ការរិះគន់ចំពោះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃសុក្រ ដែលបានបដិសេធមិនដោះលែងលោក ម៉មសូណង់ដូម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន បានបន្ដរហូតដល់ចុងសប្ដាហ៍ដោយអង្គការសិទ្ធិមនុស្ស បានចោទសួរអំពីហេតុផលផ្លូវច្បាប់នៅពីក្រោយការបដិសេធនេះ និងបានគូសបញ្ជាក់ថា មានបទដ្ឋានពីរនៅក្នុងប្រព័ន្ធតុលាការ។
លោកយ៉េងវីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា“ លោកម៉ម សូណង់ដូគឺជាបុរសវ័យចំណាស់ម្នាក់ ហេតុដូច្នេះលោកនឹងមិនគេចខ្លួនឡើយ។លោកវីរៈ បានច្រានចោលនូវការអះអាងរបស់សាលាឧទ្ធរណ៍ដែលថាលោកម៉មសូណង់ដូ អាចគំរាមកំហែងសាក្សី ដែលធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈនោះ។ លោកយ៉េងវីរៈបានថ្លែងថា “ គ្មានរឿងគំរាមកំហែងសាក្សីឡើយ ហេតុដូច្នេះគ្មានសញ្ញាបង្ហាញពីការគំរាមកំហែងទេ”។
លោកម៉មសូណង់ដូត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ កាលពីខែតុលា ពីបទញុះញង់ឲ្យបង្កើតចលនាបះបោរនៅតាមជនបទ។ អ្នកគាំទ្រជាច្រើនរបស់ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំរូបនេះ បានលើកឡើងថា ការចោទប្រកាន់នេះមានពាក់ព័ន្ធនឹងនយោបាយ ហើយមានការប៉ុនប៉ងពីរដ្ឋាភិបាល ដើម្បីបំបិទមាត់អ្នករិះគន់ម្នាក់ក្នុងចំណោមអ្នករិះគន់រដ្ឋាភិបាលតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលភាគច្រើនស្ថិតក្រោមស្ថានីយវិទ្យុ និងទូរទស្សន៍គាំទ្រគណបក្សកាន់អំណាច។
ការអះអាងអំពីការបង្កើតចលនាអបគមន៍នេះកើតមានតាំងពីខែឧសភា ដែលនៅពេលនោះ អាជ្ញាធរបានបើកយុទ្ធនាការដ៏ធំមួយ ដើម្បីបណ្ដេញប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងខេត្តក្រចេះ ដោយមានការបាញ់ប្រហារទៅលើក្មេងស្រីអាយុ១៤ឆ្នាំម្នាក់នៅក្នុងប្រតិបត្តិការនោះផងដែរ។ អង្គការសិទ្ធិមនុស្ស បានថ្កោលទោសការអះអាងរបស់រដ្ឋាភិបាលដែលថាអ្នកភូមិបានចូលរួមក្នុងចលនាអបគមន៍នេះ ដោយបានចាត់ទុកការអះអាងនេះថាជាលេសដើម្បីបណ្ដេញអ្នកភូមិរាប់រយគ្រួសារជំនួសមុខឲ្យក្រុមហ៊ុនចម្ការកៅស៊ូមួយ។
នៅក្នុងការបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់លោក ម៉មសូណង់ដូក្រុមចៅក្រមបានលើកឡើងថា ពួកគេខ្លាចក្រែងបុរសអាយុ៧២ឆ្នាំរូបនេះគាបសង្កត់សាក្សី និងបង្កចលាចលសាធារណៈ។ ព្រះរាជអាជ្ញាក៏បានលើកឡើងដែរថាលោកម៉មសូណង់ដូដែលមានសញ្ជាតិពីរគឺសញ្ជាតិខ្មែរនិងសញ្ជាតិបារាំងអាចនឹងរត់គេចខ្លួន។
លោកស្រីណាលីពីឡូក (Naly Pilorge) នាយិកាអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថាសេចក្ដីសម្រេចនេះមិនសូវជាសមហេតុសមផលឡើយ ព្រោះថាលោកម៉មសូណង់ដូបានវិលមកកាន់ប្រទេសកម្ពុជាវិញកាលពីខែកក្កដា បន្ទាប់ពីលោកបានដឹងថា ខ្លួននឹងត្រូវប្រឈមនឹងការចោទប្រកាន់មកលើរូបលោក ដែលលោកបានបដិសេធយ៉ាងដាច់អហង្ការនោះ។
លោកស្រីបានលើកឡើងថា“ យើងបានដឹងយ៉ាងច្បាស់តាំងពីដំបូងមកថាលោក ម៉មសូណង់ដូ វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយខ្លួនឯង ដូច្នេះមិនចាំបាច់ខ្លាចលោកចាកចេញពីប្រទេសម្ដងទៀតឡើយ”។
លោកស្រីណាលីពីឡូកបានថ្លែងថាការបដិសេធមិនដោះលែងឲ្យនៅក្រៅឃុំនេះ ក៏មិនស្របនឹងសេចក្ដីសម្រេចផ្សេងៗទៀតក្នុងពេលថ្មីៗនេះ របស់ប្រព័ន្ធតុលាការ ដោយលោកស្រីបានគូសបញ្ជាក់ពីករណីរបស់លោកឈូកបណ្ឌិតអតីតអភិបាលក្រុងបាវិតដែលត្រូវបានចោទប្រកាន់ជាច្រើនខែកន្លងមកហើយពីបទបាញ់ប្រហារកម្មការិនីរោងចក្រចំនួនបីនាក់ ប៉ុន្ដែមិនដែលត្រូវបានឃាត់ខ្លួននិងនាំយកមកបើកសវនាការឡើយ។លោកស្រីបានមានប្រសាសន៍ថា “ គ្មានការចាប់ខ្លួន និងការឃុំខ្លួនជាបណ្ដោះអាសន្នមុនពេលបើកសវនាការចំពោះលោកឈូកបណ្ឌិតឡើយ”។
លោកស្រីបានមានប្រសាសន៍បន្ថែមថា “ លោកម៉មសូណង់ដូបានសម្រេចចិត្តវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ថ្វីបើលោកដឹងហើយថា លោកនឹងប្រឈមការចោទប្រកាន់ ពីព្រោះលោកចង់បង្ហាញពីភាពគ្មានទោសរបស់លោក”។
លោកសុកសំអឿនប្រធានក្រុមអ្នកច្បាប់់ការពារសិទ្ធិកម្ពុជា ដែលជាអង្គការផ្ដល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃមួយផ្សេងទៀតលើកឡើងថា ចៅក្រមសាលាឧទ្ធរណ៍គួរតែបានផ្ដល់ភ័ស្ដុតាងមួយចំនួន ដើម្បីគាំទ្រការអះអាងរបស់ខ្លួនដែលថាលោក ម៉ម សូណង់ដូអាចធ្វើការគំរាមកំហែងណាមួយនោះ។
លោកសុកសំអឿនដែលបានការពារលោក ម៉មសូណង់ដូអំឡុងការបើកសវនាការរបស់លោកនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកញ្ញា បានថ្លែងថា “ ប្រសិនបើលោក [ចៅក្រម] លើកឡើងដូច្នេះ លោកត្រូវតែមានភ័ស្ដុតាង មិនមែនបានត្រឹមតែខ្លាចក្រែងនោះទេ”។លោកបន្ថែមថា “ តុលាការកម្ពុជា គឺអ៊ីចឹងឯង គ្មានភ័ស្ដុតាងនោះឡើយ បានត្រឹមតែខ្លាចក្រែង”។
កាលពីថ្ងៃសុក្រ គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសហគមន៍ការពារសិទ្ធិមនុស្សកម្ពុជា និងអង្គការសិទ្ធិមនុស្សអាដហុក ក៏បានប្រកាសមិនយល់ស្របចំពោះសេចក្ដីសម្រេចរបស់តុលាការដែលបដិសេធមិនដោះលែងលោកម៉មសូណង់ដូឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដែរ។
លោកសសុវណ្ណមេធាវីការពារក្ដីលោកម៉ម សូណង់ដូ បានប្ដឹងសារទុក្ខទៅតុលាការកំពូល ចំពោះការបដិសេធមិនព្រមដោះលែងឲ្យនៅក្រៅឃុំនេះ កាលពីថ្ងៃសុក្រ។ លោកបានមានប្រសាសន៍ថាតុលាការកំពូលនៅមិនទាន់បានឆ្លើយតបនៅឡើយទេ៕
(រាយការណ៍បន្ថែមដោយអ៊ាងម៉េងឡេង)
ប្រែសម្រួលដោយស៊ាស៊ុយឈាង