កាលពីសប្ដាហ៍មុន អ្នកបើកបរបានរត់គេចចេញពីកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ ដាច់ដោយឡែកពីគ្នាចំនួនបីករណីដែលបានបណ្តាលឲ្យមនុស្សចំនួនពីរនាក់បានបាត់បង់ជីវិត និងប្រាំមួយនាក់ផ្សេងទៀតរងរបួស។ ទង្វើបែបនេះត្រូវបានអង្គការឃ្លាំមើលសុវត្ថិភាពផ្លូវគោករិះគន់ថា កំពុងក្លាយជាវប្បធម៌បុកហើយរត់ ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ ចំពោះអ្នកបើកបរ ដែលបានបុកគេហើយរត់គេចខ្លួន។
យុវជនអាយុ១៨ឆ្នាំម្នាក់ និងស្ត្រីអាយុ២៧ឆ្នាំម្នាក់ បានស្លាប់កាលពីថ្ងៃច័ន្ទ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍បើកបុកហើយរត់ចំនួនពីរករណីផ្សេងគ្នា នៅក្នុងខេត្តរតនគិរី រីឯមនុស្សចំនួនបួននាក់ផ្សេងទៀតបានរងរបួសនៅពេលរថយន្ដម៉ាករ៉ែនរ៉ូវើ ដែលបើកក្នុងល្បើនយ៉ាងលឿនទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿងនៅក្បែរភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងរាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រថ្ងៃអាទិត្យ។
អ្នកបើកបរ និងអ្នករួមដំណើរនៅក្នុងរថយន្ដរ៉ែនរ៉ូវើ បានរត់គេចខ្លួន ដោយបន្សល់ទុករថយន្ដរបស់ខ្លួនផ្ងារជើងឡើងលើនៅទីនោះ រីឯអ្នកដំណើរនៅលើរ៉ឺម៉កម៉ូតូត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
នៅក្នុងករណីបុកហើយរត់ នៅក្នុងខេត្តរតនគិរី យុវជនម្នាក់ឈ្មោះ បិញ ប៉ែន អាយុ១៨ឆ្នាំ បានស្លាប់ ហើយឪពុក និងប្អូនស្រីរបស់ជនរងគ្រោះ បានរងរបួសធ្ងន់ នៅពេលរថយន្ដមួយគ្រឿងបានបុកម៉ូតូរបស់ពួកគេ នៅលើផ្លូវជាតិលេខ៧៨ក្នុងក្រុងបានលុង។
លោកឈ្មោះ ថោង រិទ្ធិ មន្ត្រីនគរបាលចរាចរក្នុងខេត្តរតនគិរី បានលើកឡើងថា “ បន្ទាប់ពីមានគ្រោះថ្នាក់កើតឡើង អ្នកបើកបរបានដឹងថា គ្រោះថ្នាក់នោះ គឺជាគ្រោះថ្នាក់មួយធ្ងន់ធ្ងរណាស់ ហេតុដូច្នេះហើយទើបរត់គេចខ្លួន ដោយបន្សល់ទុករថយន្ដរបស់ខ្លួននៅទីនោះ”។
នៅក្នុងករណីបុកហើយរត់មួយផ្សេងទៀត ដែលបានកើតឡើងកាលពីថ្ងៃច័ន្ទដែរនោះ ជនរងគ្រោះឈ្មោះស៊ីងថាវ័នអាយុ២៧ឆ្នាំ ត្រូវរថយន្ដមួយគ្រឿង ដែលបើកបរដោយលោកវរសេនីយ៍ឯក ណនចាន់ថៃជាមន្ត្រីពន្លត់អគ្គិភ័យខេត្ត បុកនៅក្នុងក្រុងបានលុង។ បន្ទាប់ពីបានបុកស្ត្រីរូបនេះស្លាប់ហើយ មន្ត្រីនគរបាលរូបនេះបានរត់គេចខ្លួនពីកន្លែងកើតហេតុ។
លោកថោងរិទ្ធិបានមានប្រសាសន៍ថា“ វាប្រាកដជាបង្កឡើងដោយការបើកបរធ្វេសប្រហែស។ យើងមិនទាន់រកឃើញអ្នកបើកបរនៅឡើយទេ”។ លោក អ៊ា ចរិយា អ្នកគ្រប់គ្រងកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អង្គការជនពិការអន្ដរជាតិបែលហ្ស៊ិក បានមានប្រសាសន៍ថាទិន្នន័យនៅក្នុងឆ្នាំ២០១១នៃគ្រោះថ្នាក់ចរាចរណ៍បង្ហាញថា ករណីបុកហើយរត់មាន១៩ភាគរយ ក្នុងរបាយការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ ហើយក្នុងគ្រោះថ្នាក់ចរាចរណ ៍ដែលគ្រោះថ្នាក់ដល់ជីវិតមាន២៥ភាគរយនៅក្នុងឆ្នាំនោះ។
លោកបានលើកឡើងថា ៥៤ភាគរយនៃករណីបុកហើយរត់ គឺពាក់ព័ន្ធនឹងអ្នកបើកបរម៉ូតូ ២១ភាគរយជាប់ពាក់ព័ន្ធនឹងអ្នកបើករថយន្ដ និង១៣ភាគរយជាប់ពាក់ព័ន្ធនឹងអ្នកបើកបររថយន្ដដឹកទំនិញ។
លោក ចរិយា បានមានប្រសាសន៍បន្ដថា មាត្រា៨០ ៨១ និង៨២ នៃច្បាប់ចរាចរណ៍ចែងថា ជនណាបង្កគ្រោះថ្នាក់ចរាចរណ៍បុកហើយរត់ត្រូវប្រឈមនឹងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារយ៉ាងតិចបីឆ្នាំ ប្រសិនបើរកឃើញកំហុស ប៉ុន្ដែ ការផ្ដន្ទាទោសមកលើអ្នកបើកបរ ដែលបានរត់គេចពីកន្លែងកើតហេតុ កម្រកើតមានណាស់។
លោក ចរិយា បានមានប្រសាសន៍បន្ថែមទៀតថា “ យើងចាំបាច់ត្រូវតែឲ្យប្រជាពលរដ្ឋដឹងថាករណីបុកហើយរត់ នឹងត្រូវទទួលរងការផ្ដន្ទាទោសកម្រិតនេះ”។ ទិន្នន័យសម្រាប់ឆ្នាំ២០១២ នៅមិនទាន់ចេញនៅឡើយទេ ប៉ុន្ដែ លោក ចរិយា ជឿជាក់ថា វប្បធម៌បុកហើយរត់ មានកាន់តែច្រើន ដោយសារតែអ្នកបើកបរ ដែលបានបង្កបទល្មើសទាំងនោះខ្លាចគេផ្ដន្ទាទោសតាមផ្លូវច្បាប់ និងផាកពិន័យជាទឹកប្រាក់ពីបទបង្ករបួសស្នាម និងធ្វើឲ្យបាត់បង់អាយុជីវិតជនរងគ្រោះនៅក្នុងគ្រោះថ្នាក់ចរាចរណ៍។
លោកចរិយាបានមានប្រសាសន៍ដោយសំដៅទៅលើករណី ដែលអ្នកបើកបរត្រូវគេព្រួតវាយឲ្យរងរបួសធ្ងន់ដោយសារតែបានបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមានអ្នកស្លាប់ថា “ នៅពេលយើងសួរគេថាហេតុអ្វីបានជាគេរត់គេចខ្លួន…គេឆ្លើយថាគេភ័យខ្លាច ពីព្រោះតែធ្វើឲ្យជនរងគ្រោះស្លាប់ និងភ័យពីសុវត្ថិភាពផ្ទាល់ខ្លួន ហេតុដូច្នេះហើយទើបគេត្រូវតែរត់។
លោក ថោងរិទ្ធិបានមានប្រសាសន៍ថា ករណីរត់ចេញពីកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍គឺជាទម្លាប់មួយទៅហើយ ។ លោកបានលើកឡើងថា “ ប្រសិនបើនៅតាមទីជនបទ អ្នកបង្កគ្រោះថ្នាក់មានឱកាសរត់គេចខ្លួនច្រើន។ការរត់គេចខ្លួន វាប្រសើរជាងនៅចរចាគ្នា៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង