខែ​មិ​ថុនាមកនោះ​។

យោង​តាម​លោក កែន សត្ថា អភិបាល​ខេត្ត​កែប បាន​ឲ្យ​ដឹង​ថា ម្ចាស់​ដី​​ចំនួន​១.៧៩៥​​កន្លែង​នៅ​ក្នុង​ក្រុង​កែប ត្រូវ​បានអាជ្ញាធរ​ខេត​្ត​សំណូមពរឲ្យ​សាងសង់​របង​ជុំ​វិញ​អចលន​ទ្រព្យ​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​តំបន់​នោះ​មាន​សណ្ដាប់​ធ្នាប់​​​ល្អ ប៉ុន្ដែ មាន​តែ​ម្ចាស់​ដី​ចំនួន​៤០០​​កន្លែង​ប៉ុណ្ណោះ​​បាន​ធ្វើ​តាម។

លោក ហ៊ុន សែន ក៏​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ការ​ផ្នែក​ផ្ដល់​សេវា​កម្ម​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ផ្ដោត​សំខាន់​លើ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ នៅ​ពេលមានការ​​ប្រកួត​ប្រជែងកាន់​តែខ្លាំងនៅ​​ក្នុង​ចំណោម​ប្រទេស​​ក្នុង​តំបន់​​។

លោក​បាន​មាន​ប្រសាសន៍​ថា “ សូម្បីតែ​នៅ​ពេល​យើង​មិន​សប្បាយ​ចិត្ត​ក៏ដោយ ក៏​យើង​ត្រូវ​តែ​ញញឹម ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ”។លោកហ៊ុនសែនបាន​បន្ដ​ថា “ វិស័យ​ទេសចរ​ណ៍នៅ​ក្នុង​តំបន់​សព្វ​ថ្ងៃ​ គឺ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ណាស់​។ ក្នុង​តំបន់​អាស៊ាន ប្រទេស​ទាំង​អស់​កំពុង​តែ​ព្យាយាម​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ហេតុ​ដូច្នេះយើង​​ចាំ​បាច់​ត្រូវ​តែ​មាន​គោលនយោបាយ​ទេសចរ​ណ៍មួយច្បាស់លាស់”។

លោកកែន​ សត្ថា​ បាន​មាន​ប្រសាសន៍​ថាចាប់តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ឥឡូវ​មាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​៦០០.០០០​នាក់​បាន​មក​លេងកម្សាន្ដក្រុង​កែប​ ដោយ​បាន​កើន​​ឡើង​ពី​ចំនួន​៤០០.០០០នាក់​​ កាល​ពី​ឆ្នាំ​មុន​៕

ប្រែសម្រួលដោយស៊ាស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស