26 C
Phnom Penh

ថ្វី​បើ​មាន​ការ​រិះ​គន់​​ ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​​តាំង​ចិត្ត​បន្ដបេសកកម្មរហូតចប់​អាណត្តិ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុរិយា ស៊ូបេឌី (Surya Subedi)​ ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​​បន្ទុក​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា លោក​គ្មាន​​បំណង​លាលែងពីតំណែង​របស់​លោក​ឡើយ ​​ថ្វី​បើ​​ទទួល​រង​ការ​រិះ​គន់​ពី​រដ្ឋាភិបាល​ ហើយ​មន្ត្រី​រដ្ឋាភិបាល​មិន​អើពើ​ចំពោះ​សំណើ​សុំ​ជួប​​របស់​លោក​អំឡុង​បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅក្នុង​ប្រទេស​កម្ពុជាក៏ដោយ។

លោក​ សុរិយា ស៊ូបេឌី ក៏​បាន​​មាន​ប្រសា​សន៍​ដែរ​ថា លោក​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្ដរជាតិ​ រួម​មាន​ព្រឹទ្ធសភា​អូស្ត្រាលី និង​សភា​សហភាព​អឺរ៉ុប​ ចំពោះ​ការ​ងារ​របស់​លោក​ ដែលត្រូវមកបំពេញ​បេសក​កម្ម​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ពីរ​លើក​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​វាយ​តម្លៃ​ពីការគោរពសិទ្ធិ​មនុស្ស។

លោក សុរិយា ស៊ូបេឌី បាន​លើក​ឡើង​តាម​អុីម៉េល​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា “​ខ្ញុំ​មាន​បំណង​មកបំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ម្ដង​ទៀត​នៅ​ពេល​ណាមួយ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៣ ប៉ុន្ដែ កាល​បរិច្ឆេទ​ត្រូវ​តែ​ទទួល​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ ហើយ​ខ្ញុំ​នឹង​​ប្រាប់​នៅ​ពេល​ជិត​ដល់​”។

លោក សុរិយា ស៊ូបេឌី បាន​ថ្លែង​ថាលោក​​បាន​ស្នើ​សុំ​ការ​ជួប​​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាលមួយ​ចំនួន ​រួម​មាន​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនលោកហោណាំហុងរដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ អំឡុង​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​ ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ។

លោក​ ម៉ារីដូមីនិក ផារិន (Marie-Dominique Parent)តំណាងរងប្រចាំ​ការិយាល័យ​ឧត្ដម​ស្នង​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ក្នុង​ប្រទេស​កម្ពុជា​ បាន​លើក​ឡើង​ថាគ្មាន​មន្ត្រី​ជាន់​ខ្ពស់​​ណាមួយ​ បាន​ជួប​ជា​មួយ​លោកសុរិយាស៊ូបេឌីឡើយ​។

លោក​ សុរិយា ស៊ូបេឌី បាន​លើក​ឡើង​តាម​រយៈ​អុីម៉េល​របស់​លោក​ថា “ជាការពិត​ វាមាន​សារៈសំខាន់​ណាស់​សម្រាប់​ខ្ញុំ​ បើ​មាន​ឱកាសបាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​។ប៉ុន្ដែដូចដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ ការពិភាក្សាជាមួយមន្ត្រី​រដ្ឋាភិបាល​សម្រាប់​ខ្ញុំ គឺសំខាន់ណាស់​ ហើយ​មាន​ការងារ​ជាច្រើន ដែល​ខ្ញុំចាំបាច់​ត្រូវ​តែ​ផ្ទេរ​ទៅឲ្យ​អ្នក​ផ្សេង​”។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​រូបនេះ បាន​ទទួល​រង​ការ​រិះ​គន់យ៉ាងខ្លាំង​ពីមន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​​ឆ្នាំ​នេះ​ ដោយសារ​តែ​លោកបាន​ផ្ញើ​របាយ​​ការណ៍​ចំនួន​ពីរ​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ​ ក្នុង​ទី​ក្រុង​ហ្សឺណែវ ​ដែល​ផ្ដោត​ទៅ​លើ​ផល​ប៉ះពាល់របស់​​ដី​សម្ប​ទាន​សេដ្ឋកិច្ច​​ និង​ប្រព័ន្ធ​បោះ​ឆ្នោត​ជាតិ​​ មក​លើ​​សិទ្ធិ​មនុស្ស​។

ដើម្បី​ការ​ពារ​ការ​ការសម្រេច​ចិត្ត​របស់​លោក ដែល​មិន​បាន​ជួប​ជាមួយ​លោកសុរិយា ​ស៊ូបេឌីលោក​ ហ៊ុនសែន ​មាន​ប្រសា​សន៍​ថាលោក​នឹង​មិន​ស្ដាប់​អនុសាសន៍​ពី​ជន​បរទេស​ឡើយ​ នៅ​ពេល​អនុសាសន៍​​នោះ​ និយាយពី​បញ្ហា​ក្នុង​ប្រទេស​កម្ពុជា។

ការ​មិ​ន​ចុះសម្រុងគ្នា​បែ​ប​នេះ​ ចំពោះ​ប្រេសិត​​ពិសេស​ ដែល​តែង​តាំង​ដោយ​អង្គការ​​​សហប្រជាជាតិ​ គឺ​មិន​មែន​ជា​បញ្ហា​ថ្មីនោះទេ​។

លោក ភីធើ ឡឺប្រ៊ិច (Peter Leuprecht) និង​លោកយ៉ាស់ហ្គាយ (Yash Ghai) ដែល​ជា​អ្នក​កាន់​តំណែង​មុន​លោក សុរិយា​ ស៊ូបេឌីសុទ្ធ​តែ​បាន​លា​លែង​ពី​តំណែង​របស់​ខ្លួនបន្ទាប់​​ពី​លោកហ៊ុនសែនបាន​រិះ​គន់​ពួក​គេ​ខ្លាំង។

លោកសុរិយាស៊ូបេឌីដែល​ទើប​តែ​បាន​បញ្ចប់​បេសកកម្ម​លើក​ទី​៨​របស់​ខ្លួន​បាន​មាន​ប្រសាសន៍​ថាលោក​បាន​តាំង​ចិត្ត​បន្ដ​ការ​ងារ​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​។

លោកបាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គ្មាន​បំណង​លា​លែង​​ពី​តំណែង​របស់​ខ្ញុំ​នៅ​ពេល​ឥឡូវ​នេះ​នោះ​ទេ ពី​ព្រោះ​ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​កំពុង​ធ្វើ​ការ​ងារ​ដ៏ល្អ​មួយ​ ហើយ​ខ្ញុំ​ក៏រីករាយ​ចំពោះ​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​ស្ថាប័ន​ផ្សេង​ៗ​ទៀត​នៅក្នុង​ប្រទេសកម្ពុជា​ និង​ពីសហគមន៍​អន្ដរជាតិ​”។ លោក​បានមាន​ប្រសាសន៍​​បន្ថែម​ទៀតថា “ ហេតុ​ផល​មួយ​ នៅក្នុង​ចំណោម​ហេតុ​ផល​ផ្សេងទៀតដែល​អ្នក​កាន់​តំណែង​មុន​ខ្ញុំ​បាន​លាលែ​ង​ពី​តំណែង​នោះ​ គឺ​ដោយសារ​តែ​ខ្វះ​ការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ​ និង​សហ​គមន៍​អន្ដរជាតិ​ តែខ្ញុំមិនអ៊ីចឹង​ឡើយ”។

លោក​ក៏បាន​មាន​ប្រសាសន៍​បន្ដ​ថា “​ការ​ងារ​របស់​ខ្ញុំ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំ​ង​ពី​សហគមន៍​អន្ដរជាតិ​ ហេតុ​ដូច្នេះ​ហើយ​ខ្ញុំ​មិន​អាច​បោះ​បង់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដាឆ្នាំ២០១៣​ បាន​ទេ”៕

(រាយការណ៍​បន្ថែម​ដោយ Lauren Crothers)

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស