លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងមិនជួបពិភាក្សាជាមួយលោក សុរិយាស៊ូបេឌី ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាឡើយហើយនឹងមិនស្ដាប់ដំបូន្មានពីបរទេសពាក់ព័ន្ធនឹងស្ថានភាពក្នុងប្រទេសកម្ពុជាដែរ។
ដោយថ្លែងមិនចំឈ្មោះលោក សុរិយាស៊ូបេឌីលោកហ៊ុនសែន មានប្រសាសន៍ថាលោកនឹងមិនជួបពិភាក្សាជាមួយប្រេសិតពិសេសរូបនេះទេ ពីព្រោះលោកមិនមានពេលវេលា និងគ្មានកាតព្វកិច្ចត្រូវជួបឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រក្នុងរាជធានីភ្នំពេញថា “ ខ្ញុំមិនទទួលខុសត្រូវចំពោះនរណាធ្វើរបាយការណ៍អ្វីឡើយ ហើយខ្ញុំក៏គ្មានពេលវេលាស្ដាប់ដំបូន្មានដែរ”។
លោក ហ៊ុនសែនបានមានប្រសាសន៍ថា“ខ្ញុំបានទទួលដំណឹងថាលោកចង់ជួបពិភាក្សាជាមួយខ្ញុំ។តែខ្ញុំគ្មានពេលទេ។រដ្ឋធម្មនុញ្ញបានកំណត់ថាខ្ញុំត្រូវទទួលខុសត្រូវចំពោះរដ្ឋសភា អ៊ីចឹងហេតុអ្វីខ្ញុំចាំបាច់ត្រូវទទួលខុសត្រូវចំពោះជនបរទេស? វាមិនស្របតាមរដ្ឋធម្មនុញ្ញឡើយ”។
លោកបានលើកឡើងថា “ ខ្ញុំធ្វើអ្វីៗនៅក្នុងប្រទេសរបស់ខ្ញុំ។ អ្នកអាចសរសេរអ្វីក៏បានតាមតែចិត្តចង់”។ លោកសុរិយាស៊ូបេឌីដែលបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យក្នុងបេសកកម្មស្វែងរកការពិតលើកទី៨របស់លោក ចាប់តាំងពីលោកបានទទួលតំណែងជាប្រេសិតពិសេសអង្គការសហប្រជាជាតិ ដោយមិនយកប្រាក់ខែ នៅក្នុងពាក់កណ្ដាលឆ្នាំ២០០៩ បានរង់ចាំចម្លើយតាមសំណើរបស់លោកសុំជួបពិភាក្សាជាមួយលោកហ៊ុនសែនអស់រយៈពេលជាងបីសប្ដាហ៍មកហើយ។
នៅក្នុងសុន្ទរកថារបស់លោក កាលពីម្សិលមិញ លោកហ៊ុន សែនក៏បានលើកអំពីបញ្ហាមួយពាក់ព័ន្ធនឹងការផ្សាយតាមវិទ្យុ ដែលលោកមិនបញ្ជាក់ឲ្យបានច្បាស់លាស់ អំពីមនុស្សម្នាក់បានអះអាងថាកិច្ចប្រជុំរវាងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងប្រេសិតពិសេសអង្គការសហប្រជាជាតិ គឺមិនអាចចៀសផុតឡើយ។
លោកហ៊ុនសែនបានមានប្រសាសន៍ថា “ មិនថាអ្នកឯងមកពីទីណានោះឡើយគឺមិនអាចបញ្ជានាយករដ្ឋមន្ត្រីកម្ពុជាឲ្យជួបពិភាក្សាជាមួយអ្នកឡើយ វាមិនអាចទៅរួចទេ”។លោកបានបន្ដថា “ នេះគឺជាសារមួយ ដែលខ្ញុំចង់ប្រាប់ថា នៅថ្ងៃអនាគត សូមមេត្តាយល់អំពីអធិបតេយ្យភាពផង។ខ្ញុំមិនដឹងទេ ប៉ុន្ដែមានអ្នកនិយាយតាមវិទ្យុថាបុគ្គលរូបនេះមក ហើយគ្រោងចូលគាល់ព្រះមហាក្សត្រ និងជួបនាយករដ្ឋមន្ត្រី ព្រមទាំងអ្នកផ្សេងៗទៀត”។
ទោះជាយ៉ាងណាលោក ហ៊ុនសែនបានសង្កត់ធ្ងន់ថាលោកក៏អាចស្ដាប់ដំបូន្មានរបស់អ្នកផ្សេងខ្លះៗដែរ។លោកហ៊ុនសែនបានថ្លែងថា “ នេះមិនមែនមានន័យថា យើងមិនស្ដាប់អ្នកផ្សេងនោះឡើយ ប៉ុន្ដែ អ្នកទាំងនោះមិនគួរដើរតួដូចជាចៅហ្វាយរបស់ប្រទេសកម្ពុជានិងជាចៅហ្វាយរបស់ ហ៊ុនសែនឡើយ ពីព្រោះ ហ៊ុនសែនទទួលខុសត្រូវចំពោះរដ្ឋសភា ហើយរដ្ឋសភាទទួលខុសត្រូវចំពោះម្ចាស់ឆ្នោត”។
នៅក្នុងសេចក្តីថ្លែងការណ៍ព្រាងទុកលោកសុរិយាស៊ូបេឌីបានមានប្រសាសន៍ថាលោកមិនដែលមានបំណងបង្គាប់បញ្ជាលោកនាយករដ្ឋមន្ត្រីឡើយ។
លោកសុរិយាស៊ូបេឌីបានថ្លែងថា “ ខ្ញុំមិនមានបំណងអ៊ីចឹងទេ ហើយក៏មិនមែនមានន័យថា ដាក់កំហិតទៅលើរដ្ឋាភិបាលនៃប្រទេសនេះដែរ”។ លោកបានលើកឡើងថា អ្វីៗទាំងអស់ដែលខ្ញុំព្យាយាមធ្វើ គឺធ្វើទៅតាមការងាររបស់ខ្ញុំ តំណាងឲ្យអង្គការសហប្រជាជាតិ ដើម្បីផ្ដល់ប្រឹក្សាដល់រដ្ឋាភិបាលពីអ្វី ដែលជាកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមទៅតាមច្បាប់អន្ដរជាតិ ហើយអ្វីដែលខ្ញុំបានស្នើ គឺធ្វើទៅតាមលទ្ធភាពរបស់ខ្ញុំក្នុងនាមជាអ្នកជំនាញឯករាជ្យមួយរូបរបស់អង្គការសហប្រជាជាតិ។
លោកសុរិយាស៊ូបេឌីមានប្រសាសន៍បន្ដថា “ ខ្ញុំគោរពរដ្ឋាភិបាល និងអធិបតេយ្យភាពរបស់ប្រទេសនេះ។ ខ្ញុំនឹងសប្បាយចិត្តប្រសិនបើទទួលដំណឹងថា លោកនាយករដ្ឋមន្ត្រីនឹងបន្ដស្ដាប់អនុសាសន៍របស់ខ្ញុំ ដែលខ្ញុំគិតថាវាជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់ប្រទេសកម្ពុជា”។ bលោកបានថ្លែងថាលោកសង្ឃឹមថាកិច្ចប្រជុំរបស់លោកជាមួយនឹងបណ្តាមន្ត្រីរដ្ឋាភិបាលផ្សេងៗទៀតនឹងនៅតែបន្ដ។
លោកសុរិយាស៊ូបេឌីក៏បានថ្លែងដែរថា “ ខ្ញុំបានធ្វើការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងសង្គមកម្ពុជា រួមមានអង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍ ផ្សេងទៀតហើយយើងមិនឯកភាពគ្នាលើបញ្ហាចំណុចមួួយចំនួន។ប៉ុន្ដែយើងនឹងបន្ដកិច្ចពិភាក្សារបស់យើង ដើម្បីស្វែងរកការឯកភាពរួមមួយ ហើយនេះ ក៏ជាអ្វីដែលខ្ញុំចង់ធ្វើជាមួយរដ្ឋាភិបាលដែរ”។
ទោះបីជាយ៉ាងណា ទំនាក់ទំនងរបស់ប្រេសិតពិសេសអង្គការសហប្រជាជាតិជាមួយរដ្ឋាភិបាលមានភាពរកាំរកូសចាប់តាំងពីពេលចាប់ផ្ដើមដំបូងមកម៉្លេះ។ អំឡុងការមកបំពេញទស្សនកិច្ចលើកដំបូងរបស់លោក កាលពីខែមិថុនាឆ្នាំ២០០៩លោកហ៊ុនសែនបានចោទប្រកាន់លោកថាបានជ្រើសរើសយកការជួបពិភាក្សាជាមួយតែអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក “ ដែលតែងតែស្រែកដាក់រដ្ឋាភិបាលនោះ”។
ទោះបីជាយ៉ាងនេះក្ដី លោកនាយករដ្ឋមន្ត្រីមិនដែលច្រានចោលសំណើរបស់ប្រេសិតពិសេស ដើម្បីសុំជួបពិភាក្សាទ្វេភាគីឡើយ ហើយកិច្ចប្រជុំគ្រោងទុកមួយ ដែលលោកបានលុបចោលភ្លាមៗ កាលពីឆ្នាំ២០១០គឺដោយសារតែបញ្ហាសុខភាព។
រហូតមកដល់ពេលថ្មីៗនេះ រដ្ឋាភិបាលមិនដែលឆ្លើយតបនឹងរបាយការណ៍របស់លោកសុរិយាស៊ូបេឌីចំពោះមុខកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវឡើយ ប៉ុន្ដែឆ្នាំនេះ មានការផ្លាស់ប្ដូរ។
កាលពីខែសីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានច្រានចោលរបាយការណ៍មួយ ដែលលោកសុរិយាស៊ូបេឌីបានលើកឡើងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្វះការគាំទ្រពីសាធារណជន ហើយចាំបាច់ត្រូវតែមានការរៀបចំជាថ្មីឡើងវិញ។ ក្រោយមក ក្នុងខែកញ្ញា លោកឱមយិុនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានចោទប្រកាន់លោកសុរិយាស៊ូបេឌីថាបានធ្វើការឃោសនាឲ្យគណបក្សប្រឆាំង។ បន្ទាប់មក នៅក្នុងខែតុលា លោកហ៊ុនសែនបានចាត់ទុករបាយការណ៍របស់ប្រេសិតអង្គការសហប្រជាជាតិថាជារបាយការណ៍មិនគួរឲ្យទុកចិត្តបាន។ការចាត់ទុកមិនល្អរបស់លោក សុរិយាស៊ូបេឌីចំពោះរដ្ឋាភិបាល គឺមិនមែនជារឿងថ្មីនោះទេ។
លោកយ៉ាសហ្គាយ (Yash Ghai) ដែលជាអ្នកកាន់តំណែងមុនលោកសុរិយាស៊ូបេឌីបានលាលែងពីតំណែងនៅក្នុងឆ្នាំ២០០៨ ដោយសារតែមានទំនាក់ទំនងមិនល្អជាមួយរដ្ឋាភិបាល និងខ្វះការគាំទ្រពីអង្គការសហប្រជាជាតិ។
លោកហ៊ុនសែននិងស្ទើរតែគ្រប់សមាជិកទាំងអស់របស់គណៈរដ្ឋមន្ត្រីបដិសេធមិនជួបជាមួយលោកយ៉ាសហ្គាយនៅក្នុងអាណត្តិបីឆ្នាំរបស់លោកឡើយ ដោយបានចាប់ទុកលោកថា ជាអ្នកឆាឆៅ និងបានអំពាវនាវឲ្យលោកលាលែងពីតំណែង។
លោកផិតធើឡឺប្រិច (Peter Leuprecht) អ្នកកាន់តំណែងមុនលោក យ៉ាសហ្គាយក៏បានជួបពេលវេលាដ៏លំបាកនៅពេលលោកធ្វើជាប្រេសិតពិសេសទទួលសិទ្ធិមនុស្សប្រចាំកម្ពុជាដែរ។នៅពេលមួយលោកហ៊ុនសែនបានហៅលោកឡឺប្រិចថា “ ភ្លីភ្លើ”។
ប៉ុន្ដែ នៅពេលទំនាក់ទំនងរបស់លោកសុរិយាស៊ូបេឌីជាមួយរដ្ឋាភិបាលទំនងដើរក្នុងផ្លូវលោកឡឺប្រិចនិងលោកយ៉ាសហ្គាយ នោះ របាយការណ៍របស់ប្រេសិតពិសេសអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាត្រូវទទួលបានការគាំទ្រក្នុងចំណោមម្ចាស់ជំនួយបរទេសសំខាន់ៗរបស់ប្រទេសកម្ពុជា។
សភាសហភាពអឺរ៉ុប និងព្រឹទ្ធសភាអូស្ត្រាលី សុទ្ធតែបានចេញសេចក្ដីថ្លែងការណ៍គាំទ្ររបាយការណ៍ និងទទួលស្គាល់អនុសាសន៍របស់លោកសុរិយាស៊ូបេឌីនៅប៉ុន្មានខែថ្មីៗនេះ។កាលពីថ្ងៃទី៤ខែធ្នូក្រសួង
ការបរទេសសហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួនក៏នឹងបន្ដដាក់សម្ពាធលើរដ្ឋាភិបាល ដើម្បីឲ្យអនុវត្តតាមអនុសាសន៍របស់លោកសុរិយា ស៊ូបេឌីដែរ។ហើយកាលពីថ្ងៃច័ន្ទ នៅក្នុងពិធិប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិក្នុងរាជធានីភ្នំពេញ លោកហ្សង់ហ្វ្រង់ស័រកូតាំង (Jean Francois Cautain) ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជាបានទទូចឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ ចំពោះអនុសាសន៍របស់លោក សុរិយាស៊ូបេឌីដែរ៕
(រាយការណ៍បន្ថែមដោយ Zsombor Peter)
ប្រែសម្រួលដោយស៊ាស៊ុយឈាង