27 C
Phnom Penh

រដ្ឋ​មន្ត្រី​ក្រសួង​ទូរគមនាគមន៍​លើកឡើង​ថា ហាង​អុីន​ធើណិតនឹង​មិន​ត្រូវ​បានបង្ខំ​ឲ្យ​​បិទទ្វារ​​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​ជាង​មួយ​ខែ បន្ទាប់​ពី​មាន​​បញ្ជា​ឲ្យ​បិទហាង​អុីន​ធើណិតដែល​មាន​ទី​តាំង​​នៅ​ចម្ងាយ​​៥០០​ម៉ែត្រ​ពី​សាលា​​រៀន​នោះ លោកសូ​រ ឃុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទូរគមនាគមន៍​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា គ្មាន​ហាង​​អុីន​ធើណិត​ណាមួយ​នឹង​ត្រូវ​បង្ខំឲ្យ​បិទ​ទ្វារ​នោះ​ទេ។

លោក សូរ ឃុន បាន​មានប្រសាសន៍​អំឡុង​សន្និ​សីទសារព័ត៌មាន​នៅ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ថា “ យើង​គ្មាន​គម្រោង​បិទ​ហាង​អុីន​ធើណិត​ណា​មួយ​​ទេ។​ យើង​ជំរុញ​ឲ្យ​បើក​បន្ថែម​ទៀត”។

លោករដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍ថា “ ចំពោះ​ហាង​អុីន​ធើណិត​ដែល​ផ្សព្វ​ផ្សាយ​ និង​ចែក​ចាយ​រូប​ភាព​អាស​អាភាស​ ដែលសិស្ស​អាច​បើក​មើល​បាន​…យើង​នឹង​ព្រមាន​ពួកគេ​ ប៉ុន្ដែ​មិន​បិទ​នោះ​ទេ”។រូប​ភាព​ទាំង​នោះ​​ជួន​កាល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ ការ​ចាប់ជំរិត និង​អាកប្ប​កិរិយា​មិន​សម​រម្យ​។​ប្រសិន​បើ​យើង​ព្រមាន​ពួកគេ​​ហើយ​ ពួកគេ​នៅ​តែ​មិន​ស្ដាប់​ទៀត ​​អាជ្ញាធរ​មាន​សិទ្ធិ​សម្រេច​ថា នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា។​

បទ​បញ្ជា​របស់​រដ្ឋាភិបា​ល​ចុះ​ថ្ងៃទី​១២ ខែ​ធ្នូ ហាម​មិន​ឲ្យ​សិស្ស​និង​ប្រជាពល​រដ្ឋ​ទូទៅ​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ចូល​ក្នុង​ហាង​ប្រើ​អុីន​ធើ​ណិត ដោយ​សារតែ​ពួក​គេអាច​ប្រឈម​នឹង​ហានិភ័យ​ដែល​បណ្ដាល​មកពីគេ​ហទំព័រ​អាសអាភាស​ និង​អំពើ​​ភេរវកម្ម​។​

វិធាន​ការ​របស់​ក្រសួង​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ហាង​អុីន​ធើណិត​​មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង ​និង​បាន​ធ្វើ​យុទ្ធ​នាការ​​មួយ​ឈ្មោះ“ជួយ​សង្គ្រោះ​​ហាង​​អុីន​ធើណិត​” ដោយ​ប្រើ​គេ​ហទំព័រ​សំឡេង​ទី ក្រុង​សម្រាប់​សាធារណ​ជន​។

លោក សូរ ឃុន បាន​មាន​ប្រសាសន៍​ថា “ មន្ត្រី​មកពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍​បាន​ជួបជាមួយ​ម្ចាស់​ហាង​អុីន​ធើណិតប្រហែល​១០នាក់ កាល​ពី​ថ្ងៃ​ពុធ​”។

លោកបាន​មាន​ប្រសាសន៍​ថា“ យើង​បាន​ពន្យល់​ពួកគេ​ថា យើង​គ្មាន​ផែន​ការ​បិទ​ហាង​ពួកគេ​ទេ ពីព្រោះ​ហាង​ពួកគេ​បាន​ជួយ​ឲ្យ​មាន​កំណើន​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស”។

ប៉ុន្ដែ​លោក សូរ​ ឃុន បាន​មាន​ប្រសាសន៍​បន្ថែម​ថា ទោះ​បីជា​​មិន​ត្រូវ​បិទ​ហាង​អុីន​ធើ​ណិត​​ក៏​ដោយ ក៏​ពួកគេ​ត្រូវតែ​​ត្រួត​ពិនិត្យ​ព័ត៌មាន​​របស់​​អ្នក​ប្រើប្រាស់​ ហើយ​ប្រសិន​បើ​ពួកគេ​មិន​បាន​ធ្វើ​ដូច្នោះទេ ហាង​នោះ​នឹង​ត្រូវ​ព្រមាន  ហើយ​​អាជ្ញាធរ​នឹង​ចាត់​វិធាន​ការ​ណាមួយ​​មិន​ខាន​។

លោក សូរ ឃុន ​មានប្រ​សាសន៍​ទៀត​ថា ម្ចាស់ហាង​អុីន​ធើណិតបាន​ស្នើ​ឲ្យគេ​រៀប​ចំការ​​ប្រជុំ​ជាមួយ​លោកឲ្យ​បាន​ទៀង​ទាត់​ ដើម្បី​ពិភាក្សារក​វិធី​គ្រប់​គ្រង​​ហាង​អុីន​ធើ​ណិត​បាន​ប្រសើ​រ។ លោក​បាន​មានប្រសាសន៍​ថា “ យើង​នឹង​ធ្វើការ​ជាមួយ​ពួកគេ។ យើង​បាន​ជួប​ជាមួយ​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ជា​ទៀង​ទាត់​ ដូច្នេះយើង​ក៏អាច​ជួប​ម្ចាស់​ហាង​[អុីនធើណិត] ដែរ”៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​​​​​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស