មន្ត្រីការទូតមកពីប្រទេសក្នុងសហភាពអឺរ៉ុប និងតំណាងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានជួបប្រជុំគ្នាជាមួយបុគ្គលិកអង្គការសិទ្ធិមនុស្សអាដហុក នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ដើម្បីពិភាក្សាពីបទល្មើសដែលតុលាការចោទប្រកាន់មកលើលោក ចាន់ សុវេ៉ត អ្នកស៊ើបអង្កេតបញ្ហារំលោភសិទ្ធិមនុស្សរបស់អង្គការនេះ។
ដើម្បីសម្តែងការគាំទ្រចំពោះលោក ចាន់ សុវ៉េត មន្ត្រីស្ថានទូតរបស់ប្រទេសដាណឺម៉ាក បារាំង ស៊ុយអ៊ែត និងប្រទេសអង់គ្លេស បានថតរូបកៀកស្មាគ្នាជាមួយបុគ្គលិកអង្គការអាដហុកជាន់ខ្ពស់រួមទាំងលោក សុវ៉េត ផងដែរ រួចហើយបានចែកចាយជាសាធារណៈ អំពីកិច្ចប្រជុំនោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលមានភ្ជាប់រូបថតលោក ចាន់ សុវ៉េត មិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ អំពីលទ្ធផលនៃការពិភាក្សារបស់អ្នកការទូតជាមួយអង្គការអាដហុក ដែលទទួលបានមូលនិធិចំនួន២,៦លានដុល្លារពីសហភាពអឺរ៉ុបសម្រាប់គម្រោងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៥មក។
សេចក្ដីថ្លែងការណ៍នោះលើកឡើងថា “ នៅក្នុងឱកាសនេះ អ្នកការទូត បានជួបប្រជុំជាមួយបុគ្គលិកអង្គការអាដហុក រួមទាំងលោក ចាន់ សុវ៉េត ដែលត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនទៅបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ នៅថ្ងៃទី២៤ ខែធ្នូ នៅម៉ោង២ និង៣០នាទីរសៀល។ អង្គការអាដហុក សូមបញ្ជាក់ជាថ្មីម្តងទៀតថា ខ្លួនតែងតែធ្វើសកម្មភាពស៊ើបអង្កេតអំពីបញ្ហារំលោភសិទ្ធិមនុស្ស បើកវគ្គបណ្តុបណ្តាល និងផ្ដល់ជំនួយដល់ប្រជាពលរដ្ឋ និងដល់សហគមន៍ ដែលទទួលរងគ្រោះដោយការរំលោភយកដីធ្លី និងបញ្ហាវិវាទផ្សេងទៀត ដោយស្របតាមច្បាប់”។
លោក ចាន់ សុវ៉េត នឹងចូលបំភ្លឺដល់តុលាការនៅថ្ងៃច័ន្ទ ពីបទសង្ស័យថា លោកបានជួយជនល្មើសម្នាក់ ទាក់ទងនឹងចលនាអបគមន៍ នៅភូមិប្រម៉ា ក្នុងខេត្តក្រចេះ កាលពីខែឧសភា។
នៅខណៈពេលដែលរដ្ឋាភិបាលបានចាត់ទុកឧបទ្ទវហេតុនោះថា ជាការសកម្មភាពបះបោរ ដើម្បីបំបែករដ្ឋ ដែលក្រុមអង្គការសិទ្ធិមនុស្សនានា ចាត់ទុកសកម្មភាពរបស់ប្រជាពលរដ្ឋនាពេលនោះថា ជាការព្យាយាម ដើម្បីការពារដីរបស់ខ្លួន កុំឲ្យក្រុមហ៊ុនចម្ការកៅស៊ូឯកជនមួយយកបាន។
អំពើហិង្សាដែលបានកើតឡើងនៅក្នុងព្រឹត្តិការនោះ ដែលបណ្ដាលឲ្យក្មេងស្រីម្នាក់អាយុ១៤ឆ្នាំម្នាក់ស្លាប់ ដោយសារគ្រាប់កំាភ្លើងរបស់នគរបាល ឬកងរាជអាវុធហត្ថ មុលពេលចាប់ផ្តើមបណ្តេញអ្នកភូមិប្រម៉ា។
អាជ្ញាធរមិនបានស៊ើបអង្កេតចំពោះការស្លាប់របស់ក្មេងស្រីនោះទេ។ ប៉ុន្ដែ លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ កាលពីខែតុលា បន្ទាប់ពីតុលាការ បានរកឃើញថា លោកមានពិរុទ្ធភាពពីបទជួយបង្កើតចលនាអបគមន៍នោះ។ នៅពេលហេតុិការណ៍នោះបានកើតឡើង លោក សូណង់ដូ មិនបាននៅក្នុងប្រទេសទេ។
លោក ប៊ុន រដ្ឋា ដែលតុលាការចោទថាជាមេដឹកនាំចលនាអបគមន៍ត្រូវបានផ្តន្ទាទោសឲ្យជាប់ទោសរយៈពេល៣០ឆ្នាំ ដោយកំបាំងមុខ ប៉ុន្ដែ បច្ចុប្បន្ននេះលោកកំពុងលាក់ខ្លួននៅក្រៅប្រទេស។
ប្រសិនបើតុលាការរកឃើញពិរុទ្ធភាពដូចការចោទប្រកាន់ថា បានជួយជនល្មើសមែននោះលោក ចាន់ សុវ៉េត អាចមានទោសជាប់ពន្ធនាគាររហូតដល់បីឆ្នាំ។
លោក សុវ៉េត បានមានប្រសាសន៍កាលពីម្សិលមិញថា អ្នកការទូត ក៏បានពិភាក្សាអំពីបទល្មើស ដែលតុលាការកំពុងចោទប្រកាន់មកលើបុគ្គលិក និងមន្ត្រីជាន់ខ្ពស់របស់អង្គការអាដហុកផ្សេងៗទៀតផងដែរ។
លោក សុវ៉េត មានប្រសាសន៍បន្ដថា “អ្នកការទូតទាំងនោះបានលើកឡើងពីការព្រួយបារម្ភ ជំវិញពាក្យបណ្ដឹងប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សរបស់អង្គការអាដហុក ដូចជាករណីលោក បែ៉ន ប៊ុណ្ណារ៍ លោក ឆាយ ធី លោក សំ ចាន់គា និងការចោទប្រកាន់មកលើរូបខ្ញុំផងដែរ”។
លោកមានប្រសាសន៍បន្ដទៀតថា “បន្ទាប់ពីការប្រជុំរួច យើងក៏បានលើកឡើង អំពីការព្រួយបារម្ភចំពោះបទល្មើស ដែលបានចោទប្រកាន់មកលើរូបខ្ញុំ ហើយខ្លាចតុលាការឃុំខ្លួនខ្ញុំ។ យើងបានស្នើឲ្យមន្ត្រីការទូតទាំងនោះជួយធ្វើអន្ដរាគមន៍ ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស គោរពច្បាប់ និងជួយការពារកុំឲ្យគេប្តឹងអ្នកការពារសិទ្ធិមនុស្ស និងអ្នកកាសែត”។
អ្នកការទូតនឹងទៅសាលាដំបូងរាជធានី នៅថ្ងៃច័ន្ទផងដែរ ដើម្បីចូលរួមស្ដាប់ចៅក្រមស៊ើបសួរ។
លោក ប៉ែន ប៊ុណ្ណារ៍ និងលោក ឆាយ ធី ត្រូវបានសាលាដំបូងខេត្តរតនគិរីចោទប្រកាន់ពីបទញុះញង់អ្នកភូមិជនជាតិភាគតិចទំពួន ប្រើអំពើហឹង្សាក្នុងការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនចម្ការកៅស៊ូឯកជនមួយ។ លោក សំ ចាន់គា អ្នកសម្របសម្រួលរបស់អង្គការអាដហុកប្រចាំខេត្តកំពង់ឆ្នាំង ត្រូវបានតុលាការចោទប្រកាន់ពីបទបរិហារកេរ្ដិ៍ក្នុងរឿងក្តីមួយជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនកសិឧស្សាហកម្ម ដែលគ្រប់គ្រងដោយលោកស្រី ជា ខេង ភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីឧស្សាហកម្ម រ៉ែ និងថាមពល។
ក្រុមមន្ត្រីការទូត ដែលបានចូលរួមក្នុងកិច្ចប្រជុំ នៅឯការិយាល័យអង្គការអាដហុកអាចនិយាយបានថា ពួកគេនឹងតាមឃ្លាំមើលសំណុំរឿងរបស់លោក សុវ៉េត។
លោក ម៉ៃឃឺល អេងគីស (Michael Engguist) ទីប្រឹក្សាគម្រោងអភិបាលកិច្ចល្អ និងកិច្ចការសិទ្ធិមនុស្សប្រចាំស្ថានទូតដាណឺម៉ាក មានប្រសាសន៍ថា “យើងបានដឹងព័ត៌មានអំពីករណីនេះហើយ។ យើងនឹងតាមឃ្លាំមើលការប្រែប្រួលក្នុងរឿងនេះ”។
លោក អាណេត ដាលស្ត្រម (Anette Dalstrom) លេខាទី១របស់ស្ថានទូតស៊ុយអ៊ែត មានប្រសាសន៍ថា “យើងនឹងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត”។
លោក នីកូឡាស់ បូឌូអុីន (Nicolas Baudouin) លេខាទី១របស់ស្ថានទូតបារាំង និងលោក លីស្លី សាន់ឌឺសុន (Lesley Saunderson) ភារធារីរបស់ស្ថានទូតអង់គ្លេស ដែលមានវត្តមានក្នុងកិច្ចប្រជុំនោះដែរ បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
កាលពីខែតុលា សភាសហភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ ដោយចោទប្រកាន់ប្រទេសកម្ពុជាថា រំលោភសិទ្ធិមនុស្ស។ កាលពីដើមខែនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង (Jean-Francois Cautain) បានផ្ដល់យោបល់ឲ្យរដ្ឋាភិបាលធ្វើតាមអនុសាសន៍របស់លោក សុរិយា ស៊ូបេឌី ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ដើម្បីពង្រឹង និងការពារសិទ្ធិមនុស្សឲ្យបានល្អថែមទៀត៕
ប្រែសម្រួលដោយ ឃិន ណៃ