28 C
Phnom Penh

ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស​ទទួល​បាន​ថវិកា​ចំនួន​៦០​លាន​ដុល្លារ​ពី​គម្រោង​ថវិកា​​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​នៅ​ទូទាំង​ប្រទេស​កម្ពុជានឹង​ទទួល​បាន​មូលនិធិ​​សរុប​ចំនួន​៦០​លាន​ដុល្លារ​ពី​គម្រោង​ថវិកាជាតិ​ គឺ​កើន​ឡើង​២០​ភាគរយ​ បើ​ធៀប​នឹង​ថវិកា​កាល​ពី​ឆ្នាំ​មុន។

ដោយ​មាន​អំណាច​អនុវត្ត​ផែន​ការ​​នៅ​​តាម​មូល​ដ្ឋាន​លើ​​វិស័យ​មួយ​ចំនួន​ដូច​ជា វិស័យ​សុខា​ភិបាល អនាម័យ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ អាជ្ញារ​ធរ​ថ្នាក់​ឃុំ-សង្កាត់​ទទួលបាន​ប្រាក់​មួ​យចំណែក​ពី​គម្រោង​ថវិកា​ជាតិដែល​នឹង​មាន​ចំនួន​៣,១​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​ក្រោយ​នេះ ទោះបី​មាន​គោល​នយោ​បាយ​ជា​ផ្លូវ​ការ​ឲ្យ​ធ្វើ​វិមជ្ឈ​ការ​អំណាច​ឲ្យ​ថ្នាក់​ខេត្ត​ទ​ទួល​ខុស​ត្រូវ​លើ​វិស័យ​ទាំង​នោះ​ក៏​ដោយ។

នៅ​ឯ​សន្និសីទ​ប្រចាំ​ឆ្នាំរបស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​ទូទាំង​ប្រទេស​កាល​ពី​ម្សិល​មិញ លោក សក់ សេដ្ឋា រដ្ឋ​លេខាធិការ​ក្រសួង​មហា​​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ​ឃុំ-សង្កាត់​ទាំង​​១.៦៣៣​នៅ​ទូទាំង​ប្រទេស​នឹង​ទទួល​បាន​មូល​និធិ​​ចំនួន​១០​លាន​ដុល្លារ​បន្ថែម​លើ​ថវិកា​ដែល​បាន​បែង​ចែក​ឲ្យ​ពួកគេ​សម្រាប់​​ឆ្នាំ​២០១៣។

លោក​​មានប្រសាសាន៍ថា “ ឆ្នាំ​ក្រោយ​ ថវិកា​នឹង​កើន​ឡើង​ដល់​៦០​លាន​ដុល្លារ”។ លោក សក់​ សេដ្ឋា បាន​មាន​ប្រសាសន៍​ថា ទោះបី​ជា​​​​ចំនួន​មូល​និធិ​​​សម្រាប់​អាជ្ញាធរ​​ឃុំ-សង្កាត់មាន​ការ​កើន​ឡើងជា​សាច់​ប្រាក់​ដុល្លារ​​ក៏​ដោយ​​​ ក៏​ចំណែក​​​ថវិកា​ពិត​ប្រាកដ​របស់​ពួកគេ​ មា​ការ​​ធ្លាក់​ចុះ​ដែរ។ ក្នុង​ឆ្នាំ​២០១០​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទទួល​បាន​ថវិកា​២,៥​ភាគរយ​ពី​ថវិកា​ជាតិ​ ចំណែក​ឆ្នាំ​ក្រោយ​ទទួល​បាន​ត្រឹម​តែ២​ភាគ​រយ​ប៉ុណ្ណោះ។​

លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​ សម រង្ស៊ី បាន​មានប្រសាសន៍ថា ដោយ​សារ​តែ​ចំនួន​ទឹក​ប្រាក់​សម្រាប់​ឃុំ​-សង្កាត់​មាន​​ការ​កើន​ឡើង​ ហានិភ័យ​នៃ​អំពើរ​ពុក​រលួយក៏​នឹងមាន​ការ​កើន​ឡើង​ដែរ។​

លោក សុន ឆ័យ មានប្រសាសន៍​បន្ដ​​ថា  “ រដ្ឋា​ភិបាល​គួរតែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្តល់​ថវិកា​ឲ្យ​ឃុំ​-​សង្កាត់​ឲ្យ​បាន​ច្រើន​ជាង​នេះ​ ដើម្បី​ផ្ដល់​អំណាច​ឯករាជ្យ​ថែម​ទៀត​ឲ្យពួក​គេ​ធ្វើ​ការ​សម្រេច​ មិន​គួរ​គ្រប់​គ្រងរាល់​សេចក្ដី​សម្រេច​របស់​ពួកគេ​នោះ​ទេ ហើយ​បន្ទាប់​មក​ទៀត​គួរតែ​អនុញ្ញាត​ឲ្យ​ពួកគេ​រក​ប្រាក់ដោយ​ខ្លួន​ឯង​ ​ដែល​ពួកគេ​អាចប្រើ​ប្រាស់​សម្រាប់​អភិវឌ្ឍខ្លួន ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​ឯករាជ្យ​ថែម​ទៀត​​​”។

លោក​បាន​បន្ថែម​ថា “ ប្រសិន​បើ​ពួកគេ​បន្ដ​ពឹង​ផ្អែក​លើ​រដ្ឋាភិបាល ដើម្បី​​ថវិកា​នេះ ពួកគេ​មិន​អាច​ជួយ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​សម​ស្រប​​ទេ ហើយ​ពួកគេ​នឹង​បម្រើ​តែ​គោល​នយោបាយបក្ស​តែ​ប៉ុណ្ណោះ”៕

​ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស