35 C
Phnom Penh

ជន​​​ជាតិ​​​វៀត​​​ណាម ប្រាំ​​​ពីរ​​​នាក់​​​​ត្រូវ​​​​​ចាប់​​​ខ្លួន​​​ជា​​​មួយ​​​ឈើ​​​ហុប​កាប់​​​នៅក្នុង​​​តំបន់​​​ដីសម្បទាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​​​ជន​​​ជាតិ​​​វៀត​​​ណាម ប្រាំ​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​នៅ​​​ក្នុង​​​​តំបន់​​​ដី​​​សម្បទាន​​​ពីរ​​​កន្លែង​​​​​​​​​ដែល​​​​​​​​រដ្ឋា​ភិ​បាល​​បានផ្តល់ឲ្យ ក្នុង​​​ស្រុក​​​អូរ​​​យ៉ា​ដាវ ​ខេត្ត​​​រតនគិរី ទី​​​ដែល​​​សហ​​​គមន៍​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​កំពុង​តស៊ូ​​​ពុះ​​​ពារ​​​ ដើម្បី​ការ​ពារ​​​​ព្រៃ ​​​និង​​​ដី​​​ដូន​​​តា​​​របស់​​​ពួកគេ។

ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន ​នៅ​ពេល​​មន្ត្រី​​​រដ្ឋ​​​បាលព្រៃ​​​ឈើ​​​​​​ស្រុក​​​បរកែវ ​​​បាន​​​​ឃាត់​​​រថ​​​យន្ត​​​ធុន​​​ធំ​​​ពីរ​​​គ្រឿងនៅ​​​ក្នុង​​​ភូមិឡុំ ឃុំ​​​ប៉ក់ញ៉ៃ ខេត្ត​​​រតន​​​គិរី កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ​និង​​​​បាន​​​រក​​​ឃើញ​​​​​​ឈើ​​​ហុប​​​ចំនួន​​​៥៨​​កំណាត់ ​ ដែល​​​​ក្នុង​​​មួយ​​​កំណាត់​​​​​​ៗ​​​មាន​​​​​​ប្រ​​​វែង​​​ប្រា​​​ំមូួយ​​​ម៉ែត្រ។

លោក ឡេង យុក នាយខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រុកបរកែវ បានមាន​​​​​​ប្រ​​​សាសន៍​​​កាល​​​ពី​​​ថ្ងៃសុក្រ​​​ថា រណារ​​​យន្ត​​​ពីរ​​​គ្រឿង​​​ក៏​​​ត្រូវ​​​បាន​​​រក​​​​ឃើញ​​​នៅ​​​ក្នុង​​​រថ​​​យន្ត​​​នោះ​​​ដែរ។ លោក​​​បានមាន​​​ប្រ​​​សាសន៍​​​ថា “ យើង​​​បាន​​​ចាប់​​​​ខ្លួន​​​ពួកគេ​​​។ ពួកគេ​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្រុម​​​​​​ហ៊ុន​​​វៀត​​​ណាម មួយ​​​ទៀត​​​​​មាន​​​មូលដ្ឋាន​​​នៅ​​​ក្នុង​​​ប្រទេស​​​​វៀត​​​ណាម ដែល​​​ទិញ​​​ឈើ​ហុប​​​​ទាំង​​​នេះ​​​ពី​​​​​​ក្រុម​​​ហ៊ុន​​​ ដែល​​​កំពុង​​រានដីនេះ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ដីសម្បទាន”។

លោក​​​ ឡេង យុក បាន​​​មាន​​​ប្រសាសន៍​​​ថា ​ជនល្មើសទាំង​​​ប្រាំ​​​ពីរ​​​នាក់​​​នេះ​​​ត្រូវបាន​​​ចោទ​​​ប្រ​​​កាន់បី​​​ករណី ទី១ កាប់​​​ឈើដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ ទី២ ប្រើ​​​ប្រាស់​​​​​​សម្ភារ​សម្រាប់កាប់​ឈើដោយ​​​គ្មានការ​​​អនុញ្ញាត​​​ និង​​​ទី៣ ​ដកហូត​ផលព្រៃឈើ​​​ព្រៃ​​​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត។

លោក​​​​​បានបញ្ជាក់ថា “ យើង​​​កំពុង​​ឃុំ​​​ខ្លួន​​​ពួកគេ​​​ ដើម្បី​​​សាក​​​សួរ​​​បន្ថែម​​​ទៀត​​​ មុន​​​ពេល​​​យើង​​​បញ្ជូន​​​ពួកគេ​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​”។​​​លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​សង្ឃឹម​​​ថា មជនល្មើស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​នឹង​​​បង្ហាញ​​​មុខ​​​ក្នុង​​​តុលាការ​​​នៅ​​​រសៀល​​​ថ្ងៃ​​​សៅរ៍។

ការ​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​នេះ​​​​​កើត​​​មាន​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​ពីអង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក និង​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​រស់​​​នៅ​​​ក្នុង​​​ភូមិឡុំ ​​​បាន​​​ចេញ​​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​​​មួយ​​​​ដោយអំពាវ​​​នាវ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​វៀត​​​ណាមពីរ​​ គឺ​​​ក្រុមហ៊ុន​ដាយ​ដុងយឿន (Day Dong Yoeun)និងក្រុម​​​ហ៊ុន​​​៧២ ដែល​​​ទទួល​​​បាន​​​​​​ដី​​​សម្បទាន​​​ពី​​​រដ្ឋាភិបាល​​​ទំហំ១០.០០០​​​ហិកតា​​​ក្នុង​​​ឃុំ​​​ប៉ក់ញ៉ៃឲ្យបញ្ឈប់សកម្មភាព​​កាប់​​​​​​បំផ្លាញ​​​ព្រៃ​​​ឈើរបស់​​​ពួកគាត់​​​ និង​​​ឈប់ដឹក​​​ជញ្ជូន​​​ឈើ​​​ទាំង​​​នោះ​​​ទៅ​​​​​​កាន់​​​ប្រទេស​​​វៀត​​​ណាម។

ប្រជា​​​ពល​​​រដ្ឋ​​​ជាង​​​៧០​​​គ្រួសារ​​​ក្នុង​​​ភូមិ​​​ឡុំ កំពុង​​​ខិតខំ​​​តស៊ូដើម្បី​​​ទទួល​​​​​​​​បាន​​​​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​រួម​​​ពី​​​រដ្ឋាភិបាល ដើម្បី​​​ការពារ​​​ដី​​​របស់​​​ពួកគាត់​​​ក្នុង​​​ឃុំ​​​ប៉ក់ញ៉ៃឲ្យរួចផុតពីការ​ដណ្តើមកាន់កាប់​​​ដោយក្រុម​​​ហ៊ុន​​​ទាំង​​​ពីរ​​​នេះ។

លោក ឆាយ ធី មន្ត្រី​​​សម្រប​​​សម្រួល​​​របស់​​​អង្គ​​​ការ​​​អាដហុក​​​ ប្រចាំ​​ខេត្ត​​​រតនគិរី ​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថាជនល្មើសទាំងប្រាំ​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុងតំបន់​​​ដី​​​សម្បទាន​​​របស់​​​ក្រុម​​​ហ៊ុន៧២។​​​យោង​​​តាម​​​ប្រជាពល​​​រដ្ឋ​​​ភូមិ​​​ឡុំ ​​​ដែល​​​ដឹង​​​ពី​​​ស្ថាន​​​​​​ការណ៍​​​នេះ​​​ច្បាស់បាន​​​ឲ្យ​​​ដឹង​​​ថា បុរស​​​ដែល​​​ត្រូវ​​​ឃាត់​​​ខ្លួន​​​ទាំង​​​នេះ ជាអ្នកធ្វើ​​​ការ​​​ឲ្យ​​​​​​ក្រុម​​​ហ៊ុន​​​មួយ​​​ ដែល​​​ទិញ​​​ឈើហុបពីតំបន់​​​ដីសម្បទាន​​​នេះ​​​ រួច​​​ដឹកជញ្ជូន​​​​​​ទៅ​​​កាន់​​​ប្រទេស​​​វៀត​​​ណាម។

លោក​​​​​​មាន​​​ប្រ​​​សាសន៍​​ថា ករណី​​​នេះ​​​ត្រូវ​​​ទុកឲ្យតុលា​​​ការ​​​ និងមិន​​​​​​ត្រូវ​​​ធូររលុងដោយសារហេតុផលដើម្បី​​​រក្សា​​​ទំនាក់​​​ទំនង​​​ល្អ​​​រវាង​​​ប្រទេស​​​វៀត​​​ណាម និង​​​ប្រទេស​​​កម្ពុជាឡើយ។លោក​​​បន្ត​​​ថា “នេះ​​​ជា​​​បទ​​​ល្មើស មិន​​​មែន​​​ជារឿងផ្នែក​​​ការទូត​​​ឡើយ”។

ចំណែក​​​ឯលោក ឡេង យុក ​​​បាន​​​បដិសេធ​​​មិន​​​បកស្រាយបំភ្លឺ​​​ អំពី​​​តួ​​​នាទី​​​របស់​​​ក្រុម​​​ហ៊ុន ដាយ ដុង យឿន និង​​​ក្រុម​​​ហ៊ុន៧២ ឡើយដែលបាន​​​កាប់​បំផ្លាញ និង​​​ដឹក​​​ជញ្ជូន​​​ឈើ​​​ហុបចេញពី​​​តំបន់​​​ដី​​​សម្បទាន​​​របស់ខ្លួន​​​ក្នុង​​​ស្រុកអូរយ៉ាដាវ ទៅ​​​កាន់​​​ប្រទេស​​​វៀត​​​ណាម។

ច្បាប់​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើរបស់​​​កម្ពុជា ​​​អនុ​​​ម័ត​​​កាល​​​ពី​​​ឆ្នាំ២០០២ ហាម​​​ឃាត់​​​សកម្មភាព​​​កាប់​​​ឈើ​​​ប្រណីត។​​​តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា តំបន់​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​តែង​​​តែ​​​ទទួលរង​​​ការ​​​រិះ​​​គន់​​​ពី​​​សំណាក់​​​បណ្តា​​​អង្គ​​​ការ​​​​​​ការ​​​ពារ​​​​​​បរិស្ថានថា ​​ការកាប់ឈើដើម្បី​យកដីសម្បទានសេដ្ឋកិច្ចគ្រាន់តែជាខែលដើម្បីបិទ​បាំង​សកម្មភាព​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់៕ ប្រែ​​​សម្រួល​​​ដោយ តែម សុខុម​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស