29.3 C
Phnom Penh

អ្នក​​​ជំនាញ៖ ការ​​​គោរព​​​សិទ្ធិ​​​មនុស្ស​​​និង​​​គោរព​​​បទ​​​ដ្ឋាន​​​ការ​​ងារ​​​អាច​​​ធ្វើ​​​ឲ្យ​​​រោង​​​ចក្រ​​​ទទួល​​​បាន​​​ប្រយោជន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ អ្នក​​​ជំនាញ​​​ការ​​​ងារ​​​បាន​​​លើកឡើង​នៅ​​​ក្នុង​​​កិច្ច​​​ពិភាក្សា​​​តុ​​​មូល​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ថា ការ​​​ដែល​​​រោង​​​ចក្រ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​គោរព​​​បទ​​​ដ្ឋាន​​​ការ​​​ងារ​​​​ អាច​​​ជួយ​​​ឲ្យ​​​ឧស្សាហកម្ម​​កាត់​​​ដេរ​​​ទទួល​​​បាន​​​ផល​​​ប្រយោជន៍​​​យូរ​​​អង្វែងនិង​​​អាច​​​ធ្វើ​​​ឲ្យ​​​ក្រុម​ហ៊ុន​​​​អន្ដរ​​​ជាតិ​​​ល្បី​​​ៗ​​​ចាប់​​​អារម្មណ៍​​​​ក្នុង​​ការ​ទិញ​សម្លៀក​បំពាក់​ពី​​​កម្ពុជា​​​ទៀង​​​ផង។

ថ្លែង​​​នៅ​​​ក្នុង​​​កិច្ច​​​ពិភាក្សា​​​​ដែល​មាន​ការ​ចូល​​​រួម​​​​ពី​មន្ត្រី​​​រដ្ឋា​​​ភិបាល ​តំណាង​រោង​​​ចក្រ​​​និង​​​​​​សហ​ជីពនោះ​​​​លោកស្រី​ មៀវ ហ្គលវីន (Maev ​​​​​​Galvin)​​​អ្នក​​​ប្រឹក្សា​​​យោបល់​​​​​​​នៅកម្មវិធី​​​រោង​​​ចក្រ​​​កាន់តែ​​​​ប្រសើរ​​​នៅ​​​កម្ពុជា​​នៃ​អង្គការ​​​ពល​​​​កម្ម​អន្តរជាតិ ​​​(ILO) បាន​​​មាន​​​ប្រសាសន៍​​​ថាកាល​​​ពីមុនដោយ​​​សារតែ​​​កម្មករ​​​សន្លប់​​​ច្រើន​​​និង​​​ធ្វើ​​​បាតុ​​​កម្ម​​​ច្រើន​​​ ​​​​ក្រុម​ហ៊ុន​​​​អន្ដរ​​​ជាតិ​​​​​​ត្រូវរង​​​សម្ពាធ​​​ឲ្យ​​​​ធានា​​ឲ្យ​មាន​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​​​​ល្អ​​ប្រសើរ​​​សម្រាប់​​​កម្ម​​​ករ។​​​

លោក​​​ស្រី​​​ ហ្គលវីនបាន​​​មាន​​​ប្រសាសន៍​​​ថា“​ ក្រុម​ហ៊ុន​​​​​​អន្ដរជាតិ​​​ជា​​​ច្រើន​​​ដែល​​​​ទិញ​សម្លៀក​បំពាក់​ពី​​​​កម្ពុជាគឺជា​​​ក្រុមហ៊ុន​​​​ដែល​​​​​​មាន​​​ទំនាក់​​​ទំនង​សាធារណៈ​​​មិន​​​ល្អ​​​ពី​​​មុន​​​មក​​​។  ពួកគេ​​​ចង់​​​ឲ្យ​​​រោង​​​ចក្រទទួល​​​ខុស​​​ត្រូវ​​​ ហើយ​​​ពួកគេ​​​ចង់​​​មាន​​​ទំនុក​​​ចិត្ត​​​និង​​​ទំនាក់​​​ទំនង​​​ល្អ​​​ជា​​​មួយ​​​អ្នក​​​ផ្គត់​​​ផ្គង់​​​របស់​​​ខ្លួន​​​”។

លោក​​​ស្រី​​​បាន​​​បន្ថែមទៀត​​​ថា “​ក្រុមហ៊ុន​​​អន្តរជាតិ​​​​​​មាន​​​ទួ​​​នាទី​​​យ៉ាង​​​សំខាន់​​​ក្នុង​​​ការ​​​ជួយ​​​រោង​​​ចក្រឲ្យ​​​​​គោរព​​​គ្នា​​​​”។ យោង​​​តាម​​​សមាគម​​​រោងចក្រ​​​កា​​​ត់​​​ដេរ​​​នៅ ​​​កម្ពុជា​​​បាន​​​ឲ្យ​​​ដឹង​​​ថារោង​​​ចក្រ​​​នៅក្នុង​​​ប្រទេស​​​​​​​​​កម្ពុជា​​​បច្ចុប្បន្ន​​​ត្រូវ​​​ការ​​​កម្មករ​​​ប្រហែល​​​ពី​​​៦០.០០០​​​នាក់​​​ទៅ​​​៨០.០០០​​​នាក់​​​ ​ទើប​អាច​​បំពេញ​តាម​​​​ការ​​​បញ្ជា​​​ទិញ​​​ក្នុង​​​វិស័យ​​​នេះ​​​ហើយ​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ប្រសើរគឺ​​​ជា​​​មធ្យោ​​​បាយ​​​មួយ​​​ក្នុងការ​​​បំពេញ​​​ចន្លោះ​​​ប្រហោង​​​។

លោកស្រីមៀវហ្គាលវីន ​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ដោយ​​​លើក​​​យក​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​ ខែន​​​ស្ប៉ត “(Can Sport Footwear) នៅក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ជា​​​ឧទារហណ៍​​​ថានៅ​​​ពេល​​​ដែល​​​វិស័យ​​​នេះ​​​​​​កំពុង​​​រីកចម្រើន​​​ដែល​​​រហូត​​​មក​​​ដល់​​​ពេល​​​នេះមាន​​​រោង​​​ចក្រ​​​ថ្មី​​​បើក​​​ទ្វារ​​​ចំនួន​​​៧៥ហើយ​​​គេ​​​​​​ចំាបាច់​​​ត្រូវ​​​ផ្ដល់​​​គ្រឿង​​​លើក​​​ទឹក​​​ចិត្ត​​​សម្រាប់​​​កម្មករ​​​។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍ថា “ដោយ​​​សារ​​​តែ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​[ខែនស្ប៉ត]​​​​​​​​​​​​​​​​​​​​​​​​​​​បាត់​​​បង់​​​កម្មករ ​​​ម្ចាស់​​​រោង​​​ចក្រ​​​ចាប់​​​ផ្តើម​​​ផ្តល់​​​អាហារ​​​​​ឲ្យ​កម្មករ​​​​​ដោយ​ឥត​​​​គិត​​​ថ្លៃ​​​”និង​​​បាន​​​សង់​​​អាហារ​​​ដ្ឋាន​​​ កាល​​​ពី​​​ខែ​​​សីហាដែល​​​ប្រការ​​​នេះ​​​បាន​​​ទាក់​​​ទាញ​​​កម្មករ​​​ថ្មី​​​ៗឲ្យ​​​មក​​​ធ្វើការ​​​ និង​​​ធ្វើ​​​ឲ្យ​​​រោង​​​ចក្រ​​​ទទួល​​​បាន​​ផល​​​ប្រយោជន៍​​​លើស​​​គូប្រជែង​​​របស់​​ខ្លួន​​​ទៀត​​​ផង​​​។

លោក​​ ខ្លាង ឌីណា រដ្ឋបាល​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ ម៉ែក្ស វ្យូ (Max View)​​​​​​មាន​​​ប្រសាសន៍​​​ថានៅ​​​ឯរោង​​​ចក្រ​​​កាត់​​​ដេរ​​​ ម៉ែក្សវ្យូក្នុង​​​សង្កាត់​​​ចោមចៅខណ្ឌពោធិ៍សែនជ័យ​​​រាជ​​​ធានី​​​ភ្នំពេញកម្មករ​​​អាច​​​ទទួល​​​បាន​​​ប្រាក់​​​ប្រាំបួន​​​​​​ដុល្លារ​​​ បន្ថែម​​​លើ​​ប្រាក់​​​ខែអប្បបរមា​​​ចំនួន​​​​​​៦១ដុល្លារ​​​ ដោយ​​​សារតែ​​​រោង​​​ចក្រ​​​នេះ​​​ត្រូវ​​​ការ​​​​​​ជួលកម្មករ​​​​១០០​​​នាក់​​​បន្ថែម​​​។​​​

លោកឌីណា បានមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​​​​ថាលើស​​​​​​ពីនេះ ​​​រោង​​​ចក្រ​​​ក៏បាន​អនុញ្ញាត​​​​​​ឲ្យ​​​​កម្មករ​​​ឈប់​​​​​​​​​សម្រាក​​​ចូលរួម​​​អាពាហ៍​​​ពិពាហ៍និង​​​បុណ្យ​​​សព​​​​​​ទៀត​​​ផង។លោកបន្តថា“នេះ​​​ធ្វើ​​​ឲ្យ​​​ពួកគេសប្បាយ​​​ចិត្ត​​​។យើង​​​ក៏បាន​​​ចែក​​ទឹក​​​ក្រូច​​​ជា​​​ច្រើន​​​ឲ្យ​​​កម្មករ​​​ទៀត​​​ផង​​​ ដើម្បី​​​លើក​​​ទឹកចិត្ត​​​ពួក​​​គេ​​​ឲ្យធ្វើការ”​​​៕

ប្រែសម្រួលដោយ​​​ ហម សុផាណ្ណា​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស