32 C
Phnom Penh

លោក ម៉ម សូណង់ដូ ត្រូវ​បាន​បដិសេធ​មិនឲ្យ​​នៅ​ក្រៅ​ឃុំបណ្តោះអាសន្ន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​សុក្រ បាន​បដិ​សេធ​​សំណើសុំនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​លោក​ ម៉មសូណង់ដូម្ចាស់​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ និង​ជា​អ្នក​រិះ​គន់​រដ្ឋាភិបាល ដែល​កំពុង​ជាប់​ពន្ធនាគារ​ អំឡុង​ការបើក​សវនា​ការ​ដ៏​បន្ទាន់​មួយ​ ដោយមាន​​អ្នក​គាំ​ទ្រ​របស់​លោកម៉មសូណង់ដូរាប់​រយ​នាក់​​ បាន​នាំ​គ្នា​ដើរ​ក្បួន​ទៅ​កាន់​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​អំពាវ​នាវ​សុំ​ជំនួយ​ពី​លោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេ​សិត​​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​។

ម្ចាស់​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​អាយុ​៧២​ឆ្នាំ​រូប​នេះ​ សព្វ​ថ្ងៃ​កំពុង​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​​២០​ឆ្នាំ​ពី​បទ​ពាក់​ព័ន្ធនឹង​ការ​ញុះញង់​ឲ្យ​បង្កើត​​ចលនា​អបគមន៍​នៅ​ក្នុង​ខេត្ត​ក្រចេះ​ កាល​ពី​ខែ​ឧសភា​ ដែល​គេ​ចាត់​ទុកថាជា​ការ​ចោទ​ប្រកាន់​មួយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ​។

លោក ឃុន លាងម៉េង ប្រធាន​ក្រុម​ប្រឹក្សា​​ជំនុំ​ជម្រះ​បាន​មាន​ប្រសាសន៍​ នៅ​ពេល​បញ្ចប​់​សវនាការ​រយៈ​ពេល​៤០​នាទីថា “ ​តុលាការ​មិន​អាច​ដោះ​លែង​លោក​ ម៉មសូណង់ដូឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្នបានឡើយ​”។

លោក​ចៅក្រម លាងម៉េង បាន​មាន​ប្រសា​សន៍​ដោយ​ពន្យល់​ពីការ​សម្រេច​បដិសេធ​មិន​ផ្ដល់​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​លោក​ថា “ តុលាការ​ខ្លាច​ក្រែង​លោក​នឹង​អាច​ដាក់​សម្ពាធ​លើ​សាក្សី​ ហើយ​អាចបង្កឲ្យខូច​សណ្ឋាប់​ធ្នាប់​សាធារណៈ”។

លោក ហ៊ាន រិទ្ធិ ព្រះ​រាជ​អាជ្ញា​សាលា​ឧទ្ធរណ៍​បាន​មាន​ប្រសាសន៍​ថា ដោយ​សារ​តែ​​លោក​ ម៉ម សូណង់ដូ មាន​សញ្ជាតិ​ពីរ​ គឺ​សញ្ជាតិ​​ខ្មែរ​ និង​សញ្ជាតិ​បារាំង​​ ហេតុ​ដូច្នេះ​គេ​មិន​អាច​​ដោះ​លែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​បាន​ឡើយ​ ពី​ព្រោះ​លោកអាច​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​បារាំង​។

លោក​ ម៉ម សូណង់ដូ ដែល​កំពុងមាន​បញ្ហា​​សុខភាព​ចាប់​តាំង​ពី​លោក​​ជាប់​ពន្ធនាគារ​ កាល​​ពី​ខែ​កក្កដា​មក ​បាន​លើក​ឡើង​ម្ដង​ទៀត​ពី​ភាព​​​គ្មាន​ទោស​​របស់​លោក ​ចំពោះ​មុខ​ចៅ​ក្រម ​អំឡុង​ពេល​បើក​សវនាការ​ដ៏​ខ្លី ហើយ​បាន​អះអាង​ម្ដង​ទៀត​ថា លោក​មិន​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​ ពេល​ចលនា​អបគមន៍​បាន​កើត​នោះ​។

លោកម៉មសូណង់ដូបាន​ប្រាប់​តុលាការ​ថា “ករណី​នេះកើត​ឡើង​នៅ​ពេល​ខ្ញុំ​កំពុង​នៅ​ក្នុង​ប្រទេស​បារាំង​ ហើយ​ខ្ញុំ​មិន​បានដឹង​អ្វី ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។ ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ខុស​មែន​នោះ​​ អ៊ីចឹង​ខ្ញុំ​នឹង​​មិន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​ឡើយ”។ លោក​បាន​បន្ដ​ថា “ ​ខ្ញុំ​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​ប្រាំខែ​ ហើយ​ក្នុង​មួយ​ខែ​ៗខ្ញុំ​បាន​ស្រក​ទម្ងន់​អស់​មួយ​គីឡូក្រាម​”។

លោកសសុវណ្ណមេធាវី​របស់​លោកម៉មសូណង់ដូ បាន​អំពាវ​នាវ​ឲ្យ​តុលាការ​ពិចារ​ណា​​អំពី​ការ​ឃំុ​ឃាំង​កូនក្តីរបស់​ខ្លួននៅ​ក្នុង​ផ្ទះ​វិញ​ ឬក៏​តុលាការ​អាច​ចេញ​សេចក្ដី​បង្គាប់​មិនឲ្យ​លោកទាក់ទងជាមួយ​សាធារណ​ជនក៏បាន​។

លោក សុវណ្ណ ​ថ្លែង​ថា “ ​សូម​ដោះ​លែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ ឬក៏​ហាម​លោក​កុំឲ្យ​ចាក​​ចេញ​ក្រៅ​ផ្ទះ​របស់​លោក​ ឬ​ក៏​​ហាម​លោក​​មិន​​ឲ្យជួប​ជាមួយនឹងអ្នក​យក​ព័ត៌មាន​ក៏​បាន​”។

ទាំង​លោកម៉មសូណង់ដូនិង​ភរិយា​របស់​លោក សុទ្ធ​តែ​បាន​លើក​ឡើង​ថា ពួក​គេ​នឹង​ប្ដឹងសាទុក្ខ​ទៅ​តុលាការ​កំពូល​។ នៅ​ខាង​ក្រៅ​សាលាឧទ្ធរណ៍​អ្នក​គាំ​ទ្រ​ជាង​៣០០​នាក់​ ដែល​ពាក់​អាវ​យឺត​ និង​ពាក់​មួក​​ ដែល​មាន​រូប​លោក​ ម៉ម សូណង់ដូ បាន​តវ៉ាសុំ​​ឲ្យ​​ដោះ​លែង​រូប​លោក។ នៅ​ពេល​បាន​ឮថាលោក​មិន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ននោះ​ អ្នក​តវ៉ា​ជា​ច្រើន​បាន​នាំ​គ្នា​ស្រក់​​ទឹក​ភ្នែក។

អ្នក​ស្រី​ ស៊ឹម ឡាយ អាយុ​៥៣​ឆ្នាំ​ បាន​និយាយ​ថា អ្នក​ស្រី​លែងជឿលើ​ប្រព័ន្ធ​តុលា​ការ​ក្នុង​ប្រទេស​កម្ពុជា​ហើយ។ អ្នក​ស្រី ស៊ឹម ឡាយ បាន​និយាយ​ទាំង​ខ្សឹក​ខ្សួល​ថា “ ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង​ចំពោះ​ការ​បដិសេធ​ ​មិន​ព្រម​ដោះ​លែង​លោក​ ម៉មសូណង់ដូឲ្យ​នៅ​ក្រៅ​ឃុំ​​បណ្តោះ​អាសន្ន ប៉ុន្ដែ លទ្ធផល​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​​តវ៉ា​កាន់​តែ​ខ្លាំង​”។

បន្ទាប់​ពី​លោក​ ម៉មសូណង់ដូត្រូវ​បាន​នាំ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​សវិញ​អ្នក​គាំ​ទ្រ​ជា​ច្រើន ​របស់​លោក​បាន​ដើរ​ក្បួន​ទៅ​កាន់​ការិយា​ល័យ​​របស់​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​​​តាម​បណ្ដោយ​ផ្លូវ​លេខ​៣០២ ដើម្បីអំពាវ​នាវ​សុំជំនួយ​ពីលោក​ សុរិយា ស៊ូបេឌី ដោយ​មាន​នគរបាល​ និង​មន្ត្រី​​កងរាជ​អាវុធ​ហត្ថ​រាប់​រយ​នាក់​តាម​រារាំង​ពី​ក្រោយ​ពួក​គេ​។

មួយ​រំពេច​ក្រោយ​មក​លោក សុរិយាស៊ូបេឌី បាន​មក​ដល់​ការិយាល័យ​ឧត្ដម​ស្នង​ការ​​អង្គការ​សហប្រជាជាតិ ហើយ​បាន​សុំអភ័យ​ទោស​ដល់​អ្នក​តវ៉ា​រាប់​រយ​នាក់​ដែល​មាន​កំហឹង​​នៅ​តាម​ផ្លូវ​ ដោយ​សារ​តែ​លោក​មិន​បាន​ចូល​​រួម​ក្នុង​សវនាការ​របស់​លោក​ ម៉ម សូណង់ដូដោយ​ផ្ទាល់​នោះ​។  លោក សុរិយា ស៊ូបេឌី ​មាន​ប្រសាសន៍​ថា សេចក្ដី​សម្រេច​របស់​សាលា​​ឧទ្ធរណ៍​ គឺ​ពោរ​ពេញ​ទៅ​​ដោយ​ចម្ងល់​។

លោក សុរិយា ស៊ូបេឌី បាន​ថ្លែង​ដោយ​ប្រើ​ឧគ្ឃោសនសព្ទ​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា ​ដែល​​ប្រមូល​​ផ្ដុំគ្នា​នៅ​ខាង​ក្រៅ​ការិយាល័យ​អង្គការ​​សហប្រជាជាតិ​ថា “ ​សេចក្ដី​សម្រេច​របស់​តុលាការ​នៅ​ព្រឹក​នេះ​ គឺ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​យល់​ទាល់​​​តែ​សោះ​។ នៅ​ក្នុង​ស្ថាន​ភាព​សុខភាព​ និង​​អាយុ​របស់​លោក​ ខ្ញុំបាន​រំពឹង​ថា តុលាការ​ប្រហែល​ជា​ដោះលែង​លោកឲ្យ​នៅ​ក្រៅ​ឃុំ​​​​បណ្តោះ​អាសន្ន ប៉ុន្ដែមិន​ដូច្នោះ​ឡើយ”​។

លោក ស៊ូបេឌី បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក​ ម៉ម សូណង់ដូ នៅក្នុង​ពន្ធនាគារ ​កាល​ពី​ថ្ងៃ​សុក្រ ហើយ​បាន​ចំណាយ​រយៈ​ពេល​​មួយ​ម៉ោង ដើម្បី​ពិភាក្សា​ជាមួយ​លោកអំពី​សំណុំ​រឿងនេះ​ ​និង​អំពីស្ថាន​ភាព​​ក្នុង​ពន្ធនាគារ​របស់​លោក។

អង្គការ​សិទ្ធិ​មនុស្ស​ក៏​បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ ដែល​​មិន​ព្រម​ដោះ​លែង​លោក ម៉ម សូណង់ដូ ឲ្យ​នៅក្រៅឃុំ​បណ្តោះអាសន្នដែរ​ ហើយ​លើក​ឡើង​ថា ហេតុ​ផល​ដែល​​តុលា​ការ​​បាន​លើក​ឡើង​ គឺ​គ្មាន​មូល​ដ្ឋាន​ឡើយ​។

អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថាការ​បដិសេធ​មិន​ព្រម​ដោះ​លែង​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ននិង​បន្ដ​ឃុំ​ឃាំង​អ្នក​យក​ព័ត៌មាន​អាយុ​៧២​ឆ្នាំ​ និង​ជា​សកម្ម​ជន​​ការ​ពារ​សិទ្ធិ​មនុស្សរូប​នេះ​ គឺបង្ហាញ​ឲ្យ​ឃើញថា ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា ​ទទួល​រង​ឥទ្ធិពល​នយោបាយ​។

គណៈកម្មាធិការ​ប្រព្រឹត្ត​ិកម្ម​នៃ​​អង្គការ​ សមាគមការពារ​សិទ្ធិ​មនុស្សកម្ពុជា​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា “ គណៈ​កម្មាធិការ​ប្រព្រឹត្ត​ិកម្ម​នៃ​​អង្គការ​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្សកម្ពុជា​ បាន​លើក​ឡើង​ថាសេចក្ដីសម្រេច​នេះ​ ខ្វះ​ហេតុ​ផល​ផ្លូវ​ច្បាប់​ ដោយ​មិន​បាន​ពិចារណា​លើ​សេចក្ដី​សន្និដ្ឋាន​​របស់​មេធាវី​ការ​ពារលោក សូណង់ដូឡើយ”។

គណៈកម្មាធិការ​ប្រព្រឹត្ត​ិកម្ម​នៃ​​អង្គការ​ សមាគមការពារ​សិទ្ធិ​មនុស្សកម្ពុជាបាន​បន្ដ​ថា“ យើង​ព្រួយ​បារម្ភ​អំពី​ការ​ជ្រៀត​ជ្រែក​ខាង​នយោបាយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​សំណុំ​រឿង​នេះ​”៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស