នៅពេលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានជួបប្រជុំកាលពីក្នុងខែធ្នូ ឆ្នាំ១៩៩២ គឺនៅខែនេះ កាលពី២០ឆ្នាំមុន ដែលសមាជិករបស់គណៈកម្មាធិការនេះជួបនឹងបញ្ហាស្មុគស្មាញយ៉ាងខ្លាំង នៅក្នុងរបៀបវារៈ។ នោះគឺសំណើសុំដាក់បញ្ចូលប្រាសាទអង្គរវត្តនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
នាពេលនោះ ឧបសគ្គស្ទើរតែមិនអាចដោះស្រាយបាន ព្រោះនៅប្រទេសកម្ពុជា គ្មានច្បាប់ការពារតំបន់បេតិកភណ្ឌ គ្មានទីភ្នាក់ងាររដ្ឋ សម្រាប់ត្រួតពិនិត្យ ហើយក៏គ្មានរដ្ឋាភិបាលទទួលស្គាល់ជាអន្តរជាតិ ដើម្បីអនុម័តច្បាប់នេះដែរ។ក្នុងឆ្នាំ១៩៩២ ស្ថានភាពនយោបាយក្នុងប្រទេសនេះក៏មិនសូវប្រាកដប្រជាដែរ ហើយកម្ពុជាក៏មិនបានបង្ហាញពីការប្ដេជ្ញាចិត្តណាមួយដែលអាចធានាថា ខ្លួននឹងអាចមានកិត្តិយសនាពេលអនាគតដែរ។
ក្រៅពីគ្មានព្រំប្រទល់ច្បាស់លាស់ តំបន់ខ្លះនៅក្នុងតំបន់អង្គរគឺពោរពេញទៅដោយគ្រាប់មីនហើយកន្លែងខ្លះទៀតបានក្លាយជាទីជម្រករបស់ពួកទាហានខ្មែរក្រហម និងក្រុមចោរព្រៃប្រដាប់អាវុធ។
ការព្យាយាមធ្វើឲ្យមានសន្តិភាពឡើងវិញត្រូវចំណាយពេលយូរ។គ្រាប់មីនជិត៣.០០០គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៩.០០០គ្រាប់ទៀត ត្រូវបានគេដោះចេញ មុនពេលអនុញ្ញាតឲ្យសារធារណជនទូទៅចូលទៅទស្សនាប្រាសាទអង្គរវត្ត។
បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសក្នុងខែតុលា ឆ្នាំ១៩៩១ ប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិមុនពេលបោះឆ្នោតក្នុងឆ្នាំ១៩៩៣។
ស្របពេលដែលសំណើសុំដាក់បញ្ចូលប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីខែធ្នូ ឆ្នាំ១៩៩២ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក យកមកពិនិត្យ ឡើងវិញនោះ ពួកខ្មែរក្រហមបានរំលោភកិច្ចព្រមព្រៀងសន្ដិភាព និងបានចាប់ផ្ដើមបង្កសង្គ្រាមទ័ពព្រៃជាថ្មី។ខេត្តសៀមរាប ពេលនោះបានក្លាយជាសមរភូមិជួរមុខ។ក្នុងកាលៈទេសៈបែបនោះ ការបញ្ចូលប្រាសាទអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក៏ត្រូវបានទាត់ចោល។
លោកស្រី អេន ឡេម៉េស(Anne Lemaistre) តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថាប៉ុន្ដែ ក្នុងពេលនោះ “ ក្រុម ការងាររបស់លោក បេស៊ូច (Beschaouch)” ក៏បានចាប់ផ្ដើមការងាររបស់ខ្លួន។
លោក អេហ្សេឌីន បេស៊ូច (Azedine Beschauoch) បុរាណវិទូជនជាតិទុយនីស៊ី ដែលជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនាពេលនោះ បានដាក់សំណើបញ្ចូលប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយផ្ទាល់ដៃ។ការពិភាក្សាស្ដីអំពីប្រាសាទអង្គរវត្តបានលើកឡើងពីបញ្ហាក្រមសីលធម៌ថា តើការដាក់បញ្ចូលតំបន់ប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនោះ នឹងអាចត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីការពារតំបន់នេះ ឬយ៉ាងណា។
ទោះបីជាស្ថានភាពក្នុងប្រទេសកម្ពុជាក្រោយពេលសង្គ្រាម ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ក៏ដោយ ក៏លោក បេស៊ូច ហ៊ានភ្នាល់ពីអនាគតរបស់ប្រទេសនេះដែរ។
លោក បេស៊ូច បានមានប្រសាសន៍ថា “ ការបញ្ចូលប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាការផ្សងព្រេង និងអាចថាជាល្បែងទៀតផង”។ លោកបានបន្ដថា “ វាជាល្បែង ពីព្រោះ យើងមិនដឹងថា ត្រូវសុំឲ្យសហគមន៍អន្ដរជាតិដាក់បញ្ចូលតំបន់នេះ ក្នុងបញ្ជីបេតិកភណ្ឌ
ពិភពលោកយ៉ាងដូចម្តេចកើត នៅពេលដែលប្រទេសនេះមិនអាចឆ្លើយតបទៅនឹងតម្រូវជាការមូលដ្ឋានបាន ដូចជា ការការពារមធ្យោបាយនិងស្ថាប័នជំនាញផងនោះ”។
លោកបានបន្ថែមទៀតថា “ យើងត្រូវហ៊ានភ្នាល់អំពីអនាគតនយោបាយរបស់ប្រទេសនេះ…។ ប្រសិនបើតំបន់នេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជី យើងសង្ឃឹមថាប្រការនេះនឹងជំរុញឲ្យមានជំនួយអន្ដរជាតិសម្រាប់ការងារជួសជុលឡើងវិញ។ហើយនេះក៏ជាល្បែងមួយដែរ”។
ការត្រៀមខ្លួនចុះបញ្ជីប្រាសាទអង្គរវត្តរបស់គណៈកម្មាធិការនេះ និងការត្រួសត្រាយផ្លូវសម្រាប់ការងារជួសជុលនៅក្នុងតំបន់នេះបានធ្វើឲ្យអ្នកជំនាញគ្រប់គ្នាខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ។ កាលពីខែឧសភា ឆ្នាំ១៩៨៩ ក្រុមការងាររបស់អង្គការយូណេស្កូ បានធ្វើដំណើរទៅកាន់ប្រាសាទអង្គរមុនគេ ដើម្បីវាយតម្លៃស្ថានភាពនៅពេលនោះ។ លោក វណ្ណមូលីវណ្ណ ស្ថាបត្យករដ៏ល្បីល្បាញ ដែលអ្នកអនុវត្តគម្រោងសាងសង់លំនៅដ្ឋាន ផ្តល់មូលនិធិដោយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសឡាវ និងក្នុងប្រទេសវៀតណាម និងជាអ្នកត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ទីក្រុងក្នុងប្រទេសកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ១៩៦០នោះ បានចូលរួមជាមួយក្រុមវាយតម្លៃនេះ កាលពីខែកក្កដា ឆ្នាំ១៩៩១ និងបានលើកយករបាយការណ៍ស្តីអំពីប្រាសាទអង្គរវត្តមកដាក់ក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ នៅក្នុងទីក្រុងបា៉ារីស កាលពីខែកញ្ញ ឆ្នាំ១៩៩១។
ដូចដែលលោក គ្រីស្តូហ្វ ប៉ូតជេ (Chistophe Pottier) បុរាណវិទូជាតិបារាំងប្រចាំវិទ្យាស្ថានស្រាវជ្រាវរបស់បារាំងឈ្មោះ អេកូល ហ្វ្រង់ហ្សេ ដិក្សទ្រេម អូរីយ៉ង់ (Ecole Francaise d’ Extreme-Orient)បានកត់សម្គាល់ក្នុងដំណើរទស្សនកិច្ចដំបូងរបស់លោកមកកាន់ប្រាសាទអង្គរវត្តក្នុងខែធ្នូ ឆ្នាំ១៩៩០ថា បញ្ហាដ៏ធំបំផុតនៅក្នុងតំបន់នេះ គឺដើមឈើ។
លោក ប៉ូតជេ មានប្រសាសន៍ថា “ ដើមឈើមានកម្ពស់២មែ៉ត្រ នៅពីលើប្រាសាទទីលានជល់ដំរី។ អ្នកអាចមើលឃើញតែកំពូលរបស់ ប្រាសាទនេះប៉ុុណ្ណោះ”។បរិវេណនេះត្រូវបានទុកចោលតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៧០មកម្លេ៉ះ ហើយដើមឈើបានដុះយ៉ាងក្រាសរហូតយើងមិនអាចចូលដល់ប្រាសាទមួយចំនួនទៀតផង។ ពេលដែល លោក ប៉ូតជេ បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៩២ ដើម្បីចាប់ផ្តើមជួសជុលប្រាសាទស្តេចគម្លង់ ការងារដំបូងរបស់លោកគឺត្រូវកាត់ដើមឈើដែលដុះព័ទ្ធប្រាសាទនេះ។
ដោយសារតែលោក បេសូ៊ច ទើបទទួលបានជ័យជម្នះ គឺប្រាសាទអង្គរវត្តត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ទោះជាយ៉ាងណា អ្វីដែលគណៈកម្មាធិការបិតិកភណ្ឌពិភពលោកបានសម្រេចនៅពេលចប់ប្រជុំ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២នោះមិនអាចឈានដល់ការអនុម័តឡើយ។
ទី១ គណៈកម្មាធិការបិតិកភណ្ឌពិភពលោកពិតជាមិនអាចធ្វើឲ្យករណីប្រាសាទអង្គរវត្តនេះ មិនអាចបញ្ចុះបញ្ចូលប្រទេសផ្សេងទៀតឲ្យគាំទ្រទេ ពីព្រោះមិនមានលក្ខណៈគ្រប់គ្រាន់ស្រប “ គោលការណ៍ប្រតិបត្តិការឡើយ”។ សេចក្តីសម្រេចនេះបានលើកឡើងថា “ គណៈកម្មាធិការនេះបានសង្កត់ធ្ងន់ថា សកម្មភាពនេះមិនមែនធ្វើឡើងសម្រាប់ជាយុទ្ធសាស្រ្តនៃដំណើរការចុះបញ្ជីទេ”។
ហើយគណៈកម្មាធិការនេះក៏បានដាក់លក្ខខណ្ឌមួយចំនួនឲ្យប្រទេសកម្ពុជាសម្រេចឲ្យបាន ក្នុងរយៈពេលបីឆ្នាំផងដែរ។