40.9 C
Phnom Penh

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ព្រ​មាន​ពី​កង្វះកម្លាំង​ពល​កម្ម ហើយ​កោត​សរសើរ​ការ​វិនិ​យោគ​ជប៉ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ហ៊ុន សែន បាន​មាន​ប្រ​សាសន៍​កាល​ពី​ម្សិល​មិញ​ថា ប្រទេស​កម្ពុជា​កំពុង​ប្រ​ឈម​នឹង​កង្វះ​កម្លាំ​ង​ពល​កម្ម​ច្រើនដោយ​សារតែ​ពល​ករ​ដែលទៅ​ធ្វើ​ការ​​ក្នុង​ប្រទេស​ថៃ មាន​ចំនួន​ច្រើន​ ដោយ​​ជំរុញ​ឲ្យ​និយោជក​ជួយ​កាត់​បន្ថយ​ការ​ចំណាក​ស្រុកខុស​ច្បាប់​ តាម​រយៈការ​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នូវ​លក្ខ​ខណ្ឌ​​ការ​ងារ​ក្នុង​ស្រុក។

លោក ហ៊ុន សែន ក៏​បាន​អប​អរ​សាទរ​ផង​ដែរ​ចំពោះ​ការ​វិយោគ​របស់​ជប៉ុន នៅ​ក្នុង​ប្រទេស​នេះ​ដែល​លោក​​មាន​ប្រ​សាសន៍​​ថា នឹង​ជួយ​កម្ពុជា​បង្កើន​កេរ្តិ៍​​ឈ្មោះ​របស់​ខ្លួន​ជា​មជ្ឈ​មណ្ឌល​ផលិត​កម្ម។

លោក​​បាន​មាន​ប្រ​សាសន៍​អំឡុងពិ​ធី​បញ្ចុះ​បឋម​សិលាសាង​សង់​រោង​ចក្រ​ផលិត​គ្រឿង​បន្លាស់​រថ​យន្ត​ថ្មី​មួយ​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ចំនួន​២៤​លាន​ដុល្លារ​​របស់​ក្រុម​ហ៊ុន សាជីវ​កម្ម យ៉ាហ្សាគី (Yazaki Corpration) របស់​ជប៉ុន ដែល​មាន​ទី​តាំង​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​កោះ​កុង ជិត​ព្រំ​ដែន​ថៃ។

លោ​កបាន​​មាន​ប្រ​សាសន៍​ថា “ កន្លែង​ណា​​ដែល​មាន​​ការ​ងារល្អ​នៅក្នុង​ស្រុក វា​ជួយ​កាត់​បន្ថយ​ការ​ចំណាក​​ស្រុក​ខុស​ច្បាប់។ហើយ​ពេល​នេះ មាន​ប្រ​ជាពល​រដ្ឋ​កម្ពុជា ជា​ច្រើន​ដែល​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ដើម្បី​ទៅ​​ធ្វើ​ការ​នៅព្រះ​រាជាណា​ចក្រ​ថៃ”។ លោក​ ​​បន្ថែម​ថា កង្វះ​កម្លាំងពល​កម្ម​នៅ​ក្នុងប្រទេសធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រទេស​នេះ​ទាំង​មូល ប៉ុន្តែ​ “ ជា​ពិសេស​រាជ​ធានី​ភ្នំពេញ”។

លោ​កបាន​ថ្លែង​ថា “ ពេល​នេះ​មាន​​ការ​​បើក​ទូ​លាយ​សម្រាប់​ក្រុម​ហ៊ុ​នគ្រប់​ប្រ​ភេទ​ក្នុងវិស័យ​កសិកម្ម ឧស្សាហកម្ម​ និង​សេ​វាកម្ម ដើម្បី​ធ្វើ​ឲ្យ​ប្រាក​ដ​ថា កម្ម​ករ​របស់​យើង​មិន​ត្រឹម​តែ​ទទួល​បាន​​ការ​ងារ​ប៉ុណ្ណោះទេ ថែម​ទាំង​ទទួល​បាន​​ប្រាក់​ខែ ការស្នាក់​នៅ និង​លក្ខខណ្ឌការ​​ងារ​ទៀត​ផង”។

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​កោត​សរសើរ​ក្រុម​ហ៊ុន​សាជីវ​កម្ម​យ៉ាហ្សាគី ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​តូក្យូ ដែល​នឹង​ផ្តល់ការងារ​ដល់​ប្រ​ជា​ពល​រដ្ឋ​ចំនួន​៦០០​នាក់ ហើយ​ផលិត​កុង​ទ័រ ប្រព័ន្ធ​ខ្សែ​ភ្លើង​រថ​យន្ត​សម្រាប់​រថ​យន្ត។​​​​​​

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា  “អ្វីដែល​យើង​កំពុង​មើល​ឃើញ​នៅ​ទី​នេះ​ គឺ​ថា បច្ចេកវិទ្យា​ជាន់​ខ្ពស់​បាន​មក​ដល់​កម្ពុជា​ហើយ​។ ក្រុមហ៊ុន​នេះនឹង​ផលិត​ខួរ​ក្បាល​ និង​​សរសៃ​ឈាម​រថយន្ដ​ ហេតុ​ដូច្នេះ​កម្មករ​ និង​កម្មការិនី​គួរ​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ ពី​ព្រោះ​វា​ [យ៉ាហ្សាគី] នឹង​មិន​ត្រឹម​តែ​ផ្គត់​ផ្គង់​ដល់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​ផ្គត់​ផ្គង់​ដល់​បណ្ដា​រោង​ចក្រ​ផ្សេង​ទៀត​ទូ​ទាំង​​សាកល​លោក​ផង​ដែរ​”។

យ៉ាហ្សាគី គឹ​ជា​ក្រុមហ៊ុន​អន្ដរជាតិ​ទី​៣​ហើយ​​ដែល​បាន​បង្កើត​រោង​ចក្រ​មួយ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​កោះ​កុង ដែល​បាន​បើក​កាល​ពី​ឆ្នាំ​២០០៦ដោយចូលរួម​ជាមួយ​ក្រុមហ៊ុនផលិត​រថយន្ដ​ ហ៊ីយ៉ាន់​ដាយ (Hyundai) របស់​កូរ៉េខាង​ត្បូង​ និង​ក្រុមហ៊ុន​ខេអិនអិន​ អាផារ៉េល​ (KNN Apparel) របស់​ថៃ​។ លោក​ ហ៊ុន​ សែន ​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​ទី៤​មួយ​ទៀត​ឈ្មោះ​មីកាសា (Mikasa)របស់​ជប៉ុន​ដែល​ផលិត​សម្ភារ​កីឡា នឹង​បើក​រោង​ចក្រ​មួយ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

ការ​វិនិយោគ​របស់​ជប៉ុន​នៅ​​កម្ពុជា​​បាន​កើន​ឡើង​ជា​លំដាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​​នេះ។ទោះ​បីជា​​មាន​ការ​​ផ្តោត​ជា​យូរ​មក​ហើយ​​លើ​វិស័យ​កាត់​ដេរ​ក្ដី​  ក៏​ការ​វិនិយោគ​ថ្មី​ៗ​កំពុង​ផ្លាស់​ប្ដូ​រ​ឈាន​ទៅ​រក​ឧស្សា​ហកម្ម​ធុន​ស្រាល​​ដែល​ត្រូវ​ការ​កម្លាំង​ពល​កម្ម​ច្រើន​។

លោក មឿន តុលា ប្រធាន​កម្មវិធី​ការ​ងារ​នៅមជ្ឈមណ្ឌល​អប់​រំ​ច្បាប់​​សម្រាប់​សហគមន៍​​បាន​មាន​ប្រសាសន៍​ថា ខណៈដែល​ក្រុមហ៊ុន​ជប៉ុន​ជា​ធម្មតា​ផ្ដល់​លក្ខខណ្ឌ​ការងារ​​ និង​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​បច្ចេកទេស​ប្រសើ​រជាង​ក្រុមហ៊ុន​មក​ពី​បណ្ដា​ប្រទេស​នានា​ដូច​ជា​ចិ​ន និង​វៀតណាម​ជា​ដើម​នោះ ប្រាក់​ឈ្នួល​កម្លាំង​ពលកម្ម​របស់​ពួក​គេ​ប្រហែល​ជា​ស្រ​ដៀង​ៗគ្នា​។

លោក​បាន​មាន​ប្រសាសន៍​ថា“ វា​មិន​ខុស​គ្នា​ពី​ក្រុមហ៊ុន​ផ្សេង​ៗ​ប៉ុន្មាន​ឡើយ​។ពួក​គេ​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ ប៉ុន្ដែ និយាយ​ពី​ប្រាក់​ឈ្នួល​កម្លាំង​ពលកម្ម​ ពួក​គេ​សម្លឹង​​មើល​គោល​នយោបាយ​ជាតិ​”។

លោក ហ៊ីរ៉ូស៊ី ស៊ូហ្សូគី (Hiroshi Suzuki) នាយក​ប្រតិបត្តិ​ និងជា​សេដ្ឋវិទូ​ជាន់​ខ្ពស់​នៅ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ពាណិជ្ជ​កម្ម​កម្ពុជា​ បាន​យល់​ស្រប​ថា ខណៈ​ដែល​បណ្ដា​ក្រុមហ៊ុន​ជប៉ុន​ផ្ដល់​អត្ថប្រយោជន៍​បន្ថែម​មួយ​ចំនួន​ ដូចជា​​កន្លែង​ស្នាក់​នៅ និង​​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នោះ​ នៅ​ទី​បំផុត​ពួក​គេ​ក៏​ជ្រើស​រើស​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​ ពី​ព្រោះ​ពួក​គេ​អាច​ចំណាយ​ទៅ​លើ​​ប្រាក់​ខែ​ទាប​ជាង​​នៅ​ប្រទេស​​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​។

លោក​​មាន​ប្រសាសន៍​ទៀត​ថា “ ក្រុម​ហ៊ុន​​ជប៉ុន​ គឺ​ជា​ក្រុមហ៊ុន​ឯកជន​។ ពួក​គេ​មក​កម្ពុជា​ដោយសារ​តែ​អត្ថប្រយោជន៍​របស់​កម្ពុជា​ នៅ​ត្រង់​ថា ចំណាយ​ទាប​លើ​កម្លាំង​ពលកម្ម​ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ជិត​ខាង​”។

នៅ​ក្នុង​លិខិត​មួយ​ចុះ​កាល​បរិច្ឆេទ​កាល​ពី​ម្សិលមិញ​ លោក ហ៊ុន សែន បាន​អបអរ​សាទរ​​ចំពោះ​លោក ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រី​ស្ដាំ​និយម​ថ្មី របស់​ជប៉ុន​ ដែល​​គណបក្ស​ប្រជា​ធិបតេយ្យ​សេរី​ (LDP) របស់​លោក​ទទួល​បានជ័យ​ជម្នះ​​នៅក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ កាល​ពីថ្ងៃ​ច័ន្ទ។

លោក​ ហ៊ុន សែន បាន​សរសេរ​ថា “ ខ្ញុំ​មាន​ការ​ជឿជាក់​យ៉ាង​មុត​មាំថា ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​ឯកឧត្ដម ទំនាក់​ទំនង​មិត្ត​ភាព​ល្អ​ឥ​ត​ខ្ចោះ​ និង​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែ​ផ្កា​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ជប៉ុន​ នឹង​ត្រូវ​បាន​ពង្រឹង​​ និង​ពង្រីក​បន្ថែម​ទៀត​ ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅមក​នៃ​ប្រទេស​របស់​យើង​ទាំង​ពីរ​”៕

ប្រែសម្រួលដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស