30.7 C
Phnom Penh

សាលា​ឧទ្ធរណ៍​នឹង​ចេញ​សាល​​ដីកា​​ចំពោះ​ការ​បើក​សវនាការ​ជាថ្មី​ក្នុង​រឿង​ក្តី​​សម្លាប់​លោក ជា វិជ្ជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ពេល​ឆាប់​ៗនេះ សាលា​ឧទ្ធរណ៍​នឹង​ចេញ​សាល​ដីកាពាក់​ព័ន្ធ​នឹង​ការ​​បើក​សវនា​ការ​ឡើង​វិញ​លើ​ទណ្ឌិត​ពីរ​នាក់​ ដែល​​មជ្ឈដ្ឋាន​ទូទៅ​ជឿ​ថា ត្រូវ​បាន​គេ​ទម្លាក់​កំហុសនៅ​​ក្នុង​​ឃាត​​កម្ម​សម្លាប់​លោក ជា វិជ្ជា មេដឹក​នាំ​សហជីព​ដ៏​ល្បី​ឈ្មោះ។​

សាលាឧទ្ធរណ៍​​គ្រោង​នឹង​ប្រកាស​សាល​ដីកានេះ​ កាលពី​ថ្ងៃទី​២៦ខែ​វិច្ឆិកា។ប៉ុន្ដែបុ៉ន្មានថ្ងៃ​មុន​ លោកជួនសុ៊ន​ឡេង ​ចៅ​ក្រម​ជំនុំ​ជម្រះ​​មាន​ប្រសាសន៍​ថា​ ការ​ប្រកាស​​​សាល​​ដីកានេះ​​ត្រូវ​​ពន្យារ​ពេល​វិញ​ ដោយ​សារតែ​រឿង​ក្ដី​នេះ “ ស្មុគ​ស្មាញ​ខ្លាំង​ពេក”។

កាល​ពីថ្ងៃ​សុក្រ លោកបាន​មាន​ប្រសាសន៍​​ថា ​សាលាឧទ្ធរណ៍​កំពុង​រៀប​ចំ​សាល​​ដីកា​នេះ​។​ លោក​បាន​បន្ថែម​ថា“ វា​ប្រហែលនឹង​ត្រូវ​ប្រកាស​នៅ​សប្ដាហ៍​ទី​៣​​នៃ​ខែ​នេះ”។ ទណ្ឌិត​ឈ្មោះ​ ប៊ន សំណាង និង​ សុខ សំអឿន ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្ដន្ទា​ទោស​ក្នុង​ឆ្នាំ​២០០៥ ពីបទ​បាញ់​សម្លាប់​លោកជាវិជ្ជាដែល​ម្នាក់​ៗ​ត្រូវ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​២០​ឆ្នាំ។

ដោយ​សារតែ​មាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស តុលាការ​កំពូល​បាន​ដោះ​លែង​ទណ្ឌិត​ទាំងពីរ​នាក់​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​កាល​ពី​ឆ្នាំ​២០០៨​ហើយ​ក៏​​បាន​​បញ្ជា​ឲ្យគេ​​ស៊ើប​អង្កេត​ករណី​នេះ​​ជាថ្មី​ ផង​ដែរ។​

ក្នុង​ពេល​​បើក​សវនាការ​ជំនុំជម្រះ​កាល​ពី​​ថ្ងៃទី៧ខែវិច្ឆិកាព្រះ​​រាជអាជ្ញា​សាលា​ឧទ្ធរណ៍​​​​មិន​មាន​​បង្ហាញ​ភ័ស្តុតាង​ថ្មី​ប្រឆាំង​ទណ្ឌិត​ទាំង​ពីរ​នាក់​នេះទេ​ និង​បានលើក​ឡើង​ថាលទ្ធ​ផល​លើកទី​២​​នៃ​ការ​ស៊ើបអង្កេត​ក្នុង​ករណី​​បាញ់​សម្លាប់​លោក​ ជា​ វិជ្ជាដូច​គ្នា​នឹង​លើក​ទី​១​ដែរ​គឺថាទណ្ឌិត​ឈ្មោះសំអឿននិង​ សំណាងពិតជា​បាន​បាញ់​សម្លាប់​លោកជាវិជ្ជាប្រាកដ​មែន។

ជន​សង្ស័យ​ទាំង​ពីរ​នាក់​បាន​ឆ្លើយ​ដោះ​សារ​ថា ខ្លួន​មិន​បាន​នៅ​នឹង​កន្លែង​កើត​ហេតុនៅ​ពេល​មាន​ការ​បាញ់​សម្លាប់​នោះទេប៉ុន្ដែ​ លោកហេងពៅមន្ត្រី​នគរ​បាល​ដែល​​​ដឹក​នាំ​ការ​សើុបអង្កេត​រឿង​ក្តី​​​ឃាតកម្ម​លើ​លោកជាវិជ្ជា ​អះ​អាង​ថាគាត់​​ត្រូវ​បាន​លោកហុកឡង​ឌី អតី​ត​អគ្គ​ស្្នង​ការ​នគរ​បាល​ជាតិ​បញ្ជា​ឲ្យ​ទម្លាក់​កំហុស​លើ​ទណ្ឌិត​ទាំង​ពីរ​នាក់​នេះ។​​​​​​​​​​

លោកហេង​ពៅ​ ពេល​នេះ​កំពុង​ជាប់​ពន្ធ​នាគារ​រយៈពេល​ជាង​១០០ឆ្នាំ​ ពី​បទ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី។ លោក ជា មុនី បច្្ចុប្បន្នជា​ប្រធាន​សហ​ជីព​សេរី​កម្មករ​​មានប្រសាសន៍​កាល​ពី​ម្សិល​មិញថាការ​ងារ​ចាក់​គ្រឹះ​សាង​សង់​រូប​សំណាក់លោកជាវិជ្ជាត្រូវ​បាន​​ពន្យារ​ពេលទៀត​​ហើយ។​

លោកជាមុនី​ បាន​ឲ្យ​ដឹង​ថាលោកកែបជុតិមាអភិបាល​រាជធានី​ភ្នំពេញបាន​ប្រកាស​តាម​លិខិត​មួយ​កាល​ពី​សប្ដាហ៍​មុនថាការ​ចាក់​គ្រឹះ​សម្រាប់​សាង​សង់​រូបសំណាក់​នោះត្រូវ​បានពន្យារ​ពេល​រហូត​ដល់​ពិធី​បូជា​​ព្រះ​បរម​សព​សម្ដេច​ឪ​ នរោត្តម​ សីហនុនៅ​ថ្ងៃទី​៤​ខែ​កុម្ភៈ​ ចប់​រួចរាល់​​សិន​។​

លោកមុនី​ បាន​មាន​ប្រសាសន៍ថាលោក​បាន​យល់​​ព្រម​តាម​​ការ​ពន្យារ​ពេល​នេះប៉ុន្ដែ​មាន​ហេតុ​ផល​តិចតួច​ណាស់​ចំពោះ​ការ​ពន្យារ​ពេល​នេះ។ ​លោក​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​គិតថា​ ការ​សាងសង់​គ្រឹះ​សម្រាប់​រូប​សំណាក​លោក​ ជាវិជ្ជា​ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពិធី​ថ្វាយ​ព្រះ​ភ្លើងឲ្យ​ព្រះបរមសព​ទេ”។​ខ្ញុំ​បាន​ដាក់​សំណើ​សុំ​សាងសង់​គ្រឹះ​នេះ​កាល​ពី​​ថ្ងៃ​ទី​១​ខែ​តុលា ហើយ​​ខ្ញុំ​ទើបតែ​ទទួល​បាន​លិខិត​នេះ​ពី​បី​ថ្ងៃ​មុន​ប៉ុណ្ណោះ”។

​រូប​សំណាក​លោកជាវិជ្ជា​ ក៏​ត្រូវ​បាន​ពន្យារ​ពេល​ផងដែរ​ ដោយ​សារ​​ការ​​សាង​សង់​លើក​ទី​១​​​ ​ដោយ​ជាងចម្លាក់​​នៅ​ក្នុង​ខេត្ត​សៀម​រាប​នោះ​មើល​ទៅមិន​ដូច​លោកជាវិជ្ជាទេ ​។​អ្នកដែល​បាន​ឃើញ​រូប​សំណាក​លើក​ទី​១​បាន​និយាយថា វាធាត់​ជាង​លោកជាវិជ្ជាកាល​ពី​លោក​នៅ​រស់។

​​​​​​​ពេល​ដែល​រូបសំណាក​ថ្មី​​សាង​សង់​រួច​ គេ​នឹង​ដាក់​នៅពី​ខាង​កើតវិមាន​ឯក​រាជ្យ ​នៅ​ទល់​មុខ​​​វត្ត​លង្កា​ ជិត​​កន្លែង​ដែល​លោកជាវិជា្ជា ត្រូវ​បាន​គេ​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ ពេល​​កំពុង​អាន​កាសែត​៕

(រាយ​ការណ៍​បន្ថែម​ដោយឃីសុវុឌ្ឍី)

ប្រែ​សម្រួល​ដោយហមសុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស