40.6 C
Phnom Penh

ការ​នាំ​ចូល​សម្ភារ​សំណង់​ និង​វត្ថុ​ធាតុ​ដើម​សម្រាប់​រោង​ចក្រ​កាត់​ដេរ​គ្រប​ដណ្តប់​ច្រើន​ជាងគេ​លើ​ការ​នាំ​ចូល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មក​ពី​ក្រសួង​ពាណិជ្ជ​កម្ម​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ ការ​កើន​​ឡើង​តម្លៃ​នៃ​ការ​នាំ​ចូល​ទំនិញ​មក​កាន់​ប្រទេស​​កម្ពុជា​ឆ្នាំ​នេះ​ចំនួន​២២,៨​ភាគ​រយ​ មួយ​ផ្នែក​គឺ​កើត​មាន​ឡើង​ដោយ​សារ​ការ​កើន​ឡើង​តម្រូវ​ការ​សម្ភារ​សំណង់។

លោក​ ខុន​ សាវុធ​ ប្រធាន​ការិ​យាល័យ​ស្ថិតិ​ នៅ​នាយក​ដ្ឋាន​កាំកុង​ត្រូល​នៃ​ក្រសួង​ពាណិជ្ជ​​កម្ម​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​រយៈ​ពេល​១១​ខែ​ដំបូង​ឆ្នាំ​២០១២​នេះ​ ទំហំ​ពាណិជ្ជ​កម្ម​នាំ​ចេញ​​នាំចូល​ប្រទេស​កម្ពុជា ​សរុប​បាន​កើន​ឡើង​​ដល់​ចំនួន​១២,៣១​ពាន់​លាន​ដុល្លារ​។

ក៏​ប៉ុន្តែ​ នៅ​ក្នុង​រយៈ​ពេល​នេះ​ គេ​មើល​ឃើញ​ថា​ ការ​នាំ​ចូល​មាន​ការ​កើន​ឡើង​ខ្លាំង​ជាង​ការ​នាំ​ចេញ​ ពោល​គឺ​ទំនិញ​ ដែល​ត្រូវ​បាន​​នាំ​ចូល​ប្រទេស​កម្ពុជា​ចន្លោះ​ពី​ខែ​មករា​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០១២​នេះ​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​​៧,៣៤​ពាន់​លាន​ដុល្លារ។

លោក​ សាវុធ​ ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ តួលេខ​នោះ​ គឺប្រៀប​ធៀប​នឹង​ការ​នាំ​ចូល​ប្រទេស​​កម្ពុជា​ ដែល​ទំហំ​ទឹក​ប្រាក់​ចំនួន​៥,៩៨​​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​​ពី​ឆ្នាំ​២០១១។

លោក​ បាន​ឲ្យ​ដឹង​ទៀត​ថា​ តួលេខ​លម្អិត​តូចៗ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។​ បើទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ​ ក៏​លោកបាន​មាន​ប្រសា​សន៍​​ឲ្យ​ដឹង​ថា​ ការ​នាំ​ចូល​សម្ភារ​សំណង់​កំ​ពុង​តែ​មាន​ការ​កើន​ឡើង​ ហើយ​វត្ថុ​ធាតុ​ដើម​ដែល​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វិស័យ​កាត់ដេរ​មាន​ការ​​កើន​ឡើង​ដែរ។

លោក​ សាវុធ​ បាន​មាន​ប្រសាសន៍​ជា​បន្ត​ទៀត​ដូច្នេះ​ថា​ “ យើង​ឃើញ​ថា​ វិស័យ​សំណង់​​កំពុង​មាន​ការ​កើន​ឡើង​ ហើយ​យើង​ចាំ​បាច់​​ត្រូវ​តែ​នាំ​ចូល​សម្ភារ​សំណង់​ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​នេះ​”។

លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ការ​នាំ​ចេញ​​ពី​ប្រទេស​កម្ពុជា​ នៅ​ក្នុង​រយៈ​ពេល​១១​ខែ​ឆ្នាំ​២០១២​នេះ​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​៤,៩៧​​ពាន់​លាន​ដុល្លារ​ ពោល​គឺ​កើន​ឡើង​ជាង​១០​ភាគ​រយ​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១។

លោក​ សាវុធ​ បន្ថែម​ទៀត​ថា​ ផលិត​ផល​វាយន​ភណ្ឌ​ ស្បែក​ជើង​ និង​ផលិត​ផល​កសិ​កម្ម​​គ្រប​ដណ្តប់​លើ​ការ​នាំ​ចេញ​ច្រើន​ជាង​គេ។

បើ​យោង​តាម​តួលេខ​នៃ​ការ​នាំ​ចេញ​នៅ​ក្នុង​រយៈ​ពេល​១០​ខែ​ដំបូង ​ឆ្នាំ​២០១២​នេះ​បាន​បង្ហាញ​ថា​ សម្ភារ​សំណង់​ចំនួន​៦៧៨.០០០​​តោន​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​៣៣១​លាន​ដុល្លារ​ត្រូវ​បាន​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា។

លោក​ ជេម​ ស្ទើលីង​ (James Sterling)​ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្ភារ​សំណង់​ នឹង​គ្រឿង​សង្ហារិម​ អេតវ៉ាន់​ ខន់ស្ត្រាក់សិន​ (ខេមបូឌា)​ ខូអិលធីឌី​ [Advance Construction (Cambodia) Co., Ltd.]​ បាន​មាន​ប្រសាសន៍​ថា​ វិស័យ​សំណង់​បាន​កើន​ឡើង​យ៉ាង​គំហុក​នៅ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែ​កន្លង​ទៅ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ​ថា “ បច្ចុប្បន្ន​នេះ​ វា​ពិត​ជា​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង” ហើយ​លោក​បាន​បន្ថែម​ទៀត​ថា​ ជា​ពិសេស​មាន​តម្រូវ​ការ​សម្ភារ​សំណង់​គុណ​ភាព​ខ្ពស់​ ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ ដើម្បី​សាង​សង់​អាហារ​ដ្ឋាន​ទំនើបៗ។

លោក​បាន​មាន​ប្រសាសន៍​ថា​ ឧទាហរណ៍ “ តែង​តែ​មាន​ការ៉ូ​ជា​ច្រើន​ប្រភេទ​ ដែល​ត្រូវ​​បាន​នាំ​ចូល​ពី​ប្រទេស​ចិន​ និង​ប្រទេស​វៀត​ណាម​ ក៏​ប៉ុន្តែ​ នា​ពេល​បច្ចុប្បន្ន​នេះ​ យើង​មាន​ការ​ស្នើ​សុំ​មួយ​ចំនួន​ឲ្យ​នាំ​ចូល​ការ៉ូ​នាំ​មកពី​ប្រទេស​​អុីតាលី​”៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស