លោក គី ប៊ុងមូន (Ki Bong-moon) អ្នកគ្រប់គ្រងទូទៅរបស់អង្គភាពពាណិជ្ជកម្ម និងវិនិយោគនៅឯមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (Asean-Korea) ដែលជាស្ថានប័នមួយរបស់រដ្ឋាភិបាលឲ្យដឹងតាមអុីម៉េលថា ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូងក្នុងរយៈពេល១០ខែដំបូងឆ្នាំ២០១២នេះមានទំហំទឹកប្រាក់ចំនួន៥៩៦លានដុល្លារ បើធៀបនឹងចំនួន៤២៨លានដុល្លារនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១។
លោក គី ប៊ុងមូន បានបង្ហាញថា ការកើនឡើងចំនួន៣៩,២ភាគរយគឺខាងវិស័យកាត់ដេររបស់ប្រទេសកម្ពុជា ដោយក្រណាត់រួមចំណែកច្រើនជាងគេបង្អស់នៃការនាំចូលរបស់កូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជា ហើយផលិតផលសម្លៀកបំពាក់គឺជាការនាំចេញលំដាប់ថ្នាក់ទី១របស់ប្រទេសកម្ពុជាទៅកាន់កូរ៉េខាងត្បូង។
លោកបានឲ្យដឹងដូច្នេះថា “ ក្រុមហ៊ុនកាត់ដេរជាច្រើនរបស់កូរ៉េខាងត្បូង កំពុងបង្កើនវិនិយោគទុនរបស់ខ្លួនទៅកាន់ប្រទេសកម្ពុជា ដោយសារបរិស្ថានពាណិជ្ជកម្មក្នុងប្រទេសចិនកំពុងតែមានការប្រែប្រួល ដូចជាតម្លៃកម្លាំងពលកម្មជាដើម”។
លោកបានបន្តទៀតថា ការនាំចេញច្រើនលំដាប់ថ្នាក់ទី២របស់ប្រទេសកម្ពុជាទៅកូរ៉េខាងត្បូងគឺជ័រកៅស៊ូ ហើយបន្ទាប់មកមានត្រី និងផលិតផលសមុទ្រជាដើម។ លោកបានបន្ថែមទៀតថា ផលិតកម្មកសិកម្មមួយចំនួនរបស់ប្រទេសកម្ពុជា ដូចជា ដំឡូងមី និងដំឡូងជ្វាជាដើមក៏អាចមានការកើនឡើងផងដែរនៅពេលខាងមុខ ដោយសារកង្វះការផ្គត់ផ្គង់ផលិតផលទាំងនេះពីប្រទេសចិន៕
ប្រែសម្រួលដោយ ហួង កុកទៀន