27.5 C
Phnom Penh

លោក ហ៊ុន សែន ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​ប្រេសិត​ពិសេសUN

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញ​ថា លោក​នឹង​មិន​ជួប​ពិភាក្សា​ជាមួយ​លោក សុរិយាស៊ូបេឌី ប្រេសិតពិសេស​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ឡើយ​ហើយ​នឹង​មិន​ស្ដាប់​ដំបូន្មាន​ពី​បរទេស​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​ក្នុង​ប្រទេស​កម្ពុជា​ដែរ។

ដោយ​ថ្លែង​មិន​ចំ​ឈ្មោះ​លោក សុរិយាស៊ូបេឌីលោកហ៊ុនសែន ​មាន​ប្រសាសន៍​ថាលោក​នឹង​មិន​ជួប​ពិភាក្សា​ជាមួយ​ប្រេសិត​ពិសេស​រូប​នេះ​ទេ​ ពីព្រោះ​លោក​មិន​មាន​ពេល​វេលា​ និងគ្មាន​កាតព្វកិច្ច​ត្រូវ​ជួប​ឡើយ​។

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ​ថ្លែងក្នុង​ពិធី​ចែក​សញ្ញាបត្រ​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា “ ​ខ្ញុំ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​នរណា​ធ្វើ​របាយ​ការណ៍អ្វី​ឡើយ​ ហើយ​ខ្ញុំ​ក៏​គ្មាន​ពេល​វេលា​ស្ដាប់​ដំបូន្មាន​ដែរ​”។

លោក​ ហ៊ុនសែនបាន​មាន​ប្រសាសន៍​ថា“ខ្ញុំ​បាន​ទទួល​ដំណឹង​ថាលោក​ចង់​ជួប​ពិភាក្សា​ជាមួយ​ខ្ញុំ​។តែខ្ញុំ​គ្មាន​ពេលទេ។រដ្ឋ​ធម្មនុញ្ញ​បាន​កំណត់​ថាខ្ញុំ​ត្រូវទទួល​ខុស​ត្រូវ​ចំពោះ​រដ្ឋ​សភា​ អ៊ីចឹង​ហេតុ​អ្វី​ខ្ញុំ​ចាំ​​បាច់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ជន​បរទេស​? វា​មិន​ស្រប​តាម​​រដ្ឋធម្មនុញ្ញ​ឡើយ​”។

លោក​បាន​លើក​ឡើង​ថា “ ខ្ញុំ​ធ្វើ​អ្វី​ៗ​នៅ​ក្នុង​ប្រទេស​របស់​ខ្ញុំ​​។ អ្នក​អាច​សរសេរ​អ្វី​ក៏​បាន​តាម​តែ​ចិត្ត​ចង់​”។ លោកសុរិយាស៊ូបេឌីដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យក្នុង​បេសក​កម្ម​ស្វែង​រក​ការពិត​លើក​ទី​៨​របស់​លោក​ ចាប់​តាំង​ពី​លោក​បាន​ទទួល​តំណែង​ជា​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ ដោយមិន​យក​ប្រាក់​ខែ​ នៅ​ក្នុង​ពាក់​កណ្ដាល​ឆ្នាំ​២០០៩​ បាន​រង់ចាំ​ចម្លើយ​តាម​សំណើ​របស់​លោក​សុំ​ជួប​ពិភាក្សា​ជាមួយ​លោកហ៊ុនសែនអស់​រយៈ​ពេល​ជាង​បី​សប្ដាហ៍​មក​ហើយ​។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ កាល​ពី​ម្សិលមិញ​ លោកហ៊ុន​ សែនក៏​បាន​លើក​អំពី​បញ្ហា​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ផ្សាយ​តាម​វិទ្យុ​ ដែល​​លោកមិន​បញ្ជាក់​ឲ្យបានច្បាស់​លាស់​ អំពីមនុស្ស​ម្នាក់​បាន​អះអាង​ថាកិច្ច​ប្រជុំ​រវាង​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែននិង​ប្រេសិត​ពិសេស​អង្គការ​សហប្រជា​ជាតិ​ គឺ​មិន​អាច​ចៀស​ផុត​ឡើយ​។

លោកហ៊ុនសែនបាន​មាន​ប្រសាសន៍​ថា “ ​មិន​ថាអ្នក​ឯង​មក​ពី​ទីណា​នោះ​ឡើយគឺ​មិន​អាច​បញ្ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ឲ្យ​ជួប​ពិភាក្សា​ជាមួយ​អ្នក​ឡើយ​ វា​មិន​អាច​ទៅរួចទេ​”។លោក​បាន​បន្ដ​ថា “ ​នេះ​គឺ​ជា​សារ​មួយ​ ដែល​ខ្ញុំចង់​ប្រាប់​ថា នៅថ្ងៃ​អនាគត​ សូម​មេត្តា​យល់​អំពី​អធិបតេយ្យ​ភាពផង​។ខ្ញុំ​មិន​ដឹង​ទេ​ ប៉ុន្ដែមាន​អ្នកនិយាយតាមវិទ្យុថាបុគ្គល​រូប​នេះ​មក​ ហើយ​គ្រោងចូលគាល់​ព្រះ​មហាក្សត្រ​ និង​ជួប​នាយក​រដ្ឋមន្ត្រី​ ព្រម​ទាំ​ង​អ្នក​ផ្សេង​ៗ​ទៀត​”។

ទោះ​ជាយ៉ាងណាលោក​ ហ៊ុនសែនបាន​សង្កត់​ធ្ងន់​ថាលោក​ក៏​អាច​ស្ដាប់​ដំបូន្មាន​របស់​អ្នកផ្សេង​ខ្លះៗ​ដែរ​។លោកហ៊ុនសែនបាន​ថ្លែង​ថា “ នេះ​មិន​មែន​មាន​ន័យ​ថា យើង​មិន​ស្ដាប់​អ្នក​ផ្សេង​​នោះ​ឡើយ ប៉ុន្ដែ អ្នក​ទាំង​នោះ​​មិន​គួរ​ដើរ​តួ​ដូច​ជា​ចៅហ្វាយ​របស់​ប្រទេស​កម្ពុជានិង​ជាចៅហ្វាយរបស់​ ហ៊ុនសែនឡើយ ពី​ព្រោះ​ ហ៊ុនសែនទទួល​ខុស​ត្រូវ​ចំពោះ​រដ្ឋ​សភា​​ ហើយ​រដ្ឋ​សភា​ទទួល​ខុស​ត្រូវ​ចំពោះ​ម្ចាស់​ឆ្នោត”។

នៅ​ក្នុង​សេចក្តីថ្លែង​ការ​ណ៍​ព្រាងទុកលោកសុរិយាស៊ូបេឌីបាន​មាន​ប្រសាសន៍​ថាលោក​មិន​ដែល​មាន​បំណង​បង្គាប់​បញ្ជា​លោក​នាយក​រដ្ឋ​មន្ត្រី​ឡើយ។

លោកសុរិយាស៊ូបេឌីបាន​ថ្លែង​ថា “ ​ខ្ញុំ​មិន​មាន​បំណងអ៊ីចឹងទេ​ ហើយ​ក៏​មិន​មែន​មា​ន​ន័យ​ថា ដាក់​កំហិតទៅ​លើ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ដែរ​”។ លោក​បាន​លើក​ឡើង​ថា អ្វី​ៗទាំង​អស់​ដែល​ខ្ញុំ​ព្យាយាម​ធ្វើ​ គឺ​ធ្វើ​ទៅ​តាម​ការ​ងារ​របស់​ខ្ញុំ​ តំណាងឲ្យ​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​ផ្ដល់​ប្រឹក្សា​ដល់​រដ្ឋា​ភិបាលពី​អ្វី​ ដែល​ជា​កាតព្វកិច្ច​របស់​ខ្លួន​ ដោយអនុលោម​ទៅ​តាម​ច្បាប់​អន្ដរជាតិ​ ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ស្នើ​ គឺធ្វើ​ទៅ​តាម​លទ្ធភាព​របស់​ខ្ញុំ​​ក្នុង​នាម​ជា​អ្នក​ជំនាញ​ឯករាជ្យ​មួយ​រូប​របស់​អង្គការ​សហ​ប្រជាជាតិ​។

លោកសុរិយាស៊ូបេឌីមាន​ប្រសាសន៍​​បន្ដ​ថា “ ខ្ញុំ​គោរព​​រដ្ឋាភិបាល​ និងអធិបតេយ្យ​ភាព​របស់​ប្រទេស​នេះ​។ ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ប្រសិនបើ​​ទទួល​ដំណឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រីនឹងបន្ដ​ស្ដាប់​អនុសាសន៍​របស់​ខ្ញុំ​ ដែលខ្ញុំ​គិត​ថាវាជា​ផល​ប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​”។ លោក​បាន​ថ្លែង​ថាលោក​សង្ឃឹម​ថាកិច្ច​ប្រជុំ​របស់​លោកជាមួយ​នឹង​បណ្តាមន្ត្រី​រដ្ឋា​ភិបាល​ផ្សេង​ៗ​ទៀត​នឹង​នៅតែបន្ដ​។

លោកសុរិយាស៊ូបេឌីក៏​បាន​ថ្លែង​ដែរ​ថា “ ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​នៅ​ក្នុង​សង្គម​កម្ពុជា​ រួម​មាន​អង្គការ​សង្គម​ស៊ីវិលនិង​ដៃ​គូអភិវឌ្ឍ​ ផ្សេងទៀតហើយ​យើង​មិនឯកភាព​គ្នា​លើ​បញ្ហា​ចំណុចមួួ​យចំនួន។ប៉ុន្ដែយើង​នឹង​បន្ដ​កិច្ច​ពិភាក្សា​របស់​យើង​ ដើម្បី​ស្វែង​រក​ការឯកភាព​រួម​មួយ​ ហើយ​នេះ​​ ក៏ជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ជាមួយ​រដ្ឋាភិបាលដែរ​”។

ទោះ​បី​ជាយ៉ាង​ណា​ ទំនាក់​ទំនង​របស់​ប្រេសិត​​ពិសេស​អង្គការ​សហប្រជាជាតិ​ជាមួយ​រដ្ឋាភិបាល​មាន​ភាព​រកាំ​រកូស​ចាប់​តាំង​ពី​ពេល​ចាប់​ផ្ដើម​ដំបូង​មក​ម៉្លេះ​។ អំឡុង​ការ​មក​បំពេញទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ កាល​ពី​ខែ​មិថុនាឆ្នាំ​២០០៩លោកហ៊ុនសែនបាន​ចោទ​ប្រកាន់​លោក​ថាបាន​ជ្រើ​សរើសយកការជួប​ពិភាក្សា​ជាមួយ​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ “ ដែល​តែង​តែ​ស្រែក​ដាក់​រដ្ឋាភិបាល​នោះ”។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោកនាយក​រដ្ឋ​មន្ត្រី​​មិន​ដែល​ច្រាន​ចោល​សំណើ​របស់​ប្រេសិត​ពិសេស​ ដើម្បី​សុំ​ជួប​ពិភាក្សា​ទ្វេ​ភាគី​ឡើយ​ ហើយ​កិច្ច​ប្រជុំ​​គ្រោង​ទុក​មួយ​ ដែល​លោក​បាន​លុប​ចោល​ភ្លាម​ៗ​ កាល​ពី​ឆ្នាំ​២០១០​គឺ​ដោយសារ​តែ​បញ្ហា​សុខភាព​។

រហូត​មក​ដល់ពេលថ្មីៗនេះ​ រដ្ឋា​ភិបាល​មិន​ដែល​ឆ្លើយ​តបនឹង​របាយការ​ណ៍​របស់​លោកសុរិយាស៊ូបេឌីចំពោះ​មុខ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ អង្គការ​សហប្រជាជាតិ​ ​ក្នុង​ទី​ក្រុង​ហ្សឺណែវ​ឡើយ​ ប៉ុន្ដែឆ្នាំ​នេះ​ មាន​ការ​ផ្លាស់​ប្ដូរ​។

កាល​ពី​ខែ​សីហា​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ច្រាន​ចោល​របាយ​ការណ៍​មួយ​ ដែល​លោកសុរិយាស៊ូបេឌីបាន​លើក​ឡើង​ថា គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ខ្វះ​ការ​គាំ​ទ្រ​ពី​សាធារណជន​ ហើយ​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​រៀប​ចំ​ជា​ថ្មី​ឡើង​វិញ​។ ក្រោយ​មក​ ក្នុង​ខែកញ្ញា​ លោក​ឱមយិុន​ទៀង ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល បាន​ចោទ​ប្រកាន់​លោកសុរិយាស៊ូបេឌីថាបាន​ធ្វើ​ការ​ឃោសនា​​ឲ្យ​គណបក្ស​ប្រឆាំង​។ បន្ទាប់​មក ​នៅ​ក្នុង​ខែ​តុលា​ លោកហ៊ុនសែនបាន​ចាត់​ទុក​របាយ​ការណ៍​របស់​ប្រេសិត​អង្គការ​សហ​ប្រជាជាតិ​ថាជា​របាយការណ៍​មិន​គួរ​ឲ្យ​ទុក​ចិត្ត​បាន។

ការ​ចាត់​ទុក​មិន​ល្អ​របស់​លោក សុរិយាស៊ូបេឌីចំពោះ​រដ្ឋាភិបាល​ គឺ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ​។ លោកយ៉ាសហ្គាយ (Yash Ghai) ដែល​ជា​អ្នក​កាន់​តំណែង​មុន​លោកសុរិយាស៊ូបេឌីបាន​លាលែង​ពីតំណែង​នៅ​ក្នុង​ឆ្នាំ២០០៨​ ដោយ​​សារ​តែ​មាន​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​រដ្ឋា​ភិបាល​ និង​ខ្វះ​ការ​គាំ​ទ្រ​ពី​អង្គការ​សហ​ប្រជាជាតិ។

លោកហ​៊ុនសែននិង​ស្ទើរតែ​គ្រប់​សមា​ជិក​​ទាំង​អស់របស់គណៈរដ្ឋ​មន្ត្រី​បដិ​សេធមិន​ជួប​ជាមួយ​លោកយ៉ាសហ្គាយនៅក្នុង​អាណត្តិ​បី​ឆ្នាំ​របស់​លោក​ឡើយ​ ដោយ​បាន​ចាប់​ទុក​លោក​ថា ជា​អ្នក​ឆាឆៅ​ និង​បាន​អំពាវ​​នាវ​ឲ្យ​លោកលា​លែង​ពីតំណែង​។

លោកផិតធើឡឺប្រិច (Peter Leuprecht) អ្នក​កាន់​តំណែង​មុន​លោក​ យ៉ាសហ្គាយក៏​បាន​ជួប​ពេល​វេលា​ដ៏លំបាក​នៅ​ពេល​លោក​ធ្វើ​ជា​ប្រេសិត​ពិសេស​ទទួលសិទ្ធិ​មនុស្ស​ប្រចាំ​​កម្ពុជា​ដែរ​។នៅ​ពេលមួយ​លោកហ៊ុនសែនបាន​ហៅ​លោកឡឺប្រិចថា “ ភ្លីភ្លើ”។

ប៉ុន្ដែ នៅ​ពេល​ទំនាក់​ទំនង​របស់​លោកសុរិយាស៊ូបេឌីជា​មួយ​រដ្ឋាភិបាល​ទំនង​ដើរ​ក្នុងផ្លូវ​លោកឡឺប្រិចនិង​លោកយ៉ាសហ្គាយ​ នោះ របាយការណ៍​របស់​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ ស្ដីពី​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​​ត្រូវទទួល​បាន​ការ​គាំ​ទ្រ​ក្នុង​ចំណោម​ម្ចាស់​ជំនួយ​បរទេស​សំខាន់​ៗ​របស់​ប្រទេស​ក​ម្ពុជា​។

សភា​សហភាព​អឺរ៉ុប និង​ព្រឹទ្ធសភា​អូស្ត្រាលី សុទ្ធ​តែ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​គាំ​ទ្រ​របាយការណ៍ និងទទួល​ស្គាល់​អនុសាសន៍​របស់​លោកសុរិយាស៊ូបេឌីនៅ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។កាល​ពី​ថ្ងៃ​ទី​៤ខែ​ធ្នូក្រសួង​​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា ខ្លួន​ក៏​នឹង​បន្ដ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​អនុវត្ត​តាម​អនុសាសន៍​របស់​លោកសុរិយា​ ស៊ូបេឌីដែរ​។ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ នៅ​ក​្នុង​ពិធិប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​ លោកហ្សង់ហ្វ្រង់​ស័រកូតាំង (Jean Francois Cautain) ឯកអគ្គ​រដ្ឋ​ទូត​របស់​សហភាព​អឺរ៉ុប​ប្រចាំកម្ពុជា​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ ចំពោះ​អនុ​សាសន៍​របស់​លោក​ សុរិយាស៊ូបេឌីដែរ៕

(រាយការណ៍​បន្ថែមដោយ Zsombor Peter)

ប្រែសម្រួលដោយស៊ាស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស