34 C
Phnom Penh

ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ការ​ពារ​ការ​ទារបំណុលក្នុងរបប​ លន់ នល់ ជំពាក់រដ្ឋា​ភិបាលក្រុង​វ៉ាស៊ីនតោន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ កំពុង​​ព្យាយាមបញ្ជាក់​ឲ្យបាន​ច្បាស់លាស់ចំពោះព័ត៌មានខុសស្តីពី​បំណុល​របស់​កម្ពុជា​នៅជំពាក់អាមេរិក​ អំឡុង​ដើម​ទសវត្សរ៍​ទី​៧០ ក្នុងរបប​យោធា​របស់​លោក​សេនាប្រមុខ លន់ នល់ ដែល​គាំ​ទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ ហើយ​បាន​ក្លាយ​ទៅ​ជា​បញ្ហា​​ចម្រូងចម្រាសរវាង​ប្រទេស​ទាំង​ពីរ​។

យោង​តាម​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​បដិសេធ​មិនព្រម​សង​បំណុល​ដែល​បាន​កើន​ឡើង​ អំឡុង​របប​សាធារណ​រដ្ឋ​ខ្មែរ ដែលមាន​​រយៈ​ពេល​ដ៏​ខ្លី​ គឺ​ចាប់​ពី​ឆ្នាំ​១៩៧០ដល់​ឆ្នាំ​១៩៧៥​ នៅ​ពេល​របប​យោធា​របស់​ លន់ នល់បានគ្រប់គ្រង​រដ្ឋាភិបាលក្រុង​ភ្នំពេញ​នោះ​​។ បំណុល​នេះ​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ​​៤៤៥​​លាន​ដុល្លារ រួម​ទាំង​ការ​ប្រាក់​ ដែល​បាន​កើន​​ឡើង​ត្រឹម​ឆ្នាំ​២០០៩​ផងដែរ។

លោកវីលៀមថដ (William Todd) ឯក​អគ្គ​រដ្ឋទូត​ប្រចាំ​ប្រទេស​កម្ពុជា បាន​ការ​ពារ​បំណុល​និងការពារ​​ការ​ទាម​ទារ​ឲ្យ​ប្រទេស​កម្ពុជា​សង​​​បំណុល​នេះ​វិញ នៅ​ក្នុង​ការ​លើក​ឡើង​​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ក្នុង​កាសែត​រស្មីកម្ពុជា​ ដែល​ជា​កាសែត​ខ្មែរ​នាំ​មុខ​គេ​ ក៏​ដូច​ជា​នៅ​ក្នុង​គេហទំព័រ​ព័ត៌មាន​ជា​ភាសា​អង់គ្លេសផងដែរ។

ដោយដាក់ចំណង​ជើង​ថា “ បកស្រាយ​ការយល់ខុសស្តីពីបំណុល”លោក​ វីលៀមថដបាន​សរសេរ​ថាប្រទេស​ទាំង​ពីរ​បានឯកភាព​គ្នា​ថាការ​ដោះ​ស្រាយ​បញ្ហាបំណុល​នេះ​នឹង​ជួយច្រើនដល់ការ​ពង្រឹង​​ទំនាក់​ទំនង​ទ្វេភាគី​ រវាងប្រទេស​ទាំងពីរ ជួយជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ដោយលើក​កម្ពស់​ទំនុកចិត្តពីម្ចាស់​ឥណទាន​ និង​លទ្ធភាព​ក្នុងការទទួលបានថវិកា​ពីទីផ្សារទុន​អន្តរជាតិ​សម្រាប់​ប្រទេស​កម្ពុជា​”។

ប៉ុន្ដែ លោកឯកអគ្គរដ្ឋ​ទូត​​មាន​ប្រសាសន៍​​ថា “ មាន​ការ​យល់​ខុស​” ពី​រឿងបំណុល​ ដែល​​រដ្ឋាភិបាល​កម្ពុជា​ជឿជាក់​ថា ខ្លួន​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ ដោយសារបំណុល​នេះ​បាន​កើត​​ឡើង​ អំឡុង​របប​មិន​មែន​ប្រជា​ធិបតេយ្យ​​ដែល​មាន​លក្ខណៈ​ខុស​គេ​ និង​អំឡុង​ពេល​ដែល​អាមេរិក​បាន​ទម្លាក់គ្រាប់​បែក​ មកលើ​ប្រទេសកម្ពុជា ដោយបានធ្វើ​ឲ្យ​ខូច​ខាតយ៉ាង​ខ្លាំង​​ដល់​តំបន់​នៅ​តាម​ទី​ជន​បទ និង​បាន​សម្លាប់​​ប្រជាពលរដ្ឋខ្មែរ​អស់​យ៉ាងច្រើន​​។

លោកវីលៀមថដ ​សរសេរ​ថា “ ​បំណុល​​នេះ​បាន​កើត​​ឡើង​ ពីការ​ផ្តល់​ទំនិញ​កសិកម្ម​ ដូច​ជាអង្ករ​ និងម្សៅមី​ ដោយទូទាត់ជាប្រាក់​កម្ចី​មាន ​ការ​ប្រាក់​ទាប​ ពី​ក្រសួង​កសិកម្ម​សហ​រដ្ឋ​អាមេរិក​​ដល់​ប្រទេ​សកម្ពុជា​ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩​៧០”។

ស្របគ្នានឹងការផ្ដល់​កម្ចី​ជា​ស្បៀង​អាហារសហរដ្ឋ​អាមេរិក​នៅ​ពេល​នោះ​ ក៏​បាន​ផ្ដល់​ជំនួយ​ផ្នែក​យោធា​មក​ឲ្យ​រដ្ឋា​ភិបាល​របស់​លោក​ លន់នល់សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធ​ ដើម្បី​កម្ចាត់ពួក​កុម្មុយនីស្ដ​វៀតណាម​ ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ការ​ទម្លាក់​គ្រាប់​បែក​ដ៏​សន្ធឹក​សន្ធាប់​របស់​​អាមេរិក​ នៅតាមបណ្តាខេត្តភាគ​ឦសាន និង​ភាគ​ខាង​កើត​នៃ​​ប្រទេសកម្ពុជា នៅក្នុង​សង្គ្រាម​របស់​ខ្លួន​ជាមួយ​នឹង​ពួកកុម្មុយនីស្ដ​វៀតណាម​​ កើតឡើង​មុន​ និង​ក្រោយ​របប​ លន់ នល់បាន​ឡើងកាន់​អំណាច តាម​រយៈ​ការធ្វើ​រដ្ឋ​ប្រហារ​​ក្នុង​ឆ្នាំ១៩៧០​។

លោក​ វីលៀមថដបាន​ការ​ពារ​គោល​ជំហរ​​របស់​សហរដ្ឋ​អាមេរិក​ថា បំណុល​នេះ​ គឺ​មិន​អាច​លុបចោល​បាន​ឡើយ​ ដោយ​បាន​លើក​ឧទាហរណ៍ផ្សេង​ៗ​នៃ​ប្រទេស​មួយ​ចំនួន​ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​បំណុល​ពី​អតីតកាល​ ហើយ​បាន​លើក​ឡើង​ថា ស្ថិត​ក្រោម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ ប្រទេស​កម្ពុជា​ត្រូវ​តែ​សង​ប្រាក់​បំណុល​តាម​ចំនួន​ដែល​មាន​សព្វ​ថ្ងៃ​ មុន​ពេល​សហរដ្ឋ​អាមេរិក​អាច​ពិចារណា​ផ្ដល់​សម្បទាន​ចំពោះ​បំណុល​ដែល​ប្រទេស​កម្ពុជា​បាន​ជំពាក់​នេះ​។

លោកឯកអគ្គរដ្ឋ​ទូតបាន​សរសេរ​ទៀត​ថា“ ​លើសពីនេះ​ទៀត​ ការ​បង្កើត​កម្មវិធី​ពិសេសស្តីការកាត់​បន្ថយ​បំណុល​សម្រាប់​ប្រទេស​មួយ ដែល​គ្មានឆន្ទៈសងបំណុលតែមាន​លទ្ធភាពអាចសងបាន​ គឺ​ជាគំរូ​មួយ​មិន​ល្អ​​សម្រាប់​ប្រទេស​ដទៃទៀត​ ដែល​មាន​ស្ថានភាពដូច​គ្នា​នេះ​”។

លោកវីលៀមថដបាន​មាន​ប្រសាសន៍​ថា ការ​ចរចាដើម្បី​​កាត់​បន្ថយ​ប្រាក់​បំណុល​ចំនួន​១០០​លាន​ដុល្លារ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ជាប់​គាំង​ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ហើយ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​បំណង​ចង់​ចរចា​បន្ដ​ទៀតឡើយ​ ប្រសិន​បើ​គ្មាន​ការ​ផ្ដល់​សម្បទាន​បន្ថែម​នោះ​។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបាន​ជួប​ជា​មួយ​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកបារា៉ក់អូបាម៉ា (Barack Obama) កាល​ពីខែ​មុន នៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​ ដែល​គេ​បាន​ហៅ​ថា ជាកិច្ច​ប្រជុំ​​​​​មាន​ភាព​តាន​តឹង​នោះ​។ យោង​​តាម​សេចក្ដី​រាយការណ៍​ពីកិច្ច​ប្រជុំ​ លោកបារា៉ក់អូបាម៉ាបានពិភាក្សា​តែ​អំពី​បញ្ហា​សិទ្ធិ​មនុស្សក្នុង​ប្រទេស​កម្ពុជា និង​ការ​ទាម​ទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី រីឯ​លោកហ៊ុន សែន វិញ​បាន​ស្នើ​ឲ្យ​មាន​ការ​លុប​ចោល​​បំណុល​ក្នុងរបប​ លន់នល់។

អ្នក​ប្រវត្ត​​ិសាស្ត្រ​ខ្មែរ​ជើងចាស់ លោកហិនរីឡូកាដ (Henri Locard)​ ​លើក​ឡើង​ថា វា​មិន​ទំនង​សោះ ចំពោះ​ការ​ទាមទារ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរសង​ប្រាក់​កម្ចី​ជា​ស្បៀង​អាហារសម្រាប់​ផ្គត់​ផ្គង់​នៅពេល​អត់​ឃ្លាត​ ក្នុង​របប​ខ្មែរ​ក្រហម។ លោក​ថ្លែងថា “ ​វា​គឺ​ជា​ជំនួយ​មនុស្ស​ធម៌​ វា​មិន​មែន​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ឡើុយ”។ លោក​​បន្ដ​ថា ជា​ធម្ម​តា ជំនួយ​បន្ទាន់​បែប​នេះ​ គេ​មិន​​រំពឹង​ថាត្រូវ​សងវិញ​នោះ​ឡើយ​៕

ប្រែសម្រួលដោយស៊ាស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស