36 C
Phnom Penh

ចៅក្រម​អន្តរជាតិ​ពង្រីក​ការ​ស៊ើប​អង្កេត​របស់​សាលាក្ដី​ខ្មែរ​ក្រហម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ សហ​ចៅ​ក្រម​ស៊ើប​អង្កេត​​អន្តរ​ជាតិ​​ដែល​ទើប​​តែង​តាំង​ថ្មី​របស់​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ផ្តើម​សង្គ្រាម​ថ្មី​មួយ​នៅ​ក្នុង​ការ​​ស៊ើបអង្កេត​ពី​អំពើ​ឃោរ​ឃៅប្រ​ព្រឹត្ត​អំឡុង​សម័យ​ ប៉ុល ពត ​ដោយ​ការប្រ​កាស​ថា លោក​គ្រោង​នឹង​ស៊ើប​អង្កេត​នៅ​ទី​តាំង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ចំនួន​១៤​កន្លែង​បន្ថែម​ទៀត ជា​ផ្នែក​នៃ​កិច្ច​ការ​របស់​លោក​ក្នុង​​សំណុំ​រឿង​០០៤។

នៅ​ក្នុង​សេច​ក្តី​ប្រកាស​​ជា​សាធា​រណៈ​លើក​ដំបូង​របស់លោក​ ចាប់​តាំង​ពី​​ចូល​​ធ្វើ​ការ​​កាល​ពី​ខែ​តុលា​មកនោះ ចៅ​ក្រម ម៉ាក ហាម៉ុន (Mark Harmon) មាន​ប្រ​សាសន៍​ថា នឹង​មានការ​ចុះ​​​ទៅ​ពិនិត្យ​មើល​ដល់កន្លែង​​ប្រហារ​ជីវិត​ កន្លែងបង្ខំ​​​ឲ្យ​ធ្វើការ​ងារ​ធ្ងន់ៗ​
ផ្នូរ​បញ្ចុះ​សព​រួមធំៗ ពន្ធ​នាគារ ព្រម​ទាំង​មណ្ឌល​ឃុំ​ឃាំង​និង​សន្តិ​សុខ​​របស់​ខ្មែរ​ក្រហម ទូទាំង​ប្រទេស។

ទីតាំង​ទាំង​​នោះ​រួម​មានបី​កន្លែង​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ប្រាំ​កន្លែង​នៅ​ពោធិ៍​សាត់​ បួន​កន្លែង​នៅ​តាកែវ មួយ​កន្លែង​នៅ​កំពង់​ធំ និង​មួយ​កន្លែង​នៅ​កំពង់​ចាម។ប្រាំ​ពីរ​​កន្លែង​ក្នុង​ចំណោម​​នេះ​មាន​ការ​ទាក់​ទិន​នឹង​ការ​ធ្វើ​ទារុណ​កម្ម​ខ្មែរ​កម្ពុជា ក្រោម​ ជា​ជន​ជាតិ​ភាគ​តិច​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម​សព្វ​ថ្ងៃ អំឡុង​របប​ ប៉ុល ពត។

យោងតាមសេច​ក្តី​​ប្រកាស​របស់​សហ​ព្រះ​រាជ​អាជ្ញារូប​នេះ​​បាន​ឲ្យ​ដឹង​ថា “សាក្សី ឬ​ជន​រង​គ្រោះ​ណា​ដែល​មាន​ព័ត៌​មាន​ទាក់​ទិន​នឹង​ទី​តាំង​ទាំង​នេះ សូម​ទំនាក់​ទំនង​មក​កាន់​ផ្នែកគាំ​ពារ​ជន​រង​គ្រោះ​នៅ​អង្គ​​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​ដែល​នៅទី​នោះ​ ​ពួកគេ​នឹង​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​​ការ​ផ្តល់​ភ័ស្តុតាង​និង​ភាព​ស្រប​ច្បាប់​ក្នុង​ការ​​ដាក់​ពាក្យ​ធ្វើ​ជា​ដើម​បណ្តឹង​​រដ្ឋ​ប្បវេណី”។

រហូត​មក​ទល់​ពេល​នេះ ក្នុង​ចំណោម​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤ ដែល​មាន​ដូចជា អឹម ឆែម អតីតចៅ​ហ្វាយ​ស្រុក​ក្នុង​របប​ខ្មែរ​ក្រហម  តា ទិត្យ អតីត​អនុ​លេខា​បក្ស​ភូមិភាគ​ពាយព្យ តា អាន អតីត​អនុ​លេខា​បក្ស​ភូមិភាព​​​មជ្ឈិម មិ​ន​ទាន់​មាន​នរណា​ម្នាក់​ត្រូវ​បាន​ចោទ​ប្រ​កាន់​ នៅ​ឡើយ​ទេ​ក្នុង​សំណុំ​រឿង​នេះ​។

លោក ហាម៉ុន លើក​ឡើង​ពីវិធាន​​២១​/​C នៅក្នុង​សេច​ក្តី​​ប្រកាស​របស់​លោក ដែល​​ធានា​ថា “​​មាន​ការ​បន្ត​ផ្តល់​ព័ត៌​មាន​ដល់​ជន​រង​គ្រោះ​ ហើយ​ថា មាន​ការ​គោរពសិទ្ធិ​របស់​ពួកគេ​​ក្នុងដំណើរ​ការ​​កាត់​ក្តី​ទាំង​មូល”។

សេច​ក្តី​​ប្រកាស​​នេះ​មិន​បាន​លើក​ឡើង​ពី​សហ​ព្រះ​រាជ​អាជ្ញាជាតិ​នៅ​សាលា​ក្តី​នេះ គឺចៅ​ក្រម យូរ ប៊ុនឡេង ដែល​បាន​​ប៉ះ​ទង្គិច​គ្នា​ម្តង​ហើយ​ម្តង​ទៀត​ជា​មួ​យ​អតីត​​សហ​ព្រះ​រាជអាជ្ញា​អន្តរ​ជាតិរបស់​លោក ដោយសារតែ​​ការ​​រារាំង​ការ​ប៉ុន​ប៉ង​របស់​ពួកគេ​​ដើម្បី​​ស៊ើប​អង្កេត​សំណុំ​រឿង​០០៤ និង​សំណុំ​រឿង​០០៣។

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត ​បាន​​ជំទាស់​​​​ជា​សាធារណៈ​ចំពោះ​សំណុំ​រឿង​ទាំង​ពីរ​នេះ ដោយ​លើក​ឡើង​ថា តុលាការ​គួរ​ស៊ើប​អង្កេត​តែ​សំណុំ​រឿង​០០១ និង​០០២​​ទៅ​បានហើយ ហើយ​ថា អតីត​មេដឹក​នាំខ្មែរ​ក្រហម​តែ​ប្រាំ​រូប​ប៉ុណ្ណោះដែល​គួរ​តែ​ឡើង​សវ​នាការ ដោយ​អះអាង​ថា ការ​ស៊ើប​អង្កេត​កាន់​តែ​ធំ​ អាច​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​កើត​ឡើង​ជា​ថ្មី​ទៀត។
អតីត​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម គឺលោក សៀក​ហ្វ្រិត ប្លាំង (Siegfried Blunk) និងលោក ឡូរ៉ង់ កាស្ពើអានសឺម៉េត  (Laurent Kasper-Ansermet) បាន​លាលែង​ពី​តំណែង​របស់​ខ្លួន​ ដោយ​លើក​ឡើង​​ថា ដោយ​សារតែ​រង​​សម្ពាធ​និង​ការ​រារាំង​ពីសំណាក់​រដ្ឋាភិបាលនៅ​ក្នុង​​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​០០៣​និង​សំណុំ​រឿង​០០៤។

លោក​ស្រី គ្លែរ ឌូហ្វី (Clair Duffy) អ្នក​ឃ្លាំ​មើល​សវ​នាការ​មក​ពី​អង្គ​ការ​គំនិត​ផ្តួច​ផ្តើម​យុត្តិធម៌​​សង្គម​សាធារណៈ (OSJI) ​បានមាន​ប្រ​សាសន៍​ថា ការ​ចេញ​សេច​ក្តី​ប្រកាស​របស់​លោក ហាម៉ុន ដោយ​គ្មានព័ត៌​មាន​ស្តីពី​ចៅ​ក្រម យូរ ប៊ុនឡេង កំពុង​តែ​ប្រាប់​ពី​ការ​ពិត។
លោកស្រីថ្លែង​​ថា “នៅពេល​ចៅ​ក្រម កាស្ពើអានសឺម៉េត កាន់​តំណែង​នោះ លោក​ចេះ​តែ​និយាយ​ទៅ​កាន់​ចៅ​ក្រម ប៊ុនឡេង ថា លោក​ចង់​បញ្ចេញ​ព័ត៌​មាន​សា​ធារណៈ​ ហើយ​ចៅ​ក្រម​ ប៊ុនឡេង និយាយ​ថា ទេ”។

លោក​ស្រី​លើកឡើង​ទៀត​ថា “ដូច្នេះ​ចៅ​ក្រម កាស្ពើអានសឺ​ម៉ែត បានរក​ឃើញ​វិធី​មួយ​ត្រង់​វិធាន​៥៦ មាត្រា​២១​ដែលចែង​​អំពី​កាតព្វ​កិច្ច​​បន្ត​ផ្តល់​ព័ត៌​មាន​ដល់​ជន​រង​គ្រោះ​អំពី​ការ​ទទួល​បាន​យុត្តិ​ធម៌។​ដូច្នេះ​ពេល​នេះ​ លោក ហាម៉ុន ​បា​ន​ប្រើ​ប្រាស់​មាត្រា​នោះ​ដើម្បី​ធ្វើ​សកម្មភាព​តែ​ឯង​ក្នុង​ការប្រកា​ស​ពី​បញ្ហា​នេះ​ឲ្យ​សាធារណជន​បានដឹង”។

លោក​ស្រី​មាន​ប្រ​សាសន៍​ថា “ខ្ញុំ​រីក​រាយ​ដែលឃើញ​គាត់​ផ្តល់​ព័ត៌​មាន​ថ្មីៗ​បំផុត​ដល់​សាធារណ​ជន​តាម​​វិធីមួយ​ចំនួន​អំពី​​​កិច្ច​ការ​ដែល​គាត់​កំពុង​​ធ្វើ។វា​ក៏​ជំរុញ​ក្តី​​សង្ឃឹម​និង​ជំនឿ​ចិត្តខ្លះ​ដែរ​ថា ការិយាល័យ​នេះ​​កំពុង​ធ្វើ​ការ​និង​កំពុង​ស៊ើប​អង្កេត​​ក្នុង​សំណុំ​រឿង​នោះ”។
កាល​ពី​ម្សិល​មិញ ចៅក្រម យូរ ប៊ុន​ឡេង មិន​អាច​ទាក់​ទង​​សុំ​ការ​បំភ្លឺ​បាន​ទេ​។​

លោក​ស្រី គ្លែរ ឌូហ្វី បាន​មាន​ប្រ​សាសន៍​ថា ការ​រាប់​បញ្ចូល​ខ្មែរ​កម្ពុជា​ក្រោម​​ក្នុងសេច​ក្តី​​ប្រកាស​​នេះ​​ ក៏​មាន​សារៈ​សំខាន់​ដែរ ពីព្រោះ​ការ​រាប់​បញ្ចូល​ទីតាំង​ដែ​លពាក់​ព័ន្ធ​នឹង​​ការ​ធ្វើ​ទារុណ​កម្ម​​​ខ្មែរ​កម្ពុជា ក្រោម មាន​ន័​យ​ថា មនុស្ស​កាន់​តែ​ច្រើន​អាច​នឹង​មក​ដាក់​ពាក្យ​ធ្វើ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ សាក្សីនិង​ជន​រង​គ្រោះ មក​សាលា​ក្តី។

សមាជិកខ្មែរ​កម្ពុជា ក្រោម​បានសម្តែង​ការសោក​ស្តាយ​និង​កំហឹង​​ជា​យូរ​មកហើយ​ថា សហ​គមន៍​របស់​ខ្លួន​និង​ការ​រំលោភ​បំពាន​ក្រោម​របប ប៉ុល ពត ​មិន​ទាន់​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពី​តុលាការ​នេះ​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​កក្កដា​ឆ្នាំ២០១១ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ អ៊ែនឌ្រូ ខាយឡេ (Andrew Cayley) ​បាន​​អំពាវ​នាវ​ឲ្យ​ការិយា​ល័យ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​​​បង្ហាញ​ពី​​ទីតាំង​ប្រ​ព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​ច្រើន​​និង​បទ​ល្មើស ​ដែល​កំពុង​ត្រូវ​​​បាន​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​០០៤។
ចៅ​ក្រម សៀក​ហ្វ្រិត ប្លាំង និង​ចៅ​ក្រម យូរ ប៊ុនឡេង ​បានឆ្លើយ​តប​រួម​គ្នា​មួយ​ខែ​ក្រោយ​មក​ ដោយ​ប្រ​កាសថា ទី​តាំង​ប្រព្រឹត្ត​បទ​​ឧក្រិដ្ឋ​ចំនួន​៣០​កន្លែង​និងវិធាន​​ការពីរ ​កំពុង​ត្រូវ​បាន​ពិចារណា។

ជំនួយ​ការ​ព្រះ​រាជ​អាជ្ញា​ ដាឡេ លីសាក់ (Dale Lysak) បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា លោក​ស្វាគមន៍​​ការ​ផ្តល់​ព័ត៌​មាន​ថ្មី​ៗ​របស់​ចៅ​ក្រម ហាម៉ុន ស្តីពី​​សំណុំរឿង​នេះ។លោក​លើក​ឡើង​ទៀត​ថា “យើង​រីក​រាយ​ដែល​ឃើញ​បែប​នេះ ដោយ​សារថា គាត់​​បាន​បន្ត​គំនិត​ផ្តួច​ផ្តើម​នេះ​ និង​រាយ​នាម​ទីតាំង​បន្ថែម​
ទៀត​”៕
ប្រែ​សម្រួល​ដោយ តែម សុខុម​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស