38 C
Phnom Penh

សកម្មជន​សិទ្ធ​ិមនុស្ស​​បង្ហាញ​ពី​ភាព​គ្មាន​កំហុស​ មុន​ពេល​ចូល​ខ្លួន​ទៅ​​បំភ្លឺ​នៅ​​តុលាការ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយ​ថ្ងៃ​​មុន​ពេល​​ចូល​​ខ្លួន​មក​បំភ្លឺ​នៅ​ក្នុង​សាលាដំបូង​រាជធានីភ្នំពេញ លោក ចាន់សុវ៉េត អ្នក​ស៊ើប​អង្កេត​ដ៏​​ឆ្នើម​​ប្រចាំ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក ​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា លោក​មិន​បាន​ធ្វើ​អ្វីខុស​ក្នុង​ពេល​បំពេញ​ភារកិច្ច​របស់​លោក​នោះ​ទេ។​

លោកសុវ៉េតបាន​មានប្រសាសន៍​ថា “ ខ្ញុំ​នឹង​​ចូល​ខ្លួន​​ទៅ​​តុលាការ​នៅ​ថ្ងៃ​ស្អែក​នេះដើម្បី​ឆ្លើយ​សំណួរ​របស់​តុលាការ។​នេះជា​សិទ្ធ​ិ​របស់​តុលាការ​ក្នុង​ការ​ [ចោទ​ប្រកាន់​និង​សាក​សួរ​ខ្ញុំ​]​។យើង​ជា​ប្រជាពល​រដ្ឋ​សាមញ្ញ​មាន​​តួ​នាទី​គោរព​ច្បាប់​ ប៉ុន្ដែ​ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ដូច​ដែល​គេ​ចោទ​ប្រកាន់​ខ្ញុំ​នោះ​ទេ”។​

តុលាការ​បាន​ចោទ​ប្រកាន់​លោក ​ចាន់សុវ៉េត ពីបទ​“ ជួ​យ​ជន​​ល្មើស​ម្នាក់​” ដែល​ពាក់​ព័ន្ធ​ក្នុង​ចល​នា​អបគមន៍​នៅ​​ក្នុង​ភូមិ​ប្រមាខេត្ត​ក្រចេះកាល​ពីខែ​ឧសភា។​ប្រជា​ពលរដ្ឋ​​មូល​ដ្ឋាន​បាន​​​អះ​អាង​ថា ​ខ្លួន​គ្រាន់​តែ​មាន​បំណង​ការ​ពារ​មិន​ឲ្យ​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​ឯក​ជន​​​រឹប​អូស​យក​ដី​កសិកម្ម​​របស់ខ្លួន​តែ​​ប៉ុណ្ណោះ។​

​មេធាវីការ​ពារ​លោកចាន់សុវ៉េត ​អះ​អាង​​កាល​ពី​សប្ដាហ៍​មុន​ថា ពាក្យ​បណ្តឹង​​ព្រហ្ម​ទណ​្ឌ​ដែល​រដ្ឋា​ភិបាល​បាន​​ប្តឹង​កូនក្តី​របស់​ខ្ញុំ​​ គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​ចល​នា​អប​គមន៍​នេះ​។​

លោកឆែវីរៈចៅ​ក្រម​ ស៊ើប​​សួរ​មិន​អាច​​ទាក់​ទង​សុំ​​ការ​អត្ថា​ធិប្បាយ​បាន​ទេ កាល​ពី​ម្សិល​មិញ។​ប៉ុន្ដែ​សកម្មជន​សិទ្ធ​ិ​មនុស្ស​នានា​បាន​គាំទ្រ​លោកសុវ៉េតនិង​បាន​សម្ដែង​ការ​ព្រួយ​បារម្ភចំពោះដី​កាកោះ​ហៅ​ពាក់​ព័ន្ធ​នឹង​នយោបាយ​នេះ។​

លោកនីចរិយា ​ប្រធាន​ផ្នែក​​ស៊ើប​អង្កេត​របស់​អង្គការ​អាដហុក​បាន​មាន​ប្រសាសន៍​ថា”យើង​អាច​និយាយបាន​ថាករណី​របស់​លោក​ ចាន់សុវ៉េតគឺជា​វិធី​មួយ​​​សម្រាប់​វាស់ស្ថា​ន​ភាព​របស់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​”។លោក​បាន​បន្ថែម​ថាលោក​ចង់​រង់​ចាំមើល​សេចក្ដី​សម្រេច​របស់​តុលាការ​លើ​​​ករណី​លោកចាន់សុវ៉េតមុន​ពេល​ធ្វើ​អត្ថា​ធិប្បាយ​​បន្ថែម​ទៀត​។

លោក​ស្រី​ ណាលីពីឡូក (Naly Pilorge) ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកា​ដូ​​បាន​មានប្រសាសន៍ថារឿង​ក្តី​​លោកចាន់សុវ៉េត​ គឺជា​ការ​ប៉ុន​ប៉ង​មួយ​​ទៀត​ដើម្បី​បំបិទ​មាត់​អ្នក​រិះ​គន់​រដ្ឋាភិបាលដោយ​​លោក​ស្រី​បាន​ចង្អុល​បង្ហាញ​អំពី​រឿង​ក្តី​របស់​សកម្មជន​ការ​ពារ​ដី​ធ្លី​ពីរ​នាក់​មក​ពី​សហគមន៍​បឹង​កក់​និង​បុរី​កីឡាដែល​នឹង​ប្រឈម​​ការ​​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ពុធ​នេះ​ដែរ។

លោក​ស្រី​បាន​មានប្រសាសន៍ថា”សប្ដាហ៍​នេះ​នឹង​មាន​ការ​ពិបាកប៉ុន្ដែ​វាក៏​ជា​ការ​សាក​ល្បង​ផង​ដែរ​ថាតើ​តុលាការ​នេះ​ពិត​ជា​​អាច​​ធ្វើ​ការ​​ខ្លួន​ឯង​ដោយ​ឯករាជ្យ​បាន​​​​ដែរ​ឬទេនិង​ចង់​ដឹង​​ថា​ តើ​តុលាការ​នេះ​អាច​ថ្លឹង​ថ្លែង​​ពី​អង្គ​ហេតុ​​​នានា​​​ត​ទល់​នឹង​អ្វី​ដែ​ល​រដ្ឋាភិបាល​​ចង់​ឲ្យ​ពួកគេ​ធ្វើ​ឬ​យ៉ាង​ណា​”៕ ប្រែ​សម្រួល​ដោយហមសុផាណ្ណា​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស