29 C
Phnom Penh

​វីដេអូ​ហ្គេម​​​ផលិតនៅ​​ក្នុង​ស្រុកសម្រាប់​ក្រុម​ហ៊ុនអេបផល​នៅ​កម្ពុជា ពេញ​និយម​ខ្លាំង​បំផុត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពល​រដ្ឋ​ខ្មែរមួយ​ក្រុម​ដែល​​មាន​គ្នា​​១២​នាក់​​ បាន​​បង្កើត​វីដេអូហ្គេម​ថ្មី​មួយ​សម្រាប់​ផលិតផលទូរស័ព្ទ​អាយ​ហ្វូន (iPhone) ​គឺ​មាន​រយៈ​ពេល​​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះបន្ទាប់​ពី​​ការ​​ផ្សព្វ​ផ្សាយ​វីដេអូ​​​​នេះ ​បាន​ក្លាយ​ជា​ហ្គេម​ដែល​គេ​ទាញ​យក​ច្រើន​បំផុត​នៅ​ប្រទេស​​​កម្្ពុជាតាម​​ហាង​​​​អីុន​ធើ​ណិត​របស់​ក្រុម​ហ៊ុន​​​អេបផល​​​អីុង (Apple Inc)។

យោងតាម​លោកអ៊ាអ៊ុយអ្នក​ផលិត​ហ្គេមនេះ​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពីចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​មក ហ្គេម“Asva the Monkey” (អាស្វា) ត្រូវ​​​បាន​គេ​ទាញ​យក​តាម​រយៈ​ការ​ចំណាយ​ប្រាក់​រហូត​ដល់​ទៅ​ជាង​៣.០០០​លើក។

លោកអ៊ា​ អ៊ុយអាយុ​៣០​ឆ្នាំដែល​ធ្វើ​ការ​ជា​មួយ​អ្នក​ផលិត​ហ្គេម​នៅ​រាជ​ធានី​ភ្នំពេញ​ ចំនួន​១១​នាក់​ផ្សេង​ទៀត​មកពី​អូសចាស្ទូឌី​យោ (Osja Studio) ជា​ស្ទូឌីយោ​មួយ​​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​​​​កម្ពុជា ដែល​ក៏​ផលិត​ហ្គេម​សម្រាប់​ផលិត​ផល​អាយ​ភែត (iPad) និង​ អាយ​ផតថាច់ (Ipod Touch) របស់​ក្រុម​ហ៊ុន​អេប​ផល​ផង​ដែរ។

ហ្គេមអាស្វា​មាន​តម្លៃ​០,៩៩​ដុល្លារ តែ​មិន​គិត​ថ្លៃ​ទេ​​សម្រាប់​ការ​សាក​ល្បង។ អ្នក​លេង​​ហ្គេម​នេះ​ត្រូវ​លេង​ក្នុង​នាម​ជា​ស្វា​មួយ​ឈ្មោះអាស្វាដែល​រស់​នៅ​កន្លែង​អាថ៌​កំ​បាំងគ្មាន​មនុស្ស​រស់​នៅ​ក្នុង​ព្រៃ​ជិត​​ប្រាសាទ​អង្គរ​វត្ត​ក្នុង​ខេត្ត​សៀម​រាប។ថ្ងៃ​មួយ​​អាស្វា ដេញ​តាម​ពន្លឺ​​អាថ៌​កំ​បាំង​មួយ​ចូល​ទៅ​ក្នុង​ពិភព​​វេទ​មន្ត​ ហើយ​ត្រូវ​ដោះ​ស្រាយ​ល្បែង​ល្បង​ប្រាជ្ញា​ជា​ច្រើន​​ទើប​អាច​​វិល​ត្រ​ឡប់​ទៅ​ជម្រក​របស់​​ខ្លួន​​វិញ​​បាន​។​នៅ​ក្នុង​ហ្គេម​នេះ ​មាន​​តួអង្គ​វេទ​មន្ត​ចេះ​ហោះ​ហើរ​មួ​យ​​ឈ្មោះអាបូជា​អ្នក​នាំ​ផ្លូវ​អាស្វា។​

លោកអ៊ាអ៊ុយ ​​លើក​ឡើង​ថា​ ក្រុម​ហ៊ុន​បាន​ចំណាយ​ពេល​ប្រ​ហែល​​ប្រាំ​មួយ​ខែ​ដើម្បី​បង្កើត​ហ្គេម​នេះ​ឡើង។លោក​បន្ត​ថា“ ពី​គំនិត​គូរ​​រូប​ភាព​​ដល់​ការ​បង្កើត​កម្ម​វិធី​ វា​ជា​ដំណើរ​ការ​មួយ។​នេះ​ជា​ហ្គេម​ដំបូង​​​របស់​យើង​ដែល​មាន​បញ្ចូល​វប្ប​ធម៌​​ខ្មែរ​”។

លោកបាន​បន្ថែមទៀត​ថា កាលពី​ឆ្នាំ​មុនអូសចាស្ទូឌីយោ ​បាន​បញ្ចេញ​ហ្គេម​​​វីដេអូ​​​ចំនួន​បី​ដើម្បី​អប​អរថ្ងៃ​បុណ្យ​ណូអែល សម្រាប់​​​​ទូរ​ស័ព្ទ​អាយ​ហ្វូនដែល​បាន​ចំណាយ​​​​ពេល​សរុប​បី​ខែ​ទើប​ផលិត​ហ្គេម​ទាំង​នោះ​​ចប់​រួច​រាល់។

លោកយុកជីវ៉ាឡយអាយុ​២៧​ឆ្នាំនាយក​​ផ្នែក​សិល្បៈ​​នៅ​អូសចាស្ទូឌីយោ ​បាន​លើក​ឡើង​ថាលោក​បាន​ចំណាយ​ពេល​ប្រ​ហែល​បួន​ខែ​ក្នុង​ការ​គូរ​គំនូរ​ព្រាង​អាស្វា ហើយ​ហ្គេម​នេះ​មាន​ជាង​៩០​កម្រិត។​ដើម្បី​បញ្ចប់​​កម្រិត​មួយ​ អាស្វាត្រូវ​ប្រ​មូល​គ្រឿង​អលង្ការ​ ដោយ​ការ​លោត​​កាត់​តាមប្លុក​ជា​បន្ត​បន្ទាប់​ដោយ​មិន​ត្រូវទៅ​មុខ​ត្រង់​ឬ​ត្រ​ឡប់​ក្រោយ​ឡើយ។

សំដៅ​ដល់​សម្លៀក​បំពាក់​ប្រ​ពៃ​ណីដែល​រុំ​ជំុវិញ​ជើង​និង​ចង្កេះ​របស់​ស្វា​នោះ លោកយុក ​បន្ត​ថា “ យើង​បាន​​សម្រេច​ចិត្តយក​អ្វី​ដែល​មើល​ទៅ​មាន​លក្ខណៈ​ដូច​ខ្មែរភាគ​ច្រើន​​បំផុត​។​ឧ​ទា​ហរណ៍អាស្វា​ស្លៀក​ក្បិន”។

លោកអ៊ា​ អ៊ុយក៏​បានលើក​ឡើង​ដែរ​ថាអូសចាស្ទូឌីយោមិន​បាន​ផលិត​ហ្គេម​នេះ​សម្រាប់​ប្រ​ជាជន​ក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ​លោក​ទទួលស្គាល់ថា ការ​ទទួល​បាន​​ប្រ​ជា​ប្រិយ​ភាព​​ក្នុង​ប្រទេស ងាយ​ស្រួល​ជាង​ ដោយ​សារការបញ្ចូល​នូវ​វប្ប​ធម៌ក្នុង​​ស្រុក។

លោកបាន​​លើក​ឡើង​ទៀត​ថា “ យើង​​មិន​កំណត់​គោល​ដៅ​ហ្គេម​នេះ​សម្រាប់​តែ​កម្ពុជាប៉ុណ្ណោះ​ទេ។ហ្គ្រាហ្វិកសំឡេងនិង​ហ្គេម​នេះ​ជា​អ្វីដែល​​ធ្វើ​ឲ្យ​វា​ពេញ​និយម។​ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ ​វា​ពេញ​និយមពីព្រោះ​យើង​បង្ហាញ​ពី​វប្ប​ធម៌​កម្ពុជា នៅ​ក្នុង​ហ្គេម​​ ហើយ​ក៏​មាន​អ្នក​គាំ​ទ្រ​វា”៕

ប្រែ​សម្រួល​ដោយតែមសុខុម​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស