27 C
Phnom Penh

ប្រេសិត​UN ទៅ​សួរ​សុខទុក្ខ​លោក ម៉ម សូណង់​ដូ​ នៅ​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្ងៃម្សិលមិញ គឺជា​ថ្ងៃដ៏​​រវល់​សម្រាប់​លោកម៉មសូណង់ដូ ​​អ្នក​រិះគន់​រដ្ឋា​ភិបាល​ និង​ជា​ម្ចាស់​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​​​ ដែល​ត្រូវបាន​តុលាការផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនា​គារ​រយៈពេល​២០ឆ្នាំ ពីបទញុះញង់​ឲ្យ​មាន​ចលនា​អបគមន៍នៅ​តាមទី​ជន​បទ។

ស្របពេលសាលាឧទ្ធរណ៍​បាន​រៀបចំបើក​សវនាការសំណើសុំ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​​​ថ្ងៃ​ស្អែក​ ​លោក សុរិយា ស៊ូបេឌី ប្រេសិតពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​​កម្ពុជា​ បានទៅសួរ​សុខទុក្ខ​លោកដល់ពន្ធនាគារផងដែរ​។

លោកជេមហ៊ីណាន (James Heenan) តំណាង​​ស្តី​ទីប្រចាំប្រទេស​របស់​ការិយា​ល័យ​ឧត្តម​ស្នងការអង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា លោកសុរិយាស៊ូបេឌី ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​ កាលពីថ្ងៃ​អាទិត្យ​ ក្នុងបេសកកម្ម​ស្វែង​រក​​​​ការ​ពិត​រយៈ​ពេល​ប្រាំថ្ងៃ​ និងជាបេសក​កម្ម​​​លើក​ទី​៨នៅក្នុង​ប្រទេស​កម្ពុជា បាន​ចំណាយ​​​​ពេល​ប្រហែល​មួយ​ម៉ោង​ ដើម្បីជួប​ជា​មួយ​លោកម៉ម​ សូណង់ដូនៅ​ក្នុង​ពន្ធនា​គារ​ព្រៃ​​​ស​។

លោកជេមហ៊ីណានបាន​លើក​ឡើង​ថា“ លោកទៅ​សួរសុខ​ទុក្ខ​លោកម៉មសូណង់ដូកាលពី​ព្រឹក​មិញនេះ​”។ លោក​បន្តថា ករណី​​ម្ចាស់​ស្ថានីយ​វិទ្យុ​សម្បុកឃ្មុំ​ ដែល​កំពុង​ជាប់​ពន្ធនាគារ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អាម្មរណ៍​​យ៉ាង​ខ្លាំង​ ពី​សំណាក់អង្គការ​សិទ្ធិមនុស្ស​អន្តរ​ជាតិ ព្រមទាំងប្រធាធិបតីអាមេរិក ​លោកបារ៉ាក់អូបាមា៉ (Barack Obama) ផងដែរ។

លោកជេមហ៊ីណាន ​មាន​ប្រសាសន៍​ថា “មានការពិភាក្សា​គ្នាអំពី​តែ​សំណុំរឿងរបស់​លោក​ និង​ស្ថានភាពនៅ​ក្នុង​ពន្ធនាគារ​ ដើម្បី​ឲ្យដឹងថា​ តើលោក​ ម៉មសូណង់ដូមាន​បញ្ហាឬក៏អត់”។

លោកស្រីឌឹនផាណារា៉ភរិយា​របស់​លោកម៉មសូណង់ដូបាន​ទៅ​សួរ​សុខទុក្ខ​ស្វាមី​របស់​លោកស្រី​នៅ​ពេល​រសៀល។លោកស្រី​បាន​មាន​ប្រសាសន៍ថា ស្វាមី​របស់​​​​​​​លោកស្រី​ទទួល​បាន​កិតិ្តយស​ តាមរយៈ​​ការ​​ទៅ​សួរ​ទុក្ខ​របស់​លោក សុរិយា ស៊ូបេឌី ប៉ុន្តែ​​​ស្វាមី​របស់​លោកស្រី​​ហាម​មិន​ឲ្យ​លោក​​​ស្រី​និយាយ​អំពី​អ្វី​ ដែលអ្នកទាំង​ពីរ​​​នាក់​បាន​ពិភាក្សាគ្នាឡើយ។

លោកស្រីផាណារ៉ាដែល​ជាអ្នក​ទទួល​តួនាទី​ប្រចាំ​ថ្ងៃនៅក្នុងស្ថានីយ​វិទ្យុ​សម្បុកឃ្មុំ​ជំនួស​ស្វាមី​របស់​ខ្លួនចាប់​តាំង​ពីស្វាមី​របស់​លោកស្រី​ជាប់​ពន្ធនាគារ​ តាំងពី​ខែ​កក្កដាមក​ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​អាច​ប្រាប់​លោក​ពី​អ្វី​ ដែល​គាត់​បាន​ពិភាក្សា​គ្នានោះ​ឡើយប៉ុន្តែខ្ញុំ​គិត​ថាការ​ទៅ​សួរ​សុខ​ទុក្ខ​នេះ​ គឺជា​ការ​លើក​ទឹក​ចិត្តនិង​គាំទ្រ​ប្តី​ខ្ញុំ​”។

ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​ម​​​កលោកម៉មសូណង់ដូ​ បាន​ក្លាយ​ទៅ​ជាអ្នក​ទោសដ៏​​​​ល្បី​មួយ​រូប​ក្នុង​ចំណោម​អ្នក​ទោស​ដែល​ទទួល​​​រងការ​ចោទ​ប្រកាន់​ដោយ​ភាព​មិន​ច្បាស់​​លាស់​នៅក្នុង​ប្រទេស​កម្ពុជា​។

នៅពេលបើកសវនាការ​រយៈពេល​បួន​ថ្ងៃ កាលពីខែកញ្ញា អ្នក​គាំទ្រ​រាប់​រយ​នាក់​របស់​លោក​បានប្រមូលផ្តុំគ្នា​តវ៉ា​នៅ​ខាង​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តែនគរ​បាល​បង្ក្រាប​កុបកម្ម​​បាន​រារាំង​ពួកគេមិនឲ្យ​ចូល​មកជិត​ឡើយ​។ ចាប់​តាំង​ពី​ការ​ចោទ​ប្រកាន់​មកលើរូប​លោក កាលពី​ថ្ងៃទី​​​១ខែ​តុលា អង្គការ​សិទ្ធិមនុស្សក្នុង​ស្រុក​ និងអន្តរ​ជាតិ​បាន​ថ្កោល​ទោស​ចំពោះសេចក្តី​សម្រេច​នេះ​ ដោយចាត់ទុកថា ជា​ការ​ព្យាយាម​​គាប​​សង្កត់​អ្នក​រិះ​គន់​រដ្ឋាភិបាល​។ សូម្បី​តែ​​ម្ចាស់​ជំនួយ​បរទេស​​មួយ​ចំនួន​ រួម​មាន​សហ​រដ្ឋ​អាមេរិក និង​ប្រទេស​បារាំង​ក៏បាន​អំពាវ​នាវ​​ឲ្យ​ដោះលែង​​លោក​ សូណង់ដូ ឬក៏យ៉ាង​ហោច​ណាស់​​គួរបើក​សវនាការ​​ឡើង​វិញ។​

នៅក្នុង​កិច្ច​ប្រជុំ​សម្ងាត់​មួយ​ជាម​ួយ​លោក​ ហ៊ុន​ សែនអំឡុង​ការ​មក​បំពេញ​ទស្ស​នកិច្ច​របស់​លោក​ បារ៉ាក់​ អូបាម៉ា​ ក្នុង​ប្រទេស​កម្ពុជាកាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ លោក ម៉ម ​សូណង់​ គឺជា​អ្នកទោស​នយោបាយ​តែ​ម្នាក់​គត់​ដែល​​ប្រធានា​ធិបតី​​សហរដ្ឋអាមេរិក​រូបនេះបាន​អំពាវនាវ​ឲ្យដោះលែង​។​

លោកអ៊ុក​ សាវុធ​ អគ្គព្រះ​រាជអាជ្ញា​​សាលាឧទ្ធរណ៍បាន​បញ្ជាក់​ កាល​ពី​ម្សិលមិញ​ថាការ​បើក​សវនាការ​ អំពីសំណើសុំនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​លោកម៉មសូណងដូត្រូវ​បាន​កំណត់​នៅ​ថ្ងៃសុក្រ។

ដំណើរ​បំពេញ​ទស្សនកិច្ច្​ក្នុងប្រទេស​កម្ពុជារបស់លោកសុរិយាស៊ូបេឌី ​គឺ​ដើម្បី​ជំរុញឲ្យរដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​មួយ​ចំនួន​ ដែល​លោក​លើកឡើងនៅ​ចុង​បញ្ចប់​​នៃរបាយការណ៍​នីមួយៗ​របស់​លោក​ចាប​់​តាំង​ពី​លោក​បាន​ទទួល​តំណែង​ជា​ប្រេសិត​ពិសេស​មិន​យក​​ប្រាក់​ខែ​ កាលពី​ឆ្នាំ​២០០៩​។ របាយ​ការណ៍​របស់​លោក​ក្នុង​ឆ្នាំ​២០១០​ និយាយអំពីប្រព័ន្ធតុលា​ការ​​កម្ពុជា​ លោក​បាន​សន្និដ្ឋាន​ថា មាន​អំពើ​ពុក​រលួយនៅ​ក្នុង​ស្ថាប័ននេះ ព្រមទាំងទទួល​រងឥទ្ធិពល​នយោបាយផងដែរ៕

ប្រែសម្រួលដោយស៊ាស៊ុយឈាង

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស