31 C
Phnom Penh

នាយក​រដ្ឋមន្ត្រី​ថ្កោល​ទោស​កា​រអត្ថា​ធិប្បាយ​​អំពី​តម្លៃ​លិខិត​ឆ្លង​ដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ លោកនាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ ​រិះ​គន់ទូរទស្សន៍​បណ្តាញ​ព័ត៌​មាន​កម្ពុជា (CNC) ចំពោះ​​ការ​ចាក់ផ្សាយ​បទ​សម្ភាស​មួយ​ជា​មួយ​បុគ្គលិក​អង្គ​ការ​សិទ្ធិ​មនុស្សម្នាក់​ ដែល​បាន​អះអាង​​​ថា​ មូល​ហេតុ​មាន​ព​លករ​កម្ពុជា ខុស​ច្បាប់​យ៉ាង​ច្រើន​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ គឺ​ដោយ​សារតែ​ការ​​ចំណាយ​ច្រើន​​ក្នុង​ការ​ធ្វើ​​លិខិត​ឆ្លង​ដែន​។

ថ្លែងក្នុងកិច្ច​ប្រ​ជុំ​បូក​សរុប​ការ​ងារ​ប្រ​ចាំ​ឆ្នាំ​របស់​ក្រសួង​ការងារ បណ្តុះ​បណ្តាល ​និង​វិជ្ជាជីវៈ ក្នុង​រាជ​ធានី​ភ្នំពេញ លោក ហ៊ុន សែនបាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​អត្ថា​ធិប្បាយ​របស់​បុគ្គលិក​អង្គ​ការ​សិទ្ធិ​មនុស្ស​រូប​នោះ​ក្នុង​កម្ម​វិធីព័ត៌​មាន​របស់​ទូរទស្សន៍​ CNC ​កាល​ពី​ថ្ងៃ​អង្គារ។

លោកហ៊ុនសែនមាន​ប្រ​សាសន៍​ថា “ ខ្ញុំ​ សូម​បដិសេធ​​ចំពោះ​ការ​លើក​ឡើង​ថា រដ្ឋា​ភិបាល​​យក​លុយ​ធ្វើ​លិខិត​ឆ្លង​ដែន​​ពី​ពល​ករ​ចំណាក​ស្រុក ហើយ​ខ្ញុំគិតថា ទូរទស្សន៍CNC មិនគួរ​សម្ភាសមនុស្ស​ឆ្កួត​ទាំង​អស់នោះ​ទេពីព្រោះ​វា​នឹង​បំពុល​បរិយា​កាស​សង្គម”។​លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ចំណាយ​ “ រាប់​​លាន​ដុល្លារ​” ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​ធ្វើ​​លិខិត​ឆ្លង​ដែន​របស់​ពល​ករ​ចំណាក​ស្រុក។

លោកថ្លែង​ថា “ ជា​ធម្មតា​រដ្ឋា​ភិបាល​យក​ថ្លៃ​១០០​ដុល្លារ​សម្រាប់​លិខិតឆ្លង​ដែន ​ប៉ុន្តែ​យើង​មិន​គិត​ប្រាក់​​ទេសម្រាប់​លិខិត​​ឆ្លង​ដែន​របស់​ពលករ​ចំណាក​ស្រុក។​យើង​យក​តែ​២០​​ដុល្លារ​សម្រាប់​​កិច្ចការ​ផ្សេង​​ប៉ុណ្ណោះ”។ លោកនៅសម្ផស្សនិពន្ធ​នាយក​កម្ម​វិធី​ព័ត៌​មាន​របស់​ទូរទស្សន៍​ CNC ​មាន​ប្រ​សាស​ន៍​ថា តំណាង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​រូប​នោះ​មក​​ពី​​អង្គ​ការ ខារ៉ាម ខេមបុូឌា ដែលជាអង្គ​ការ​​ធ្វើ​ការ​​ជា​មួយ​​ពល​ករ​ចំណាក​ស្រុក​ ប៉ុន្តែ​លោក​​​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ទៀត​​អំពី​ការ​រិះ​គន់​របស់​លោក ហ៊ុនសែនចំពោះ​បទ​សម្ភាស​នោះទេ។

លោកយ៉ាណាវុធនាយក​ប្រតិ​បត្តិ​អង្គការ​​ខារ៉ាម ​អះអាង​ថា លោក​​គឺជា​មនុស្ស​ដែល​​ទូរទស្សន៍ CNC សម្ភាស ​អំពី​បញ្ហាពល​ករខ្មែរ​​​ចំណាក​​ស្រុក​។លោក​បន្ថែម​​ថា “ នៅពេល​ខ្ញុំ​​និយាយ​ជាមួយបង​ប្អូន​​នៅការិយា​ល័យធ្វើ​​លិខិត​ឆ្លង​ដែន ដែល​ទៅ​ធ្វើ​លិខិត​ឆ្លង​ដែនពួកគាត់​និយាយ​ថា អ្នក​ខ្លះ​ត្រូវ​ចំណាយ​ប្រាក់​១០០​ដុល្លារ​សម្រាប់​ពល​ករ​ចំណាក​ស្រុក​ធម្មតា​ហើយ​អ្នក​ខ្លះ​ទៀត​ចំណាយ​ពី​២០០ទៅ​៣០០ដុល្លារ​​សម្រាប់​​ទិដ្ឋាការ​ពល​ករ​ចំណាក​ស្រុក ពេល​ពួកគាត់​​ទៅ​តាម​រយៈ​​ឈ្មួញ​កណ្តាល។ នេះជា​ព័ត៌​មាន​ដែល​ខ្ញុំទទួលបាន”។

លោកសោមឆាយាអគ្គ​នាយក​រង​ស្ថានីយ​​ទូរទស្សន៍​ CTN របស់​ក្រុម​ហ៊ុន​​ រ៉ូយ៉ាល់គ្រុបនិង​ជា​ស្ថានីយ​មេ​របស់​​ទូរទស្សន៍ CNC ​បាន​មាន​ប្រ​សាសន៍​ថាបន្ទាប់​ពី​លោកហ៊ុនសែន ​រិះគន់​ចំពោះ​​បទ​សម្ភាស​នេះរួច ស្ថានីយ​ទូរទស្សន៍​បានសម្រេច​ដក​ការ​អត្ថា​ធិប្បាយ​ដែល​ប៉ះពាល់​នេះ​ចេញ​អំឡុង​​​​ពេល​ចាក់​ផ្សាយ​​កម្ម​វិធី​នេះ​ឡើង​វិញ។

ថ្វី​បើ​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ចេញ​មុខ​ការ​ពារ​តម្លៃ​លិខិត​ឆ្លង​ដែន​ជា​សាធារណៈ​ក្តី ​ក៏​អ្នក​ដែល​កំពុង​តម្រង់​ជួរ​គ្នា​​រង់​ចាំ​​កាល​ពី​ម្សិល​មិញ​នៅ​ការិយាល័យ​ធ្វើ​លិខិត​ឆ្លង​ដែន​​ក្នុង​រាជ​ធានី​ភ្នំពេញ​​ បាន​រាយ​ការណ៍​ពី​តួ​លេខ​ស្រដៀង​គ្នា​នឹង​តួ​លេខ​​​លើក​ឡើង​ដោយ​លោកយ៉ាណាវុធ​ ដែរ។

លោកហ៊ែលប៊ុនឡុងអាយុ៣០​ឆ្នាំ​​បាន​ និយាយ​ថា ​គាត់​មាន​គម្រោង​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នៅ​ខែ​មីនា នៅ​រោង​ចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​មួយ​ ហើយ​គាត់​បាន​ចំណាយ​១៦០​ដុល្លារ​សម្រាប់​លិខិត​ឆ្លង​ដែន​របស់​គាត់​ ដែល​ធ្វើ​តាម​រយៈ​ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ ខេអិលអឹម។ លោកបាន​និយាយ​ថា “ ខ្ញុំ​បាន​ចំណាយ​១៦០ដុល្លារ ប៉ុន្តែ​ក្រុម​ហ៊ុន​ចំណាយ​៤០​ដុល្លារ ដូច្នេះ​លិខិត​ឆ្លង​ដែន​ជា​ធម្មតា​មាន​តម្លៃ​២០០​ដុល្លារ​”។

ស្ត្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ វួចម៉ូរ៉ាអាយុ​២០​ឆ្នាំ​ និយាយ​ថា ​នាង​បានចំណាយ​ប្រាក់​ចំនួន​​៣០០​ដុល្លារ​ឲ្យ​ទៅ​ទីភ្នាក់​ងារ​ជ្រើសរើស​​ពល​ករ​​​របស់​នាង​ ដើម្បី​ទទួលបាន​លិខិត​ឆ្លង​ដែន ហើយ​កាល​ពី​ម្សិល​មិញ​នាង​​ក៏​បានឈរ​តម្រង់​​ជួរ​នឹង​គេ​ដែរ​ ដើម្បី​ធ្វើ​លិខិត​ឆ្លង​ដែន។​​នាង​​នឹង​ចាក​ចេញ​ទៅ​ប្រទេស​ថៃ នៅ​ខែ​កុម្ភៈ​​ដើម្បី​​ធ្វើ​ការ​​នៅ​រោង​ចក្រ​កែ​ច្នៃ​សាច់​ត្រី។

លិខិត​មួយ​បិទនៅ​​ជញ្ជាំង​​ការិយា​ល័យ​ធ្វើ​លិខិត​ឆ្លង​ដែន​​កាល​ពី​ម្សិល​មិញ​​ ដែល​មាន​​ហត្ថ​លេខា​របស់​​លោកហ៊ុនសែនចែង​ថា ​ពល​ករ​ចំណាក​ស្រុក​​នឹង​ត្រូវ​​ចំណាយ​តែ​២៤​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​លិខិត​ឆ្លង​ដែន​មួយ។​កាល​ពី​ម្សិល​មិញ មន្ត្រី​​នៅ​ការិយា​ល័យ​នេះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​​អំពីភាព​ខុស​គ្នានៃ​តម្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​នេះ​ទេ​ ដោយនិ​យាយ​ថា ពួក​គេគ្មាន​ការ​អនុញ្ញាត​ឲ្យ​និយាយ​​ជាមួយអ្នក​យក​ព័ត៌​មានឡើយ។

លោកវងសូតរដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានមាន​ប្រ​សា​សន៍​​ក្នុង​កិច្ច​ប្រ​ជុំ​បូក​សរុប​ការងារ​​​ប្រចាំ​ឆ្នាំ​ថា ​ពល​ករ​ចំណាក​ស្រុក​ស្រប​ច្បាប់​ចំនួន​៨២.៣៧៩​​​​នាក់​ បាន​ចាក​ចេញ​ពី​​ប្រទេស​កម្ពុជា ចាប់​តាំ​ង​​ពី​ឆ្នាំ២០០៩ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​​តាមរយៈក្រុម​ហ៊ុន​ឯក​ជន​នាំ​ពល​ករ​ទៅ​ធ្វើ​ការ​នៅ​បរទេស​ចំនួន​៣១។ពល​ករ​ចំណាក​ស្រុក​ខុស​ច្បាប់​​ជា​ច្រើន​ទៀត​ចាក​ចេញ​ពី​ប្រទេស​ជា​រៀង​រាល់​ឆ្នាំ។

លោកបាន​មាន​​ប្រ​សាសន៍​ថា“និយាយ​ពី​ពល​ករ​ចំណាក​ស្រុក​ខុស​ច្បាប់ ពេល​នេះ​យើង​កំពុង​សហ​ការជា​មួយ​ប្រទេស​ថៃ​​តាម​រយៈ​គណៈ​កម្មការ​របស់​ក្រសួង​ការ​ងារ​ ដែល​អាច​ជួយ​​​ឲ្យ​ពួកគេក្លាយ​​ជា​ពល​ករ​ចំណាក​ស្រុក​ស្រប​ច្បាប់​តាម​រយៈ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​”។លោក​បាន​បន្ត​ថា រហូត​មក​ទល់​​ពេល​នេះ រក​ឃើញ​ថា​ មានប្រ​ជា​ពល​រដ្ឋ​​ខ្មែរ​ចំនួន​១៥២.៥៧៨​នាក់​  តម្រូវ​ឲ្យ​មាន​​លិខិត​បញ្ជាក់​​សញ្ញាណ​នោះ៕

ប្រែ​សម្រួល​ដោយតែមសុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស