32 C
Phnom Penh

ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប​ មាន​គម្រោង​នំាចូល​រថយន្ត​ BMW​មក​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប​ (Royal Group)​ ដែល​ជា​ក្រុម​ហ៊ុន​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​ដំបូង​គេ​មួយ​ ដែល​ទទួល​បាន​សិទ្ធ​ិនាំ​ចូល​ និង​លក់​ចែក​ចាយ​រថយន្ត​ទំនើប​ម៉ាក​ ប៊ីអឹម​ដាល់ប៊ល​យូ​ (BMW)​​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក្រុម​ហ៊ុន​បាន​ចាប់​ផ្តើម​សាង​សង់​ទីកន្លែង​តាំង​រថយន្ត​ និង​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​នៅ​ក្នុង​រាជធា​នី​ភ្នំ​ពេញ​ហើយ។

យោង​តាម​លោក​ ភីធើ​ ប្រុងហ្គ័រ​ (Peter Brongers)​ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​នាំ​ចូល​រថយន្ត​ ព្រីមៀម​ អូតូ​ អុីម​ផត​ ខូអិលធីឌី​ (Premium Auto Import Co. Ltd.)​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ Premium Auto Import​ ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​ Royal Group​ មាន​គោល​បំណង​នាំ​ចូល​រថយន្ត​ម៉ាក​BMW​ប្រមាណ​ជា​២០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៣​ ហើយ​ក្រុម​ហ៊ុន​មាន​គម្រោង​លក់​រថយន្ត​នាំ​ចូល​ពី​ប្រទេស​អាល្លឺម៉ង់​នេះ​នៅ​ឯ​ទី​តាំង​លក់​មួយ​កន្លែង​ ដែល​មាន​ទំហំ​២.៧០០​ម៉ែត្រ​ក្រឡា​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំ​ពេញ។

លោក​ ប្រុង​ហ្គ័រ​ បាន​មាន​ប្រសាសន៍​ថា​ កន្លែង​លក់​រថយន្ត​BMW​នេះ​មាន​មជ្ឈ​មណ្ឌល​ផ្តល់​សេវា​កម្ម​មួយ​ ដែល​មាន​ប្រាំ​មួយ​ល្វែង​។​ លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ អ្នក​ជំនាញ​ខាង​មេកា​និច​ជន​ជាតិ​កម្ពុជា​ពី​បី​ទៅ​បួន​នាក់​នឹង​ទៅ​ផ្តល់​សេវា​កម្ម ​ចំពោះ​រថយន្ត​ ដែល​ត្រូវ​ការ​សេវា​កម្ម។

បន្ទាប់​ពី​ពិធី​បញ្ចុះ​បឋម​សិលា​នៅ​ការ​ដ្ឋាន​​សាង​សង់​កន្លែង​លក់​រថយន្ត​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​ត្រូវ​បាន​ចូល​រួម​ដោយ​​លោក​ គិតម៉េង​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន​ Royal ​Group​ និង​លោក​ ប្រែ៊ត​ ហក់ឃីង​​ ជា​នាយក​ផ្នែក​លក់​របស់​ក្រុម​ហ៊ុន​ BMW Group​ ប្រ​ចាំ​តំបន់​អាស៊ី​ផង​ដែរ​នោះ​ លោក​ ប្រុងហ្គ័រ ​​​ឲ្យ​ដឹង​ដូច្នេះ​ថា​ “ គោល​បំណង​របស់​យើង​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្លាយ​ជា​ក្រុម​ហ៊ុន​នាំ​ចូល​រថយន្ត​ដ៏​ទំនើ​បលំដាប់​ថ្នាក់​លេខ​១​នៅ​ក្នុង​ប្រទេស​នេះ​”។

លោក​ ហក់ឃីង​ បាន​មាន​ប្រសាសន៍​ថា​“ នឹង​មាន​ការ​ផ្លាស់​ប្តូរ​ ដោយ​គេ​ផ្តល់​ជំនឿ​ទុក​ចិត្ត​ឲ្យ​អតិថិជន​មាន​ការ​ជឿ​ជាក់​ថា​ ពួក​គាត់​ប្រាកដ​ជា​អាច​ទទួល​បាន​នូវ​សេវា​កម្ម​សម្រាប​់​រថយន្ត​ម៉ាក​នេះ​ ហើយ​សេវា​កម្ម​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់​តែ​ល្បី​ថែម​ទៀត​ ហើយ​វា​ជួយ “ សម្រេច​គោល​ដៅ​ឲ្យ​ទទួល​បាន​ក្រុម​​ហ៊ុន​ទទួល​បាន​សិទ្ធិ​លក់​ចែក​ចាយ​កាន់​តែ​ច្រើន​ថែម​ទៀត។

លោក​ រ៉ាមី​ សារ៉ាហ្វ​ (Rami Saraf)​ ប្រធាន​សមាគម​ឧស្សាហកម្ម​រថយន្ត​កម្ពុជា​ (Cambodia Automotive Industry Federation)​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ អាអឹមអេ​ ខេមបូឌា​ (RMA Cambodia)​ ដែល​ជា​ក្រុម​ហ៊ុន​ទទួល​បាន​សិទ្ធិ​នាំ​ចូល​រថយន្ត​ហ្វដ​ (Ford)​តែ​មួយ​គត់​មក​កាន់​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ មាន​តែ​១០​ភាគ​រយ​នៃ​រថ​យន្ត​នាំ​ចូល​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ក្រុម​ហ៊ុន​ ដែល​ទទួល​បាន​សិទ្ធ​ិនាំ​ចូល​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​។​

លោក​បាន​ពន្យល់​ថា​ រថយន្ត​ដែល​ត្រូវ​បាន​នាំ​ចូល​ប្រទេស​កម្ពុជា​ ដោយ​មិន​បាន​ទទួល​សិទ្ធិ​នាំ​ចូលមិន​មាន​សេវា​កម្ម​ត្រួត​ពិ​និត្យ​​ត្រឹម​ត្រូវ​នោះ​ឡើយ​ ហើយ​ប្រឈមមុខ​នឹង​គ្រោះ​​ថ្នាក់​ ដែល​ទាក់​ទង​នឹង​សុវត្ថិ​ភាព​ទៀត​ផង។  លោក​បាន​មាន​ប្រសាសន៍​ថា​ “​ នៅ​ពេល​លោក​អ្នក​ទិញ​រថយន្ត​ពី​ក្រុម​ហ៊ុន​លក់​រថយន្ត​ ដែល​មាន​សិទ្ធិ​នាំ​ចូល ព័ត៌​មាន​ស្តី​ពី​សេវា​កម្ម​របស់​អ្នក​មាន​នៅ​ទី​នោះ​ ក្រុម​ហ៊ុន​អាច​ជួស​ជុល​រថយន្ត​នេះ​បាន​…​ហើយ​ក្រុម​ហ៊ុន​ធានា​ចំពោះ​អតិថិ​ជន​ថា​ រថយន្ត​នេះ​ពិត​ជា​មាន​សុវត្ថិ​ភាព​នៅ​ក្នុង​ការ​បើក​បរ​”៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស