29 C
Phnom Penh

ធនាគារ​ជាតិនៃ​​កម្ពុជា​សាងសង់​អគារ​ការិយាល័យថ្មីដ៏​ស្កឹម​ស្កៃ​ តែ​មិនផ្លាស់ទីតាំង​ចាស់ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​ជាតិនៃ​​កម្ពុជា​​កំពុង​តែ​សាងសង់​អគារ​ការិយាល័យ​ថ្មី​ដ៏​ធំ​ទូលាយ​មួយ​​នៅ​ខណ្ឌ​សែនសុខ ក្នុង​រាជ​ធានី​ភ្នំពេញ​ ប៉ុន្តែ មន្ត្រី​របស់​ធនាគារ​ជាតិ​​​​ កាល​ពី​ម្សិល​មិញ​បាន​លើក​ឡើង​ថា ខ្លួន​គ្មាន​ផែនការ​ផ្លាស់​ទី​ស្នាក់​​​ការ​កណ្តាល​ដ៏ស្កឹមស្កៃនាពេល​​​សព្វថ្ងៃនេះ​​​ទេ​​ដែល​​មានទីតាំង​ស្ថិត​នៅ​តាម​​​​​​មហា​​​វិថីព្រះ​​​នរោត្តម​ ។

លោកស្រី ងួន សុខា អគ្គ​នាយិកា​ធនា​គារ​ជាតិ​នៃកម្ពុជា​បាន​មាន​ប្រសាសន៍ថា “ទី​ស្នាក់​ការ​កណ្តាល​របស់​ធនាគារ​ជាតិនៃ​កម្ពុជា​​ នៅ​តែស្ថិត​នៅ​​តាម​​​​​មហាវិថី​ព្រះនរោត្តម​ដដែល គឺគ្មាន​ការ​ផ្លាស់​ទី​កន្លែងឡើយ”។

លោកស្រី ងួន សុខា ​​​​មាន​ប្រសាសន៍​​​ថា ការសាង​សង់អគារ​ថ្មី​នៅ​ក្នុង​ខណ្ឌ​សែន​​​សុខ​​​​ដោយ​សារ​តែ​ចំនួន​បុគ្គលិក​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាន់តែកើន​ឡើងៗ។ លោកស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “វា​គឺជា​អគារ​បន្ថែម​មួយ​ទៀត​ ដើម្បី​ធ្វើឲ្យ​ប្រតិបត្តិការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​​​កាន់​​​តែ​មាន​ប្រសិទ្ធភាព ពីព្រោះ​វិស័យ​ធនាគារ​ និង​វិស័យ​ហិរញ្ញវត្ថុ​កំពុង​តែ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស។ ហេតុ​ដូច្នេះ​ហើយ ​ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ចាំ​បាច់​ត្រូវ​តែមាន​អគារ​ថ្មី​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហាជា​ច្រើន​នៅ​​​ពេល​សព្វថ្ងៃ​ ដូច​ជា​ប្រព័ន្ធ​ទូទាត់​បែប​ទំនើប​ និង​ការិយាល័យ​ព័ត៌មាន​ឥណទាន​ជាដើម​”។

អគារថ្មី​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ មាន​ទី​តាំង​នៅ​លើ​ផ្ទៃដី​ដ៏ធំ​ទូលាយ​មួយកន្លែង​ដែលស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០១៩ សង្កាត់​ភ្នំពេញថ្មី ក្នុង​រាជ​ធានី​ភ្នំពេញ។

ស្លាក​សញ្ញា​ដ៏ធំមួយ​ដែល​នៅ​ជាប់​នឹង​របង​​​ខាង​ក្រៅ​ការដ្ឋាន​សាងសង់​បាន​សរសេរ​​​ ​ថា “គម្រោង​សាងសង់​ធនាគារ​ជាតិនៃកម្ពុជា​” ដោយ​បង្ហាញ​ពី​រូប​ភាព​អគារ​ និង​ទីតាំង។

លោកស្រី សុខា ​​​​មាន​ប្រសាសន៍​ថា​ ការងារ​សាងសង់​នេះ​បាន​ចាប់​ផ្តើម​ប្រហែល​​​​​​​ជាមួយ​​​​ឆ្នាំ​មក​ហើយ ហើយ​លោកស្រី​​​មិន​​​ដឹងថា​ការងារ​នេះ​នឹង​ចប់​នៅ​ពេល​ណានោះ​ទេ​។

ការិយាល័យ​របស់​ធនាគារ​ជាតិ​កម្ពុជា​ដែល​​ស្ថិតនៅ​តាម​បណ្តោយមហាវិថី​ព្រះ​នរោត្តម​សព្វថ្ងៃ មាន​បុគ្គលិក​ជាង​៨០០នាក់ ហើយ​គ្មាន​បន្ទប់​គ្រប់​គ្រាន់​សម្រាប់​បុគ្គ​លិក​​ថ្មី​ ដែល​អាច​ជួយ​ដោះ​ស្រាយ​វិស័យ​ធនាគារ​ ដែល​កំពុង​តែកើន​ឡើងនោះ​​ឡើយ​។

លោកស្រី​បាន​លើក​ឡើង​ពី​ការិយា​ល័យ​ថ្មីរបស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ថា “ យើង​អាច​​ផ្ទេរ​ប្រតិបត្តិ​ការ​សំខាន់​មួយ​ចំនួន​ទៅ​កាន់​ទី​តាំង​ថ្មី។ ប្រតិបត្តិ​ការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​​សព្វ​ថ្ងៃ​កំពុង​រីក​កាន់​តែធំ​ឡើងៗ​ ហេតុ​ដូច្នេះ​ហើយ​យើង​ចាំបាច់​ត្រូវ​ការ​បុគ្គ​លិក​ច្រើន​។ ប្រព័ន្ធ​ធនាគារ​សព្វថ្ងៃមាន​ការ​រីក​ចម្រើន​លឿន​ណាស់ ហើយ​មានសកម្មភាព​ថ្មី​ៗ​ជាច្រើន ហេតុដូច្នេះ​ហើយ​ចាំបាច់​ត្រូវ​តែ​សាង​សង់​ហេដ្ឋារចនាសម័្ពន្ធបន្ថែម​”។

លោក ប៊ុន ថេង អ្នកសម្រប​សម្រួល​គម្រោង​របស់​ក្រុម​ហ៊ុន​ Venture Cambodia Pte.Ltd. ជា​ក្រុម​ហ៊ុន​ម៉ៅការ​សាងសង់ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​គម្រោង​នេះ​បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​របស់​លោកកំពុង​តែ​សាង​សង់​អគារ​​ឲ្យ​ធនាគារ​ជាតិ​នៃកម្ពុជា​ ប៉ុន្តែ លោកបាន​បដិ​សេធ​មិនពិភាក្សា​ពីព័ត៌មាន​លម្អិតរបស់​គម្រោង​នេះ​ និង​ខ្ទង់​ចំណាយ​របស់​ខ្លួន​ឡើយ៕

(រាយ​ការណ៍​បន្ថែម​ដោយ Colin Meyn)

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស