29 C
Phnom Penh

របាយ​ការណ៍​​បង្ហាញ​ថា​ ទឹក​ប្រាក់​​ជិត៥០០​លាន​ដុល្លា​រហូរ​ចេញ​​​​ ពី​ប្រទេស​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយ​ការណ៍​មួយ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​សហរដ្ឋ​អា​មេរិក​កាល​ពី​ម្សិល​មិញ​បាន​បង្ហាញ​ថា​ ក្នុង​មួយ​ឆ្នាំៗ​ទឹក​ប្រាក់​ជិត​៥០០​​លាន​ដុល្លារ​ត្រូវ​បាន​គេ​ផ្ទេរ​ចេញ​ពី​ប្រទេស​កម្ពុជា​តាម​រយៈ“ រំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់”។

ក៏​ប៉ុន្តែ​​ បុគ្គល​មួយ​ចំនួន​ ដែល​ធ្វើ​ការ​ខាង​វិស័យ​ហិរញ្ញ​វត្ថុនៅក្នុង​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​នូវ​ក្តី​មន្ទិល​សង្ស័យ ​អំពី​សុក្រឹតភាព​នៃ​​​តួលេខ​នេះ​ ដែលត្រូវ​បាន​បង្ហាញ​​ក្នុង​របាយ​ការណ៍​របស់​អង្គការ​សិក្សា​ស្រាវ​ជ្រាវ​ និង​តស៊ូ​មតិ ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​វ៉ាស៊ីន​​តោន​ គឺ​អង្គការហេ្គ្លោប៊ល ហ្វាញ​ណាន់​​សល​ អុីន​ធែក​គ្រីត​ធី​ (Global Financial Integrity)។

របាយការណ៍​នេះ​ មាន​ចំណង​ជើង​ថា “រំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់​ចេញ​ពី​ប្រទេស​កំពុង​​អភិវឌ្ឍន៍​” ហើយ​វិភាគ​ទិន្នន័យ​របស់​ធនាគារ​​ពិភព​លោក​ (World Bank) និង​ទិន្ន​ន័យ​​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ (International Montery Fund) ស្ដី​អំពី​ចរន្ដ​រូបិយវត្ថុ​របស់​ប្រទេស​ចំនួន​១៤៣​​។

អង្គការ​ េហ្គ្លាប៊ល ហ្វាញ​ណាន់​​សល​ អុីន​ធែក​គ្រីត​ធី​ បាន​ត្រួត​ពិនិត្យ​ពីភាព​ខុស​គ្នា​រវាង​​ទំហំ​ពាណិជ្ជ​កម្ម​ដែល​ត្រូវ​បាន​កត់​ត្រា​ដោយ​​ប្រទេស​កម្ពុជា​ និង​​ទំហំ​ពាណិជ្ជកម្ម​ ដែល​ត្រូវ​​បាន​កត់​ត្រា​ដោយ​ប្រទេស​ផ្សេង​ៗ​ទៀត​ ​នៅ​​លើ​ពិភព​លោក​។អង្គការ​នេះ​បាន​សន្និ​ដ្ឋាន​ថា នៅ​​អំឡុង​ទសវត្សរ៍​នេះ​ មាន​ទឹក​ប្រាក់​សរុប

​​ចំនួន​៤,៩៩​ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​គេ​ផ្ទេរ​ចេញ​​ពី​ប្រទេស​កម្ពុជា​តាម​រយៈ​រំហូរ​ហិរញ្ញ​វត្ថុ​​ខុស​ច្បាប់​ ដែល​ជា“ ថវិកា​ ​គេ​រក​បានការផ្ទេរ​ ឬក៏​​ការប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​ ហើយ​​វា​គ្រប​ដណ្ដប់​លើ​គ្រប់​រំហូរ​ចេញ​នៃ​ហិរញ្ញ​វត្ថុ​របស់​ក្រុមហ៊ុន​ឯកជន​ ដែល​មិន​ត្រូវ​​បាន​កត់​ត្រា​ ហើយ​ធ្វើ​ឲ្យមាន​ការ​កើន​ឡើង​នូវ​ការ​គ្រប់​គ្រង​ទ្រព្យ​សកម្ម​របស់​ជន​បរទេស​ពី​សំណាក់ជន​ជាតិខ្មែរ ដោយ​ខុស​ច្បាប់​ និង​ក្រប​​ខណ្ឌ​បទ​ប្ប​ញ្ញត្តិនានា​”។

របាយការណ៍​បង្ហាញ​ថា ​វិធី​សាស្ត្រ​គណនា​​តួលេខ​នេះ​ មិន​បាន​រាប់​បញ្ចូល​នូវ​ការ​រត់​ពន្ធ​ ដែល​ទឹក​ប្រាក់​ត្រូវ​បាន​ផ្ទេរ​ចេញ​ឆ្លង​កាត់​ព្រំ​ដែន​​​កម្ពុជា​ និង​ការ​ផ្ទេរ​មូល​ធន​តាម​​​រូប​ភាព​​ផ្សេងៗ​ទៀត​ ដែល​អាច​រួម​ចំណែក​នៅ​​ក្នុង​​រំហូរ​រូបិយវត្ថុ​ចេញ​ពី​ប្រទេស​កម្ពុជា​។

អ្នក​សរសេរ​របាយការណ៍​បាន​ទទួល​ស្គាល់​​ថា ​រំហូរ​មូល​ធន​ស្រប​ច្បាប់​មួយ​ចំនួន​ប្រហែល​​ជា​មិន​ត្រូវ​បាន​កត់​ត្រា​នោះ​ទេ​ ហើយ​របាយ​ការណ៍​បង្ហាញ​ថា ការ​ប៉ាន់​ស្មាន​អំពី​ចំនួន​ទឹក​ប្រាក់​​ហូរ​ចេញ​ពី​ប្រទេស​កម្ពុជា​សរុប​ត្រូវ​បាន​​កាត់​ចោល​ខ្លះ​។

ក៏ប៉ុន្តែ​ លោក​ ស្ទីហ្វិន​ ហុីកហ្គីង​ (Stephen Higgings)​ អតីត​នា​យក​ប្រតិបត្តិ​ធនាគារ​ អេ​អិន​ហ្សិត​ រ៉ូយ៉ាល់ ​(ANZ Royal) ​បាន​មាន​ប្រសា​សន៍​លើ​កឡើង​តាម​រយៈ​អុី​ម៉េល​ថា​ តួលេខ​ ដែល​បង្ហាញ​ពី​ការ​ហូរ​ចេញ​នូវ​ទឹក​ប្រាក់​ជិត​៥០០​លាន​ដុល្លារ​ពី​ប្រទេស​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ៗ​​របស់​អង្គការ​នេះ​ “ ​វា​ទំនង​ជា​មិន​ដូច​គ្នា​ទៅ​នឹង​រឿង​ជាក់​ស្ដែង​នៅ​ទី​នេះនោះ​ទេ​ គឺ​ថា ទំនង​ជា​​​មាន​ទឹក​ប្រាក់​ហូរ​ចូល​ទី​នេះ​ច្រើន​ជាង​ការ​បង្ហាញ​នៅ​ក្នុង​ស្ថិតិ​ផ្លូវ​ការ​ទៅ​ទៀត​”។ លោក​បាន​បន្ត​ទៀត​ថា​ “ ​វា​ទំនង​ជា​ហូរ​ចូល​ប្រទេស​កម្ពុជា​ច្រើន​ជាង​ហូរ​ចេញ​”។

លោក​បាន​ពន្យល់​ថា ​ក្នុង​ប្រទេស​ផ្សេង​ៗ​ទៀត​ដូច​ជា​ប្រទេស​ចិន​ជា​ដើម​ជា​ប្រទេស​ដែល​របាយការណ៍​នេះ​ បាន​បង្ហាញនូវ​រំហូរ​ទឹក​ប្រាក់​ខុស​ច្បាប់​ភាគ​ច្រើន​ គឺ​ថា មាន​ការ​គ្រប់​​គ្រង​​តឹង​រ៉ឹង​លើ​មូល​ធន​ ដែល​មាន​ន័យ​ថា អ្នក​ទាំង​ឡាយ​បាន​ប្រើ​ប្រាស់​នូវ​ទំហំ​ពាណិជ្ជ​កម្ម​ ដើម្បី​ទាញ​មូល​ធន​ពី​ប្រទេស​នេះ។

លោកបាន​ថ្លែងថា “ ​ប្រទេស​កម្ពុជា​ខុស​ពី​​ប្រទេស​ភាគ​ច្រើន​ ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​របាយកាណ៍​នេះ​ ​គឺ​ថា ប្រទេស​កម្ពុជា​មាន​គណនីមូល​ធន​បើក​ចំហ ដែល​មាន​ន័យ​ថា វា​មាន​ភាព​ងាយ​ស្រួល​​ក្នុង​ការ​ផ្ទេរ​ប្រាក់​​ចេញ​ចូល​ដោយ​ស្រប​ច្បាប់។ គេ​មិន​ចាំ​បាច់ផ្ទេរ​ប្រាក់​​ចេញ​ពី​​កម្ពុជា​​ដោយ​ខុស​ច្បាប់​នោះ​ទេ​​”។

លោក​ស្រី នួន សុខា អគ្គនាយិកា​ធនាគារ​​ជាតិ​នៃ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​មិន​ខុស​នោះ​ ភាព​ខុស​គ្នា​នៃ​ទឹក​ប្រាក់​​ចំនួន​​៥០០​លាន​ដុល្លារ វា​មាន​ចំនួន​តិច​តួច​ណាស់​ ប្រសិន​បើ​ប្រៀបធៀប​​ទៅ​នឹង​ទំហំ​​ពាណិជ្ជកម្ម​សរុប​​នៅ​កម្ពុជា​ ដែល​​ឈាន​ដល់​ចំនួន​១២,៣១​​ពាន់​លាន​ដុល្លារ​ នៅ​​ក្នុង​រយៈ​ពេល​១១​ខែ​ដំបូង​​ឆ្នាំ​នេះ​។ លោក​ស្រី​បាន​បន្តថា​ “ ប្រព័ន្ធ​​​កត់​ត្រា​ គឺ​កំពុង​ស្ថិត​​ក្នុង​ដំណាក់​​កាល​អភិ​វឌ្ឍ​នៅ​ឡើយ​ ដូច្នេះ​នេះ​ជា​របាយ​ការណ៍​ដ៏​ល្អ​មួយ​” ។ ហើយ​លោក​ស្រី​បាន​បន្ថែម​ទៀត​ថា គេ​បាន​អនុវត្ត​នូវ​ជំហាន​ជាច្រើន​រួច​មក​ហើយ​​ ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​បាន​ថា ធនាគារ​ទាំង​​ឡាយ​អាច​មាន​លទ្ធភាព​តាម​ដាន​នូវ​ការ​ផ្ទេរ​ប្រាក់​នានា​ ដែល​គួរ​ឲ្យ​សង្ស័យ ដូច​ជា​ការ​បង្កើត​​អង្គភាពស៊ើប​អង្កេត​ហិរញ្ញ​វត្ថុ​ កាល​ពីឆ្នាំ​២០០៨​ជា​ដើម។

លោក​ អុិន​ ចាន់នី ប្រធាន​នាយក​​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ក៏​បាន​បង្ហាញ​នូវមន្ទិល​​សង្ស័យ​អំពី​​របាយការណ៍​នេះ​ផងដែរ​ ដោយ​លោក​មាន​ប្រសាសន៍​ថា លក្ខណៈ​ក្រៅ​ផ្លូវ​ការ​នៃ​ការ​ផ្ទេរ​​ប្រាក់ទាក់​ទង​នឹង​​វិស័យ​កសិកម្មតាម​បណ្ដោយ​​ព្រំដែន​កម្ពុជា​​​ គឺ​មាន​ន័យ​ថា តួ​លេខ​​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាំង​នេះ​មិន​អាច​ជឿ​ជាក់​បាន​ទេ​។ ក្នុង​ចំណោម​តួលេខ​​ក្នុង​របាយ​ការណ៍​ស្ដី​ពី​ប្រទេស​កម្ពុជា​ គឺ​ថា “ វា​គ្រាន់​តែ​ជា​ការ​​ប៉ាន់​ស្មាន​ប៉ុណ្ណោះ​”។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​អន្ដរជាតិ​ (Transparency International) ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​អុីម៉េល​ថា ប្រទេស​​ទាំង​ឡាយ​ ដែល​មាន​ច្បាប់​ និង​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ទន់​ខ្សោយអាច​បណ្ដាល​ឲ្យ​មាន​ហិរញ្ញ​ប្បទាន​មិន​ស្រប​ច្បាប់​៕

ប្រែ​សម្រួល​ដោយ ហួង កុកទៀនលោក​មាន​ប្រសាសន៍​ថា “ នៅ​​ក្នុង​ប្រទេស​​ណាមួយ​ ដែល​មាន​ច្បាប់​ និង​បទ​ប្បញ្ញត្ដិ​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ទន់​ខ្សោយ​ ឬក៏​មិន​បាន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ ព្រម​ទាំង​​តម្លាភាព​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​ និង​ធនាគារ​​នៅ​មាន​កម្រិត​ នោះ​វា​តែង​តែ​ជា​គោល​ដៅ​នៃ​រំហូរ​ហិរញ្ញវត្ថុ​ខុស​​ច្បាប់​ និង​ការ​លាង​លុយ​​កខ្វក់​”៕

ប្រែសម្រួល​ដោយ ហួង កុកទៀន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស