28 C
Phnom Penh

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ថា ការសាងសង់ព្រះមេរុមាន​ តម្លៃប្រហែល​១,២​លាន​ដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិល​មិញ លោកនាយករដ្ឋ​មន្ត្រីហ៊ុនសែនបានទម្លាយព័ត៌មាន​លម្អិត​អំពី​​តម្លៃ​នៃការ​រៀប​ចំ​ពិធី​​ថ្វាយ​​​ព្រះ​ភ្លើង​បូជាព្រះ​បរម​ សពសម្តេចឪនរោត្តមសីហនុដោយ​លោក​លើក​ឡើង​ថាមាន​តម្លៃប្រហែល១,២​លាន​ដុល្លារប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​​​មិន​​បាន​ធ្វើការ​ដាក់​ដេញ​ថ្លៃ​ដោយ​សារ​ការងារ​រៀប​ចំ​កន្លែង​ពិធី​ត្រូវធ្វើឲ្យ​បាន​លឿន​​ ដើម្បី​បូជា​ព្រះបរម​សព​។

នៅ​ក្នុង​សុន្ទរកថា ថ្លែង​នៅឯ​វាល​ព្រះ​មេរុ​នៅមុខ​សារមន្ទីរ​ជាតិ​ ដែល​ជា​កន្លែង​សម្រាប់​​​​រៀបចំ​​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​ព្រះបរម​សព​ កំពុង​ត្រូវ​បាន​សាង​​សង់​នេះ​ លោក​ ហ៊ុនសែន​បាន​បដិសេធ​ចំពោះ​សេចក្តីរាយការណ៍​ថ្មីៗនេះ​ដែល​បាន​លើក​ឡើង​ថា ការ​សាងសង់​ព្រះមេរុ​នោះ​មាន​តម្លៃច្រើន​រហូត​ដល់​៥​លាន​ដុល្លារ។

ដោយបដិសេធ​ចំពោះ​ការ​អះអាងរបស់​ព្រះ​អង្គម្ចាស់​ ស៊ីសុវត្ថិធមិ្មកោអ្នក​នាំ​ពាក្យ​ព្រះ​រាជខុទ្ទកាល័យ ដែល​បានលើក​ឡើង​ថាមានគេទូលព្រះ​អង្គថាការ​ងារ​សាងសង់​នេះ ​អាច​មាន​តម្លៃ​ដូច្នោះលោក​ ហ៊ុនសែន ​មាន​ប្រ​សាសន៍ថា​​“ រាជរដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​លើការ​ចំណាយ​សម្រាប់​ការ​សាងសង់​នេះ​ហើយ​វាមាន​តម្លៃ​ប្រហែល​១,២​លាន​ដុល្លារ​ប៉ុណ្ណោះមិន​មែន​៥លានដុល្លារ​នោះ​ទេ​”។

លោកហ៊ុនសែនក៏បាន​មាន​ប្រសាសន៍​ផង​​ដែរថា​ ការ​សម្រេច​របស់​រដ្ឋាភិបាល​ដោយ​​មិន​បាច់ដាក់​​ដេញ​ថ្លៃសម្រាប់ការ​សាងសង់​នេះ ​ដោយ​សារ​រដ្ឋាភិបាលចង់​ពន្លឿន​ការ​សាងសង់​ ព្រោះពេលវេលាមាន​តែបីខែ​​ប៉ុណ្ណោះ​សម្រាប់​រៀប​ចំ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​សម្រាប់​បូជា​ព្រះ​បរម​សពសម្តេច​ឪ​​។

អតីតព្រះមហាវីរក្សត្រ​ ព្រះបាទនរោត្តមសីហនុបាន​យាង​ចូល​ទិវង្គត​ កាលពី​ថ្ងៃទី​១៥ខែតុលានៅក្នុង​ប្រទេស​ចិនហើយ​ព្រះ​បរម​សព​របស់​ព្រះ​អង្គ​ នឹង​ត្រូវ​បូជា​នៅ​ថ្ងៃទី​៤ខែកុម្ភៈឆ្នាំ​២០១៣។

លោកហ៊ុនសែនបាន​ថ្លែង​បន្តថាប្រសិន​​បើមាន​ការ​ដេញ​ថ្លៃមែនម៉្លេះសមពិធី​បញ្ចុះ​បឋម​សិលាសម្រាប់​ការ​ងារ​សាងសង់​នោះមិនទាន់​ចាប់ផ្តើម​​ទេ​ ពីព្រោះ​នីតិវិធី​នៃ​ដំណើរការ​ដេញ​ថ្លៃ​ជា​សាធារណៈតម្រូវ​ឲ្យ​មាន​ផ្សាយពាណិជ្ជកម្ម​តាម​កញ្ចក់​ទូរទស្សន៍វិទ្យុនិង​តាម​កាសែត ​ហើយ​វា​អាច​​​ទាមទារ​​​ពេល​យ៉ាង​តិច​ពីរខែ​”។

លោកនាយក​រដ្ឋ​មន្ត្រី​​​​​​បាន​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ព្រះ​រាជ​បន្ទូល​របស់​ព្រះ​អង្គម្ចាស់​ ធម្មិកោ​ ដែល​បានធ្វើ​ឲ្យ​សាធារណ​ជន​មានការ​ភាន់​​​ច្រឡំ​​នាពេល​​កន្លង​មក​។

លោកហ៊ុនសែនបានមាន​ប្រសាសន៍ថា“ ការលើក​ឡើង​របស់​[ព្រះអង្គម្ចាស់​ ធម្មិ​កោ] អំពី​ការ​សាងសង់​ [ព្រះមេរុ​] មាន​តម្លៃ​៥​លាន ដុល្លារនោះ​គឺមិន​គោរពព្រះ​កិតិ្តយស​របស់​សម្តេច​ឪព្រះមហាវីរក្សត្រនិងព្រះកិត្តិយស​របស់សម្តេចម៉ែ ឬក៏មិនគោរពរដ្ឋាភិបាល​ឡើយ” ។ ​លោក​ថ្លែង​បន្ថែមថាព្រះ​អង្គ​ម្ចាស់​​ធម្មិកោ​ បាន​សន្និដ្ឋានអំពី​តម្លៃនោះ​ដោយ​ព្រះ​អង្គឯង​ ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​លើក​ឡើង​ថា “ អ្នក​ទាំងនោះ​រួម​ទាំង​ព្រះអង្គ​ ធម្មិកោ​ ផង​ដែរ បាន​ធ្វើការ​សន្និដ្ឋាន​បែបនេះ​ដើម្បី​កេង​បន្លំ​ប្រាក់​ខ្លះ​ ឬលួច​ទ្រព្យសម្បត្តិ​​ជាតិ​​”។ តែទោះ​ជា​យ៉ាងណា​ លោក​មិនបាន​​បញ្ជាក់​ឈ្មោះក្រុម​ណាមួយ​ ដែល​លោក​ចង់សំដៅ​ ឬ​ការ​ចោទ​ប្រកាន់​ពី​ការ​សម​​គំនិតគ្នា​​នោះ​ឡើយ​។

លោកហ៊ុនសែនបាន​មាន​ប្រសាសន៍​ថា “ ការ​លើក​ឡើង​របស់​ពួកគេ​មិនថ្លៃថ្នូរទេ​រួម​​​​ទាំង​ព្រះ​អង្គ ធម្មិកោ​។ ប្រសិន​បើ​លោកមិន​យល់​អំពី​បញ្ហានេះ​ លោកគួរតែ​សរសេរលិខិត​​ផ្ញើមកកាន់​​រាជរដ្ឋាភិបាល​ដើម្បី​សួរ​ពី​តម្លៃ​នៃការ​សាង​សង់​នេះ​ ជៀសវាង​ការ​ធ្វើ​អត្ថា​ធិប្បាយ​ដោយ​គ្មាន​មូលដ្ឋាន​បែប​នេះ​”។

កាលពីថ្ងៃអាទិត្យ ព្រះអង្គម្ចាស់​ ធម្មិ​កោ​បានមាន​ព្រះបន្ទូលថា ព្រះអង្គ​​​ត្រូវ​​​បាន​​​​​​គេទូលព្រះអង្គ​​ថាការសាងសង់​ព្រះ​មេរុ​នេះ​មាន​តម្លៃ៥​លាន​ដុល្លារ។​  តែ​មន្ត្រី​ទទួល​បន្ទុក​ការ​រៀប​ចំ​ព្រះ​រាជ​​​ពិធី​ថ្វាយព្រះភ្លើង បូជាព្រះ​បរម​សព​របស់​សម្តេច​ឪ​បាន​បដិសេធ​​ចំពោះ​ការ​អះ​អាង​របស់​ព្រះអង្គ ហើយពួក​​​គេ​​​​បាន​និយាយថាតម្លៃ​នៃការ​សាងសង់​នោះ​ គឺ​ប្រហែល​ជិត​១លាន​ដុល្លារ។

ដោយ​ថ្លែង​អំពី​ម្ចាស់​ក្រុម​ហ៊ុន​ វីស្ប៉ានដែលជាក្រុម​ហ៊ុន​​កំពុង​សាងសង់​ព្រះមេរុ​នេះលោកហ៊ុនសែនមាន​ប្រសាសន៍​ថា “ ពួកគេ​បាន​និយាយថា ក្រុម​ហ៊ុន​នេះ​ជា​កម្មសិទ្ធិ​​​កូន​ស្រី​​របស់​សម្តេចចៅហ្វាវាំងគង់សំអុលរដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង​ ប៉ុន្តែឥឡូវ​នេះ​ តើ​យើង​អាច​រក​ក្រុមហ៊ុន​ណា​​ផ្សេង​ទៀតបាន​? វា​ជា​បញ្ហាស្មុគស្មាញ​ ហើយ​ទោះបី​ជា​ខ្ញុំ​ក៏មិន​យល់​អំពី​​របៀប​សាង​សង់​​ព្រះមេរុនៅ​វាលព្រះ​មេរុ​នេះ​ទាំងអស់​​ដែរ​”។

នៅក្នុង​លិខិត​មួយ​​​ឆ្លើយ​តប​ចំពោះ​ការ​អត្ថាធិប្បាយ​របស់លោកហ៊ុនសែនកាល​ពី​ម្សិល​មិញ ព្រះ​អង្គម្ចាស់​ ធម្មិកោ បាន​​មាន​ព្រះ​បន្ទូលថា ព្រះ​អង្គ​មានការ​សោកស្តាយ​នូវ​អ្វី​ ដែលបាន​​​កើត​ឡើង​ដោយអចេតនា​​ដោយ​សារ​ការ​បា៉ន់​តម្លៃ​នៃការ​សាងសង់​​របស់​ព្រះ​អង្គ​។

ទោះជា​យ៉ាង​ណា​ “ ការ​មិនឯកភាពគ្នា​ដ៏គួរឲ្យ​សោកស្តាយ​” ពាក់ព័ន្ធនឹង​ការរៀប​ចំ​​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​ព្រះបរម​សព​សម្តេចឪ​គួរតែអាច​ជៀស​វាង​បាន​ប្រសិន​បើ​ក្រសួង​ព្រះ​បរម​រាជវាំង​ចែក​រំលែក​ព័ត៌មានអំពី​ការ​ងារ​សំខាន់បែបនេះ​​ដល់សាធារណជន​។ ព្រះ​អង្គ​បានទ្រង់​​​ព្រះ​លិខិត​ថា“ ក្រសួង​ព្រះ​បរម​រាជវាំង​​ជា​ស្ថាប័ណ្ណ​សំខាន់ ដែល​មិន​មានស្ថាប័ន ដូចជា​នាយកដ្ឋាន​សម្រាប់​ទំនាក់ទំនង​សាធារណៈទេ”។

ព្រះ​អង្គ​បានទ្រង់​​​ព្រះ​​​លិខិត​​​​បន្តថា “ បើ​​​បញ្ហានេះ​អាច​ត្រូវ​បាន​ដោះ​ស្រាយ ឬក៏​​​ធ្លាប់​​​​ដោះ​ស្រាយបានហើយ ​​​នោះ​បញ្ហាការ​​សន្និ​ដ្ឋានបែប​នេះ​​​​នឹង​នៅតែមាន ហើយ​មិន​មាន​នរណា​ម្ចាក់​ ជាអ្នក​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ព័ត៌មាន​​​មិន​​​ផ្លូវការនេះ​ឡើយ”។ ប៉ុន្តែ ​បំណង​ល្អ​បំផុត​របស់​ខ្ញុំ​ គឺខ្ញុំចង់​ឃើញ​ព្រះ​បរម​រាជវាំង​ “ ក្លាយ​​​ជា​ស្ថាន​ប័ន​​​មួយមាន​តម្លាភាព​”៕ ប្រែសម្រួលដោយឃិនណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស