38 C
Phnom Penh

មេធាវីតំណាង​ជន​រងគ្រោះ​ ​ប្តឹងជំទាស់​​ចំពោះការ​លើក​លែង​បទ​ចោទ​ប្រកាន់​លោក​ ឈូក បណ្ឌិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីតំណាងកម្ម​ការិ​នីកាត់​ដេរ​ចំនួន​បីនាក់​ដែលទទួលរង​គ្រោះដោយ​អំពើ​បាញ់​ប្រហារ​ អំឡុង​ការ​តវ៉ា​ដ៏ហឹង្សា​នៅខាងក្រៅ​រោងចក្រ​ផលិតស្បែកជើង​ ក្នុង​ក្រុង​បាវិត​ កាលពី​ដើមខែនេះ​ បាន​​ដាក់ពាក្យ​បណ្តឹង​ទៅសាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ ដើម្បីប្តឹង​ជំទាស់​សេចក្តី​សម្រេច​ដែល​បាន​លើក​លែង​រាល់​ការ​ចោទ​ប្រ​កាន់​ទាំង​អស់ប្រឆាំង​នឹង​អតីត​អភិបាល​ក្រុង​បាវិត។

មន្ត្រី​តុលាការ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​ចោទ​ប្រកាន់ លោក​ ឈូក បណ្ឌិតអតីត​អភិបាល​ក្រុង​បាវិតពីបទ​បាញ់​ប្រហារ​នឹង​ត្រូវ​បាន​លើក​លែង​ថ្វី​បើ​លោក​ ស​ ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​កំណត់​ថា លោក​ជា​ជន​សង្ស័យ​ដ៏​សំខាន់​មួយរូបនៅ​ក្នុង​ករណី​នេះ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​លើ​កម្មការិនី​ចំនួនបីនាក់​ក្តី។

លោក ជិន លីដា មេ​ធាវី​តំណាង​ជន​រង​គ្រោះ​ទាំង​បីនាក់ ​មាន​ប្រសាសន៍​ថា “ ​យើ​ង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​រួច​ហើយ ដើម្បី​ប្តឹងទាស់​នឹង​ការ​សម្រេចលើក​លែង​​ការចោទ​ប្រកាន់​លោក​ ឈូក បណ្ឌិត​”។

លោក ទេព​ ផល្លា ក្រឡា​បញ្ជី​របស់​ចៅ​ក្រម​សើុប​សួរ​ បាន​បញ្ជាក់​ថា លោក​បាន​ទទួល​ពាក្យ​​បណ្តឹង​នេះ​ហើយ កាល​ពី​ម្សិល​មិញ។ ឥឡូវ​នេះ​ ជន​សង្ស័យ​តែម្នាក់គត់នៅ​ក្នុង​ករណី​នេះ គឺ​ជា​លោក ស ចន្ថា នាយ​ការិយា​ល័យនគរបាល​ព្រហ្ម​ទណ្ឌ​ក្រុង​បាវិត​ ដែល​កាល​ពី​ខែ​សីហា ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ ដំណាលនឹង​លោក ឈូក បណ្ឌិត ពី​បទ​​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ ពីបទ​បាញ់​ប្រហារ​លើ​កម្មការិនី​ចំនួន​បី​នាក់​ ដែលក្នុង​នោះ មាន​ម្នាក់​បានទទួល​រង​របួសធ្ងន់​។

ជន​រង​គ្រោះ នុត សុខន អាយុ​២៣​ឆ្នាំ ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​បីនាក់ បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា នាង​ពិត​ជា​ខឹង​យ៉ាង​ខ្លាំងនៅ​ពេល​ទទួល​ដំណឹង​ថា​ បទចោទ​ប្រកាន់​លោកឈូក បណ្ឌិត ត្រូវ​បាន​តុលាការ​លើក​លែង​​ថ្វី​បើមាន​សាក្សី​មួយ​ចំនួន​ដែល​អង្គការ​សិទ្ធិ​មនុស្ស​បាន​សម្ភាស​នៅ​ពេល​នោះ ឆ្លើយ​ថា ពិតជាបាន​ឃើញ​លោក ឈូក បណ្ឌិត បាញ់​​កម្មការិនី​ទាំង​បី​នាក់​មែន។

ជន​រោង​គ្រោះ សុខន ​និយាយ​បន្ថែម​ថា “ ​ខ្ញុំ​គិត​ថា សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង គឺ​មិន​ឯក​រាជ្យ​ឡើយ ពី​ព្រោះ​ពួក​គេ​បាន​អនុញ្ញាត​ឲ្យលោក​រួច​ខ្លួន​ពី​បទ​ល្មើស លោកបាញ់​​ខ្ញុំ។

ខ្ញុំ​ចង់​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​ ឈូក បណ្ឌិត រហូត​ទាល់​តែ​ខ្ញុំ​ទទួល​បាន​យុត្តិ​ធម៌​ ហើយ​លោក​ត្រូវ​តែ​ជាប់​គុក”។ ថ្វី​បើ លោក ឈូក បណ្ឌិត​ ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​ជា​អភិបាល​ក្រុង​បាវិត កាល​ពី​ខែ​មីនាក៏ដោយ ​ហើយ​បាន​ផ្លាស់​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​សាលា​ខេត្ត​ក្តី លោក​ រស់​ ផលរិទ្ធ អនុប្រធាន​រដ្ឋ​បាល​សាលា​ខេត្ត​ស្វាយ​រៀង បាន​មាន​ប្រសាសន៍ថា លោក ឈូក បណ្ឌិត​ មិន​ដែល​ឃើញ​ទៅ​ធ្វើ​ការ​ឡើយ។

អង្គការ​សិទ្ធិ​មនុស្ស​ កាល​ពី​ម្សិល​មិញ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ ចំពោះ​ការ​សម្រេច​របស់​តុលាការ។ អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថាវា​ជា​ឧទាហរណ៍​មួយ​​ទៀតបង្ហាញពី​ “វប្ប​ធម៌​​និទណ្ឌភាព​ និង​ការ​មិន​គោរព​ច្បាប់ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានផលលំបាក​​”។

សេចក្តី​ថ្លែង​ការណ៍​ដដែលនេះបាន​លើក​ឡើង​ថា “ អ្នក​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​រដ្ឋា​ភិបាល អាច​រួចខ្លួនពី​បទ​ល្មើសឧក្រិដ្ឋ​ធ្ងន់​ធ្ងររី​ឯ​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​មិន​ដែល​ទទួ​ល​បាន​ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ឡើយ​ ហើយ​ពួក​គាត់​ក៏​លែង​ជឿ​លើ​ប្រព័ន្ធ​តុលា​ការ​ក្នុងប្រទេស​កម្ពុជា​ទៀត​ដែរ”។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ក៏​បាន​អំពាវ​នាវ​ឲ្យ​រោង​ចក្រផលិត​ស្បែក​ជើង​កីឡា​ម៉ាក PUMA របស់​ប្រទេស​អាល្លឺ​ម៉​ង់​​ ឲ្យ​ដក​រោង​ចក្រផលិតស្បែកជើង​របស់​ខ្លួន​ចេញពី​ប្រទេស​កម្ពុជា​ដែរ​។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា “ ជា​អកុសល​រោង​ចក្រ​ស្បែក​ជើង​កីឡា​ម៉ាក PUMA គ្មាន​ជម្រើស​ផ្សេងនោះ​ទេ​ ឥឡូវ​នេះ ក្រៅពី​ត្រូវ​ដក​ខ្លួនចេញ​ពី​ប្រទេស​កម្ពុជាទាំ​ង​ស្រុងនោះ​​។ បើ​ពំុ​ដូច្នោះ​ទេ អ្នក​ប្រើ​ប្រាស់​នៅក្នុង​​

តំបន់​អឺរ៉ុប នឹង​មិន​អត់​ឱន​ឲ្យ​ខ្លួន​ឡើយ ហើយ​ម៉ាក​របស់​ខ្លួន​នឹង​ត្រូវ​គេ​ចង​ចាំ​ជាប់​ជានិច្ច​ថា មាន​ប្រឡាក់​ឈាម​កម្មការិនី​ទាំង​នេះ”៕

ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស