27 C
Phnom Penh

អង្គការ​លើក​លែងទោស​​​​៖ ការ​លូក​ដៃ​របស់​រដ្ឋាភិបាល​អាច​ធ្វើ​ឲ្យសាលាក្តី​ខ្មែរក្រហម​បរាជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​លើក​ឡើង​ កាល​ពី​ម្សិល​មិញ​ថា ការ​លូក​ដៃ​ផ្នែក​នយោបាយ​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤ នៅ​សាលា ក្តី ខ្មែរ​ក្រហម​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ជោគជ័យ​នៃសំណុំ​រឿង​​០០១​​ដែល​តុលាការ​បាន​បញ្ចប់​ទៅ​ហើយ​នោះ​ និង​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​​សំណុំ​រឿង​​០០២​ដែល​កំពុង​ដំណើរ​ការ​។

នៅ​ក្នុង​អត្ថបទ​​វិចារណកថា​​មួយ​ចុះ​ផ្សាយតាម​គេហ​ទំព័រ អាយឡយើ (iLawyer)​ ដែល​​សរសេរ​​អំពី​បញ្ហា​ពាក់​ព័ន្ធនឹង​យុត្តិធម៌​អន្តរ ជាតិ​ នោះ​ អង្គការ​លើក​លែង ទោស អន្តរជាតិ​​​បាន​លើកឡើង​ថា អង្គជំនុំជម្រះ​​វិសាមញ្ញ​ក្នុង​​​​តុលាការ​កម្ពុជា​ អាច​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ប្រសិន​បើ​នៅ​តែអនុញ្ញាតឲ្យ​​មាន​ការ​លូក​ដៃ​ផ្នែក​នយោបាយ​ក្នុង​ដំណើរ​ការរបស់​​សា​​​លា​​​ក្តី​ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​​នោះ។

លោក រូភើត អាប់​បត (Rupert Abbot)អ្នក​ស្រាវ​ជ្រាវ​អំ​ពី​កម្ពុជា​ប្រចាំ​​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ ​និង​លោក​ ស្តេហ្វានី បាប៊័រ (Stephanie Barbour) ​អ្នក​សម្រប​សម្រួល​យុទ្ធនា​​​ការ​អន្តរជាតិប្រចាំ​អង្គការ​នេះ​ដែរ​បាន​មាន​ប្រសាសន៍ថា “ ការ​លូក​ដៃ​ដោយ​គ្មាន​ការ​ត្រួត​​​​ពិនិត្យ​បែប​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ជោគ​​​ជ័យ​ដែល​ធ្លាប់​មាន​កន្លង​មក​ និង​ប៉ះ​ពាល់​ដល់​គោល​បំណង​ពិត​ប្រាកដ​របស់​អង្គជំនំុជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ដើម្បី​ស្វែង​​រក​យុត្តិធម៌​ជូន​​ជន​រង​គ្រោះដោយ​របប​ខ្មែរ​ក្រហម​”។

តុលា​ការ​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម​​នេះ​ទទួល​​រង​នូវ​​​ការ​ចោទ​ប្រកាន់​ថា​ មាន​ការ​លូក​ដៃ​ពី​ផ្នែក​នយោ​បាយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ប៉ុន្ដែ​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បាន​ចំណាយ​​​​ពេល​ជាង​មួយ​ទសវត្សរ៍​ប្រកាន់​នូវ​គោល​ជំហរ​របស់​ខ្លួន​ដែល​ថា មាន​មេដឹក​នាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​តែ​ប្រាំនាក់​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​កាត់​ទោស។

កាល​ពី​​ឆ្នាំ​២០០៩ លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​នូវ​ការ​ជំទាស់​​របស់​លោក​ ចំពោះ​​សំណុំ​រឿង​០០៣ និង​០០៤ដែល​កំពុង​តែ​​ដំណើរ​ការ​​ ដោយ​លើក​ហេតុ​ផល​ថា ​សំណុំ​រឿង​ទាំង​ពីរ​​នេះ​​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​ជា​ថ្មី​។

សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំង​ពីរ​​​​គឺ​លោក សៀកហ្រ្វិត ​​​​​ប្លាំង (Siegfried Blunk) និង​លោក ឡូរិន កាស្ពើអាន​សើមិត​(Laurent KasperAnsermet) ដែល​បាន​​ប៉ះ​ទង្គិច​ជា​មួយ​នឹង​សមភាគី​របស់​ខ្លួនគឺ​ លោក យូ ប៊ុនឡេង​ នោះបាន​សរសេរក្នុង​​លិខិត​លា​លែង​ពី​តួ​​​នាទីរបស់​​​​ខ្លួន​​​​​ថា ​ការ​លូក​ដៃ​ផ្នែក​នយោបាយ​​ក្នុង​សាលា​​​ក្តី​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការងារ​របស់​ខ្លួន​​។

លោក​​ចៅក្រម​ យូ ប៊ុនឡេង ដែល​ជា​ប្រធាន​សាលាឧទ្ធរណ៍ផង​ដែរ​នោះ​បាន​បដិសេធ​​​ថា រដ្ឋាភិបាលមិន​បាន​លូក​ដៃ​នៅ​​​ក្នុង​សាលាក្តី​នេះ​ទេ​។អ្នក​​និពន្ធ​​នៅ​​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​សរសេរ​ថា ការ​មក​ដល់​របស់​លោក ម៉ាក ហាម៉ុន​ (Mark Harmon) សហ​ចៅ​​​ក្រម​សើុប​អង្កេត​ថ្មី​ដែល​បាន​ចាប់​ផ្តើម​ការងារ​ កាល​ពីចុង​ខែតុលា គឺជា​ឱកាស​មួយ​ផ្សេង​ទៀត​សម្រាប់​សាលាក្តី​ដោះស្រាយ​ការ​ចោទ​​​​ប្រកាន់​​ថា​មាន​ការ​​ជ្រៀត​ជ្រែក​ផ្នែក​នយោ​​​បាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាលាក្តី​នេះ។

ក្រុម​អ្នក​និពន្ធរូប​​នេះ​បាន​លើក​ឡើង​ថា “ ខណៈ​ដែល​មាន​ការ​ប្រើ​ពាក្យ​សម្តី​ធ្ងន់ដោយ​​​អង្គ​ការ​សហ​ប្រជាជាតិ​​បញ្ចេញ​កង្វល់​របស់​ខ្លួន​​​ជា​សាធារណៈ​​អំពី​ការ​ជ្រៀត​ជ្រែក​​ផ្នែក​នយោបាយនោះ វា​ហាក់​ដូច​ជា​មាន​ការ​ផ្អាក​​​សកម្ម​ភាព​ដែរ”។

ពួកគេ​បន្តថា “ ជា​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ និង​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ​ដល់​​សាលាក្តី​​នេះ​​មិន​បាន​​​កំណត់​លក្ខខណ្ឌ​​របស់​ខ្លួន​ជាសាធារណៈ​សម្រាប់​បន្ត​ជួយ​ដល់​អង្គ​ជំនុំជម្រះក្នុង​តុលាការ​កម្ពុជា ឬក៏​មិន​អាច​កំណត់​ថាតើ​ បញ្ហា​នេះនឹង​ផ្ដល់​ផល​វិបាក

​​​​ឬ​យ៉ាង​ណា​នោះទេ។ លើស​ពីនេះ​ទៀត​អង្គការ​សហ​ប្រជា​ជាតិ​​​​​​មិន​បាន​ស៊ើប​អង្កេត​​លើ​ការ​លូក​ដៃ​ផ្នែក​នយោបាយ​ដូច​ដែល​បាន​ចោទ​ប្រកាន់នោះ​ទេ”។

ពួក​គេ​បាន​បន្ថែម​ទៀតថា អង្គការ​សហ​ប្រជា​ជាតិ “ គួរតែ​ធ្វើ​ឲ្យ​ប្រាកដ​ថា ខ្លួន​នឹងធ្វើ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​​​ពិចារណា​​​ជា​សាធារណៈ​​ថា​តើ​​គួរ​តែ​លែង​ឲ្យ​​មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ឬ​យ៉ាង​ណា​”៕

ប្រែសម្រួលដោយ ហម សុផាណ្ណា​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស