33 C
Phnom Penh

ឧទ្ធម្ភាគចក្រ​​​យោធា​​​​​​ផលិត​​​នៅ​​​​​​ចិន​​​ចំនួន​​​១២​​​គ្រឿង ​នឹង​មកដល់​​​ កម្ពុជា​​​នៅ​​​ខែ​​​មេសា​​​ឆ្នាំ​​​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីមួយ​​​រូប បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ចាប់​​​ពី​​​ខែ​​​មេសា ឆ្នាំ​​​ក្រោយ កង​​​ទ័ព​​​អាកាស នៃ​​​កង​​​យោពល​​​ខេមរ​​​ភូមិន្ទ នឹង​​​ចាប់​​​ផ្ដើម​​​ទទួល​​​​​​​​​ឧទ្ធម្ភាគចក្រ​​​យោធា​​​ចំនួន​​​១២​​​គ្រឿង​​​​ដែល​​​ផលិត​​​នៅ​​​ប្រ​​​ទេស​​​ចិន ដើម្បី​យក​មក​​​ប្រើ​​​សម្រាប់សកម្មភាព“ មនុស្ស​​​ធម៌​ និង​​​ការ​​​ពារ​​​ដែន​​​អាកាស​​​​​​កម្ពុជា។

លោក​​​ឧត្ដម​​​សេនីយ៍​​​ឯក សឿង ​សំណាង ​មេបញ្ជាការ​​​ទ័ព​​​អាកាស បាន​មាន​​​ប្រសាសន៍​​​ ​​​អំឡុង​​​​​​​​​កិច្ច​​​ប្រ​​​ជុំប្រ​​​ចាំឆ្នាំ​របស់​កង​យោធពល​ខេមភូមិន្ទ​​​ ដែលបាន​​​ប្រព្រឹត្ត​​​ទៅ​​​នៅ​​​រាជធានី​​​ភ្នំពេញ​កាល​​​ពី​​​ថ្ងៃ​​​អង្គារថា ឧទ្ធម្ភាគចក្រ​​​យោធា​​​​ប្រភេទ Z-9 ដ៏​​​ចាំបាច់​​​នេះនឹង​​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ នៅឆ្នាំក្រោយ។

លោកឧត្តមសេនីយ​​​ឯក សឿង សំណាង បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” មូល​​​ដ្ឋាន​​​ទ័ព​​​អាកាស នឹង​​​ទទួល​​​បាន​​​ឧទ្ធម្ភាគ​​​ចក្រ​​​ថ្មី​​​ ចំនួន​​​១២​​​គ្រឿង​​​ពី​​​ប្រទេស​​​ចិន នា​ឆ្នាំ​​​ក្រោយ​​​នៅ​​​ចន្លោះ​​​ខែ​​​មេសា​​​ និង​ខែ​​​សីហា ” ។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា ” ឧទ្ធម្ភាគចក្រ​​​ទាំង​​​១២​​​គ្រឿង​​​នេះ គឺ​​​សម្រាប់​​​ជួយ​​​​​​ប្រទេស​​​ជាតិ​​​ ប្រសិន​​​បើ​​​ប្រទេស​​​ជាតិ​​​ជួប​​​ប្រទះ​​​នឹង​​​គ្រោះ​​​មហន្តរាយ​​​ដូច​​​ជា​​​ទឹក​​​ជំនន់ ឬ​​​ក៏​​​សម្រាប់ដឹក​​​ជញ្ជូនជំនួយ​​​​​​ស្បៀង​​​អាហារទៅ​​​កាន់​​​តំបន់​​​ដាច់​​​ស្រយាល​​​នៅ​​​ក្នុង​​​ពេល​​​អាសន្ន​​​ផ្សេង​​​ៗជាដើម “។             លោកបាន​​ប្រសាសន៍​​​បន្ថែម​​​ថា ឧទ្ធម្ភាគចក្រថ្មី គឺ​​​​​​ចាំ​​​បាច់​​​ណាស់ ដើម្បី​​​ជំនួស​​​ឧទ្ធម្ភាគចក្រ​​​ចាស់ៗរបស់​​​កង​​​ទ័ព​​​អាកាស​​​កម្ពុជា​​​ប្រភេទMi-8 និង Mi-17 ដែល​​​ផលិត​​​នៅ​​​ប្រទេស​​​រុស្សុី​​​។

ឧទ្ធម្ភាគចក្រ​​​ប្រភេទ Z-9 គឺ​​​ជា​​​ប្រភេទ​​​យន្ដហោះ ប្រើ​​​ប្រាស់​​​បាន​​​ច្រើន​​​យ៉ាង ហើយ​អាច​​​បំពាក់​​​អាវុធ​​​ទំនើប​​​ៗសម្រាប់​​​ប្រយុទ្ធបាន។

ក្នុង​​​ខែ​​​សីហា​​​ឆ្នាំ​​​២០១១​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បាន​​​ចុះ​​​ហត្ថលេខា លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ជា​​​មួយ​​​នឹង​​​លោក​​​ ជូ យ៉ុងកាង សមាជិក​​​គណកម្មាធិការ​​​អ​​​ចិន្ត្រៃយ៍​​​នៃ​​ការិយាល័យ​​​នយោបាយ​​​ចិន​​​ក្នុង​​​ទឹក​​​ប្រាក់​​​កម្ចី​​​ចំនួន​​​១៩៥,៥លានដុល្លារ​​​ពី​​​ប្រទេស​​​ចិន​​​ដើម្បី​​​ទិញ​​​ឧទ្ធម្ភាគចក្រ​​​ តែ​​​មិន​​​ទាន់​​​ដឹង​​​ចំនួន​​​ពិត​​​ប្រាកដ​នៅឡើយទេ។

លោកឧត្តម​​​សេនីយ​​​ឯក​​​ សឿង សំណាង​​ បាន​​​បដិសេធ​​​មិន​​​និយាយ​​​អំពី​​​តម្លៃ​​​ឧទ្ធម្ភាគចក្រ​​​យោធា​​​ទាំងនេះ​​​ទេ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍ថា គឺ​​​ពាក់​​​ព័ន្ធទៅនឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​រវាង​​​រដ្ឋាភិបាល​​​ចិន ​​​និង​​​ប្រទេសកម្ពុជា​​​ កាលពីឆ្នាំ​​​មុន​​​។

លោក ហ៊ុន សែន បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​​​​ទិញ​​​ឧទ្ធម្ភាគចក្រនេះ ស្រប​​​គ្នា​​​ និង​​​ការ​​​សន្យាផ្តល់ជំនួយពី​​​ប្រទេស​​​ចិន​​​ជាប្រាក់កម្ចី​​​ និង​​​ការ​​​ធ្វើ​​​ពាណិជ្ជកម្ម ដែល​​​កាល​​​ពី​​​ប៉ុន្មាន​​​ឆ្នាំថ្មី​​ៗនេះ បាន​​​ធ្វើ​​​ឲ្យរដ្ឋាភិបាល​​​​​​ក្រុង​​​បេកាំង​​​ក្លាយ​​​ជា​​​ដៃ​​​គូ​​​ដ៏​​​ធំរបស់​​​រដ្ឋាភិបាលក្រុង​​​ភ្នំពេញ។ នៅ​​​ពេល​​​នេះ​​​មន្ត្រីរដ្ឋាភិបាល​​​មិន​​​បាន​​​លាត​​​ត្រដាង​​​ឲ្យ​​​ដឹង​​​អំពី​​​ចំនួន​​​ឧទ្ធម្ភាគចក្រ​​​ដែល​​​ទិញ​​​តាម​​​រយៈ​​​ប្រាក់​​​កម្ចី​​​នេះ​​​ទេ។

ឧទ្ធម្ភាគចក្រ​​​ប្រភេទ​​​ Z-9ត្រូវ​​​បាន​​​ផលិត​​​ឡើង​​​ក្រោមច្បាប់​​អនុញ្ញាត​​​របស់​​​សារជីវកម្ម​​​ផលិត​​​យន្ត​​​ហោះហាប៊ីន​(Harbin Aircraft) របស់​​​ប្រទេស​​​ចិន​​​ ដែល​​​យក​​​លំនាំ​​​តាម​​​ឧទ្ធម្ភាគចក្រ​​​របស់អឺរ៉ុប ប្រភេទ Eurocopter Dauphin ដែល​​​ផលិត​​​នៅ​​​ប្រទេស​​​បារាំង​​​។

មានសេចក្តី​​​រាយ​​​ការ​​ណ៍​​ថា ​​​ឧទ្ធម្ភាគ​ចក្របំពាក់អាវុធប្រភេទថ្មី ទទួលបានការ ពេញនិយមប្រើក្នុងជួរកង​​​ទ័ព​​​​​​រំដោះ​​​ប្រជាជនចិន​​ និង​​​កងទ័ព​​​បាគីស្ថាន​​​ ។

គេហទំព័រ​​​របស់​​​សារជីវកម្ម​​​ផលិត​​​យន្តហោះហាប៊ីនបានឲ្យដឹងថា ឧទ្ធម្ភាគចក្រ​​​នេះ​​​មាន​​​១០​​​ទៅ​​​១៤​​​កៅអី​​​ ​​​ជាប្រភេទឧទ្ធម្ភាគ​​​ចក្រ​​​ធម្មតា​​​ប៉ុណ្ណោះ។

គេហទំព័រ​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ​​​​​​​​​”បន្ទាប់​​​ពី​​​បំពាក់​​​ឧបករណ៍​​​តាម​​​​​​តម្រូវ​​​ការ​​​រួចនោះ​​​ ឧទ្ធម្ភាគចក្រ​​​ប្រភេZ-9 នេះ អាច​​​ប្រើ​​​សម្រាប់​​​ដឹក​​​ជញ្ជូន​​​អ្នក​​​ដំណើរ​​​ ដឹក​ទំនិញ អន្តរាគមន៍តាម​​​ឆ្នេរ​​​  ពន្លត់​​​អគ្គិភ័យ​​​ ថត​​​រូបពីលើ​អាកាស ល្បាត​​​តាម​​​សមុទ្រ ស្រាវ​​​ជ្រាវ​​​ និង​​​ជួយ​​​សង្គ្រោះ​​​បន្ទាន់ ការ​​​ពារ​​​ព្រៃឈើ​​​ ដឹកជញ្ជូន​​​យាន​​​យន្ដ​​​ ការពង្រឹង​​​ច្បាប់​ បង្ក្រាបសកម្មភាព​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន”៕ (រាយការណ៍​​​បន្ថែម​​​ដោយ Simon Lewis)

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស