ការសាងសង់ព្រះមេរុសម្រាប់ព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្តេចឪ នរោត្តមសីហនុ នឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ហើយនឹងចំណាយទឹកប្រាក់អស់ចំនួន៥លានដុល្លារ ហើយកិច្ចសន្យាសាងសង់នេះត្រូវបានប្រគល់ឲ្យទៅក្រុមហ៊ុនរបស់កូនស្រីលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
យោងតាមកម្មករដែលធ្វើការនៅការដ្ឋានសាងសង់ព្រះមេរុនេះបានឲ្យដឹងថា ក្រុមហ៊ុនវីស៉្បាន ខូ អិលធីឌី (Vispan Co. Ltd.,) ជាក្រុមហ៊ុនស្ថាបត្យកម្ម និងរចនាប្លង់របស់លោកស្រីគង់បញ្ញា ជាកូនស្រីរបស់លោកគង់ សំអុលគឺជាក្រុម ហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនដែលកំពុងសាងសង់ព្រះមេរុនេះ។
កាលពីម្សិលមិញកម្មករដែលកំពុងធ្វើការនៅឯការដ្ឋានសាងសង់ព្រះមេរុនោះភាគច្រើនពាក់អាវយឺតដែលមានរូបសញ្ញារបស់ក្រុមហ៊ុនវីស៉្បាន។ កាលពីម្សិលមិញការហៅទូរស័ព្ទទៅកាន់លេខទូរស័ព្ទដែលបានចុះបញ្ជីរបស់ក្រុមហ៊ុនវីស៉្បានអ្នកតំណាងក្រុមហ៊ុនមិនអាចបញ្ជាក់ថា ការសាងសង់ព្រះមេរុសម្រាប់ថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្តេចឪ នរោត្តមសីហនុ ជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន ឬមិនអាចបញ្ជាក់ពី តួនាទីរបស់លោកស្រីបញ្ញា ថាជាម្ចាស់ក្រុមហ៊ុននេះបានទេ។ពួកគេក៏បានបដិសេធមិនប្រាប់ឈ្មោះពួកគេផងដែរដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយអ្នកយកព័ត៌មាន។
ក្រុមហ៊ុននេះធ្លាប់ទទួលបានកិច្ចសន្យាសាងសង់អគាររបស់រដ្ឋាភិបាលជាច្រើនរួមទាំងអាគារទីស្តីការគណៈរដ្ឋមន្ត្រីនៅរាជធានីភ្នំពេញផងដែរ។
លោក ខៀវ កាញរីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្វែរសំណួរទាក់ទងនឹងការសាងសង់ព្រះមេរុសម្រាប់ថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្តេចឪនរោត្តមសីហនុទាំងអស់ទៅកាន់ក្រសួងព្រះបរមរាជវាំងវិញដែលលោកមានប្រសាសន៍ថា ជាអ្នកមើលការខុសត្រូវលើការសាងសង់ទាំងអស់។
លោកអៀងបញ្ញកាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងព្រះបរមរាជវាំង បានមានប្រសាសន៍ថា លោកមិនអាចឆ្លើយសំណួរចំពោះការសាងសង់ព្រះមេរុបានទេហើយបានបដិសេធមិននិយាយទៀតឡើយ។
លោកផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បង្វែរសំណួរទាំងអស់ទៅសាលារាជធានីភ្នំពេញ ហើយលោក ឡុង ឌីម៉ង់អ្នកនាំពាក្យសាលារាជធានីមានប្រសាសន៍ថា ក្រសួងព្រះបរមរាជវាំងជាអ្នកទទួលខុសត្រូវលើការសាងសង់ព្រះមេរុនេះ។
កាលពីព្រឹកម្សិលមិញលោកគង់ សំអុលដែលត្រូវបានគេឃើញ កំពុងពិនិត្យមើលគម្រោងសាងសង់នេះ បានឲ្យនគរបាលរាជធានីនាំអ្នកយកព័ត៌មានចេញពីការដ្ឋានសាងសង់ព្រះមេរុនេះ។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោអ្នកនាំពាក្យព្រះរាជខុទ្ទកាល័យ និងជាជំនួយការផ្ទាល់របស់អតីតព្រះមហាវីរក្សត្រ សម្តេចឪនរោត្តមសីហនុ មានបន្ទូលថា ព្រះរាជខុទ្ទកាល័យដែលគ្រប់គ្រងដោយព្រះមហាក្សត្រនរោត្តមសីហមុនី មិនមានជាប់ពាក់ព័ន្ធក្នុងការរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្តេចឪនរោត្តមសីហនុ ទេ ប៉ុន្តែព្រះអង្គមានបន្ទូលថា ព្រះអង្គត្រូវបានគេជូនដំណឹងថាការសាងសង់ព្រះមេរុនោះមានតម្លៃប្រហែលប្រាំលានដុល្លារ។គម្រោងសាងសង់ព្រះមេរុសម្រាប់ថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្ដេចឪ គឺមិនមែនជាគម្រោងទី១ដែលកូនស្រីរបស់លោកគង់សំអុលធ្លាប់បានសហការសាងសង់នោះទេ។
នៅក្នុងការថ្លែងសុន្ទរកថាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគារទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីខែតុលាឆ្នាំ២០១០ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានថ្លែងអំណរគុណចំពោះលោកគង់សំអុលនិងលោកស្រី បញ្ញាក្នុងការរួមចំណែករបស់ពួកគាត់។ លោកហ៊ុនសែនបានមានប្រសាសន៍នៅពេលនោះថា “ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីថ្លែងអំណរគុណ ចំពោះលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីព្រះបរមរាជវាំង…គង់សំអុល ចំពោះការដឹកនាំគណៈកម្មាធិការសិក្សា និងមើលការខុសត្រូវលើការសាងសង់
អគារនេះ។ សំណង់អគារនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនកម្ពុជាពីរ រួមទាំងក្រុមហ៊ុនវីស៉្បាន ដែលដឹកនាំដោយលោក អ៊ុនផេង ពុទ្ធវិសាល និងលោកស្រីគង់បញ្ញា”។ លោកគង់កុសលព្រឹទ្ធបុរសមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយកម្មនៅសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈបានថ្លែងថា ទោះបីលោកស្រី បញ្ញា ជាកូនស្រីរបស់លោក គង់ សំអុល និងមានទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក៏ដោយ ក៏លោកស្រីជាសិស្សគំរូម្នាក់ដែរ។
លោកបានមានប្រសាសន៍បន្ដថា “ ទោះបីជាលោកស្រីមានឋានៈខ្ពង់ខ្ពស់ក៏ដោយ ក៏លោកស្រីរួសរាយរាក់ទាក់ និងជាសិស្សឧស្សាហ៍ព្យាយាម”។
កាលពីឆ្នាំ២០០២លោកស្រីបញ្ញានិងលោក ពុទ្ធវិសាលជាមិត្តរួមថ្នាក់ម្នាក់របស់លោកស្រី បញ្ញា នៅសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ ត្រូវបានគេជ្រើសរើសជាជំនួយការផ្នែកសិក្សាស្រាវជ្រាវអំឡុងឆ្នាំចុងក្រោយនៃការសិក្សារបស់ពួកគេនៅសាកលវិទ្យាល័យ សម្រាប់កម្មវិធីសិក្សាស្រាវជ្រាវមួយដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាភាសាខ្មែរ និងមូលនិធិ Rockefeller នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញដោយអង្គការនេះ។ គេនៅមិនទាន់ច្បាស់ថា តើពួកគាត់បានបង្កើតក្រុមហ៊ុន វីស៉្បាននៅពេលណានោះទេ៕
ប្រែសម្រួលដោយឃិនណៃ